Saturday, September 27, 2025
Homeព័ត៌មានជាតិជិះម៉ូតូឌុបប្រពន្ធដើរលេង ប្រទះឃើញឡានបុកឪពុកស្លាប់កាលពីខែកក្កដា ដេញតាមចាប់ដល់ផ្សារដើមគ

ជិះម៉ូតូឌុបប្រពន្ធដើរលេង ប្រទះឃើញឡានបុកឪពុកស្លាប់កាលពីខែកក្កដា ដេញតាមចាប់ដល់ផ្សារដើមគ

ភ្នំពេញ ៖ បុរសម្នាក់​ជិះម៉ូតូឌុបប្រពន្ធដើរលេង ស្រាប់តែប្រទះឃើញរថយន្តដែលបើកបុកឪពុករបស់ខ្លួនស្លាប់ ហើយបើកគេចខ្លួនបាត់តាំងពីខែកក្កដា រហូតដល់​ម៉ោង២រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ទើបឃាត់បាន ។

ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ នៅតាមផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានឈ្មោះ ដួង ឆេង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីរបស់ឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាកូនអ្នកស្លាប់ បានប្រាប់ឲ្យដឹងថា មុននឹងឃាត់រថយន្តបង្កបាន រូបគាត់បានជិះម៉ូតូមួយគ្រឿងឌុបប្រពន្ធដើរលេង​នៅម្ដុំវិមានឯករាជ្យ ក៍ប្រទះឃើញរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2N-4922 បើកបរដោយបុរសជាជនជាតិកូរ៉េ រួមដំណើរជាមួយស្រ្តីវ័យក្មេង២នាក់​ទៀត ​ជារថយន្តបានបើកបុកឪពុករបស់គាត់​ស្លាប់កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ​ទើបរូបគេបានជិះម៉ូតូដេញតាមរថយន្ត និង​ទូរស័ព្ទប្រាប់មិត្តភក្តិឲ្យមកជួយ ខណៈ​ពេល​រថយន្តបង្កបើក​មកដល់ម្ដុំផ្សារដើមគ ​អ្នកបើករថយន្តមិនស្គាល់ផ្លូវច្បាស់ ទើបបើកមកឈប់នៅមុខផ្សារដើមគរ ហើយភ្លាមៗនោះ រូបគេក៏យកម៉ូតូទៅដាក់បាំងពីមុខរថយន្ត និ​ងទូរស័ព្ទហៅប៉ូលិសផ្សារដើមគរឲ្យមកជួយធ្វើអន្តរាគមន៍ ដើម្បីកុំអោយអ្នកបើករត់ទៅណា។

គួរបញ្ជាក់ផងដែរថា ហេតុតែកូនជនរងគ្រោះស្គាល់រថយន្តច្បាស់ គឺរូបគាត់បានទៅសូមមើលកាម៉ារ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ទើបឃើញរថយន្តខាងលើស្គាល់ច្បាស់ថាជារថយន្តបុកឪពុក​គាត់ស្លាប់ពិតមែន ហើយបើករត់ទៅបាត់។

បច្ចុប្បន្នរថយន្តនិងអ្នកបើកជនជាតិកូរ៉េត្រូវបានប៉ូលិសប្រគល់អោយខាងប៉ូលិសចរាចរណ៍ក្រុងដើម្បីយកទៅចាត់ការតាមនិតិវីធី៕

RELATED ARTICLES