ភ្នំពេញ ៖ កូនស្រីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ត្រពាំងផ្លុង ពីបទក្បត់ជាតិ កញ្ញាកឹម មនោវិទ្យា បានបញ្ចោញសាររិះគន់តំណាងរាស្ត្រគណបក្សប្រឆាំង ថា ក្នុងស្ថានភាពដែលឪពុករបស់នាង ជាប់ឃុំ មានតែប្រមាណ១០នាក់ប៉ុណ្ណោះ ដែល ហ៊ានចេញមុខការពារ ចំណែកជាង៤០រូបទៀត បាត់មុខស្ងាត់មាត់ដូចគេចុក។
កញ្ញាកឹម មនោវិទ្យា បានសរសេរនៅក្នុងបណ្តាញធ្វីតធើរ (Twitter) របស់នាងថា “មានតំណាងរាស្ត្រ CNRP តិចជាង១០នាក់ប៉ុណ្ណោះ ដែលក្លាហានចេញមុខ។ ក្រៅពីនោះបាត់មុខអស់រលីង។ តើធ្វើការងាររបៀបម៉េចនេះ?”។
ការបញ្ចេញសាររិះគន់របស់កូនស្រីលោកកឹម សុខា ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប៉ុន្មានរូប រួមមានលោកស្រីមួរ សុខហួរ លក សុន ឆ័យ លោកសួន រីដា និងលោកគី វណ្ណដារ៉ា បានដាក់លិខិតស្នើសុំទៅតុលាការសុំចូលជួបសួរ សុខទុក្ខលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារត្រពាំងផ្លុង (មណ្ឌលអប់រំកែប្រែទី៣) ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយទោះបីមិនមានការអនុញ្ញាតឱ្យចូលជួប ក៏ក្រុមអ្នកតំណាងរាស្ត្រទាំងនោះ បាននាំគ្នាទៅកាន់ពន្ធនាគារត្រពាំងផ្លុង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ថ្លែងសារនៅមុខពន្ធនាគារ ទាមទារឱ្យដោះលែង លោកកឹម សុខា ដោយឥតលក្ខខណ្ឌ ព្រមទាំងព្រមានថា នឹងចុះទៅតស៊ូ មតិទាមទារឱ្យដោះលែងលោកកឹម សុខា នៅមុខពន្ធនាគារនោះ រាល់សប្តាហ៍ទៀតផង។
មុននេះដែរ តាមរយៈបទសម្តាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្រៅប្រទេស កញ្ញាកឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹម សុខា និងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងថា បទឧក្រិដ្ឋតែមួយគត់របស់ឪពុកនាង គឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងចង់ឱ្យមាននីតិរដ្ឋស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ។ ដូច្នេះនាងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចៀសវាងអស្ថិរភាពនយោបាយ។
ចំណែកកញ្ញាកឹម សម្មាធីតា កូនស្រីទី២ របស់លោកកឹម សុខា ក៏បានបដិសេធថា នាងមិនមែនជាគិញសម្ងាត់របស់អាមេរិក ដូចគេ ទម្លាយព័ត៌មានចោទប្រកាន់នាង និងបងស្រីនាងនោះទេ ព្រោះបើសិនជាមានការសម្ងាត់ ឬនាងជាគិញសម្ងាត់មែន នាងមិនមែនទៅថតរូបផុសដាក់ក្នុងហ្វេសប៊ុកឱ្យអ្នកដទៃមើលនោះទេ តែរូបនោះគ្រាន់តែនាងទៅញ៉ាំបាយជាមួយ មិត្តភក្តិជនជាតិអាមេរិក ដែលធ្លាប់ស្គាល់គ្នាតាំង ពីជំនាន់រៀនមកហើយ មិត្តរបស់នាងគ្រាន់តែជាអ្នកកាសែតប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ ក្រោយពេលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានព្រមានថា បើគណបក្សប្រឆាំង ហ៊ានចេញមុខការពារ លោកកឹម សុខា ដែលមានទោសក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” មានន័យថា គណបក្សនេះ ក៏ក្បត់ជាតិ ដែលត្រូវប្រឈមនឹងការរំលាយដែរ។
