Monday, November 25, 2024
Homeនយោបាយភរិយាតំណាងរាស្ត្របក្សប្រឆាំង ហៅតំណាងរាស្ត្រវិលចូលស្រុក

ភរិយាតំណាងរាស្ត្របក្សប្រឆាំង ហៅតំណាងរាស្ត្រវិលចូលស្រុក

ភ្នំពេញ ៖ សកម្មជនដីធ្លីបឹងកក់ ដែលធ្លាប់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងនាមជាអ្នកតស៊ូ មតិដ៏អង់អាចក្លាហាន អ្នកស្រីយ៉ោម បុប្ផា ដែលជាភរិយារបស់លោករៀលខេមរិន្ទ បាន ធ្វើការរិះគន់ទៅដល់តំណាងរាស្ត្រគណបក្ស ប្រឆាំង ដែលចាកចេញពីប្រទេសកម្ពុជា ទៅសម្ងំលាក់ខ្លួននៅក្រៅប្រទេស ស្របពេលដែល លោកកឹម សុខា ប្រធានគណបក្សរបស់ខ្លួន កំពុងជាប់ពន្ធនាគារ។

អ្នកស្រីយ៉ោម បុប្ផា បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ថា “ធ្វើជាជ្រូក កុំរាទឹកក្តៅ តំណាងរាស្ត្រសង្គ្រោះជាតិ ពាក់កណ្តាល គួរឆាប់ត្រឡប់មកកម្ពុជាវិញ មានតំណាងរាស្ត្រមួយ ចំនួនជាង១ឆ្នាំ មិនទាន់មកស្រុកវិញផង ពេល នេះ វាសមល្មមដែលត្រូវមករួមជាមួយនឹង ពលរដ្ឋហើយ។ តំណាងរាស្ត្រម្នាក់ តំណាងឱ្យ រាស្ត្រ៥ម៉ឺននាក់ គួរតែយល់។ បើគ្មានសេចក្តីក្លាហាននឹងធ្វើ គួរដឹងថា ត្រូវធ្វើយ៉ាងណាហើយ ឬក៏ត្រូវការឱ្យរាស្ត្របង្រៀន?

(តំណាងរាស្ត្រ គឺធ្វើការបម្រើរាស្ត្រ មិនមែនសម្ងំនៅតែក្រៅប្រទេស ហើយចាំបើក ប្រាក់ខែរាស្ត្រនោះទេ)”។

ការលើកឡើងរបស់អ្នកស្រីយ៉ោម បុប្ផា បានធ្វើឡើងក្រោយពេលសង្កេតឃើញថា តំណាងរាស្ត្រមួយចំនួន របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានអាសនៈនៅរដ្ឋសភា ចំនួន៥៥ និងជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បានបន្តនាំគ្នាចាកចេញទៅក្រៅប្រទេស ដោយភាគច្រើនទៅរស់នៅប្រទេសកំណើតទី២ របស់ ខ្លួន និងភាគតិចទៀតទៅរស់នៅ ដើម្បីគេច ពីភាពភ័យខ្លាច ស្របពេលដែលអ្នកតំណាងរាស្ត្រទាំងនោះ មើលឃើញថាស្ថានភាពនយោបាយនៅប្រទេសកម្ពុជា កំពុងឡើងកម្តៅ បន្ទាប់ពីមានការចាប់ខ្លួនលោកកឹម សុខា។

ដោយឡែក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវឱ្យតំណាងរាស្ត្របក្សប្រឆាំង ដែលកំពុងសម្ងំនៅក្រៅប្រទេសឱ្យប្រញាប់វិល ចូលប្រទេសកម្ពុជា វិញផងដែរ។

យោងតាមលិខិតគាំទ្រមួយ ដែលចេញពី ក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិ ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧ បានគាំទ្រចំពោះការអំពាវនាវរបស់ លោកលោកម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្ស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ និងការ ណែនាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដែលបានស្នើសុំឱ្យតំណាងរាស្ត្រដែលកំពុង ស្នាក់នៅក្រៅប្រទេសទាំងអស់ ត្រឡប់ទៅ កម្ពុជាវិញ។

ក្នុងលិខិតដែលបានផ្ញើទៅកាន់អនុប្រធាន គណបក្សសង្គ្រោះជាតិ ទាំង៣រូប រួមមានលោក ប៉ុល ហំម លោកអេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ រួមទាំងគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សទាំងមូលលោកម៉ៅ មុនីវណ្ណ បាន បញ្ជាក់ថា វត្តមានរបស់ថ្នាក់ដឹកនាំទាំងនោះ គឺមានសារសំខាន់ណាស់ ក្នុងគ្រាដែលគណបក្ស កំពុងត្រូវការបែបនេះ ពិសេសក្នុងការជួយជំរុញ ដំណើរការចុះឈ្មោះការបោះឆ្នោតនៅតាមមូលដ្ឋាន ព្រោះគិតមកទល់នឹងពេលនេះ ជាងពាក់ កណ្តាលនៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា គណបក្សប្រឆាំង មិនមានវត្តមាននៅក្នុងប្រទេស នោះទេ។ ក្នុងនោះ ក៏មានមន្ត្រីជាន់ខ្ពស់ និង សំខាន់ៗរបស់គណបក្សផងដែរ ដូចជាលោក អេង ឆៃអ៊ាង លោកប៉ុល ហំម និងលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស ជាដើមដែល បានចាកចេញពីប្រទេសកម្ពុជា តាំងពីមុន និង ក្រោយព្រឹត្តិការណ៍នៃការចាប់ខ្លួនលោកកឹម សុខា ដើម្បីបំពេញបេសសកម្មនៅក្រៅប្រទេស និង កិច្ចការផ្ទាល់ខ្លួន។

