Monday, November 25, 2024
Homeនយោបាយអនុប្រធានបក្សប្រឆាំង ប្រតិកម្មនឹង គ.ជ.ប រឿងបើរំលាយបក្ស

អនុប្រធានបក្សប្រឆាំង ប្រតិកម្មនឹង គ.ជ.ប រឿងបើរំលាយបក្ស

ភ្នំពេញ ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល លោកអេង ឆៃអ៊ាង ដែលកំពុង បំពេញទស្សនកិច្ចនៅក្រៅប្រទេសបានប្រតិកម្ម ទៅនឹងអ្នកនាំពាក្យ គ.ជ.ប ដែលបានលើក ឡើងថា បើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ សមាជិកសភា និងមន្ត្រីក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នឹងត្រូវបញ្ចប់ ទាំងអស់។

លោកអេង ឆៃអ៊ាង បានសរសេរខ្លីនៅ ក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ថា “លោកហង្ស ពុទ្ធា និយាយហួសពីបច្ចេកទេសហើយ”។

ពាក់ព័ន្ធនឹងសំណេរប្រតិកម្មរបស់លោក អេង ឆៃអ៊ាង ខាងលើនេះ មិនអាចទាក់ទង សុំបញ្ជាក់បន្ថែមពីលោកដោយផ្ទាល់បានទេ កាលពីម្សិល ដោយសារលោកកំពុងជាប់បំពេញ បេសកកម្មនៅក្រៅប្រទេស។ ប៉ុន្តែមុននេះ លោកអេង ឆៃអ៊ាង បានលើកឡើងពីគោលជំហរគណបក្សសង្គ្រោះជាតិថា គណបក្សនេះ នឹងមិនដាក់នរណាម្នាក់ឱ្យឡើងជាប្រធានជំនួស លោកកឹម សុខា ដែលកំពុងជាប់ឃុំឡើយ ហើយ គណបក្សសង្គ្រោះជាតិ អាចនឹងធ្វើពហិការ មិន ចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ ប្រសិនបើស្ថានភាពនយោបាយនៅតែអាក្រក់ ខ្លាំងដូចបច្ចុប្បន្ននេះ។

លោកអេង ឆៃអ៊ាង ក៏បានសរសេរទាក់ទង នឹងឥទ្ធិពលប្រទេសធំៗ មកលើទីផ្សារវិនិយោគ របស់ប្រទេសកម្ពុជា នៅពេលដែលគណបក្ស ប្រឆាំង ប្រឈមនឹងការបិទ ឬរដ្ឋាភិបាលប្រឆាំង  មិនព្រមដោះលែងលោកកឹម សុខា ថា “បរទេសដែលទិញទំនិញ និងប្រទេសដែលលក់ ទំនិញឱ្យកម្ពុជា តើប្រទេសណាដែលផ្តល់ផលប្រយោជន៍ឱ្យកម្ពុជា? សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ជាប្រទេសដែលទិញទំនិញពី ប្រទេសកម្ពុជា ច្រើនជាងគេ គឺ៦,៥ពាន់លានដុល្លារ ហើយក៏ជាប្រទេសកំពុងថ្កោលទោស ការចាប់ខ្លួនលោកប្រធានកឹម សុខា។

ប្រទេសថៃ ប្រទេសចិន និងប្រទេស វៀតណាម ជាប្រទេសដែលលក់ទំនិញឱ្យកម្ពុជា ច្រើនជាងគេ គឺ ៩,៩១ ពាន់លានដុល្លារ ហើយក៏ជាប្រទេសដែលគាំទ្រ និងរក្សាភាពស្ងៀមស្ងាត់ ការចាប់ខ្លួនលោកប្រធានកឹម សុខា។

សេដ្ឋកិច្ចប្រទេសមួយដែលមានការរីកចម្រើនទៅបាន គឺពឹងលើការនាំទំនិញចេញ មិនមែនផ្អែកលើការនាំទំនិញចូលទេ”។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកអេង ឆៃអ៊ាង បានធ្វើឡើង ក្រោយពេលដែលអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកហង្ស ពុទ្ធា បានប្រាប់ អ្នកសារព័ត៌មានថា មន្ត្រីចាប់ពីថ្នាក់តំណាង-រាស្ត្ររហូតដល់ក្រុមប្រឹក្សារាជធានី-ខេត្ត និង ឃុំនឹងត្រូវបញ្ចប់តំណែង ប្រសិនបើបក្សប្រឆាំង ពិតជាត្រូវរំលាយចោលនោះ។

លោកបណ្ឌិតហង្ស ពុទ្ធា បានបញ្ជាក់នៅ ក្នុងខ្លឹមសារនោះថា តាមច្បាប់ស្តីពីការជ្រើស តាំងតំណាងរាស្ត្រ គឺក្រោយពេលរំលាយគណបក្ស ហើយសមាជិកទាំងអស់ដែលមានតួនាទី ជាប់ដោយការបោះឆ្នោត នឹងត្រូវអស់តួនាទី តាមគណបក្សដែលត្រូវរំលាយដែរ។

ក្រោយការលើកឡើងរបស់លោកហង្ស ពុទ្ធា នោះដែរ បានធ្វើអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានមួយចំនួន ដែលតាមដានលើវិស័យ បោះឆ្នោត និងស្ថានភាពនយោបាយ បានបង្ហាញ ក្តីបារម្ភថា បើគណបក្សប្រឆាំង ពិតជាត្រូវ រលាយមែន នឹងធ្វើឱ្យអ្នកគាំទ្រនៅមូលដ្ឋាន ត្រូវខកបំណង។

នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយ សេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និកហ្វិច (NICFEC) លោកសំ គន្ធាមី បានបញ្ជក់ថា នៅពេលសមាជិកបក្សប្រឆាំង បាត់បង់តួនាទី តាមច្បាប់ គឺសមាជិកគណបក្សផ្សេង នឹងត្រូវ បំពេញជំនួស។ ដូច្នេះកាលណាមានតែគណបក្ស  មួយឈរតែឯង តាំងពីថ្នាក់ជាតិ រហូតដល់ មូលដ្ឋាន នឹងធ្វើឱ្យពលរដ្ឋដែលស្រឡាញ់គោលនយោបាយគណបក្សប្រឆាំង ខកចិត្ត។

ទោះយ៉ាងណា លោកបណ្ឌិតហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប និងជាអតីតប្រធានអង្គការ និកហ្វិច បានបញ្ជាក់ឡើងវិញថា ការដែល លោកបានលើកឡើងពាក់ព័ន្ធនឹងចំណុចនេះ គ្រាន់តែផ្អែកទៅលើមាត្រាដែលមានចែងក្នុង ច្បាប់ប៉ុណ្ណោះ។ ដូច្នេះលោកសុំមិនបកស្រាយ តបតសម្រាប់ការប្រតិកម្មនោះទេ គឺទុកឱ្យ មជ្ឈដ្ឋានទូទៅស្វែងយល់ ពិនិត្យឱ្យបានច្បាស់ ចំពោះមាត្រាដែលមានចែងក្នុងច្បាប់នោះដោយ ខ្លួនឯងចុះ។

លោកហង្ស ពុទ្ធា បានមានប្រសាសន៍ ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ថា “ខ្ញុំមិនមានអីឆ្លើយទេ សុំឱ្យទាំងអ្នកព័ត៌មាន ទាំងមហាជនទូទៅ ពិនិត្យទៅលើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅ មាត្រា ១៣៥ ចំណុច ឃ ពីព្រោះគេអាចធ្វើ ការបកស្រាយច្បាប់តាមវិធី ឬក៏តាមគំនិត រៀងៗខ្លួន។ អ៊ីចឹងឆ្លើយឱ្យខ្លី គឺខ្ញុំសុំមិនឆ្លើយតប ហើយសុំឱ្យពិនិត្យ និងធ្វើការបកស្រាយច្បាប់ នូវមាត្រា១៣៥ នោះ”។

គួរបញ្ជាក់ថា យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៩០២/០១៧ នៅមាត្រា១១៨ ចំណុច “ង” បានចែងថា “ក្នុង ករណីគណបក្សនយោបាយណាមួយបានទទួល អាសនៈមួយ ឬច្រើននៅក្នុងរដ្ឋសភា ប៉ុន្តែ គណបក្សនយោបាយនោះបានប្រកាសបោះបង់ចោលអាសនៈរបស់ខ្លួន ឬត្រូវបានលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយ តាមច្បាប់ស្តី ពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងបេក្ខជន នៃគណបក្សនយោបាយនោះ ដែលបាន ប្រកាសថា ជាប់ឆ្នោតរួចហើយ មិនមានសុពលភាព និងមិនមានគុណសម្បត្តិតទៅទៀត បាន ឡើយ…”។

