Monday, November 25, 2024
Homeនយោបាយនាំខ្លួនលោកកឹម សុខា មកតុលាការថ្ងៃ២៦ កញ្ញា អគ្គនាយកពន្ធនាគារ បារម្ភបញ្ហាសន្តិសុខសុវត្ថិភាព

នាំខ្លួនលោកកឹម សុខា មកតុលាការថ្ងៃ២៦ កញ្ញា អគ្គនាយកពន្ធនាគារ បារម្ភបញ្ហាសន្តិសុខសុវត្ថិភាព

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានសម្តែងក្តីបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាព នៅពេលដែលនាំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពី ពន្ធនាគារខេត្តត្បូងឃ្មុំ ដើម្បីចូលរួមសវនាការ នៅសាលាឧទ្ធរណ៍ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៧ ការបារម្ភបែបនេះ របស់អគ្គនាយកដ្ឋានពន្ធនាគារ គឺបន្ទាប់ពីមានបញ្ហាពីអគ្គព្រះ រាជអាជ្ញាសាលាឧទ្ធរណ៍ឱ្យចាត់នាំខ្លួនលោក កឹម សុខា ដែលកំពុងត្រូវឃុំខ្លួននៅមណ្ឌល អប់រំកែប្រែទី៣ (ម.៣) ឬពន្ធនាគារត្រពាំងផ្លុង មកសាលាឧទ្ធរណ៍នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីបើកសវនាការដេញដោល លើបណ្តឹងរបស់ក្រុមមេធាវីលោកកឹម សុខា ដែលប្តឹងប្រឆាំងការសម្រេចឃុំខ្លួនលោកកឹម សុខា ពីសំណាក់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ គោរពជូនអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោកឧត្តមអគ្គានុរក្សទី១ ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធនាគារ ស្តីពីសំណើសុំចាត់ឱ្យនាំជនត្រូវចោទ មកធ្វើការពិភាក្សាដេញដោលនៅសាលាឧទ្ធរណ៍ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយយោងលិខិតលេខ១៤៥៧ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ របស់សាលាឧទ្ធរណ៍មហាអយ្យការ បានបញ្ជាក់ថា “សេចក្តីដូចមានចែង ក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមអគ្គព្រះរាជ្ញាសាលាឧទ្ធរណ៍ មេត្តាជ្រាបថា ក្នុងការចាត់ចែងនាំជនត្រូវចោទឈ្មោះកឹម សុខា មកសាលាឧទ្ធរណ៍ ដើម្បីបើកការពិភាក្សា ដេញដោលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធនាគារមានការបារម្ភចំពោះ បញ្ហាសន្តិសុខ សុវត្ថិភាព ដែលអាចកើតឡើង ជាយថាហេតុ នៅពេលដឹកជញ្ជូន ក៏ដូចជានៅ ពេលមានវត្តមាននៅសាលាឧទ្ធរណ៍។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ មេត្តាពិចារណាចំពោះចំណាត់ការនេះតាមការ គួរ”។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានទេ កាលពីម្សិលមិញ។ រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ ព្រមទាំងតំណាងរាស្ត្រមួយចំនួននៃគណបក្សប្រឆាំងនេះ ក៏មិនអាចទាក់ទងសុំមតិយោបល់ ជុំវិញបញ្ហានេះបានដូចគ្នានៅថ្ងៃដដែលនោះ។

ប៉ុន្តែនាយកខុទ្ទកាល័យ និងជាជំនួយការផ្ទាល់លោកកឹម សុខា ព្រមទាំងជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ លោកមុត ចន្ថា បានបញ្ជាក់តាមគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ថា ការបារម្ភរបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ចំពោះសុវត្ថិភាពលោកកឹម សុខា ក្នុងការត្រៀមនាំមកសវនាការសាលាឧទ្ធរណ៍នោះ មិនសមរម្យទេ ព្រោះលោកកឹម សុខា ពុំដែលខ្វល់ពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួនរបស់លោកឡើយ។

លោកមុត ចន្ថា បានសរសេរថា “ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តែងតែចុះមូលដ្ឋាន និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋខ្មែរ ស្ទើរតែ៣០ថ្ងៃ ក្នុងមួយខែ។ លោកពុំដែល ខ្វល់ពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួនរបស់លោកឡើយ ព្រោះលោកមានប្រជាពលរដ្ឋខ្មែរតាមជួយការពាររូបលោក។ លោកមិនបាន ស្នើសុំកម្លាំងការពារពីជាតិដែលជាការចំណាយ ថវិកាជាតិខ្ជះខ្ជាយនោះទេ។

ក្រុមមេធាវីការពារក្តីរបស់លោក បានដាក់ពាក្យស្នើឱ្យបញ្ជូនរូបលោកមកចូលរួមសវនាការ នៅថ្ងៃទី២៦ ខែកញ្ញា នៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែអគ្គនាយកពន្ធនាគារ បានផ្ញើលិខិតទៅចៅក្រមនៃសាលាឧទ្ធរណ៍ ដោយស្នើឱ្យពិចារណាលើការបញ្ជូន រូបលោកមកកាន់តុលាការ ដោយយកហេតុផលពីការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខ។

នេះជាហេតុផលមិនសមរម្យឡើយ ព្រោះឯកឧត្តមកឹម សុខា ពុំដែលព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនលោកឡើយ ចាប់តាំងពីលោកចូលប្រឡូកក្នុងជីវភាពនយោបាយជាងម្ភៃឆ្នាំ មកនេះ ជាពិសេស ក្នុងតួនាទីជាអ្នកនយោបាយ ជំទាស់ ដែលត្រូវប្រឈមនឹងការគំរាម។

