ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា សមិទ្ធផលដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ន រួមមានសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាព នយោបាយជាដើម ពុំមែនធ្លាក់មកពីលើមេឃ ឬបានមកពីគណបក្សប្រឆាំង ដែលបានតែសន្យាខ្យល់នោះទេ គឺបានមកពីការប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនីចំនួន ១៣ ៧៤១នាក់ មកពី ១៧រោងចក្រ នៅតំបន់ចាក់អង្រែលើ ដែល ពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៧។
ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងក្តីសប្បាយរីករាយក្នុង ការជួបផ្ទាល់ជាមួយបងប្អូនកម្មករ ដើម្បីស្វែង យល់ពីតម្រូវការ និងការបង្កើនប្រសិទ្ធភាព ការងារឱ្យកាន់តែល្អប្រសើរឡើង ហើយសម្តេច បានបញ្ជាក់ថា បុណ្យភ្ជុំកន្លងមកនេះ បានធ្វើ ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ សប្បាយរីករាយក្នុង ការជួបជុំក្រុមគ្រួសារធ្វើបុណ្យទាន ស្របពេល ដែលប្រទេសកម្ពុជា មានសុខសុវត្ថិភាព មិន ដូចប្រទេសមួយចំនួន ដែលប្រឈមនឹងសង្គ្រាម ជារៀងរាល់ថ្ងៃ។ ពោលគឺប្រជាពលរដ្ឋកម្ពុជា មិនចាញ់បោកជនបរទេសណាទាំងអស់ ក្រៅពីជឿជាក់លើខ្លូនឯង ហើយក៏មានសមត្ថភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ប្រទេស ខ្លួនឯងបានដែរ។
ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកនូវកត្តា៤យ៉ាង ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើបុណ្យទាន គឺ ៖
១-កត្តាសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋធ្វើ ដំណើរដោយគ្មានការភ័យខ្លាចដែលខុសពីសម័យមុនៗ ដែលប្រទេសកម្ពុជា មានតំបន់ត្រួតត្រាច្រើន ដែលពេលនោះ មានការប្រើអាវុធតូចធំ ដែលធ្វើឱ្យគ្មានស្ថិរភាព និងប្រជាពលរដ្ឋមាន ការភ័យខ្លាច។
២-កត្តាហេដ្ឋារចនាសម្ព័ន្ធតូចធំ បានតភ្ជាប់ ពីតំបន់មួយ ទៅតំបន់មួយ ដែលអាចឱ្យប្រជាជាពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួល ពីកន្លែង មួយទៅកន្លែងមួយ។
៣-មធ្យោបាយធ្វើដំណើរសព្វថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ សុទ្ធតែមានកង់ ម៉ូតូ រថយន្ត សម្រាប់ធ្វើដំណើរច្រើនឡើង ដែលធ្វើ ឱ្យប្រជាពលរដ្ឋខ្មែរកាន់តែងាយស្រួលក្នុងការធ្វើដំណើរជិតឆ្ងាយ។
៤-កត្តាប្រាក់ចំណូល ចំពោះក្មួយៗកម្មករ មានការងារធ្វើ ដែលទទួលបានប្រាក់ចំណូល សមរម្យ និងការដំឡើងប្រាក់ខែជាបន្តបន្ទាប់។
