Wednesday, November 27, 2024
Homeតារាខ្មែរពេជ្រ សោភា ពេញចិត្តចាប់ដៃគូជាមួយខេមរៈ សិរីមន្ត

ពេជ្រ សោភា ពេញចិត្តចាប់ដៃគូជាមួយខេមរៈ សិរីមន្ត

មុននេះ តារាចម្រៀងឱក សុគន្ធកញ្ញា បានចាប់ដៃគូសម្តែងជាមួយតារាចម្រៀងចំណូលថ្មីរបស់ហង្សមាស ខេមរៈ សិរីមន្ត ២បទ គឺ “ស្ទឹងត្រែងបងអើយ” និងបទ “អស់សិទ្ធិថែ តែនៅបារម្ភ” ដោយទទួលបានការគាំទ្រច្រើនពីមហាជន ហើយមានព័ត៌មានថា សិរីមន្ត គ្មានគម្រោងនឹងច្រៀងឆ្លងឆ្លើយជាមួយតារាស្រីណាផ្សេង នៅហង្សមាស ឡើយ។

ប៉ុន្តែ តាមព័ត៌មានពីអ្នកដឹកនាំសម្តែងនៅហង្សមាស បានឱ្យដឹងថា ពេលនេះ ពេជ្រ សោភា ក៏កំពុងតែត្រៀមខ្លួនចាប់ដៃច្រៀងសម្តែងជាមួយសិរីមន្ត ដែរ នាពេលខាងមុខនេះ ដែលគេជឿថា សោភា នឹងប្រាកដជាទទួលបានការទាក់ទាញច្រើនជាងកញ្ញា ជាមិនខាន…។

ពេជ្រ សោភា

តាមព័ត៌មានពីក្រុមអ្នកដឹកនាំសម្តែងនៅផលិតកម្មហង្សមាស បានបង្ហើបដោយសុំមិនបញ្ចោញឈ្មោះថា នាពេលខាងមុខនេះ ផលិតកម្មរស្មីហង្សមាស នឹងធ្វើបទចម្រៀងថ្មី ដែលតម្រូវឱ្យពេជ្រ សោភា ចាប់ដៃជាមួយខេមរៈ សិរីមន្ត ផងដែរ បន្ទាប់ពីមើលឃើញថា សុគន្ធកញ្ញា និងសិរីមន្ត មានការគាំទ្រច្រើន ពេលដែលចាប់ដៃជាមួយសិរីមន្ត នោះ។

ប្រភពបានឱ្យដឹងថា ហង្សមាស ចង់ឱ្យប្លែក ហេតុនេះហើយ គឺតម្រូវឱ្យពេជ្រ សោភា ដែលជាតារាខ្លាំងម្នាក់ដែរនោះ ត្រូវតែធ្វើឱ្យមហាជនភ្ញាក់ផ្អើល តាមរយៈការចាប់ដៃគូជាលើកដំបូងជាមួយសិរីមន្ត។

លោកខេមរៈ សិរីមន្ត

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ តារាចម្រៀងហង្សមាស ពេជ្រ សោភា បានឱ្យដឹងថា នាងនឹងធ្វើអ្វីទៅតាមក្រុមហ៊ុនរៀបចំតម្រូវឱ្យ ទោះជាចាប់ដៃគូជាមួយតារាណាក៏បាន ហើយបើសិនជាហង្សមាស ចង់ឱ្យនាងចាប់ដៃជាមួយខេមរៈ សិរីមន្ត នោះ គឺទស្សនិកជនអាចភ្ញាក់ផ្អើលមែន ព្រោះកន្លងមក នាងមិនដែលចាប់ដៃជាមួយសិរីមន្ត ក្នុងការច្រៀងតាម Concert ឡើយ។

ពេជ្រ សោភា បានឱ្យដឹងថា “សម្រាប់ខ្ញុំអត់ទាន់បានដឹងរឿងហ្នឹងទេ តែការចាប់ដៃគូ គឺជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហេតុនេះហើយ គឺតារាទាំងអស់អាចវិលជុំ គឺមិនអាចអ្នកណាចាប់ដៃគូជាមួយតារាណារហូតទេ។ ចំពោះលោកសិរីមន្ត វិញ គឺខ្ញុំអត់ដែលបានច្រៀងជាមួយគាត់ទេ កន្លងមក ហើយពេលនេះ យើងគឺជាតារាក្រោមដំបូលតែមួយ គឺនឹងមានការសហការគ្នាឱ្យបានល្អ ប្រសិនបើក្រុមហ៊ុនគាត់តម្រូវឱ្យមានការច្រៀងឆ្លងឆ្លើយមែននោះ ខ្ញុំគ្មានបញ្ហាអីទេ”។

ពេជ្រ សោភា ជាមួយដៃគូច្រមៀង លោក Step

ពេជ្រ សោភា ធ្លាប់ចាប់ដៃគូច្រៀងជាមួយតារាប្រុសរបស់ហង្សមាស ជាច្រើននាក់មកហើយ ដូចជា លោកព្រាប សុវត្ថិ, ឆន សុវណ្ណរាជ, ងួន ចាន់ដេវីត និង Step ជាដើម។ ប៉ុន្តែ មានការលើកឡើងថា ប្រសិនបើឱក សុគន្ធកញ្ញា នៅតែចាប់ដៃគូឆ្លងឆ្លើយជាមួយខេមរៈ សិរីមន្ត ទៀតនោះ គឺពេជ្រ សោភា ដែលចាប់ដៃជាមួយ Step នោះ ប្រាកដជាពិបាកក្នុងការទប់ទល់ជាមិនខានឡើយ ហើយអ្នកដែលខ្លាំងជាងគេ គឺសុគន្ធកញ្ញា ចំណែកតារាប្រុសៗជាច្រើនទៀតរបស់ហង្សមាស នឹងប្រឈមការធ្លាក់កូដជាមិនខាន ពេលដែលសិរីមន្ត ទៅដល់ទ្រនំនេះ។

ពេជ្រ សោភា បន្ថែមថា “ការចាប់ដៃគូ យើងមិនមែនចេះតែចាប់ទេ គឺទៅតាមប្រភេទបទចម្រៀងដែរ ហើយខ្ញុំគិតថា ការមកហង្សមាស របស់ខេមរៈ សិរីមន្ត នឹងមិនធ្វើឱ្យប៉ះពាល់ដល់តារារូបណាទេ ព្រោះអីនៅហង្សមាស តារាទាំងអស់ គឺសុទ្ធតែមានស្ទីលផ្សេងៗគ្នាទាំងអស់ គឺម៉្យាងៗម្នាក់ទេ។ កន្លងមក ខ្ញុំចេះនិពន្ធ សរសេរនិពន្ធបានខ្លះ គឺដោយសារតែខ្ញុំបានពីការណែនាំរបស់លោកគ្រូៗនៅហង្សមាស ហើយខ្ញុំនឹងមានការពិភាក្សាគ្នាជាមួយលោកខេមរៈ ភារុណ ក្នុងការធ្វើបទចម្រៀង ប្រសិនបើយើងត្រូវក្រុមហ៊ុនតម្រូវឱ្យខ្ញុំ និងសិរីមន្ត ចាប់ដៃគ្នាក្នុងការធ្វើអ្វីឱ្យប្លែក ដើម្បីឱ្យបងប្អូនបានប្លែកនោះ”៕

RELATED ARTICLES