តាមដំណឹងសាយភាយពីចង្កោមអ្នកសិល្បៈថា ពិធីការិនី CTN គង់ វង្សយ៉ាទី មានបុរសៗចម្រុះឋានៈជាច្រើនទាំងក្នុងនិងក្រៅប្រទេសតាមថ្ពក់ស្នេហ៍ ប៉ុន្តែ មួយរយៈចុងក្រោយនេះ នាងបានធ្វើឱ្យអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិកម្នាក់ខកចិត្ត ស្តាយស្នេហ៍នាងជាខ្លាំង…។
ប្រភពពីចង្កោមអ្នកសិល្បៈស្និទ្ធជាមួយគង់ វង្សយ៉ាទី និយាយថា សម្រស់របស់យ៉ាទី នៅតែទាក់ទាញមានមន្តស្នេហ៍ គួបផ្សំនឹងកេរ្តិ៍ឈ្មោះកំពុងសាយភាយលេចធ្លោនៅលើវិថីសិល្បៈផងនោះ បានធ្វើឱ្យបុរសៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស ប្រជែងគ្នាចង់នែបនិត្យ។ ទន្ទឹមនឹងនោះ មានអាណិកជនខ្មែរម្នាក់ រស់នៅសហរដ្ឋអាមេរិក បានស្រលាញ់ពេញចិត្តនាងជាខ្លាំង គឺចង់បាននាងជាដៃគូជីវិតតែម្តង។ ប៉ុន្តែគួរឱ្យស្តាយ យ៉ាទី បានច្រានចោលស្នេហ៍អាណិកជនខ្មែរ រស់នៅអាមេរិក រូបនោះ ធ្វើឱ្យខកចិត្ត ស្តាយស្នេហ៍ជាខ្លាំង។
អ្នកសិល្បៈខាងលើបន្ថែមថា បុរសនៅឯនាយសមុទ្ររូបនោះ ចង់ចូលស្តីដណ្តឹងនាងតាមគន្លងប្រពៃណី និងចង់រៀបការ នាំនាងទៅរស់នៅសហរដ្ឋអាមេរិក ដូចសារ៉ាយ សក្ខណា ដែរ ប៉ុន្តែត្រូវបានយ៉ាទី បដិសេធ។ ប្រភពបន្ថែមថា យ៉ាទី ច្រានចោលសំណើស្នេហ៍ ក៏ព្រោះតែនាងមិនចង់ចងសម្ព័ន្ធស្នេហ៍ឆ្លងដែន ហើយត្រូវចេញទៅរស់នៅតាមប្តីនៅឯនាយសមុទ្រ ពោលគឺបើទោះបីបុរសនោះសម្បូរទ្រព្យហូរហៀរយ៉ាងណា ក៏នាងមិនចោលគ្រួសារទៅតាមប្តីដែរ។
ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ យ៉ាទី បានសារភាពថា ពិតជាមានបុរសៗជាច្រើនទាំងក្នុង និងក្រៅប្រទេសតាមស្នេហ៍នាងមែន មានទាំងអ្នកចង់ចូលស្តីដណ្តឹងនាងទៀតផង។ ប៉ុន្តែ នាងមិនទាន់បើកបេះដូងទទួលក្តីស្នេហ៍ពិតប្រាកដជាមួយបុរសណាម្នាក់ទេ។
យ៉ាទី បញ្ជាក់ថា អាណិកជនខ្មែរនៅឯនាយសមុទ្រមួយចំនួន ពិតជាចង់បាននាងជាគូគាប់មែន ប៉ុន្តែនាងមិនទទួល ក៏ព្រោះតែបុរសទាំងនោះ ភាគច្រើនចង់សណ្តោងនាងឱ្យទៅរស់នៅក្រៅប្រទេស។