សម្តេចហ៊ុន សែន ក៏បានអរគុណដល់ ក្រសួងសុខាភិបាលដែរ បានផ្តល់សេវាសុខភាព ដល់ស្ត្រីជាកម្មករ ហើយសម្តេចនឹងអញ្ជើញ ធ្វើដំណើរបន្តទៅជួបជាមួយបងប្អូនកម្មករ-កម្មការិនី តាមផ្នែកផ្សេងៗជាច្រើនទៀត ដោយ ក្នុង១សប្តាហ៍២ដង ដើម្បីបានដឹងពីតម្រូវការ និងការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម ក្នុងគោលដៅជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានជោគជ័យ។ បានន័យថា សម្តេចបាន បង្កើតនូវអ្វីៗទាំងអស់នេះហើយ ត្រូវតែមើល ថែទាំដោយផ្ទាល់ដៃ គឺតាមរយៈការបន្តចុះជួប ជាមួយបងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ ព្រោះសុខទុក្ខបងប្អូនកម្មករ ជា សុខទុក្ខរបស់សម្តេចផ្ទាល់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន បញ្ជាក់ជាថ្មីថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករ នឹងដំឡើងដល់ ១៦៨ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺច្រើនជាង២០០ដុល្លារ ដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់ តែល្អប្រសើរឡើង ហើយក៏ជាមោទនភាពរបស់ សម្តេចផងដែរ ដែលបានដឹកនាំប្រទេសតាំងពី បាតដៃទទេ ក្រោយពីរបបប៉ុល ពត រហូតដល់ មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ដូច្នេះ សម្តេច នឹងបន្តដឹកនាំប្រទេសជាតិ មិនតិចជាង១០ឆ្នាំ បន្តទៀត ដើម្បីការពារសន្តិភាព ការពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ពូពិតជាមានមោទនភាពណាស់ ដែលបានផ្សារភ្ជាប់ជាមួយប្រទេសនេះ តាំងពីបាតដៃទទេ។ ខ្ញុំពិតជាមានមោទនភាព ដែលបានរួមចំណែកជាមួយប្រជាជនកម្ពុជា ព្រោះអ្វីដែលកំពុងមាននេះ វាដូចជាកូនបង្កើត ដែលបានរួមចំណែកជាមួយប្រជាជនកម្ពុជា រួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជា នាំក្មួយៗ នាំប្រទេសជាតិមកកាន់ដំណាក់កាល នេះ ពីទីក្រុងភ្នំពេញ ដែលមានមនុស្សតែ៧០ នាក់ មកកាន់ក្រុងភ្នំពេញមួយ ដែលមានការអភិវឌ្ឍ ហើយមើលពីចម្ងាយ យើងឃើញ អគារខ្ពស់ៗ ដែលមុននេះ មើលពីត្រឹមហ្នឹង ទៅ វាមិនឃើញទេ ព្រោះវាទាប ឥឡូវវា ខ្ពស់ វាទៅជាទីក្រុងមួយនឹងគេនឹងឯង។ អ្វី ដែលបាននិងកំពុងមាននេះ វាដូចជាកូនបង្កើត របស់ហ៊ុន សែន បង្កើតហើយ ព្រោះនាយករដ្ឋមន្ត្រីមិនព្រមបង្កើតធ្វើម៉េចវាកើត។ អំណាច វានៅនឹងនាយករដ្ឋមន្ត្រីនេះឯង មានអ្នកខ្លះ គេឱ្យយើងទៅសុំសភានោះ។ ប្រធានសភា គាត់ អត់មានកិច្ចស៊ីញ៉េអាហ្នឹងទេ គាត់មានសិទ្ធិ ត្រឹមតែអនុម័តច្បាប់ ប៉ុន្តែមិនមានន័យថា គាត់ គ្មានសិទ្ធិមកសួរសុខទុក្ខកម្មករទេ គាត់មានសិទ្ធិ ប៉ុន្តែកិច្ចការទាំងអស់ ទាំងពីសម្រួលពាណិជ្ជកម្ម បញ្ហាពន្ធដារ ទាក់ទាញវិនិយោគ ការនាំចេញ នាំចូល រឿងទាំងអស់វានៅនឹងនីតិប្រតិបត្តិនេះ ទេ វានៅនឹងនាយករដ្ឋមន្ត្រីនេះ។ អ៊ីចឹងទេ តាំងពីក្មូយៗអត់មានការងារធ្វើ មកក្មួយៗមាន ការងារធ្វើ ដូច្នេះនៅពេលនេះ ប្រាក់ឈ្នួលអប្បបរមារបស់ក្មួយ បូកនឹងអត្ថប្រយោជន៍ដទៃទៀត បានលើសពី២០០ដុល្លារសហរដ្ឋអាមេរិក នៅ ក្នុងពេលដែលអង្គការសហប្រជាជាតិ បានកំណត់ ថា អត្រាឆ្លងផុតនៃភាពក្រីក្រ ប្រាក់ចំណូល ក្នុង១ថ្ងៃ ត្រឹមតែ១ដុល្លារ២៥សេន។ មុននោះ ត្រឹមតែ១ដុល្លារ ឆ្លងផុតបន្ទាត់នៃភាពក្រីក្រហើយ តែឥឡូវនេះ ១ដុល្លារ២៥សេន ចាត់ទុក ថា រួចចាកផុតពីបន្ទាត់នៃភាពក្រីក្រ និងជា ការគិតរួមនៅលើទូទាំងពិភពលោក។ ប៉ុន្តែ សម្រាប់ក្មួយៗ ទាំងប្រាក់បៀវត្សអប្បបរមា និង ប្រាក់ផ្សេងៗទៀត មានលើសពី២០០ដុល្លារ សហរដ្ឋអាមេរិកទៅហើយ។ ដូច្នេះវាកើនលើស វាទៅផុតពីអាចំណុចនៃភាពក្រីក្រ ក៏ប៉ុន្តែយើង ដែលហៅថា ការចង់មានចង់បាន មិនទាន់ គ្រប់គ្រាន់ទេ សូម្បីតែថៅកែដែលមានជាងគេ នៅលើពិភពលោក ក៏មិនទាន់គ្រប់គ្រាន់ដែរ គេនៅត្រូវការរកតទៅទៀត។ យើងប្រាក់ខែ ប៉ុណ្ណេះ ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលនឹងត្រូវឡើង បៀវត្សនៅប៉ុន្មានខែទៀត ដែលមិនឱ្យទាប ជាង១លានរៀល ដែលស្មើនឹង២៥០ដុល្លារ សហរដ្ឋអាមេរិក ក៏វាមិនទាន់គ្រប់គ្រាន់ដែរ យើង នៅត្រូវការច្រើនជាងនេះ។ តម្រូវការរបស់ មនុស្ស បាននេះហើយចង់បាននោះ បាននោះ ហើយចង់បាននេះ តម្រូវការមិនឆ្អែតឆ្អន់ទេ ប៉ុន្តែតម្រូវការណាក៏ដោយ ឱ្យវាសមស្របច្បាប់ កុំឱ្យវាខុសច្បាប់”។
ភ្ជាប់ចំណុចនេះហើយ ក្រៅពីបានរំលឹក ឡើងវិញថា ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ (៣កុំ) ដែល តែងតែព្យាយាមរារាំងមិនឱ្យកម្ពុជា ទទួលផលប្រយោជន៍ គឺទី១ កុំផ្តល់ជំនួយឱ្យប្រទេសកម្ពុជា ទី២ កុំមកវិនិយោគនៅកម្ពុជា និងទី៣ កុំឱ្យ ទិញទំនិញពីកម្ពុជា ដែលផ្ទុយស្រឡះពីការខិតខំ របស់សម្តេចក្នុងការខិតខំស្នើសុំបរទេសជួយ (៣សុំ) គឺ១-សុំឱ្យបរទេសជួយ និងផ្តល់ជំនួយ មកកម្ពុជា ២-សុំឱ្យបរទេសមកវិនិយោគនៅ កម្ពុជា និង៣-សុំឱ្យបរទេសជួយទិញទំនិញពី កម្ពុជានោះ។ សម្តេចក៏បានបញ្ជាក់សង្កត់ធ្ងន់ថា អ្វីៗដែលកម្មករ-កម្មការិនីកំពុងទទួលបាននេះ មិនមែនកើតឡើងដោយឯកឯង ដោយទេវតា ប្រទាន ឬដោយបក្សប្រឆាំងនោះទេ តែបាន មកដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺរាជរដ្ឋាភិបាលបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ-កម្មការិនី។ ប្រសិនបើអភិបាលកិច្ចរបស់កម្ពុជា ស្មោកគ្រោក ដូចការលើកឡើងរបស់ក្រុមមនុស្សមួយចំនួននោះ ក៏កម្ពុជាមិនអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ដូចការព្យាកររបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នោះដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្តថា “មកដល់បច្ចុប្បន្ននេះ យើង មានរោងចក្រជា១១០០រោងចក្រហើយ ដែល មានកម្មករប្រមាណជាជាង៧៤ម៉ឺននាក់ ប៉ុន្តែយើង មិនត្រូវភ្លេចថា នៅឆ្នាំ១៩៩៧ ពេលនោះ យើង មានរោងចក្រត្រឹម៦៤តែប៉ុណ្ណោះ ដែលមាន កម្មករចំនួន៨ម៉ឹននាក់។ បើយើងគិតពីចំនួន រោងចក្រដែលមាននៅក្នុងឆ្នាំ៩៧ និងមក ដល់បច្ចុប្បន្នេនេះ វាខុសត្រូវគ្នាច្រើន។ ចំនួន កម្មករដែលមានត្រឹមជាង៨ម៉ឺននាក់ ឥឡូវជិត ៨០ម៉ឺននាក់ គឺជាចំនួនមួយកើន១០ដង។ សម្រាប់ ទំហំនៃការនាំចេញវិញ ឆ្នាំ៩៧ យើងនាំចេញ បានត្រឹមតែ២២៧លានតែប៉ុណ្ណោះ ក៏ប៉ុន្តែដល់ ឆ្នាំ២០១៧ នេះ ក៏មានការនាំចេញកើនឡើង រហូតទៅដល់ ៧ពាន់៥មួយរយ៦៣លាន។ សម្រាប់បៀវត្សរបស់កម្មកររបស់យើង ឆ្នាំ៩៧ ក្មួយមួយចំនួន បានធ្វើការតាំងពីពេលនោះ ដោយ មកទល់ពេលនេះ ២០ឆ្នាំហើយ។ នៅឆ្នាំ៩៧ បៀវត្សរបស់កម្មករអប្បបរមារបស់យើង មាន ត្រឹមតែ៤០ដុល្លារសហរដ្ឋអាមេរិក។ ក្នុងពេល ហ្នឹង ប្រទេសភូមា គឺមានតែ២៥ដុល្លារសហរដ្ឋអាមេរិកទេ ក៏ប៉ុន្តែយើងមិនត្រូវភ្លេចថា មុនឆ្នាំ១៩៩៧ បៀវត្សអប្បបរមារបស់កម្មករ របស់យើង មានទាបជាង៤០ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែយើងយកតួលេខគោលមួយ គឺនៅឆ្នាំ៩៧ ត្រឹមតែ៤០ដុល្លារ តែឥឡូវវាបាន កើនទៅដល់១៥៣ដុល្លារ បូកនឹងអត្ថប្រយោជន៍ ដទៃទៀត គឺកម្មកររបស់យើងទទួលបានច្រើន លើសពី២០០ដុល្លារសហរដ្ឋអាមេរិក…។ ខ្ញុំក៏ គួរតែបញ្ជាក់ជូនចំពោះក្មួយៗកម្មករ-កម្មការិនី ដើម្បីបានជ្រាបថា ជាមួយនឹងកម្ពុជា ដែល កំពុងអនុវត្តនូវប្រាក់បៀវត្សរ៍អប្បបរមា១៥៣ ដុល្លារ នឹងឡើងទៅដល់លើសពី១៦០ដុល្លារ នៅឆ្នាំក្រោយ ប្រទេសមួយចំនួន កំពុងតែប្រកួតប្រជែងជាមួយនឹងយើង ប្រទសបង់ក្លាដេស ដែលនាយករដ្ឋមន្ត្រីរបស់គាត់នឹងមកទស្សនកិច្ច នៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ ប្រទេស នេះមានពលកម្មច្រើនណាស់ តម្លៃកម្មករនៅ ទីនោះត្រឹមតែ៦៧ដុល្លារសហរដ្ឋអាមេរិកទេ ស្រីលង្កា មានត្រឹម៦៧ដុល្លារអាមេរិកដែរ។ ឥណ្ឌា មានត្រឹមតែ៧៧ដុល្លារអាមេរិក ភូមា ឬមីយ៉ាន់ម៉ារ មានត្រឹមតែ៧៩ដុល្លារអាមេរិកទេ ឥណ្ឌូនេស៊ី គឺចែកជាតំបន់ តំបន់ទាប បានត្រឹមតែ៩៩ តំបន់ ខ្ពស់ មាន២៤៩។ ឡាវ បាន១១០ វៀតណាម ចែកជាតំបន់ តំបន់ទាប បានតែ១១៣ និង តំបន់ខ្ពស់ បាន១៦៥។ ប៉ាគីស្ថាន បានតែ១៣៤ ឯចិន មានចែកជាតំបន់ តំបន់ដែលទាប ១៧០ តំបន់ខ្ពស់៦០០។ ថៃ ២៥០ បើគិតតាមប្រាក់បាត ៣១០បាត ក្នុង១ថ្ងៃ ម៉ាឡេស៊ី ៣០០ដុល្លារ សាំងហ្គាពួរ ៨៤០ដុល្លារ។ ហ៊្វីលីពីន មានចែក ជាតំបន់ តំបន់ដែលទាប ១៣៩ដុល្លារ តំបន់ ដែលខ្ពស់ ២៥៧ដុល្លារ។ ដូច្នេះចំណុចនេះ អំពាវ- នាវឱ្យមានការគិតគូរវែងឆ្ងាយ យើងមិនត្រូវ អារកមាន់ សម្លាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេល ទេ ត្រូវរួមគ្នាចិញ្ចឹមមេមាន់ឱ្យបានល្អ ដើម្បី យកពងរបស់វា ឬក៏យកកូនរបស់វាចិញ្ចឹមបន្ត។ ខ្ញុំចង់និយាយថា បើយើងទាមទារថ្លៃពេក ម្ចាស់ រោងចក្រមិនអាចទ្រាំទ្របាន គេនឹងដករោងចក្រពីប្រទេសយើង ទៅកាន់ភូមា គេដករោង- ចក្រពីប្រទេសយើងទៅកាន់ឡាវ គេដកពីប្រទេស យើងទៅប្រទេសបង់ក្លាដេស ឬទៅប្រទេស ឥណ្ឌា ឬទៅប្រទេសផ្សេងៗទៀតនោះ ហើយ ផលវិបាកទៅដល់អ្នកណា? ផលវិបាក គឺ កម្មករអត់មានការងារធ្វើ ជាមួយការបាត់បង់ ប្រាក់ចំណូលទាំងអស់ ដែលខ្លួនបាននិងកំពុង ទទួល។ ដូច្នេះសុំឱ្យមានការពិភាក្សាក្នុងស្មារតី ពិភាក្សាដែលមិនត្រូវភាគីណាមួយយកផល ចំណេញពីការទាមទារឱ្យខាងតែថ្លៃ ដើម្បីយក ប្រជាប្រិយភាពពីក្នុងកម្មករនោះទេ។ ហើយ ម៉្យាងទៀត ក្មួយៗក៏ត្រូវចាំឱ្យបានច្បាស់ ការងារ ដែលក្មួយៗមានធ្វើ ប្រាក់ចំណូលដែលក្មួយកំពុង តែមាន កំពុងតែទទួល មិនមែនធ្លាក់មកពីលើ មេឃទេ ហើយក៏មិនមែនបានមកពីបក្សប្រឆាំង នោះដែរ តែបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងធ្វើការងារគ្រប់ បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគទុនមកកាន់ ប្រទេសរបស់យើង។ ពីការដែលមានរោងចក្រ ត្រឹមបួនដប់ មកកាន់យើងមានរោងចក្រសហគ្រាស ចំនួនជាង១ម៉ឺន ដោយឡែកតែសម្រាប់ ផ្នែកវាយនភណ្ឌ ដេរសម្លៀកបំពាក់ និងដេរ ស្បែកជើង កាត់ដែលមានចំនួនរហូតទៅដល់ជាង ១ពាន់រោងចក្រ មិនមែនជាការងាយទេ រាជរដ្ឋាភិបាលត្រូវប្រឹងច្រើនណាស់ ដើម្បីឱ្យគេ មកវិនិយោគនៅក្នុងប្រទេសរបស់យើង។ ការ កសាងផ្លូវថ្នល់ ការសាងស្ពាន កសាងព្រលាន យន្តហោះ កសាងកំពង់ផែ ដើម្បីឱ្យសម្រួលដល់ ការដឹកជញ្ជូន រាជរដ្ឋាភិបាល បានប្រឹងធ្វើកិច្ចការទាំងអស់នេះ។ ការផ្គត់ផ្គង់អគ្គិសនី សូម្បី តែ២ថ្ងៃនេះ ទំនប់វារីអគ្គិសនីសេសាន ដែល នឹងបញ្ចោញថាមពលអគ្គិសនីមកចំនួន៤០០ មេហ្គាវ៉ាត់ វានឹងបង្កើនសមត្ថភាពដើម្បីបង្កើត រោងចក្របន្ថែមទៀត ផ្តល់សម្រាប់តំបន់ឧស្សាហកម្ម ទៅផ្នែកឧស្សាហកម្ម ទៅផ្នែកសេវា រាប់ ទាំងសណ្ឋាគារ ឬភោជនីយដ្ឋាន ឬរហូតទៅ ដល់វិស័យកសិកម្មផងដែរ…”។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា សម្តេចមាន មហិច្ឆតាធ្វើឱ្យប្រជាពលរដ្ឋមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយសម្តេចជឿជាក់ថា កម្ពុជា អាចនឹងធ្វើបាន។ ដូច្នេះអ្វីដែល សំខាន់ សម្តេចបានអំពាវនាវសុំឱ្យកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែរក្សា សន្តិភាព និងការអភិវឌ្ឍ ដើម្បីឱ្យប្រទេសជាតិ កាន់តែរីកចម្រើន។
