ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានសម្រេចថា នឹងធ្វើយុទ្ធនាការលើកបដាទូទាំងប្រទេស ទាមទារ ឱ្យដោះលែងលោកកឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ពន្ធនាគារ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស”។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកសុន ឆ័យ អភិបាលនៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ បានប្រកាសថា គណបក្សសង្គ្រោះជាតិ បានសម្រេចលើកស្លាកបដាទាមទារឱ្យ មានការដោះលែងលោកកឹម សុខា ប្រធានគណបក្ស ដោយគ្មានលក្ខខណ្ឌ នៅទីស្នាក់ការរបស់គណបក្សនៅទូទាំងប្រទេស។
លោកសុន ឆ័យ បានមានប្រសាសន៍ថា “យើងបានបញ្ជាក់ហើយថា យើងចាប់ផ្តើម បង្កើតដាក់នៅតាមទីស្នាក់ការគណបក្សយើង គ្រប់ខេត្ត-រាជធានីទាំងអស់ ហើយយើងនឹងពិនិត្យភាពជាក់ស្តែងទៀតថា តើការតស៊ូមតិរបស់យើង ធ្លាក់ទៅដល់តាមស្រុកតាមអីយ៉ាងណានោះ យើងនឹងពិនិត្យជាក់ស្តែង។ ប៉ុន្តែជាការអនុវត្តរបស់មនុស្សម្នាក់ ជាស្វ័យប្រវត្តិ កាលណាមានការទទួលរងគ្រោះ ដោយអយុត្តិធម៌ ប្រតិកម្មពីធម្មជាតិ វាចេញមក ដើម្បីតស៊ូ ឱ្យមានការត្រួតពិនិត្យទៅលើភាពអវិជ្ជមាន ដែលកើតមានហ្នឹង។ ដូច្នេះ ការបញ្ចេញរូប ឯកឧត្តមកឹម សុខា ដើម្បីទាមទារឱ្យមានការដោះលែងគាត់ជាបន្ទាន់នេះ គឺជាវត្ថុបំណងដែលកើតចេញពីទឹកចិត្តយើងគ្រប់គ្នា ជាស្វ័យប្រវត្តិ។ ដូច្នេះខ្ញុំមិនមានការបារម្ភអំពីផ្លូវច្បាប់ អំពីអ្វីដែលនឹងអាចកើតជាយថាហេតុទេ ដូចបានបញ្ជាក់ អ៊ីចឹងថា ដរាបណាគាត់នៅតែមិនមានទោស យើងមានឱកាស ដើម្បីបន្តការតស៊ូមតិទាមទារ ឱ្យមានការដោះលែងគាត់ ឱ្យបានឆាប់តាម ដែលធ្វើទៅបាន”។
លោកសុន ឆ័យ ក៏បានបញ្ជាក់ដែរថា លោកកឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ ហើយតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ នឹងស្តាប់សវនការសាលាឧទ្ធរណ៍នៅថ្ងៃនេះ។
លោកសុន ឆ័យ បានមានប្រសាសន៍បន្ត ថា “ខ្ញុំបញ្ជាក់ លោកកឹម សុខា នៅតែជាប្រធាន គណបក្សសង្គ្រោះជាតិដដែល។ ខ្ញុំបានបញ្ជាក់ថា ជាគោលការណ៍ច្បាប់កំពូល ច្បាប់រដ្ឋធម្មនុញ្ញ នោះ លោកកឹម សុខា ប្រធាន ដរាបណាតុលាការ មិនទាន់កាត់ទោសនោះ នៅតែជាប្រធាន។ ប៉ុន្តែប្រសិនបើតុលាការកាត់ទោសនោះ យើងនឹងពិនិត្យតាមលទ្ធភាពជាក់ស្តែង។ តែយើង សង្ឃឹមថា លោកកឹម សុខា ត្រូវបានតុលាការ កាត់សេចក្តីដោយឯករាជ្យ ត្រឹមត្រូវ យុត្តិធម៌ ហើយគាត់នឹងបានវិលមកដឹកនាំគណបក្សវិញ”។
លោកសុន ឆ័យ បានមានប្រសាសន៍បន្តថា “យើងជំរុញឱ្យសាលាឧទ្ធរណ៍នេះ ដែលត្រូវនឹងមានការធ្វើសវនាការ ចំពោះឯកឧត្តម កឹម សុខា ដែលបានស្នើដោយក្រុមអ្នកច្បាប់ ឱ្យលោកបាននៅក្រៅឃុំនេះ ដែលនឹងធ្វើប្រព្រឹត្ត នៅថ្ងៃនេះទី២៦ ត្រូវអនុញ្ញាតឱ្យឯកឧត្តមកឹម សុខា ហ្នឹងបានចូលមកសវនាការដោយផ្ទាល់។ យើងជឿថា រដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាពឯកឧត្តមកឹម សុខា។ ការលើកឡើងពីសុវត្ថិភាព យ៉ាងនេះយ៉ាងនោះ ជាលេសដើម្បីឱ្យតុលាការកាត់សេចក្តី ដោយមិនមានវត្តមានឯកឧត្តមកឹម សុខា ហ្នឹងជាការ អនុវត្តខុសច្បាប់។ យើងមិនចង់ឃើញអនុវត្ត ខុសច្បាប់ម្តងហើយទៀតទេ វាគួរតែមានការកែតម្រូវ។ ដូចគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ហើយថា នីតិវិធីចុះចាប់ឯកឧត្តម កឹម សុខា មិនបានអនុវត្តត្រឹមត្រូវទៅតាមក្រម ព្រហ្មទណ្ឌ ហើយវាក៏រំលោភទៅលើអភ័យឯកសិទ្ធិសភា ដែលមានចែងនៅក្នុងមាត្រា៨០ នៃរដ្ឋធម្មនុញ្ញថែមទៀត។ ហើយការដែលយើងបញ្ជាក់នេះ មិនមែនតែគណបក្សសង្គ្រោះជាតិទេ សហគមន៍អន្តរជាតិ អ្នកច្បាប់ ដែលគេយល់អំពីធម្មនុញ្ញរបស់កម្ពុជានេះ ក៏គេបានបញ្ជាក់ ដូចគ្នា។ នៅក្នុងកម្មវិធីដែលគណបក្សសង្គ្រោះជាតិ នឹងធ្វើដោយយើងដឹងហើយ ថ្ងៃស្អែកនេះ មានការកាត់សេចក្តីនៅសាលាឧទ្ធរណ៍។ បើទោះបីជាមានវត្តមានឯកឧត្តមកឹម សុខា ក្តី មិនមានវត្តមានឯកឧត្តមកឹម សុខា ក្តី ក្រុមសភារបស់គណបក្សសង្គ្រោះជាតិ នឹងទៅចូលរួមស្តាប់នូវសវនាការ នៅសាលាឧទ្ធរណ៍ ថ្ងៃស្អែកនេះ ហើយយើងចង់ដឹងដែរ ហើយក៏រួមជាមួយនឹងការសង្ឃឹមតិចតួចដែរថា សាលាឧទ្ធរណ៍ តុលាការ ចៅក្រម ព្រះរាជអាជ្ញា នឹងពិចារណា អំពីតួនាទីរបស់ខ្លួន ក្នុងនាមជាស្ថាប័នឯករាជ្យមួយ ដែលធានានូវយុត្តិធម៌ជូនប្រជារាស្ត្រ ហ្នឹង នឹងធ្វើការកាត់សេចក្តីឱ្យត្រឹមត្រូវ ឱ្យអព្យាក្រឹត ឱ្យឯករាជ្យ ហើយឱ្យយោងទៅលើគោលការណ៍ ច្បាប់ហ្នឹងឱ្យបានត្រឹមត្រូវផងដែរ”។
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោកប៉ុល ហំម បានបញ្ជាក់ដូចលោកសុន ឆ័យ នៅក្នុង សន្និសីទសារព័ត៌មាននោះផងដែរ គឺផ្តោតសំខាន់ លើការលើកស្លាកបដាទាមទារ ឱ្យដោះលែងលោក កឹម សុខា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។
អនុប្រធានគណបក្សសង្គ្រោះជាតិ ម្នាក់ទៀត និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោកស្រីមួរ សុខហួរ ក៏បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ដែរថា “ត្រូវដោះលែងលោកប្រធានកឹម សុខា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ! ការលើកបដានៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ តាមខេត្ត ដើម្បីទាមទារឱ្យមានការដោះលែងលោកប្រធានកឹម សុខា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ”។
ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ថា ការលើកបដាទាមទារនេះ ពុំមានឥទ្ធិពលអ្វីទៅលើការសម្រេចចិត្តរបស់តុលាការនោះទេ ហើយគណបក្សប្រឆាំង មិនទាន់មានការផ្លាស់ប្តូរប្រធានបក្សនោះទេ គឺលោកកឹម សុខា នៅតែជាប្រធានគណបក្សដដែល។ ប៉ុន្តែលោកយល់ឃើញថា ការលើកបដាទាមទារនេះ មានចេតនាបង្កើត ឱ្យមានបដិវត្តន៍ពណ៌ច្រើនជាង ដោយលោកបានព្រមានដោយមិនចំឈ្មោះថា អាចនឹងមានការចាប់ខ្លួនអ្នកផ្តួចផ្តើមឱ្យមានយុទ្ធនាការនេះ។
ការប្រកាសរបស់លោកសុន ឆ័យ បែបនេះ ធ្វើឡើងបន្ទាប់ពីគីណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្នើសុំឱ្យសាលាឧទ្ធរណ៍អនុញ្ញាតឱ្យលោកកឹម សុខា មានវត្តមានក្នុងសវនាការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ ដើម្បីដេញដោលលើបណ្តឹងរបស់ក្រុមមេធាវីការពារក្តីរបស់លោកកឹម សុខា ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក្រុមអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសទៅចូលរួមស្តាប់សវនាការនៅសាលាឧទ្ធរណ៍ នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ព្រមទាំងអំពាវនាវ ដល់អ្នកគាំទ្របក្សប្រឆាំងទូទៅ ចូលរួមតាមដានសវនាការនេះផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នោះ បានបញ្ជាក់ថា យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ លេខ៨៣៣ លស ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ផ្ញើជូនអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ដោយបានលើកហេតុផល អំពីការព្រួយបារម្ភចំពោះ សន្តិសុខ សុវត្ថិភាព ក្នុងពេលដឹកបញ្ជូន និងក្នុងពេលមានវត្តមាន នៅសាលាឧទ្ធរណ៍ ដែល ហេតុផលនេះ ត្រូវបានយកជាលេសក្នុងការធ្វើ សវនការដោយគ្មានវត្តមានលោកកឹម សុខា។ ប៉ុន្តែតាមការបញ្ជាក់របស់ក្រុមមេធាវីការពារ បានឱ្យដឹងថា លោកកឹម សុខា មានបំណងយ៉ាង មុតមាំ ចូលរួមនៅក្នុងសវនាការខាងលើនេះ ស្របតាមនីតិវិធី ដែលបានកំណត់។
សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្តថា “គណបក្សសង្គ្រោះជាតិ មើលឃើញថា ការ ចាប់ខ្លួន និងឃុំខ្លួនឯកឧត្តមកឹម សុខា ដែល ជាអ្នកតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា ជាទង្វើខុសច្បាប់ ដែលបានរំលោភយ៉ាងធ្ងន់ លើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ហើយការដែល មិនអនុញ្ញាតឱ្យឯកឧត្តមកឹម សុខា ចូលរួម សវនាការ នឹងធ្វើឱ្យលទ្ធផលនៃការជំនុំជម្រះ មិនត្រឹមត្រូវតាមច្បាប់ទៀត។ អាស្រ័យហេតុ នេះគណបក្សសង្គ្រោះជាតិ សូមស្នើដល់សាលា ឧទ្ធរណ៍ គោរពតាមនីតិវិធីជាធរមាន ដើម្បី ធានា និងការពារសិទ្ធិរបស់ឯកឧត្តមកឹម សុខា ក្នុងការទទួលបានយុត្តិធម៌និងស្នើសុំអគ្គនាយកដ្ឋានពន្ធនាគារបញ្ជូនឯកឧត្តម កឹម សុខា មកកាន់សវនាការតាមកាលបរិច្ឆេទខាងលើ”។
ជាមួយគ្នានោះដែរ មេធាវីលោកកឹម សុខា ទាំង៨រូប ដែលរួមមានលោកហែម សុជាតិ លោកជូង ជូងី លោកស៊ាង ហេង លោកចាន់ ចេន លោកសំ សុគង់ លោកកែត ឃី និង លោកស្រីម៉េង សុភារី ក៏បានធ្វើលិខិតចុះ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ គោរពជូនលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ សុំឱ្យមានវត្តមានលោកកឹម សុខា នៅចំពោះមុខសភាស៊ើបសួរ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក ដោយក្នុងលិខិតនោះ ក្រុមមេធាវីបានជម្រាបជូនលោក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ដូចខាងក្រោម ៖
១-តាមគោលការណ៍នីតិព្រហ្មទណ្ឌ គឺ ត្រូវធ្វើឡើងតាមគោលការណ៍ចំពោះមុខ។
២-លោកកឹម សុខា ស្នើសុំទាមទារមាន វត្តមានសាមីខ្លួនចូលរួមអង្គសវនាការ។
៣-ចៅក្រមសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាសម្រេចឃុំខ្លួនកូនក្តី ដោយសំអាងនៅក្នុងចំណុច ឃ ថា បើជនត្រូវចោទនៅក្រៅឃុំ អាចគេចវេះមិនចូល ខ្លួនតាមការកោះហៅ។ ដូច្នេះគ្មានហេតុផល ណាមួយត្រូវបានលើកក្នុងការរារាំងមិនអនុញ្ញាត ឱ្យកូនក្តីចូលរួមក្នុងសវនាការឡើយ…។
ទោះបីយ៉ាងណា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោកទូច ថារិទ្ធិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធ បញ្ហាសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទកឹម សុខា គឺជាសមត្ថកិច្ចរបស់អគ្គនាយកពន្ធនាគារ ជាអ្នកទទួលខុសត្រូវ ហើយការសួរដេញដោល នេះ គឺពុំចាំបាច់ចំពោះមុខទេ ដែលអាចឱ្យក្រុម ប្រឹក្សាជំនុំជម្រះ អាចសម្រេចអំពីការឱ្យនៅ ក្រៅឃុំ ឬមិនឱ្យនៅក្រៅឃុំបាន។ បានន័យថា ស្មារតីសាលាឧទ្ធរណ៍ គឺចង់ឱ្យមានវត្តមានជន ត្រូវចោទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៦ នេះដែរ។ ប៉ុន្តែប្រសិនបើ គ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុណ្ណោះ៕
កុលបុត្រ