ត្រង់ចំណុចនេះហើយ ដែលមជ្ឈដ្ឋានតាមដានសង្គម និងនយោបាយ កត់សម្គាល់ថា ប្រហែល ខ្លាចការព្រមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នោះហើយ ទើបធ្វើឱ្យតំណាងរាស្ត្រគណបក្សប្រឆាំង ស្ងប់ស្ងាត់ លាក់មុខ មិនបញ្ចោញសកម្មភាពការពារលោកកឹម សុខា និងបានក្លាយជា ក្តីកង្វល់របស់កូនស្រីលោកកឹម សុខា ព្រោះនៅ ក្នុងកូតាគណបក្សសិទ្ធិមនុស្ស ក្រៅពីមានមន្ត្រី ជាន់ខ្ពស់ប៉ុន្មាននាក់ រួមមានលោកអ៊ូ ច័ន្ទឫទ្ធិ ជាដើម កូនស្រីលោកកឹម សុខា ដូចជាមិនរំពឹង ទៅលើបុគ្គលណាទៀតទេ គឺភាគច្រើនជាកូតា គណបក្សសម រង្ស៊ី ហើយបើសិនករណីគណបក្សសង្គ្រោះជាតិ រលាយ មន្ត្រីទាំងនោះនឹងវិល ទៅរកគណបក្សសម រង្ស៊ី ដែលជាគណបក្ស ដើម ដែលនឹងត្រូវប្រកួតប្រជែងនយោបាយ ជាមួយគណបក្សសិទ្ធិមនុស្ស ទៅវិញ ដោយនឹង មិនរួបរួមចូលគ្នាដូចពេលនេះទៀតផង។
ទោះបីយ៉ាងណា សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បាន បញ្ជាក់ថា មកទល់ពេលនេះ ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ នៅរឹងមាំល្អ ហើយក៏គ្មាន តំណាងរាស្ត្រ ឬថ្នាក់ដឹកនាំណាម្នាក់ បង្ហាញជំហរថា ភ័យខ្លាច បោះបង់ចោលលោកកឹម សុខា ដែរ គ្រាន់តែអ្វីដែលជាការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវធ្វើតាមដំណាក់កាល និងដោយប្រុងប្រយ័ត្នបំផុត។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ចំពោះអ្វីដែលគាត់ (កឹម មនោវិទ្យា) និយាយ ហ្នឹង គឺជាការយល់ឃើញរបស់គាត់ ប៉ុន្តែតំណាងរាស្ត្រយើង ពេលដែលមានកិច្ចការអីបន្ទាន់ហ្នឹង គឺគាត់អត់នៅ ដោយសារគាត់អត់បានព័ត៌មាន មុន។ ដូច្នេះការប្រមែប្រមូលគ្នា វាមានការយឺតយ៉ាវ សរុបទៅ ព័ត៌មានវាលឿនពេក ដូចថាប្រាប់ ពីថ្ងៃហ្នឹង ទៅស្អែក។ ខ្ញុំគិតថា វាអត់មានអីទេ នេះជាទស្សនៈរបស់គាត់ ការយល់ឃើញរបស់គាត់ទេ ប៉ុន្តែខ្ញុំគ្រាន់តែជម្រាបអ៊ីចេះ នៅក្នុងគណៈអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ ហ្នឹង ទោះបីអត់មានឯកឧត្តមប្រធានកឹម សុខា ក៏យើងឃើញថា មានការមូលមាត់គ្នាក្នុងការ ធ្វើអ្វីមួយដែលស្របទៅតាមច្បាប់ ដែលបាន កំណត់នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ គោលការណ៍សិទ្ធិមនុស្ស អត់មានថា ម្នាក់ទៅ ឆ្វេង ម្នាក់ទៅស្តាំទេ ប៉ុន្តែគ្រប់យ៉ាងទាំងអស់ ដែលយើងធ្វើនេះ គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ពីព្រោះយើងដឹងហើយថា ការផុយស្រួយនៃការ ចោទប្រកាន់ហ្នឹង គឺយើងជួបប្រទះ ពេលខ្លះវា អត់ត្រូវ។ អ៊ីចឹងវាអាចទៅជាអ៊ីចឹងបាន ដូច្នេះ មានការផុយស្រួយ ក្នុងការជួបបញ្ហា អ៊ីចឹង យើងមានការប្រុងប្រយ័ត្ន ឯការដែលថា មតិ របស់ក្មួយស្រីដែលគាត់លើកនោះ ការយល់ ឃើញរបស់គាត់ទេ តាមពិត តំណាងរាស្ត្រយើង នៅក្នុងបក្សប្រឆាំង បើអត់ក្លាហាន នៅអត់ កើតទេ។ បានន័យថា យើងឈានមួយជំហានៗ យើងមើលទៅតាមកាលៈទេសៈ យើងមើល ទៅតាមសភាពការណ៍។ ច្បាប់គណបក្ស ត្រង់ មាត្រាមួយនោះចែងថា ប្រធានបក្សមានទោស ហើយបើបក្សមានការពាក់ព័ន្ធជាមួយប្រធាន ហ្នឹងទៀត នឹងត្រូវរំលាយគណបក្សហ្នឹង ប៉ុន្តែ មកដល់ពេលនេះ ឯកឧត្តមកឹម សុខា អត់ទាន់ បានកាត់ទោសទេ សូម្បីសាលាដំបូង សាលា ឧទ្ធរណ៍ តុលាការកំពូល ក៏អត់ទាន់បានកាត់ទោសដែរ។ អ៊ីចឹងឯកឧត្តមប្រធាន អត់ទាន់មានទោស ទេ ហើយបើយើងធ្វើអ៊ីចឹង យើងលែងនិយាយ រកគាត់ អាហ្នឹងវាអត់ត្រូវទេ យើងមើលច្បាប់ យើងធ្វើអី ធ្វើតាមច្បាប់ ហើយបើជាមតិបុគ្គល អាហ្នឹងយើងអត់ដឹងដែរ អាហ្នឹងជារឿងមួយ ទៀត”។
