Monday, November 25, 2024
Homeនយោបាយរដ្ឋសភា ប្រជុំសម្រេចករណីលោកកឹម សុខា ថ្ងៃ១១ កញ្ញា

រដ្ឋសភា ប្រជុំសម្រេចករណីលោកកឹម សុខា ថ្ងៃ១១ កញ្ញា

ភ្នំពេញ ៖ ករណីការចាប់ខ្លួនលោកកឹម សុខា ដែលជាសមាជិកសភាមានអភ័យឯកសិទ្ធិពីបទល្មើសជាក់ស្តែង “ក្បត់ជាតិ” នោះ រដ្ឋសភា នឹងបើកសម័យប្រជុំជាវិសាមញ្ញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីសម្រេចឱ្យ ស្ថាប័ន តុលាការបន្តនីតិវិធី ឬយ៉ាងណា។

ប្រធានរដ្ឋសភា សម្តេចហេង សំរិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីសម្រេចករណីលោកកឹម សុខា សមាជិករដ្ឋសភា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីរាត្រីថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នោះ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាពេលនេះ បានធ្វើឡើងក្រោយពីរដ្ឋសភា ទទួលបានរបាយការណ៍ពីសមត្ថកិច្ច និងតុលាការក្នុងករណីនេះ។

បន្ទាប់ពីបានប្រជុំពិភាក្សា តាមនីតិវិធី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសន្និដ្ឋានលើរបាយការណ៍ជូនរដ្ឋសភារបស់សមត្ថកិច្ច ពាក់ព័ន្ធនឹងករណីចាប់ខ្លួន ចោទប្រកាន់ ឃាត់ខ្លួន និងឃុំខ្លួនលោកកឹម សុខា តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ថាធ្វើបានត្រឹមត្រូវតាម បទប្បញ្ញត្តិនៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ និង បទប្បញ្ញត្តិច្បាប់ដទៃទៀតដែលពាក់ព័ន្ធ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ លោកយ៉េត ចរិយា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ជម្រាបជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភា អំពីករណីចោទប្រកាន់លើលោកកឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម នោះថា ផ្អែកតាមសម្តីជាចំហរបស់ លោកកឹម សុខា នៅក្នុងវីដេអូឃ្លីប ដែលកំពុងបន្តផ្សព្វផ្សាយមកដល់ពេលនេះ រួមទាំង ភ័ស្តុតាង ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូល បានបង្ហាញច្បាស់ថា សកម្មភាពឃុបឃិតជាមួយបរទេស ក្បត់កម្ពុជានេះ កើតមានពីឆ្នាំ១៩៩៣ ហើយផែនការនេះ បន្តមកដល់ពេល នេះ ត្រូវបានកំណត់ជាស្ថានភាពនៃបទល្មើស ជាក់ស្តែង ដោយយោងតាមក្រមនីតិវិធីព្រហ្ម ទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ការចាប់ខ្លួនឈ្មោះកឹម សុខា ត្រូវបានធ្វើឡើង ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា និង មាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ។  ដូច្នេះក្រោយពីបានពិនិត្យសំណុំរឿង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ដោយបើកការស៊ើបអង្កេតលើ ឈ្មោះកឹម សុខា ពីបទ ៖ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋាន បញ្ជូនរឿងឱ្យស៊ើបសួរ លេខ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី…។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧

ចំពោះលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃនោះ បានសម្រេច ដាក់ករណីលោកកឹម សុខា ខាងលើនេះ ជូន សម័យប្រជុំវិសាមញ្ញៃនរដ្ឋសភា សម្រេចទៅ តាមបទប្បញ្ញត្តិ នៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។ ជាមួយនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានសម្រេចបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ៈ០០នាទី ដើម្បី សម្រេចករណីលោកកឹម សុខា តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម នេះបន្តទៀត។

អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា លោកឈាង វុន បាន បញ្ជាក់ក្នុងសន្និសីទកាសែត នាវិមានរដ្ឋសភា នៅថ្ងៃទី០៧ ខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នោះថា ចំពោះដំណើរ ការនីតិវិធីលើលោកកឹម សុខា តទៅមុខទៀត មិនទាន់ដឹងយ៉ាងណាទេ ប៉ុន្តែគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា សម្រេចកំណត់យកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ប្រជុំវិសាមញ្ញរដ្ឋសភា លើករណីមេដឹកនាំគណបក្សប្រឆាំងនេះ ដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស និងឃុំខ្លួនលោកកឹម សុខា បណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង។

គួរបញ្ជាក់ដែរថា នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានោះ សមាជិក តំណាងរាស្ត្រ៥រូប មកពីគណបក្សសង្គ្រោះជាតិ ដែលរួមមានលោកអេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល លោកប៉ុល ហំម ប្រធាន គណៈកម្មការទី៣ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោកយ៉ែម បុញ្ញប្ញទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោកស្រី កែ សុវណ្ណរ័ត្ន ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងលោកហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ មិនបានចូលរួមប្រជុំទេ។ ប៉ុន្តែមុន កិច្ចប្រជុំនោះ១ថ្ងៃ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ទាមទារឱ្យតំណាងអយ្យការទម្លាក់ចោលបទ ចោទប្រកាន់ និងដោះលែងលោកកឹម សុខា  ដើម្បីធានាថា ការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងជឿទុកចិត្តបាន៕

កុលបុត្រ

RELATED ARTICLES