ភ្នំពេញ ៖ សពលោកបណ្ឌិតកែម ឡី ដែល ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងសាហាវព្រៃ ផ្សៃ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ ក្នុងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ កណ្តាលរាជធានីភ្នំពេញនោះ បន្ទាប់ ពីបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងបើក ឱ្យសាធារណជន ចូលគោរពវិញ្ញាណក្ខន្ធនៅ វត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ អស់រយៈពេល១៤ថ្ងៃរួចមក ត្រូវបានហែមក ដល់ស្រុកកំណើតរបស់លោក ស្ថិតក្នុងភូមិអង្គ តាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដោយមានអ្នកចូលរួមជូនដំណើរសពរាប់លាន នាក់ ហើយសពលោកបណ្ឌិតកែម ឡី នឹងត្រូវ រៀបចំពិធីបញ្ចុះនៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ។
ក្បួនដង្ហែសពលោកបណ្ឌិតកែម ឡី អ្នក ស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍ និងជាអ្នក វិភាគឯករាជ្យ ត្រូវបានដង្ហែចេញពីទីតម្កល់នា វត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ត្រើយខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកំណើតរបស់សព ស្ថិតក្នុងភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដូចដែលក្រុមគ្រួសារសព និងគណៈ- កម្មការរៀបចំបុណ្យសព បានប្រកាសកន្លងមក។
នៅវេលាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅបរិវេណវត្តពោធិយារាម ហៅវត្តចាស់ ដែល ជាទីតម្កល់សពលោកបណ្ឌិតកែម ឡី បន្ទាប់ពី មានការជួបជុំក្រុមគ្រួសារសាច់ញាតិជិតឆ្ងាយ នៃសព និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី ធ្វើ ពិធីសូត្រមន្ត បង្សុកូល រំកិលសពលោកបណ្ឌិត កែម ឡី ដាក់លើរថយន្តហែសព និងរៀបចំ ក្បួនដង្ហែ រួចមកនៅវេលាម៉ោង៧ៈ០០នាទី ក្បួនហែសព បានចេញដំណើរយឺតៗចាកចេញពី វត្តខាងលើ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន ជ្រោយចង្វាថ្មី (ស្ពានមិត្តភាពកម្ពុជា-ចិន) ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស រួចបត់ស្តាំ តាមមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅរង្វង់មូល ចោមចៅ និងបន្តដំណើរតាមផ្លូវជាតិលេខ៣ ទៅដល់ផ្សារអង្គតាសោម ខេត្តតាកែវ ទើបបត់ ឆ្វេងចម្ងាយប្រមាណ៨៥០០ម៉ែត្រទៀត ទើប ទៅដល់លំនៅឋានដែលជាទឹកដីកំណើតរបស់ សពលោកបណ្ឌិតកែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្បួនដង្ហែសពលោកបណ្ឌិតកែម ឡី ដែល មានមនុស្សម្នាចូលរួមច្រើនកុះករដ៏វែងអន្លាយ មើលដាច់កន្ទុយភ្នែកនោះ ត្រូវបានគណៈកម្មការ រៀបចំបុណ្យសព អះអាងថា មានអ្នកចូលរួម សរុបប្រមាណ២លាននាក់ ហើយក្បួនដង្ហែនេះ ត្រូវបានរៀបចំជាផែនៗ ចំនួន១២ផែន ក្នុង នោះផែនទី ១-នាំមុខដោយព្រះសង្ឃ អភិធម្ម ទី២-អាចារ្យ ទី៣-ក្រុមគ្រួសារសព ទី៤-ភ្លេង ពិណពាទ្យសម្រាប់ប្រគំដង្ហែ ទី៥-រថយន្តគ្រង ផ្កាភ្ញី និងរូបថត ទី៦-ផែនរថយន្តព្រះសង្ឃ ទី៧-រថយន្តដឹកសព ទី៨-បន្តពីក្រោយដោយ ក្រុមអ្នកស្ម័គ្រចិត្តកោរសក់ គោរពសព ទី៩-ជាក្រុមយុវជន ទី១០-ជាក្រុមអ្នកមុខអ្នកការ សង្គមស៊ីវិល រួមទាំងមន្ត្រីរាជការ និងផែនទី ១១-មហាជនទូទៅ និងអ្នកសារព័ត៌មាន។
ជាការគួរឱ្យកត់សម្គាល់ទិដ្ឋភាពនៃការដង្ហែ សពនោះ ចាប់តាំងពីកន្លែងចេញដំណើរកាត់ តាមផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ មានអ្នក ចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះតាមសេចក្តី រាយការណ៍ព័ត៌មាននិងការបញ្ជាក់ពីសមាជិក គណៈកម្មការរៀបចំបុណ្យសព បានឱ្យដឹងថា តាមការប៉ាន់ស្មានមានមនុស្សចូលរួមប្រមាណ ២លាននាក់ ពោលគឺច្រើនជាងការរំពឹងទុក ដល់ទៅទ្វេដង ហើយប្រវែងក្បួនហែសពលោក បណ្ឌិតកែម ឡី គឺមានចម្ងាយប្រមាណ៣០ គីឡូម៉ែត្រ ពិសេសនៅពេលក្បួនដង្ហែចេញផុត ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ មានមនុស្ស ម្នាមកចូលរួមកាន់តែច្រើន។ នេះមិនទាន់រាប់ បញ្ចូលចំនួនមនុស្សដែលឈររង់ចាំនៅខាង ក្រៅក្បួន និងឈរជូនដំណើរតាមដងផ្លូវជាប់ រហូតព្រមទាំងមានអ្នកខ្លះបាននាំយកទឹកសុទ្ធ ភេសជ្ជៈ និងម្ហូបអាហារ ទៅឈររង់ចាំ។ លើស ពីនេះ ប្រជាពលរដ្ឋដែលចូលរួមខ្លះ បានលើក ទង់ជាតិខ្មែរ និងខ្លះលើករូបថតលោកបណ្ឌិត កែម ឡី ក្នុងទឹកមុខក្រៀមក្រំសម្តែងនូវការ សោកស្តាយអាឡោះអាល័យចំពោះការបាត់- បង់បញ្ញវន្តខ្មែរដ៏ល្បីឈ្មោះរូបនេះគ្រប់ៗគ្នា។
នៅថ្ងៃនោះដែរ នៅតាមដងមហាវិថី- នៅដងផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សមត្ថកិច្ចបានដាក់ពង្រាយកម្លាំងចម្រុះ (នគរបាល និងអាវុធហត្ថ) ចំនួន១៦៦០នាក់ ដើម្បីរៀបចំ សណ្តាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាព ពិធីហែសពលោកបណ្ឌិតកែម ឡី។ ចំណែកការ លក់ដូរហ្គាស់ រួមទាំងស្ថានីយប្រេងឥន្ធនៈនានា ដែលស្ថិតនៅតាមដងផ្លូវហែសពឆ្លងកាត់ ត្រូវ បានបិទតាមការណែនាំរបស់អាជ្ញាធររាជធានី ដើម្បីរក្សាសុវត្ថិភាព ជូនអ្នកចូលរួមពិធីហែ សព។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ដែលបានចូលរួមដង្ហែសពលោកបណ្ឌិតកែម ឡី