យ៉ាទី និយាយថា “អារម្មណ៍ខ្ញុំពេលនេះ គឺអត់ចង់ចេញទៅរស់នៅក្រៅប្រទេសទេ ពីព្រោះខ្ញុំមានប៉ា មានម៉ាក់ និងក្រុមគ្រួសាររស់នៅទីនេះ ខ្ញុំមិនអាចចេញទៅរស់នៅឆ្ងាយពីពួកគាត់បានទេ។ ប៉ុន្តែពុំបានន័យថា ខ្ញុំស្អប់អ្នកក្រៅប្រទេសទេ គឺគ្រាន់តែមិនចង់រស់នៅបែកប៉ាម៉ាក់តែប៉ុណ្ណោះ។ ប៉ុន្តែបើឱ្យខ្ញុំទៅសម្តែងនៅក្រៅប្រទេស ខ្ញុំអាចទៅសម្តែងបាន តែបើឱ្យទៅរស់នៅ គឺមិនអាចទេ។ ត្បិតអីខ្ញុំចង់រស់នៅក្នុងប្រទេសច្រើនជាង”។
យ៉ាទី មិនដឹងថា បុរសអាមេរិករូបនោះ ខកចិត្ត ស្តាយស្នេហ៍នាងកម្រិតណានោះទេ គឺនាងគ្រាន់តែមិនអាចទទួលក្តីស្នេហ៍ ដែលតម្រូវឱ្យនាងចាកចោលប្រទេសរបស់ខ្លួន ទៅរស់នៅទឹកដីមហាអំណាចនោះបានទេ។
តារាសម្បូរប្រុសចោមស្នេហ៍រូបនេះ អះអាងថា បច្ចុប្បន្ននេះ នាងពិតជាគ្មានអារម្មណ៍ចង់កសាងជីវិតគ្រួសារមួយ ហើយចេញទៅរស់នៅឯបរទេសនោះទេ ប៉ុន្តែសម្រាប់ថ្ងៃអនាគត នាងមិនទាន់អាចកំណត់បាននៅឡើយ ខណៈដែលពេលនេះនាងមិនទាន់ចង់គិតគូរពីរឿងបង្កើតគ្រួសារ។
កន្លងមកធ្លាប់ល្បីថា មានបុរសចម្រុះឋានៈជាច្រើនតាមចោមស្នេហ៍យ៉ាទី រួមទាំង ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏សាយភាយដំណឹងថា លោកឧកញ៉ារូបនោះ បានជួយជ្រោមជ្រែងឱ្យនាងហ៊ឺហាទៀតផង។ យ៉ាងណា យ៉ាទី អះអាងថា ពិតជាមានបុរសជាច្រើន រួមទាំងឧកញ៉ាផងតាមថ្ពក់ស្នេហ៍នាងមែន ប៉ុន្តែ បេះដូងនាងមិនទាន់បើកភ្លើងខៀវទទួលក្តីស្រលាញ់ពីបុរសណាទេ ហើយក៏គ្មានឧកញ៉ាណាជួយជ្រោមជ្រែងនាងដែរ ដោយនាងចាត់ទុកថា គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។
យ៉ាទី បន្តថាអាជីពសិល្បៈរបស់នាងកំពុងតែបោះជំហានទៅមុខទាំងអាជីពពិធីការិនី និងសម្តែងភាពយន្ត ខណៈដែលអំឡុងពេលនេះ នាងថតជាតួឯក២រឿងព្រមគ្នា ដូចជារឿង “លេខាថ្មី” និងរឿង “ជើងខ្លាំង” ខណៈដែលទើបបង្ហាញស្នាដៃក្នុងរឿង “ម៉ែក្មេករើសកូនប្រសា” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨។ ដោយឡែកសម្រាប់អាជីពពិធីការិនី ក្រៅពីកាន់កម្មវិធីនៅ CTN នាងមានឱកាសចេញកាន់កម្មវិធីជាច្រើនទៀត តាមបណ្តាខេត្តនានា ដែលអាចរកប្រភពចំណូលយ៉ាងច្រើនក្រាស់ក្រែល។ ហេតុដូច្នេះហើយទើបនាងមិនទាន់ចង់ចោលសិល្បៈ ទៅបង្កើតគ្រួសារនៅពេលនេះ គឺយ៉ាងតិច៣ឆ្នាំទៀត ទើបនាងអាចគិតគូររឿងគូស្រករ៕