ភ្នំពេញ ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ បានថ្លែងសារអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានសិទ្ធិបោះឆ្នោត ឱ្យចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបាន គ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីមានសិទ្ធិ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោកកឹម សុខា បានថ្លែងសារអំពាវនាវ តាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាល ពីព្រឹកថ្ងៃទី០១ ខែកញ្ញា ដែលមានខ្លឹមសារ ទាំងស្រុងថា “សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ! សូមជម្រាបសួរ បងប្អូនជនរួមជាតិខ្មែរជាទីស្នេហា !
ខ្ញុំព្រះករុណា ខ្ញុំបាទ កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត សូមមេត្តានិមន្ត និងអញ្ជើញទៅចុះ ឈ្មោះបោះឆ្នោត តាមកាលកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានរយៈពេល៧០ថ្ងៃ គឺគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការធ្វើបច្ចុប្បន្នភាព និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នេះ គឺធ្វើសម្រាប់ ទី១-បងប្អូនប្រជាពលរដ្ឋខ្មែរណា ដែលមាន សិទ្ធិបោះឆ្នោតហើយ តែមិនទាន់បានចុះឈ្មោះ បោះឆ្នោត កាលពីឆ្នាំ២០១៦ កន្លងទៅនោះ។ ទី២-សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរណា ដែល ទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានន័យថា បងប្អូនកូនក្មួយណាដែលកើតមុន ឬត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០០០ គឺអាចទៅចុះឈ្មោះ បោះឆ្នោតបាន។
ដើម្បីចុះឈ្មោះបោះឆ្នោត បងប្អូនត្រូវ ភ្ជាប់ទៅជាមួយ ទី១-អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ ទោះបីអត្តសញ្ញាណប័ណ្ណចាស់ក៏ដោយ ថ្មីក៏ដោយ។ ទី២-សម្រាប់បងប្អូនណាដែលមិន ទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បងប្អូន អាចអញ្ជើញទៅសាលាឃុំ ឬសាលាសង្កាត់ ដែលបងប្អូនស្នាក់នៅ ដើម្បីសុំឯកសារបញ្ជាក់ អត្តសញ្ញាណ សម្រាប់បម្រើការ ការចុះឈ្មោះ បោះឆ្នោតជំនួស ដើម្បីបងប្អូនអាចទៅចុះឈ្មោះ បោះឆ្នោតបាន។ ខ្ញុំព្រះកុរណា ខ្ញុំបាទ សូមពិត ពុទ្ធដីកា ព្រះតេជគុណ បងប្អូនជនរួមជាតិថា ការចុះឈ្មោះបោះឆ្នោត មានសារសំខាន់ណាស់ ពីព្រោះបើបងប្អូនមិនបានចុះឈ្មោះបោះឆ្នោត គ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ បងប្អូនមិន អាចទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះបានទេ បើបងប្អូនមិនបានទៅ បោះឆ្នោត មានន័យថា បងប្អូនទុកឱ្យអ្នកដទៃ សម្រេចជោគវាសនា អនាគតប្រទេសជាតិ និងអនាគតបងប្អូន ជំនួសបងប្អូន គឺមានន័យ ថា បងប្អូនបាត់សិទ្ធិជាម្ចាស់ប្រទេសជាតិ ជាមិន ខាន។ ដូច្នេះខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូន ជនរួមជាតិទាំងអស់ នឹងយកចិត្តទុកដាក់អញ្ជើញ ទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា កុំបីអាក់ខានឡើយ សូមអរព្រះគុណ សូមអរគុណ!”។
ដោយឡែក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ លោកកឹម សុខា បានថ្លែងសារជា វីដេអូឃ្លីប តាមទំព័រគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកដដែលនោះថា “ក្នុងនាមគណបក្ស សង្គ្រោះជាតិ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមបញ្ជាក់ សាជាថ្មីម្តងទៀត ជូនសាធារណជនជ្រាបថា គណបក្សសង្គ្រោះជាតិ គឺមានគោលដៅច្បាស់- លាស់ គឺធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដូច្នេះហើយ គណបក្សសង្គ្រោះជាតិ គឺរៀបចំខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរទៅបោះឆ្នោត ហើយគណបក្ស សង្គ្រោះជាតិ យល់ឃើញថា មានតែការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌នោះទេ ហើយ ដែលឆ្លុះបញ្ចាំង ពីឆន្ទៈប្រជាពលរដ្ឋហ្នឹងហើយ ដែលនាំប្រទេសកម្ពុជា ឱ្យមានសន្តិភាពពិត អភិវឌ្ឍន៍ពិត និងមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា។ ដូច្នេះហើយ ឆ្លៀតក្នុងឱកាសនេះ ក្នុង នាមគណបក្សសង្គ្រោះជាតិ ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំ សូមអំពាវនាវដល់បងប្អូន ជនរួមជាតិខ្មែរ ដែល មានសិទ្ធិបោះឆ្នោត សូមមេត្តានិមន្ត និងអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់កាលបរិច្ឆេទរយៈពេល៧០ថ្ងៃ គិតចាប់ ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ រហូតដល់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ខ្ញុំក៏យកឱកាស នេះដែរ អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ សូមមេត្តាសម្រួលធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ខ្មែរ ដែលអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យ ចុះឈ្មោះបោះឆ្នោត បានដោយងាយស្រួល។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមបញ្ជាក់ជូនថា គណបក្សសង្គ្រោះជាតិ ផ្តល់សារសំខាន់ណាស់ ចំពោះ ការបោះឆ្នោត ពីព្រោះមានតែការបោះឆ្នោត នេះហើយ ដែលប្រជាពលរដ្ឋខ្មែរ អាចកំណត់ ជោគវាសនា អនាគតរបស់ប្រទេសជាតិ និង របស់ខ្លួនឯងបាន។ ខ្ញុំក៏សូមឱ្យបងប្អូនជនរួម ជាតិ មេត្តាកុំបណ្តោយ កុំឱ្យអ្នកដទៃសម្រេច ជោគវាសនារបស់ប្រទេសយើង របស់ខ្លួនយើង ជំនួសយើងឱ្យសោះ សូមនិមន្ត និងអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា…”៕