Wednesday, November 27, 2024
Homeតារាខ្មែរប៊ីរីយ៉ា ពិចារណាថតឈុតស្រើបស្រាល បើក្រុមផលិតករ...

ប៊ីរីយ៉ា ពិចារណាថតឈុតស្រើបស្រាល បើក្រុមផលិតករ…

ក្រោយរៀបការ និងទទួលបានចំណងដៃកូនស្រីម្នាក់ អ្នកនាងតាំង គីមចាំ ហៅប៊ីរីយ៉ា បានហក់មកប្រឡូកពេញទំហឹង ថែមទាំងមិនខ្លាចប្តីប្រចណ្ឌទៀតផង ខណៈដែលថ្មីៗនេះ អ្នកនាងបានបង្ហើបឱ្យដឹងថា នឹងពិចារណាថតឈុតស្រើបស្រាល បើក្រុមផលិតករតម្រូវ…។

ខុសប្លែកពីតារាស្រីមួយចំនួន ដែលក្រោយពេលរៀបការ ប្តីមិនបើកទូលាយឱ្យលេងសិល្បៈពេញទំហឹងទេ ព្រោះខ្លាចត្រូវតួប្រុសឱបថើបស្រើបស្រាល ជាពិសេសនោះ ខ្លាចបុរសៗទ្រព្យស្តុកឆក់ប្រពន្ធទៅបាត់។ ដោយឡែក តារាកូនមួយដែលរូបសម្រស់នៅតែទាក់ទាញមានមន្តស្នេហ៍ អ្នកនាងប៊ីរីយ៉ា ត្រូវបានប្តីបើកឱកាសឱ្យលេងសិល្បៈពេញទំហឹង ថែមទាំងបណ្តោយឱ្យអ្នកនាងថតឈុតស្នេហាស្រើបស្រាលទៀតផង។

ប៊ីរីយ៉ា បានថ្លែងឱ្យដឹងថ្មីៗនេះថា ស្វាមីអ្នកនាងមិនប្រចណ្ឌហួងហែងរឿងលេងសិល្បៈទេ បើទោះបីត្រូវសម្តែងឈុតស្នេហាក្តី។

អ្នកនាងប៊ីរីយ៉ា បញ្ជាក់ថា “គាត់ (ស្វាមី) បានយល់ច្បាស់ពីវិស័យសិល្បៗហើយ ការលេងសិល្បៈតែងគេចមិនផុតពីការសម្តែងឈុតឆាកស្នេហានោះទេ ដូច្នេះគាត់មិនប្រចណ្ឌខ្ញុំនោះទេ ព្រោះគាត់យល់ថា គ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ”។

ប៊ីរីយ៉ា អះអាងថា នាងហ៊ានទទួលសម្តែងឈុតស្នេហាស្រើបស្រាល ប្រសិនបើក្រុមផលិតករតម្រូវ។ ប៉ុន្តែកុំឱ្យតែជ្រុសហួសហេតុពេក។

ប៊ីរីយ៉ា បន្តថា “សំខាន់ឱ្យតែឈុតសម្តែងនោះខ្មែរ ទទួលយកបាន ហើយក្រសួងពាក់ព័ន្ធអាចឱ្យដាក់បញ្ចាំងជាសាធារណៈបាន ខ្ញុំអាចសម្តែងបាន គឺគ្មានអ្វីត្រូវខ្លាចទេ ហើយស្វាមីខ្ញុំក៏មិនប្រចណ្ឌខ្ញុំដែរ”។

តារាកូនកាត់បីសាសន៍ (ខ្មែរ ចិន ឥណ្ឌា) តាំង គីមចាំ ឬប៊ីរីយ៉ា ពិតជាចិត្តធម្មតាមែន ដែលហ៊ានសម្តែងឈុតស្រើបស្រើល ដោយមិនខ្លាចប្តីប្រចណ្ឌ ខណៈដែលប្រជាប្រិយភាពរបស់នាងនៅតែលេចធ្លោក្រោយពេលមានប្តីនិងកូនស្រីម្នាក់។

