ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើការពិភាក្សាវេទិកាតុមូល ស្តីពីបដិវត្តន៍ពណ៌។
ប្រធានបទ២ ដែលត្រូវលើកយកមក ពិភាក្សានៅក្នុងវេទិកាតុមូលនោះ គឺ “បដិវត្តន៍ ពណ៌នៅជុំវិញពិភពលោក និងសោកនាដកម្ម ក្រោយបដិវត្តន៍ពណ៌”។
ចំពោះសមាសភាពវាគ្មិនដែលចូលរួមនៅ ក្នុងវេទិកាតុមូលនោះ មានចំនួន៣រូប ដែល ក្នុងនោះ រួមមាន ១-លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យអ្នកស្រាវជ្រាវ លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន តំណាងឱ្យអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកសាម ស៊ុនឌឿន អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ដោយឡែក លោកសុន ឆ័យ តំណាងគណបក្សសង្គ្រោះជាតិ និងលោកផន ចន្ថា តំណាង គណបក្សហ៊្វុនស៊ិនប៉ិច មិនឆ្លើយតបការអញ្ជើញ និងមិនបានមកចូលរួមក្នុងកិច្ចពិភាក្សាតុមូលនេះទេ។
គោលបំណងនៃកិច្ចពិភាក្សាតុមូល ដែលផ្តោតលើប្រធានបទទាំង២នោះ ត្រូវអ្នកសម្របសម្រួលកម្មវិធីនៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិតអៀង ហ៊ុល បញ្ជាក់ថា ដើម្បីបញ្ជ្រាប ការយល់ដឹងរបស់មហាជន ជាពិសេស យុវជន និងប្រជាពលរដ្ឋទាំងអស់ អំពីទម្រង់ផ្សេងៗគ្នា នៃបដិវត្តន៍ពណ៌ នៅលើពិភពលោក និងសោកនាដកម្មក្រោយបដិវត្តន៍ពណ៌ ក្នុងគោលដៅ បញ្ចៀសហានីភ័យណាមួយ ដែលកើតមាន ឡើងនៅកម្ពុជា ព្រោះរយៈកាលកន្លងមក នេះ ជាការសង្កេតទូទៅ បើគិតពីទសវត្សឆ្នាំ ២០០០មក បដិវត្តន៍ពណ៌ បានកើតមាននៅ បណ្តាប្រទេសជាច្រើន ដូចជាបដិវត្តន៍ម៉ូនីស័រ នៅអតីតយូហ្គោស្លាវី ឆ្នាំ២០០០ បដិវត្តន៍ផ្កា កុលាប នៅហ្ស៊កហ្ស៊ី នៅឆ្នាំ២០០៣ បដិវត្តន៍ ពណ៌ នៅអ៊ុយក្រែន បដិវត្តន៍ពណ៌នៅលីបង់ ឆ្នាំ២០០៥ បដិវត្តន៍ពណ៌ខៀវ នៅគុយវេត ឆ្នាំ ២០០៥ និងចរន្តបដិវត្តន៍ពណ៌មួយចំនួនទៀត ដែលកើតមាននៅក្នុងរដ្ឋមួយចំនួន ដូចជាទុយនេស៊ី អេហ្ស៊ីប លីបង់ យេមែន ស៊ីរី អាល់ហ្សេរី អ៊ីរ៉ាក់ ម៉ូរ៉ុកកូ ស៊ូដង់ អូម៉ង់ សាហារ៉ា ខាងលិច ប៉ាឡេស្ទីន និងម៉ាលី ជាដើម។