លោកជាម ច័ន្ទនី បានបន្តថា “សំណេរ នេះ ជាការយល់ឃើញបុគ្គលរបស់គាត់ ដូច្នេះ មិនមានអីយកជាការអីទេ គឺថា ការយល់ឃើញ របស់គាត់។ គ្នាពិបាកចិត្តហើយ ឪពុកគ្នាជាប់ អ៊ីចឹង ហើយយើងទាំងអស់គ្នា ក្នុងនាមជា សមាជិក ក្នុងនាមជាកូនជាចៅរបស់ឯកឧត្តម កឹម សុខា នៃគណបក្សសង្គ្រោះជាតិ នេះ គឺថា យើងយល់ពីទឹកចិត្តកូនដែលស្រលាញ់ឪពុក ដល់ ស្រលាញ់ទៅ គ្នាមិនដឹងថាធ្វើម៉េច ដើម្បីបាន ដោះស្រាយឱ្យទាន់ពេលហ្នឹង បានគ្នាប្រតិកម្ម អ៊ីចេះ ប្រតិកម្មអ៊ីចុះហ្នឹង។ ដូច្នេះសរុបរួមទៅ យើងយល់ពីចិត្តគាត់ អត់មានអីជាបញ្ហាទេ គ្រាន់តែជាការគិតរបស់គាត់ទេ។ ខ្ញុំគ្រាន់តែជម្រាប ថា យើងមកទល់ពេលនេះ គឺនៅជុំវិញដំណោះស្រាយមួយ ដែលយើងកំពុងរកដំណោះស្រាយ ហ្នឹងហើយ គ្រាន់តែជម្រាបថា គ្មានពីណាបោះ បង់គាត់ទេ យើងធ្វើអីធ្វើជាជំហានៗ។ យើង ដឹងហើយថា គណបក្សកាន់អំណាច មានអំណាច ធ្វើអីមកលើយើងហ្នឹងជារឿងមួយហើយ ដូច្នេះ ផ្ទៃក្នុងយើង គឺថាអត់មានលះបង់ ឬក៏បោះបង់ អ្វីដែលជាប្រធាននោះទេ ព្រោះយើងនៅប្រកាស ជាប្រធាននៅឡើយទេ។ ដូច្នេះខ្ញុំគិតថា គាត់យល់ពីចិត្តខ្ញុំ និងទាំងអស់គ្នាហើយ”។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៧ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួន រួមមានលោកស្រីមួរ សុខហួរ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកជាម ច័ន្ទនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោក ឡុង ប៊ុត្តា តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោកឡុង រី តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោករៀល ខេមរិន្ទ្រ តំណាងរាស្ត្រ មណ្ឌលខេត្តស្វាយរៀង និងលោកកង គឹមហាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាដើម បានចុះទៅពន្ធនាគារត្រពាំងផ្លុង ទីកន្លែងដែល ឃុំខ្លួនលោកកឹម សុខា តែសមត្ថកិច្ចមិនអនុញ្ញាតឱ្យចូលទៅជួបលោកកឹម សុខា ឡើយ។
ថ្លែងនៅមុខពន្ធនាគារត្រពាំងផ្លុង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នោះ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង លោកស្រីមួរ សុខហួរ បានលើកឡើងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សូមអំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា ដែលជាប្រធានពេលនេះ និងអនាគត របស់គណបក្សសង្គ្រោះជាតិ ដោយឥតលក្ខខណ្ឌ ដើម្បីធានាលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ ពោលគឺ តំណាងរាស្ត្រគណបក្សប្រឆាំង បន្តការងារទៅទៀត តស៊ូមតិទៅទៀត ហើយសុំបញ្ជាក់ម្តង ហើយម្តងទៀតថា លោកកឹម សុខា នៅតែជាប្រធាននៃគណបក្សសង្គ្រោះជាតិ។
លោកស្រីមួរ សុខហួរ បានបញ្ជាក់នៅ ពេលនោះថា បើមិនមានការដោះលែងលោក កឹម សុខា ទេ គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៨ឡើយ។