តាមនីតិវិធីច្បាប់ ជនត្រូវចោទ ត្រូវតែមានវត្តមានក្នុងសវនាការដោយចំពោះមុខ និងត្រូវមានមេធាវីការពារ តាមជម្រើសរបស់ខ្លួន។

បើសិនអាជ្ញាធរយកហេតុសុវត្ថិភាពជាចម្បង មិនបញ្ជូនរូបលោកមក នោះអាចបញ្ជាក់ថា អាជ្ញាធរហាក់ពុំមានសមត្ថភាពការពារសុវត្ថិភាពរបស់ឯកឧត្តមកឹម សុខា មេដឹកនាំប្រឆាំងតែម្នាក់ មិនបាន ដូច្នេះតើអាជ្ញាធរការពារសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋជាង១៥ លាននាក់ដោយរបៀបណា?”។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅ ក្នុងអង្គហេតុនៃបទល្មើសជាក់ស្តែងពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” បន្ទាប់ពីត្រូវបានទម្លាយនូវផែនការសម្ងាត់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ក្រោយការឃាត់ខ្លួន និងឃុំខ្លួនលោកកឹម សុខា នោះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើលិខិតគោរព សម្តេចហេង សំរិន ប្រធានរដ្ឋសភា រាយការណ៍អំពីការចោទប្រកាន់លើមេបក្សប្រឆាំងរូបនេះ ដោយបានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ដោយបើកការស៊ើប អង្កេតលើលោកកឹម សុខា ពីបទ “សន្ទិដ្ឋិភាព ជាមួយបរទេស” តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋាន បញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៧ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋសភា បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ សម្រេចមិនបញ្ចោញមតិឱ្យក្រសួងសមត្ថកិច្ច ផ្អាកការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនលោកកឹម សុខា តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាមនោះទេ និងបានសម្រេចឱ្យក្រសួង មានសមត្ថកិច្ច បន្តនីតិវិធីចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន លោកកឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដោយទទួលបាន ៦៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ទោះបីយ៉ាងណា មេធាវី លោកកឹម សុខា បានចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលឱ្យឃុំខ្លួនលោកកឹម សុខា ក៏ដូចជារដ្ឋសភាសម្រេចឱ្យតុលាការបន្តនីតិវិធី ចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនលោកកឹម សុខា នោះថា មិនអាចទទួលបាន ទើបក្រុម មេធាវីលោកកឹម សុខា សម្រេចដាក់បណ្តឹង សាទុក្ខទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ បានសម្រេចឱ្យក្រុមមេធាវីចូលរួមក្នុងសវនាការ ដេញដោល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

លោកសំ សុគង់ មេធាវី១រូប របស់លោក កឹម សុខា បានប្រាប់ “នគរធំ” កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ថា ក្រុមមេធាវីលោកកឹម សុខា បានដាក់ពាក្យបណ្តឹងទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ដើម្បីពិនិត្យពីការសម្រេច ឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ ខែកញ្ញា របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យសាលាដំបូងពិនិត្យឡើងវិញ អំពីនិយ័តភាព ដោយពិនិត្យក្នុងលក្ខខណ្ឌ ដែលមានចែងនៅក្នុងមាត្រា ២០៣ ២០៤ និង២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ព្រោះក្រុមមេធាវីយល់ឃើញថា ការដោះលែង គឺជាជម្រើសសំខាន់ ឯការឃុំ ខ្លួនហ្នឹងមិនជាការចាំបាច់។ ប៉ុន្តែយ៉ាងណា ក្រុមមេធាវីលោកកឹម សុខា មានតិចតួច ឬសឹងតែ មិនសង្ឃឹមតែម្តង ចំពោះបណ្តឹងសាទុក្ខប្រឆាំងការឃុំខ្លួននោះ។

លោកកឹម សុខា ពេលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង

ជាការកត់សម្គាល់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ជាថ្ងៃដែលលោកកឹម សុខា នឹង ត្រូវឡើងសវនាការសាលាឧទ្ធរណ៍នោះ ពលរដ្ឋ ខ្មែរមកពីបណ្តាប្រទេសសហគមន៍អឺរ៉ុប បាន ប្រកាសថា នឹងនាំគ្នាធ្វើបាតុកម្មនៅមុខការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដើម្បីទាមទារ ឱ្យដោះលែងលោកកឹម សុខា ហើយនៅថ្ងៃទី២៧ ខែកញ្ញា ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ក៏នឹងនាំគ្នាហែញត្តិ ដាក់ទៅរដ្ឋាភិបាលជប៉ុន ដើម្បីស្នើសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហា នយោបាយនៅប្រទេសកម្ពុជា។

ដោយឡែក ក្រមសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានផ្ញើលិខិតជូនលោក រិក ធៀលលឺរសុន (Rex W.Tillerson) រដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក សម្តែងនូវការព្រួយបារម្ភចំពោះការចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឱ្យគោរពសិទ្ធិរបស់ប្រជាពលរដ្ឋបើកចំហឱ្យមានសេរីភាព សារព័ត៌មាន ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅប្រទេសកម្ពុជា។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានបកស្រាយថា វិធានការផ្លូវច្បាប់ដែលអាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា អនុវត្តទៅលើបុគ្គល និងស្ថាប័ននានាដែលប្រព្រឹត្តអំពើខុសច្បាប់ប្រឆាំងនឹងដែលនៅជាធរមានរបស់កម្ពុជា រួម ទាំងករណីការចាប់ខ្លួន និងឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សប្រឆាំងពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” នោះ ដើម្បីពង្រឹង ការអនុវត្តច្បាប់នៅកម្ពុជា និងការពារសន្តិភាពរបស់កម្ពុជា ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានព្រមានប្រទេសនានា មិនឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជា៕

កុលបុត្រ

RELATED ARTICLES