នៅថ្ងៃនោះបានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកថា “រថយន្តនិងម៉ូតូរបស់ បងប្អូនដែលដង្ហែសពលោកបណ្ឌិតកែម ឡី អស់ សាំង ខណៈដែលហ្គារាស់សាំង នៅតាមដងផ្លូវ ត្រូវបានអាជ្ញាធររាជធានី ប្រាប់ឱ្យបិទ១ថ្ងៃនេះ តែម្តង ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្លាប់។ សំណាងហើយដែលឡានខ្ញុំ ចាក់សាំងពេញ តាំងពីម្សិលមិញ កុំអីរុញតាមផ្លូវមិនខានទេ។ ខ្ញុំសូមស្នើដល់បងប្អូនដែលជាអាជីវករលក់សាំង តាមដងផ្លូវ មេត្តារកមធ្យោបាយផ្គត់ផ្គង់សាំង ដល់រថយន្តនិងម៉ូតូ ដែលត្រូវការចាក់សាំង ដើម្បីឱ្យពួកគាត់អាចបន្តដំណើរទៅមុខទៀត បានផង។ (អាជ្ញាធរហាមពលរដ្ឋមិនឱ្យដើរ ថ្មើរជើង និងទាមទារឱ្យដង្ហែសពដោយរថយន្ត ឬម៉ូតូ ស្របពេលជាមួយគ្នាបញ្ជាឱ្យបិទហ្គារាស់ សាំងនៅតាមផ្លូវ) ធ្វើមើលតែឡាននិងម៉ូតូចេះ ញ៉ាំសាំងវិចឬ?”។
ជាការគួរឱ្យកត់សម្គាល់ផងដែរ នៅតាម ដងផ្លូវហែសពលោកបណ្ឌិតកែម ឡី ក្រៅពីមាន ប្រជាពលរដ្ឋមួយចំនួន បានយកភេសជ្ជៈ ទឹក ពិសា អាហារសម្រន់ មកចែកជូនអ្នកចូលរួមពិធី ក៏មានបុរសម្នាក់ ដឹកសាំងទាំងប៊ីដុងៗ រួមទាំង បាយ ទឹកសុទ្ធ ភេសជ្ជៈ មីកញ្ចប់ តាមរថយន្ត មកចែកជូនអ្នកចូលរួមហែសព ដោយឥតគិត ថ្លៃទៀតផង។
ដោយឡែកតាមសេចក្តីរាយការណ៍ព័ត៌- មានថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្នុងអំឡុង ពេលហែសពលោកបណ្ឌិតកែម ឡី នៅថ្ងៃនោះ គឺអ្នកស្រីប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី ដោយសារការអត់ងងុយអស់កម្លាំង ច្រើនយប់ថ្ងៃ ក្នុងពិធីបុណ្យសពស្វាមី អ្នកស្រី បានឱបរូបថតស្វាមីសន្លប់នៅលើរថយន្ត ក្នុង ពេលហែសពនោះ ផ្អើលដល់អ្នកជិតខាងជួយ គក់ច្របាច់ រឺតប្រេងខ្យល់ និងឱ្យសម្រាកយក កម្លាំង ទើបបានធូរស្រាលវិញ។
គួរបញ្ជាក់ថា សពលោកបណ្ឌិតកែម ឡី ត្រូវបានហែទៅដល់គេហដ្ឋាននៅទឹកដីកំណើត របស់លោកក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ ដោយមានប្រជា- ពលរដ្ឋរស់នៅមូលដ្ឋាននោះដ៏ច្រើនកុះករ បាន មករង់ចាំទទួលស្វាគមន៍សពលោកបណ្ឌិតកែម ឡី ប្រកបដោយក្តីក្តុកក្តួលរំជួលចិត្តស្រក់ទឹកភ្នែក ទួញយំអាណិត និងស្តាយស្រណោះលោកបណ្ឌិត ជាពន់ពេក មិនគួរណាជនពាល អប្រិយហ៊ាន លើកដៃប្រល័យជីវិតលោកបណ្ឌិតដែលជាបញ្ញវន្ត ខ្មែរដ៏កម្ររកបាន ឱ្យស្លាប់ចោលប្រពន្ធ និងកូន ទាំង៥នាក់បែបនេះសោះ។
សពលោកបណ្ឌិតកែម ឡី បើតាមកម្មវិធី ដែលផ្សព្វផ្សាយដោយគណៈកម្មការរៀបចំ បុណ្យសព បានឱ្យដឹងថា នឹងរៀបចំពិធីបញ្ចុះ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ៕
ដោយ ៖ កុលបុត្រ