Monday, November 25, 2024
Homeនយោបាយគ.ជ.ប អំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសមកចុះបញ្ជីបោះឆ្នោត

គ.ជ.ប អំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសមកចុះបញ្ជីបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ ឬសិក្សានៅក្រៅប្រទេសឱ្យមកចុះឈ្មោះបោះឆ្នោតឱ្យ បានគ្រប់គ្នា ដើម្បីមានសិទ្ធិបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ដែល ចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ដល់០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

សេចក្តីអំពាវនាវរបស់គ.ជ.ប ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ ដែលចុះហត្ថលេខា ដោយលោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នោះ មានខ្លឹមសារទាំងស្រុងថា “គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយស សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុង បំពេញដោយបេសកកម្ម ធ្វើការ ឬសិក្សានៅ ក្រៅប្រទេសទាំងអស់ឱ្យបានជ្រាបថា ៖

១-ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ចាប់ ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមសាលាឃុំ-សង្កាត់ និងនៅ តាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ទូទាំងប្រទេស កម្ពុជា ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុង ម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

២-បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមាន សិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៦ និងអ្នកទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ គឺអ្នកដែលកើតមុន ឬកើត ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០០ ដែលកំពុង បំពេញបេសកកម្ម ធ្វើការ ឬសិក្សានៅក្រៅប្រទេស សូមប្រញាប់រួសរាន់ត្រឡប់មកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលាតាមកាលបរិច្ឆេទ ដែលបាន កំណត់កុំបីខាន។

៣-ការមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា បើបងប្អូនគ្មានឈ្មោះនៅ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ទេនោះ នឹងពុំអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ បានទេ។

អាស្រ័យហេតុនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត សូមអំពាវនាវដល់ស្ថានឯកអគ្គរាជទូត និងស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយផ្សព្វផ្សាយសេចក្តី អំពាវនាវនេះ ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុង បំពេញបេសកកម្ម ធ្វើការ ឬសិក្សានៅក្រៅ ប្រទេសឱ្យទទួលបាននូវព័ត៌មាននេះ ដើម្បីបងប្អូនប្រជាពលរដ្ឋខ្មែរអញ្ជើញចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា”៕

ខៀវទុំ

RELATED ARTICLES