កន្លងមកមានគូស្នេហ៍តារាសិល្បៈជាច្រើនដែលរៀបការហើយមិនព្រមដកថយពីសិល្បៈ បានជួបបញ្ហាប្រេះឆាជាបន្តបន្ទាប់ ដោយសារតែការប្រចណ្ឌ ហួងហែង ហើយតារាស្រីខ្លះក៏ត្រូវប្រុសអ្នកមានខ្លះឆក់ទៅបាត់ដែរ។

ប៊ីរីយ៉ា អះអាងថា នាងមិនខ្លាចជួបបញ្ហានេះទេ ព្រោះអ្នកនាងនិងស្វាមី លោកតាំង ហាយឡេង បានស្រលាញ់គ្នាស្មោះស្មគ្រ័ និងជឿជាក់លើគ្នាទៅវិញទៅមក។ ម៉្យាងស្វាមីអ្នកនាងបានយល់ច្បាស់ពីវិស័យសិល្បៈ មិនត្រឹមតែប៉ុណ្ណោះ ប៊ីរីយ៉ា ប្រកាសថា អំណាចទឹកប្រាក់មិនអាចបំបែកស្នេហ៍រវាងអ្នកនាង នឹងស្វាមីបានឡើយ។

មុនពេលចូលរោងការ ប៊ីរីយ៉ា ត្រូវបានដឹងថា ជាតារាមានមន្តស្នេហ៍ទាក់ទាញមួយរូប ដែលល្បីមានបុរសចម្រុះឋានៈជាច្រើនតាមស្នេហ៍ មានទាំងឧកញ៉ា មន្ត្រីធំ និងអ្នកជំនួញជាដើម ហើយកន្លងមកក៏សាយភាយដំណឹងថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយលោកឈុន ហាំងជ័រ ផងដែរ។ ប៉ុន្តែទីបំផុត ប៊ីរីយ៉ា បានសម្រេចចិត្តជ្រើសស្នេហ៍លោកតាំង ហាយឡេង ដែលជាបុគ្គលិកបម្រើការនៅធនាគារមួយ ហើយរហូតមកទល់ពេលនេះ ប៊ីរីយ៉ា ទទួលបានចំណងដៃកូនស្រីម្នាក់គួរឱ្យស្រលាញ់។

ប៊ីរីយ៉ា អះអាងថា ចំណងអាពាហ៍ពិពាហ៍របស់នាងនៅតែរឹងមាំ ដោយគ្មានការប្រែប្រួលនោះទេ ហើយនាងនឹងរក្សាស្នេហាមួយនេះជាអមតៈ ខណៈស្វាមីនាងបានយល់ពីជម្រៅចិត្តនាងច្បាស់ និងបើកឱកាសឱ្យអ្នកនាងលេងសិល្បៈពេញទំហឹងតាមចិត្តចង់ ថែមទាំងបើកទូលាយឱ្យអ្នកនាងថតឈុតស្រើបស្រើលទៀតផង។

អ្នកនាងប៊ីរីយ៉ា បញ្ជាក់បន្ថែមថា បើទោះបីអ្នកនាងមានប្តីមានកូន ក៏នាងនៅតែអាចរក្សាបានលំនឹងគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះ ឆក់បានតំណែងតួឯកជាបន្តបន្ទាប់ ដែលក្រោយពេលទទួលបានការគាំទ្រតាមរយៈតួឯករឿង “ស្នេហ៍ស្វ័យគុណ៤” អ្នកនាងកំពុងត្រៀមបង្ហាញស្នាដៃថ្មីមួយទៀតរឿង “ក្រមុំបេះដូងដែក” ដែលនាងរំពឹងថា នឹងទាញបានការគាំទ្រមួយកម្រិតថែមទៀតពេលដាក់បញ្ចាំង។

ប៊ីរីយ៉ា បញ្ជាក់ថា អ្នកនាងមិនទាន់មានគម្រោងយកកូនទី២ទេ គឺកំពុងទុកពេលពង្រឹងការគាំទ្រលើវិថីសិល្បៈបន្ថែមទៀតសិន ជាពិសេសក៏ចង់បន្សល់ស្នាដៃតាមរយៈការសម្តែងឈុតស្នេហាស្រើបស្រាលផងដែរ៕

RELATED ARTICLES