អ្នកសម្របសម្រួលកម្មវិធី លោកស្រីបណ្ឌិត អៀង ហ៊ុល ក៏បានរំលឹកឡើងវិញត្រួសៗផល ប៉ះពាល់នៃបដិវត្តន៍ពណ៌ នៅលើពិភពលោក កន្លងមកថា បន្ទាប់ពីការជោគជ័យតែមួយភ្លែត ប្រទេសដែលឆ្លងកាត់ បដិវត្តន៍ពណ៌ទាំងនោះ ភាគច្រើនបែរជាធ្លាក់ទៅក្នុងអន្ទាក់ នៃចលនា សង្គម សង្គ្រាមស៊ីវិល និងការងើបឡើងនៃ ក្រុមភេរវកម្មជាដើម។ ហេតុដូច្នេះហើយ ដើម្បី ជាការស្វែងយល់នូវចលនាបដិវត្តន៍ពណ៌ នៅ លើពិភពលោក ទើបកិច្ចពិភាក្សាតុមូលនៅ ថ្ងៃនេះ បានបញ្ជាក់ច្បាស់នូវអត្ថន័យនៃពាក្យ បដិវត្តន៍ពណ៌ ក៏ដូចជាគុណសម្បត្តិនិងគុណវិបត្តិ ដែលកើតឡើង និងផលវិបាកទាំងឡាយ ដែល អាចនឹងកើតមានឡើងក្រោយបដិវត្តន៍ពណ៌។
ជាកិច្ចចាប់ផ្តើម នៃកម្មវិធីពិភាក្សាតុមូល ទាក់ទងនឹងប្រធានបទទាំង២នោះ លោកសាម ស៊ុនឌឿន ជាវាគ្មិនតំណាងឱ្យគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា បដិវត្តន៍ពណ៌ ដំបូងឡើយ កំណត់ដោយអហិង្សាទេ គឺធ្វើដោយ ស្លូតទាំងកាយវាចាចិត្ត ហើយទទួលបានជោគជ័យខ្លះដែរ។ ក៏ប៉ុន្តែដោយសារបដិវត្តន៍ពណ៌ នេះ មិនបានរៀបចំធ្វើឱ្យបានត្រឹមត្រូវ ក៏ធ្វើ ប៉ះពាល់ដោយកន្លែងខ្លះប៉ះពាល់ធ្ងន់ ជាងមិន មិនទាន់ធ្វើបដិវត្តន៍ទៅទៀត។ ក្នុងចំណុចនេះ ការបិទអង្គការ NDI និងស្ថានីយវិទ្យុមួយ ចំនួន លោកយល់ថា មិនមែនជាការបង្ហាញនូវ ការទប់ស្កាត់បដិវត្តន៍នោះទេ ព្រោះសកម្មភាព ផ្សព្វផ្សាយរបស់អង្គការស្ថានីយវិទ្យុមួយចំនួន នោះ គ្រាន់តែមកផ្តល់ចំណេះដឹងដល់កម្ពុជា។ ប៉ុន្តែទោះយ៉ាងណា ដើម្បីកុំឱ្យមានបដិវត្តន៍នៅកម្ពុជា លោកសុំផ្តល់នូវយោបល់មួយចំនួន។
លោកសាម ស៊ុនឌឿន បានមានប្រសាសន៍ ថា “ទី១ បើកឱ្យប្រជាពលរដ្ឋបញ្ចោញមតិ។ ឧទាហរណ៍ ការធ្វើបាតុកម្មដោយអហិង្សា ការធានាដោយរដ្ឋធម្មនុញ្ញ ឱ្យយើងមានសិទ្ធិធ្វើ បាតុកម្ម ប៉ុន្តែច្បាប់យើង ចេះតែងអនុក្រឹត្យៗ មកបាត់អស់សិទ្ធិហ្នឹង អាសិទ្ធិត្រូវបញ្ចោញមតិ ធ្វើបាតុកម្មអីឯណាហ្នឹងបាត់ទៅវិញអស់ គឺវា ទៅជាអត់អាចធ្វើបានទេ ហើយបើធ្វើបាន វាអាចទេរទៅម្ខាងទៀត។ អ៊ីចឹងសុំឱ្យសភាយើង អនុវត្តតួនាទីរបស់ខ្លួនរាល់ថ្ងៃ មិនដឹងអ្នកណាធំ ជាងអ្នកណាទេ។ សភា ជាអ្នករើសរដ្ឋាភិបាលៗ ទៅធ្វើការអំណាចមួយដាច់ចេញពីសភា គឺថា បក្សមួយ រដ្ឋមួយដែលខ្លាំង ដែលពូកែ ប្រជាពលរដ្ឋនឹងមានអំណាច…”។
បណ្ឌិតស៊ុំ ឈុំប៊ុន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រធានបទនេះជាបទ ទូលាយពាក់ព័ន្ធនឹងសង្គម ហើយកំពុងពេញនិយមនៅលើពិភពលោក ព្រោះរាប់តាំងពីអឺរ៉ុប ទៅដល់មជ្ឈិមបូព៌ា និងនៅប្រទេសអាមេរិក ឡាទីន អាហ្វ្រិក ពោលគឺបដិវត្តន៍ពណ៌នេះ បានធ្វើឱ្យកក្រើកពិភពលោក នៅក្នុងទសវត្ស ទី១ នៃសហស្សវត្សថ្មីរបស់កម្ពុជា។ ប៉ុន្តែសម្រាប់ ប្រទេសកម្ពុជា នៅពេលលើកពីបដិវត្តន៍ពណ៌ នោះ មហាជនកម្ពុជា ជាពិសេស មនុស្សដែល ស្ថិតនៅក្នុងមជ្ឈិមវ័យ និងវ័យចំណាស់ មិនសូវ ទទួលយកទេ ពីព្រោះកម្ពុជា បានឆ្លងកាត់របប បដិវត្តន៍១៨ មីនា ឆ្នាំ១៩៧០ ដែលដឹកនាំដោយ លោកលន់ នល់ បាននាំទៅដល់សង្គ្រាមខ្ទេចខ្ទី ហិនហោចប្រទេសជាតិ ហើយធ្វើប្រជាជនខ្មែរ ពេលនោះ ៧លាននាក់ ស្លាប់អស់១លាននាក់ ជាង។ ពេលចូលមកដល់បដិវត្តន៍របស់សម័យ កម្ពុជាប្រជាធិបតេយ្យ របបប៉ុល ពត ក្នុងរយៈ ពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ស្លាប់អស់ជាង២លាន នាក់ទៀត។ ដូច្នេះអាចនិយាយបានថា បដិវត្តន៍ពណ៌ មកដល់ពេលនេះ ធ្វើឱ្យពិភពលោកខ្លាច រអាមិនចង់ឃើញទេ ហើយសម្រាប់ខ្មែរ ដែល ពាក់អាវខ្មៅនោះ លោកសង្កេតឃើញថា អត់បានជោគជ័យទេ គឺធ្វើខុសតែម្តង អត់ត្រូវ ព្រោះស្រុកខ្មែរ ដើរដល់នីតិរដ្ឋ និងភាពយុត្តិធម៌ក៏មានច្រើនក្នុងសង្គមហើយ។
លោកស៊ុំ ឈុំប៊ុន បានមានប្រសាសន៍ថា “អ៊ីចឹងយើងឃើញហើយ បដិវត្តន៍ពណ៌ យើងត្រូវ មើលចលនាវិវត្តន៍ និងលទ្ធផលរបស់វា គឺវាអត់ បានអីទេ បានតែខ្ទេចខ្ទី បានតែព្រាត់ប្រាស ឯ ប្រជាជនកម្ពុជាយើង អ្នកនយោបាយជើងចាស់ កម្ពុជាយើង គាត់យល់ហើយ គាត់ថា មិនអាច ឱ្យមានបដិវត្តន៍ពណ៌កើតឡើងទេ ពីព្រោះអាហ្នឹង វានាំឱ្យប្រទេសជាតិអត់បានសុខសាន្ត នាំឱ្យខ្ទេចខ្ទី ព្រោះយើងមានបទពិសោធន៍ ៧០ ៧៥ ៧៩ ហើយបន្តរហូតមកដល់៩១ យើងខ្ទេចខ្ទីយ៉ាង ម៉េច? ៩៧ ខ្វះតែបន្តិចទៀត រហូតដល់ឆ្នាំ៩៩ យើងបានសុខសាន្ត មិនចាញ់សម័យអង្គរទេ។ អ៊ីចឹងយើងបានសុខសាន្តប៉ុណ្ណឹង យើងគួរតែ គោរពនូវលទ្ធិប្រជាធិបតេយ្យ គួរតែគោរពនូវ នីតិរដ្ឋ។ ជាពិសេស គួរតែគោរពនូវច្បាប់ជាធរមាន។ ខ្ញុំសូមបញ្ជាក់ថា ច្បាប់ហ្នឹង នីតិរដ្ឋហ្នឹង គឺយើងត្រូវគោរពច្បាប់ជាធរមានទៀត។ កាល ណាយើងមិនគោរពច្បាប់ជាធរមានទេ គឺយើង អត់មានស្ថិរភាពទេ។ ចាំអ្វីដែលច្បាប់ហ្នឹងវា វិវត្តន៍ សភាពសង្គមវាវិវត្តន៍ទៅ យើងធ្វើវិសោធនកម្ម ដើម្បីឱ្យច្បាប់ហ្នឹងវាស្របទៅតាមសភាព ការណ៍។ ប៉ុន្តែពេលដែលយើងនៅជាធរមាន យើងត្រូវតែគោរពច្បាប់នៅពេលហ្នឹង ដើម្បីឱ្យ សង្គមមានស្ថិរភាព និងអាចមានការអភិវឌ្ឍ ផ្តល់ នូវសេចក្តីសុខសប្បាយដល់ប្រជាជន កាត់បន្ថយ កាន់តែច្រើននូវភាពក្រីក្រ ហើយបើយើងក្រឡុក ក្រឡាក់ ជ្រួលច្របល់ ចលាចល ឈានទៅបំផ្លិចបំផ្លាញ ពេលហ្នឹង អត្រាក្រីក្ររបស់ប្រជាជនកម្ពុជា