អ្វីដែលជាភាពភ័យខ្លាចរបស់តំណាងរាស្ត្រ បក្សឆាំង គឺក្រោយពីមានព្រឹត្តិការណ៍ឃាត់ខ្លួន លោកកឹម សុខា ប្រធានគណបក្ស កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ និងបានធ្វើការឃុំ ខ្លួនមកដល់ពេលនេះ ពីបទក្បត់ជាតិ ឃុបឃិត ជាមួយបរទេស និងក្រោយពីមានការប្រកាស ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថា នឹងធ្វើការ ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធយកមកផ្តន្ទាទោសផងដែរ  ហើយក៏បានព្រមានថា បើបក្ស ប្រឆាំង ហ៊ានចេញមុខការពារលោកកឹម សុខា នោះបក្សប្រឆាំង ក៏ក្បត់ជាតិ ត្រូវប្រឈមនឹង ត្រូវរំលាយ។

តាមការសង្កេតតាមដានពីមជ្ឈដ្ឋានសង្គម បានឱ្យដឹងថា មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួន បានគេចចេញទៅក្រៅប្រទេស ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ឬដើម្បីកុំឱ្យមានឃាត់ ខ្លួនណាមួយដូចលោកកឹម សុខា ប្រធានគណបក្ស ព្រោះដូចសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ហើយ ថា មានម្នាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុង បាតុកម្មកម្មករនៅផ្លូវវេងស្រេង កាលពីឆ្នាំ ២០១៣ បានរត់គេចខ្លួនតាមច្រកកំរៀង ទៅ តាមប្រទេសថៃ និងបន្តទៅសហរដ្ឋអាមេរិក (សំដៅដល់លោកហូរ វ៉ាន់)។ ប៉ុន្តែមជ្ឈដានទាំង នោះ ក៏អះអាងថា មានតំណាងរាស្ត្រមួយចំនួន ទៀត បន្តស្នាក់នៅក្រៅប្រទេស ព្រោះតែមាន បញ្ហាសុខភាព។ ក្នុងនោះ មានលោកកែម ភីរម្យ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ បានទៅសម្រាក ព្យាបាល និងវះកាត់នៅក្រៅប្រទេស ហើយក៏ ត្រូវបានលោកសម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិ បានទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ នៅទីនោះផងដែរ។

មុននេះដែរ កញ្ញាកឹម មនោវិទ្យា កូនស្រី ច្បងរបស់លោកកឹម សុខា និងជាអនុប្រធាន នាយកដ្ឋានទំនាក់ទំនងសាធារណៈនៃគណបក្ស សង្គ្រោះជាតិ ក៏បានរិះគន់ទៅដល់តំណាងរាស្ត្រ គណបក្សប្រឆាំងថា ក្នុងស្ថានភាពដែលឪពុក របស់នាងជាប់ឃុំមានតែតំណាងរាស្ត្រតិចជាង ១០នាក់ប៉ុណ្ណោះ ដែលក្លាហានចេញមុខការពារ ឯក្រៅពីនោះស្ងាត់អស់រលីង។

នាងកឹម មនោវិទ្យា បានសរសេរនៅក្នុងបណ្តាញធ្វីតធើររបស់នាង នៅពេលនោះថា “មានតំណាងរាស្ត្រ CNRP តិចជាង១០នាក់ ប៉ុណ្ណោះ ដែលក្លាហានចេញមុខ។ ក្រៅពីនោះ បាត់មុខអស់រលីង។ តើធ្វើការងាររបៀបម៉េច នេះ?”។

ទោះបីយ៉ាងណា ក្រោយមានការរិះគន់ របស់កូនស្រីលោកកឹម សុខា នោះមក សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ថា មកទល់ពេល នេះ ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ នៅ រឹងមាំល្អ ហើយក៏គ្មានតំណាងរាស្ត្រ ឬថ្នាក់ដឹកនាំណាម្នាក់ បង្ហាញជំហរថា ភ័យខ្លាច បោះបង់លោកកឹម សុខា ចោលដែរ គ្រាន់តែ អ្វីដែលជាការសម្រេចរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍ ត្រូវធ្វើតាមដំណាក់កាល និងដោយ ប្រុងប្រយ័ត្នបំផុត។ ម៉្យាងទៀត តំណាងរាស្ត្រ នៅក្នុងបក្សប្រឆាំង បើអត់ក្លាហាន នៅអត់ កើតទេ។ ដូច្នេះសំណេររបស់កូនស្រីលោកកឹម សុខា គ្រាន់តែជាការយល់ឃើញរបស់បុគ្គល ម្នាក់ មិនអាចយកជាការអីទេ ហើយក៏យល់ ច្បាស់ នាងពិបាកចិត្តនឹងឪពុកជាប់ឃុំ ទើបមាន អារម្មណ៍វិលវល់ លើកឡើងបែបហ្នឹង ឬប្រតិកម្ម អ៊ីចេះអ៊ីចុះ។ លោកជាម ច័ន្ទនី បានបញ្ជាក់សង្កត់ ធ្ងន់ថា មកទល់ពេលនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនបានបោះបង់ចោលលោកកឹម សុខា ទេ គឺកំពុងធ្វើអ្វីជាជំហានៗ៕

កុលបុត្រ

RELATED ARTICLES