Saturday, September 27, 2025
Homeព័ត៌មានជាតិអាណិតនាងជាប្រពន្ធណាស់!!! ទឹកប្រាក់ជាង២០មុឺនដុល្លារ ត្រូវបានប្តីចិត្តកំណាចបំផ្លាញចោលតែមួយប៉ប្រិចភ្នែក សំណាងប្រពន្ធនិងកូនមិនមានគ្រោះថ្នាក់

អាណិតនាងជាប្រពន្ធណាស់!!! ទឹកប្រាក់ជាង២០មុឺនដុល្លារ ត្រូវបានប្តីចិត្តកំណាចបំផ្លាញចោលតែមួយប៉ប្រិចភ្នែក សំណាងប្រពន្ធនិងកូនមិនមានគ្រោះថ្នាក់

ខេត្តស្ទឹងត្រែង៖ ស្ថានីយប្រេងឥន្ទនៈមួយ ដែលបានរងការឆេះក្លាយកម្ទេចផេះ ដោយសារអណ្តាតភ្លើងនោះ ត្រូវគេនិយាយថា ស្ថានីយមួយនេះបានសាងសង់ឡើងក្នុងការ ចំណាយទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារ បើទោះបីជាអាជ្ញាធរ និងក្រុមមន្ត្រីនគរបាលជំនាញខេត្ត បានចុះជួយធ្វើអន្តរាគមន៍ ពន្លត់ភ្លើងនោះយ៉ាងក្តី។

ហេតុការភ្លើងឆេះស្ថានីយប្រេងឥន្ទនៈនេះ បានកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចស្ពានអូរត្រែល ស្ថិតនៅក្នុងភូមិអូរត្រែល ឃុំអូរថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ លោកវរៈសេនីយ៍ទោ សែម ស៊ីថា បានប្រាប់ឲ្យដឹងថា ស្ថានីយប្រេងឥន្ទនៈដែលរងការឆេះខ្ទេចដោយភ្លើងនោះ គឺជាស្ថានីយប្រេងឥន្ទនៈ យីហោសូគីម៉ិចលីតាអូរត្រែល មានម្ចាស់ឈ្មោះ ហៀង វណ្ឌី ភេទប្រុស អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ លីតា អាយុ៣៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។ ចំណែកទ្រព្យសម្បត្តិដែលរងការឆេះខ្ទេចនៅគ្រានោះ មានផ្ទះ១ខ្នង ដែលសាងសង់ឡើងក្នុងទំហំទទឹង១១ម៉ែត្រ និងមានបណ្តោយ១៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី រថយន្ត Lexus ២គ្រឿង ម៉ូតូស្កុបពី១គ្រឿង ប្រាក់រៀលជាង១៣លានរៀល ប្រាក់ដុល្លារជាង៤ម៉ឺន៨ពាន់ដុល្លារ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ ជាង២ម៉ឺនដុល្លារនោះថែមទៀត បើគិតពីទំហំទឹកប្រាក់នៃការខូចខាត នៅក្នុងគ្រោះអគ្គីភ័យនេះ មានរហូតដល់ទៅជិត២០ម៉ឺនដុល្លារអាមេរិកឯណោះ។

លោកអធិការស្រុកថាឡាបរិវ៉ាត់ បានប្រាប់ទៀតថា មូលហេតុដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើងនោះ បើតាមនាងជាភិរិយាប្រាប់ថា ដោយសារប្តីរបស់នាងឈ្មោះហៀង វណ្ឌី បានផឹកស្រាស្រវឹង ហើយបានមកសុំលុយពីនាង  ដើម្បីយកទៅផឹកស៊ីជាបន្តទៀត តែនាងជាប្រពន្ធមិនឲ្យ នៅពេលនោះប្តីនាងក៏កើតក្តីក្តៅក្រហាយខឹងសម្បាយ៉ាងខ្លាំង ហើយបានបើករថយន្តបំបុករបង និងប្រអប់កុងទ័រប្រេងពេញទំហឹង បណ្តាលឲ្យដួលប្រអប់កុងទ័រប្រេងនោះ ហើយឆ្លងចរន្តទុស្សេខ្សែភ្លើង បណ្តាលឲ្យឆាបឆេះកានប្រេងដែលដាក់នៅផ្នែកខាងលើនោះ រាលដាលឆេះស្ថានីយប្រេងទាំងមូល ប៉ុន្តែ សំណាងហើយដែលរូបនាងនិងមនុស្សជាច្រើនទៀត បានរត់រួចខ្លួន ហើយនៅក្រោយហេតុការណ៍នេះ បុរសជាប្តីបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់។

លោកសែម ស៊ីថា បានបញ្ជាក់ថា នៅគ្រាភ្លើងកំពុងឆាបឆេះនោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានចុះមកដល់ទីតាំងកើតហេតុ ហើយបានបញ្ជាកម្លាំងបង្កា និងពន្លត់អគ្គិភ័យ បញ្ចេញរថយន្តសង្គ្រោះអគ្គិភ័យចំនួន២គ្រឿង ដើម្បីពន្លត់ភ្លើងនេះ ដោយប្រើប្រាស់ទឹកអស់ចំនួន១៧រថយន្ត ហើយភ្លើងបានរលត់ទាំងស្រុង នៅម៉ោង២និង១៥នាទីរំលងអាធ្រាត្រ ។

លោកបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ស្ត្រីជាភរិយាបានមកដាក់ពាក្យប្តឹងស្វាមីខ្លួនដែលបានបំផ្លាញទ្រព្យសម្បត្តិទាំងនោះ ហើយខណៈនេះកម្លាំងនគរបាលស្រុកថាឡាបរិវ៉ាត់ និងកម្លាំងនគរបាលជំនាញខេត្ត កំពុងរួមគ្នាបើកការស្រាវជ្រាវរកទីតាំងលាក់ខ្លួនរបស់ជនបង្ក ហើយនាំខ្លួនឲ្យចូលមកទទួលខុសត្រូវនៅចំពោះមុខច្បាប់ ៕

RELATED ARTICLES