នឹងកើនឡើងវិញ ពីព្រោះយើងក្រីក្រ ហ្នឹងលុបបំបាត់មែន ប៉ុន្តែវាងាយនឹងធ្លាក់ទៅ ភាពក្រីក្រវិញ…”។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត្យសភាចារ្យសុខ ទូច បានបញ្ជាក់ថា តាមពិត បដិវត្តន៍ពណ៌ មានរួចហើយនៅកម្ពុជា ប៉ុន្តែដើម្បីជាការសិក្សាស្រាវជ្រាវ ត្រូវធ្វើការ ប្រៀបធៀបទៅលើឆាកអន្តរជាតិ ពីព្រោះកម្ពុជា មិនមែនរស់នៅក្នុងភូមិមួយ ជនបទមួយទេ គឺ រស់នៅក្នុងភូមិមួយ ពិភពលោកមួយ។ ដូច្នេះ លោកសូមលើកឡើងនូវបទបង្ហាញចំនួន៣ គឺ ទី១-បដិវត្តន៍ពណ៌នៅលើពិភពលោក ទី២-ទិដ្ឋភាពនៅកម្ពុជា និងទី៣-សន្និដ្ឋាន។
លោកសុខ ទូច បានមានប្រសាសន៍ថា “បដិវត្តន៍ពណ៌ អ្នកដែលចំណេញ គឺមហាអំណាច អ្នកដែលខ្លាច គឺប្រជាជនស្លូតត្រង់ ស្ត្រីព្រាត់ប្រាសកូន ព្រាត់ប្រាសប្តី ក្លាយទៅជាជនអន្តោប្រវេសន៍ ហើយបទពិសោធន៍នេះ មិនមែន នៅយូហ្គោស្លាវីទេ កម្ពុជាបានឆ្លងរួចមកហើយ កម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មទាំងអស់ នេះ ដែលអ្នកណាក៏អាចដឹង តែអភ័ព្វយុវជន ដែលមិនចូលចិត្តអានចូលចិត្តតែស្តាប់ ចូលចិត្ត តែពុលទៅលើបញ្ហានិយាយតៗគ្នា។ នេះជា រឿងការពិតនៅក្នុងសង្គមកម្ពុជា រួចហើយ នៅក្នុងទសវត្សទី៦០ រហូតដល់ឆ្នាំ១៩៧០ ដែលមានបដិវត្តន៍មួយ គេហៅថា បដិវត្តន៍រដ្ឋ ធម្មនុញ្ញ បោះឆ្នោតទម្លាក់អតីតព្រះមហាក្សត្រ គឺនរោត្តម សីហនុ។ អ៊ីចឹងយើងមើលទាំងអស់ គ្នា អ៊ីចឹងបើសិនជាយូហ្គោស្លាវី វាកើតចេញពី ប្រជាជនយូហ្គោស្លាវី កើតចេញពីប្រជាជនកូសូវ័រ តើហេតុអីបានអាមេរិកាំង ទៅទម្លាក់គ្រាប់បែក នៅទីនោះ?… អ៊ីចឹងយើងឃើញទាំងអស់គ្នា ទិដ្ឋភាពកើតចេញមក មិនខុសពី២០១៣ ទេ ប្រជាជនយកឡានមកបិទ ដូចនៅកន្លែងស្ទឹងមានជ័យ ដូចជារឿងមានកើតឡើងនៅផ្លូវ ល្ងាចឡើង មនុស្សចេញមកស្រែក ហ៊ុន សែន អើយចុះចេញទៅអី ដូចគ្នាបេះបិទ។ អ៊ីចឹង មេរៀនទាំងអស់នេះ រដ្ឋាភិបាលត្រូវទប់មុន ពីព្រោះវាជាគ្រោះថ្នាក់។ រឿងកម្ពុជា ខុសអំពី ប្រទេសដទៃ កម្ពុជា អំណាចមិនមែនកើតឡើង ដោយបដិវត្តន៍ទេ ហើយក៏មិនមែនកើតឡើង ដោយសារកម្លាំងដែរ គឺកើតចេញមកអំពីការ បោះឆ្នោតរបស់ប្រជាជន។ អ៊ីចឹងរដ្ឋាភិបាល កងកម្លាំងត្រូវតែមានតួនាទីសម្រាប់ការពារ រដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាល តាមរយៈមតិភាគច្រើននៃការបោះឆ្នោត។ អ៊ីចឹងហើយបានជាគេ ទុកស្ថានការណ៍បែបហ្នឹង…”៕
កុលបុត្រ