នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះ ត្រូវនឹងបិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅផ្សារ «Jet’s Container» ជិតកោះពេជ្រ នឹងមានរៀបចំព្រឹត្តិការណ៍មួយ មានឈ្មោះថា «ភ្ជុំមហាគ្រួសារខ្មែរ» ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ការជួបជុំកម្សាន្តសប្បាយ មុនពេលដែលបងប្អូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតរៀងៗខ្លួន។ អ្វីដែលប្លែកនិងមិនធ្លាប់មាននៅកម្ពុជានោះកម្មវិធីនេះតម្រូវឲ្យតារាល្បីៗដែលចូលរួមត្រូវ តុបតែងខ្លួនដូចប្រេត ខណៈកម្មវិធីនេះ មានលក្ខណៈស្រដៀងទៅ នឹងបុណ្យ Halloween របស់បរទេស ខណៈដែលភ្ញៀវដែលចូលរួមក៏ត្រូវតុបតែងមុខមាត់ដូចប្រេត ខ្មោច ព្រាយ ជាដើម។
អគ្គនាយកក្រុមហ៊ុន «Jet’s Container» លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ដែលរៀបចំឡើង នៅថ្ងៃទី១៦ខាងមុខនេះ គឺធ្វើឡើងក្នុងគោលបំណង ឲ្យបងប្អូនសប្បាយរីករាយ មុននឹងទៅលេងស្រុកកំណើត។ ក្នុងកម្មវិធីមានតារាចម្រៀង Original song ព្រមទាំងតារាសម្ដែងល្បីៗ ចូលរួមប្រមាណចន្លោះពី៥០ទៅ១០០ នាក់ដែលសុទ្ធសឹងជាអ្នកស្ម័គ្រចិត្តជួយ ដោយមិនយកកម្រៃឡើយខណៈដែលកម្មវិធីនេះក៏គ្មានខ្ទង់ចំណាយ ឬចំណេញអ្វីទាំងអស់ ។
លោកឧកញ៉ា បញ្ជាក់ថាកម្មវិធីនេះប្លែកនិងមិនធ្លាប់មាននៅកម្ពុជាពោលគឺទាំងតារាល្បីៗនិងអ្នកដែលចូលរួមត្រូវតែងខ្លួនដូចប្រេត គឺនឹងធ្វើឲ្យកម្មវីធីនេះកាន់តែមានភាពទាក់ទាញ បង្កើតបរិយាកាសកាន់តែសប្បាយរីករាយ។ដូច្នេះលោកឧកញ៉ា រំពឹងថា កម្មវិធីនេះ នឹងមានភ្ញៀវចូលចូលរួម ចន្លោះពី៥០០០នាក់ ទៅ១០០០០នាក់ ហើយកម្មវិធីនេះ ក៏នឹងទាក់ទាញភ្ញៀវបរទេសឲ្យកាន់តែស្គាល់ ជំនឿនៃបុណ្យភ្ជុំបិណ្ឌ របស់ខ្មែរ។លោកឧកញ៉ា បន្ថែមថា លោកឧកញ៉ា ក៏បានលើកទឹកចិត្ត ដល់អាជីវករនៅក្នុងផ្សារ «Jet’s Container» ឲ្យផ្ដល់ជូននូវ ការបញ្ចុះតម្លៃពិសេសណាមួយ ដល់អតិថិជន ដែលបានមកចូលរួម នៅក្នុងកម្មវិធីនេះផងដែរ។
ចំណែកឯលោក ប៉ានី វិរៈរិទ្ធ ប្រធានផ្នែកផលិតកម្មវិធីប្រចាំក្រុមហ៊ុន Clip Media បានលើកឡើងថា ដោយសារតែអំឡុងពេលនេះ ជារដូវកាលភ្ជុំបិណ្ឌ ទើបរូបលោក និងក្រុមហ៊ុន២ ផ្សេងទៀតចាប់ដៃគ្នាបង្កើតកម្មវិធី «ភ្ជុំមហាគ្រួសារខ្មែរ» នេះឡើងក្នុងគោលបំណង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានលេងកម្សាន្ត មុនពេលត្រឡប់ទៅជួបជុំគ្រួសារ នៅស្រុកកំណើត។ តែទោះបីជាភ្ញៀវ ដែលមិនបានតុបតែងមុខមាត់ដូចប្រេត បើសិនជាពួកគាត់ចង់ចូលរួម ពួកគាត់អាចចូលរួមបានដូចគ្នា ព្រោះកម្មវិធីនេះយើងអត់លក់សំបុត្រនោះទេ និងផ្ដល់ជូនឲ្យបងប្អូនទស្សនា បានដោយសេរីខណៈដែលកម្មវិធីនេះ នឹងចាប់ផ្ដើមពីវេលាម៉ោង៦ ដល់ម៉ោង២រំលងអាធ្រាត្រនៅផ្សារ Jet’s Containerជិតកោះពេជ្រ៕