តារាចម្រៀងល្បីរបស់ផលិតកម្មថោន មាស សុខសោភា ពេលនេះកំពុងត្រៀមដឹកដៃប្តីហោះទៅចៀងសម្តែងនៅអាមេរិក រយៈពេល១ខែគត់ ដែលនឹងចេញដំណើរនៅចុងខែកញ្ញា នេះហើយ។
ការចេញទៅរកលុយនៅក្រៅស្រុកនេះ សុខសោភា មិនទារប្រាក់ខែដូចតារាផ្សេងទៀតឡើយ តែនាងបែរជាទារតម្លៃខ្លួនពីខាង Sponsor ដោយច្រៀងម្តងបានប្រាក់ប៉ុន្មាន ចែកគ្នាពាក់កណ្តាល…។
តាមរយៈម្ចាស់ Sponsor មួយឈ្មោះលោក Victor ដែលធ្លាប់នាំតារាចម្រៀងល្បីៗពីកម្ពុជា ទៅច្រៀងនៅបរទេសនោះ បានឱ្យដឹងថា តារាចម្រៀងដែលទារតម្លៃខ្លួនថ្លៃជាងគេ គឺខេមរៈ សិរីមន្ត (១ខែ ស៊ីថ្លៃ៣ម៉ឺនដុល្លារ) ខណៈដែលកាលពីឆ្នាំមុន ម្តាយតារាចម្រៀងស្រីល្បីមាស សុខសោភា បានឱ្យដឹងដែរថា សោភា ស៊ីថ្លៃ១ខែ ៨ពាន់ដុល្លារ។ ប៉ុន្តែ នៅឆ្នាំ២០១៧នេះ អ្នកចម្រៀងដែលមានទីផ្សារខ្លាំងនៅក្រៅប្រទេស ព្រោះតែអាចច្រៀងបទពីដើមៗបានយ៉ាងពីរោះ គឺមាស សុខសោភា នោះ ចេញទៅច្រៀងសម្តែងនៅបរទេស គឺមិនបានយកប្រាក់ខែដូចលើកមុនទៀតឡើយ គឺនាងទាមទារប្រាក់ដែលប្រមូលបានពីការច្រៀងសម្តែង នៅតាមបណ្តារដ្ឋនីមួយៗនោះ ដោយចែកជា២ចំណែក ជាមួយនាងតែម្តង ទើបនាងព្រមចេញទៅ។
ប្រភពបានឱ្យដឹងថា សម្រាប់ការចេញទៅច្រៀងនៅអាមេរិក រយៈពេល១ខែ ដែលត្រូវហោះហើរទៅនៅចុងខែកញ្ញា នេះ សុខសោភា ត្រូវនាំប្តីលោកអ៊ឹត រ៉ាដា ទៅដើរកម្សាន្តដែរ ហើយតារាចម្រៀងរូបនេះ ទៅតាមរយៈម្ចាស់ Sponsor អតីតតារាសម្តែងលោកសុភា ដេវីដ ហើយដោយសារតែមិនយកប្រាក់ខែដូចតារាផ្សេងៗនោះ ទើបសោភា ត្រូវចំណាយដោយលុយខ្លួនឯងទាំងអស់តែម្តងលើការស្នាក់នៅ និងហូបចុក ហើយអ្នកចម្រៀងរូបនេះ មានភាពកក់ក្តៅខ្លាំងណាស់ ព្រោះបានបណ្តូលចិត្តទៅថ្នមបំពេផង និងធ្វើជាអង្គរក្សបេះដូងផងដែរ។
លោកសុភា ដេវីដ មិនមានការឆ្លើយតបឡើយ នៅពេលត្រូវបានទាក់ទងតាមបណ្តាញសង្គម កាលពីពេលថ្មីៗនេះ ទើបមិនអាចសួរនាំបានពីរឿងសោភា ទារចែកលុយពាក់កណ្តាលពេលច្រៀងរយៈពេល១ខែនេះ។
ដោយឡែកតាមរយៈ Sponsor ជាច្រើន ដែលនាំតារាចម្រៀងទៅក្រៅប្រទេសនោះ បានបង្ហើបឱ្យដឹងស្របគ្នាថា នៅពេលដែលមាស សុខសោភា ទៅច្រៀងសម្តែងនៅក្រៅស្រុកនោះ តារាចម្រៀងរូបនេះ តែងតែទទួលបានការគាំទ្រច្រើន គឺទីផ្សារនៅក្រៅស្រុកខ្លាំងជាងឱក សុគន្ធកញ្ញា ព្រោះតែសោភា ច្រៀងបទពីដើមៗបានល្អជាងសុគន្ធកញ្ញា ហេតុនេះហើយការដែលខាង Sponsor នាំសោភា ទៅច្រៀងនៅបរទេស បាន ពួកគេមិនភ័យខ្លាចខាតឡើយ ដោយសារតែមានអ្នកទៅចូលទស្សនាច្រើនពេញសាលដែលនាងច្រៀង៕