ដោយឡែក ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាល ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដែលមាន វត្តមានលោកស្រីមួរ សុខហួរ និងតំណាងរាស្ត្រ មួយចំនួនទៀតចូលរួមដែរ លោកសុន ឆ័យ អភិបាលនៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បែរជាប្រកាសច្រានចោលការថ្លែងរបស់លោក ស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលថាបើមិនដោះលែងលោកកឹម សុខា គណបក្សប្រឆាំងនឹងមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៨ នោះ ដោយលោកបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ ព្រោះគណបក្ស សង្គ្រោះជាតិ មានទិសដៅតែមួយទេ គឺឆ្ពោះទៅ រកការបោះឆ្នោតឆ្នាំ២០១៨ ដែលនេះជាបំណង ប្រាថ្នារបស់គណបក្សសង្គ្រោះជាតិ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចថា គណបក្ស នៅតែបន្តការងាររបស់គណបក្សជាធម្មតា។ មានន័យថា គណបក្សសង្គ្រោះជាតិ មានសមាជិក ច្រើន មានអ្នកដឹកនាំច្រើនគ្នា ក៏ប៉ុន្តែគណៈកម្មាធិការអចិន្ត្រៃយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ដូច្នេះការមានមតិជាឯកជន ជាបុគ្គល ដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ មិនមែនជាការសម្រេចរបស់គណៈកម្មាធិការនាយក មិនមែនជាការសម្រេច របស់សមាជនោះ គឺមិនមែនជាសម្តីរបស់គណបក្សសង្គ្រោះជាតិ ទេ។
ទោះជាយ៉ាងណា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត តំណាងដោយលោក ម៉ៅ មុនីវណ្ណ បានធ្វើលិខិតស្នើសុំទៅចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សុំចូលជួបសួរសុខទុក្ខលោកកឹម សុខា នៅពន្ធនាគារ ត្រពាំងផ្លុង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
លិខិតរបស់លោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ជម្រាបជូនលោកគី ប្ញទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្នុងកម្មវត្ថុ ស្នើសុំចូលជួបលោកកឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ម.៣) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក នោះ មានខ្លឹមសារថា “តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូនលោកចៅក្រម មេត្តាជ្រាបថា រូបខ្ញុំ ព្រមទាំងសហការីរួមមាន ឯកឧត្តម ឡាត់ លិតេយ្យ ឯកឧត្តម ទួត ឃឿត ឯកឧត្តម ពិន រតនា ឯកឧត្តម ចាន់ ចេង ឯកឧត្តម ជា ប៉ូច ឯកឧត្តម គឹមសួរ ភិរិទ្ធ លោកជំទាវ ពត ពៅ លោកជំទាវ តែ ច័ន្ទមនី ឯកឧត្តម ជាង ចំរើន ឯកឧត្តម អ៊ុច សេរីយុទ្ធ និងឯកឧត្តម កង គឹមហាក់ មានបំណងចង់ចូលជួបសួរសុខទុក្ខឯកឧត្តម កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំ កែប្រែទី៣ (ម.៣) ត្រពាំងផ្លុង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៩:០០នាទី ព្រឹក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកចៅក្រម មេត្តាអនុញ្ញាឱ្យរូបខ្ញុំ ព្រមទាំង សហការីដូចបានរាយនាមខាងលើ បានចូល ជួបសួរសុខទុក្ខឯកឧត្តម កឹម សុខា ដោយអនុគ្រោះ”៕
កុលបុត្រ