យោងតាមច្បាប់វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដែលមានតែតំណាងរាស្ត្រ មកពីគណបក្សកាន់អំណាចបានអនុម័ត កាលពីពេលថ្មីៗនេះ បនាចែងនៅត្រង់វាក្យខណ្ឌទី២ មាត្រា៤៥ថ្មី (ស្ទួន) ថា ត្រូវលុបឈ្មោះគណបក្ស នយោបាយចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅក្នុងករណីដែលគណ-បក្សនយោបាយនោះ ត្រូវសម្រេចផ្អាក ឬត្រូវ បានរំលាយដោយស្របតាមច្បាប់នេះ។

សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម នៃគណបក្សសង្គ្រោះជាតិ អ្នកស្រីម៉េង សុភារី បានអះអាងថា ច្បាប់ស្តីពី គណបក្សនយោបាយថ្មីនេះ មិនបានបម្រើឱ្យ ផលប្រយោជន៍ប្រជាជននោះទេ ដោយគណបក្ស មួយចំនួនបានរងគំនាបនៃច្បាប់នេះ។ ប៉ុន្តែ សម្រាប់អ្នកនាំពាក្យគណបក្សកាន់អំណាច និងមន្ត្រីរដ្ឋាភិបាល បានចាត់ទុកថា ច្បាប់នេះភាព ល្អប្រសើរសម្រាប់គណបក្សនយោបាយ យក ទៅអនុវត្ត និងបម្រើផលប្រយោជន៍គណបក្ស នយោបាយបានល្អប្រសើរ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈសារព័ត៌មាន អ្នកនាំពាក្យ ឱ្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងពុំអាច មានវត្តមានធ្វើសកម្មភាពនយោបាយនៅកម្ពុជា បានជាបន្តទៅទៀតទេ ប្រសិនបើគណបក្សនេះ រឹងរូសមិនព្រមតែងតាំងប្រធានថ្មី ជំនួសលោក  កឹម សុខា។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ ក៏បានបញ្ជាក់ ថា នៅពេលដែលគណបក្សប្រឆាំង ត្រូវរំលាយ ចោល សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែល ទើបជាប់ឆ្នោតទាំងអស់របស់គណបក្សនេះ មាន ជាង ៥ពាន់នាក់ រួមទាំងក្រុមប្រឹក្សានៅតាម ស្រុក ខេត្ត និងក្រុង និងសមាជិកព្រឹទ្ធសភា (ប្រសិនបើមាន) ព្រមទាំងតំណាងរាស្ត្ររបស់ គណបក្សនេះផងដែរ នឹងត្រូវបាត់បង់តំណែង ទាំងអស់។ ដូច្នេះ លោកចង់ឱ្យគណបក្សសង្គ្រោះ ជាតិ ដែលជាគណបក្សប្រឆាំងមួយនេះ នៅ មានឈ្មោះបានចូលរួមប្រកួតប្រជែងជាមួយ គណបក្សនយោបាយផ្សេងទៀត នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ខាងមុខ។ ប៉ុន្តែបើក្នុងករណីគណបក្សសង្គ្រោះជាតិ រលាយ មែន មន្ត្រីនៃគណបក្សនេះ និងអ្នកគាំទ្រនឹងទៅ រកគណបក្សដើមរបស់ខ្លួនវិញដែរ គឺអ្នកមកពី កូតាគណបក្សសម រង្ស៊ី អាចវិលទៅរកគណបក្សសម រង្ស៊ី វិញ និងអ្នកមកពីគណបក្សសិទ្ធិមនុស្ស អាចវិលទៅរកគណបក្សសិទ្ធិមនុស្សវិញ។

ចំណែកប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយកហ៊ុន សែន ក៏បានថ្លែងព្រមានបក្សប្រឆាំង មុននេះដែរថា បើសិនជាបក្សប្រឆាំង ហ៊ាន ចេញមុខការពារនៅលោកកឹម សុខា ដែលជាប់ ចោទពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេស នោះ គណបក្សប្រឆាំងក៏ប្រឈមនឹងការរំលាយ ចោលដែរ ហើយសម្តេចក៏បានអំពាវនាវទៅ ដល់បរទេស ជាពិសេស សហរដ្ឋអាមេរិក កុំ លូកដៃចូលកិច្ចការផ្ទៃក្នុង និងការអនុវត្តច្បាប់ របស់កម្ពុជា៕

 កុលបុត្រ

RELATED ARTICLES