នៅក្នុងបរិបទស្រលាញ់សន្តិភាពដដែល សម្តេចហ៊ុន សែន ក៏បានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ទៅមើលគ្រាប់បែកគីមី ដែលបន្សល់ ពីអាមេរិក កាលសម័យសង្គ្រាម នៅខេត្តស្វាយរៀង ដែលកំពុងបង្កការគំរាមកំហែង និងភ័យ ខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ និងស្នើឱ្យគិតពីគ្រាប់បែកលើដីកម្ពុជា ជិត៣ លានតោនផង កុំគិតតែឆ្អឹងទាហាន និងប្រាក់ បំណុលរបស់ខ្លួន គឺមិនត្រូវមកយកតែឆ្អឹងទាហាន របស់ខ្លួន និងទារតែលុយនោះទេ ហើយសម្តេច ក៏មានការជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជា នឹងមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេស ដែលនាំឱ្យប្រទេសមានគ្រោះថ្នាក់នោះទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ឥឡូវខ្ញុំសង្ឃឹមថា រដ្ឋាភិបាល សហរដ្ឋអាមេរិក នឹងពិនិត្យមើលឡើងវិញ ហើយបើសិនជាអាចធ្វើទៅបាន កុំមកយកតែ ឆ្អឹងខ្មោចនៅស្រុកខ្មែរ មកជួយយកគ្រាប់បែក ដែលនៅសេសសល់ពីស្រុកខ្មែរ ទៅវិញផង។ មានគ្រាប់បែក១គ្រាប់ ដូចជាអាហ្នឹងគ្រាប់ បុមប៊ីផង នៅឯខេត្តស្វាយរៀងនោះ កំពុងតែ ផ្អើលគ្រាប់គីមី ព្រោះគិតមកទារលុយ។ ទារ លុយនោះទារអត់ឈប់ ហើយលន់ នល់ មិន ដឹងខ្ចីលុយអាមេរិក យកមកធ្វើអី? ជំពាក់ទារ លុយមិនឈប់ តែរឿងឱ្យយកគ្រាប់បែកទៅ វិញ អត់ព្រមទេ ហើយមកប្រដៅឱ្យធ្វើប្រជាធិបតេយ្យ ប៉ុន្តែមកសម្លាប់ប្រជាជនខ្មែរ អត់ បាននិយាយប្រជាធិបតេយ្យមួយម៉ាត់ទេ។ សង្ឃឹមថា អគ្គរដ្ឋទូតអាមេរិក ដែលបានធ្វើ ដំណើរកម្សាន្តនឹងគេនឹងឯងនៅកំពង់សោម កន្លងទៅ នឹងទៅមើលគ្រាប់បែករបស់ខ្លួន ដែល នៅបន្សល់ទុកនៅឯស្វាយរៀង។ អាហ្នឹងគ្រាប់បែកគីមីតែម្តង សូមឯកឧត្តមអគ្គរដ្ឋទូតអាមេរិក អញ្ជើញទៅមើលផង ហើយថាគួរធ្វើយ៉ាងម៉េច? នេះជាការទទួលខុសត្រូវរបស់អាមេរិក មិនអាច នឹងពន្លែងចោលទេ។ ខ្ញុំសង្ឃឹមថា ឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាមួយនេះ គ្រាប់គីមីនេះ ឥឡូវយើង ត្រូវធ្វើយ៉ាងម៉េច? បើទុកនៅអ៊ីចឹង ក្មេងវាខ្លាច បើបំផ្លាញវា អាគីមីហ្នឹងវាសាយភាយ អ៊ីចឹងត្រូវដោះស្រាយម៉េចអាហ្នឹង? ហើយទូត អាមេរិក ដែលទៅមើលនៅ? នៅទេ អញ្ជើញ គាត់ផង យើងអាជ្ញាធរមីន ទាំងស៊ីម៉ាក់ ទាំង អីហ្នឹង អញ្ជើញអគ្គរដ្ឋទូតអាមេរិក ទស្សនកិច្ច គ្រាប់បែកគីមី ជួយយកទៅស្រុកវិញផង ឬយក ទៅបំផ្លាញចោលនៅសមុទ្រឯណា? តែយក កប៉ាល់អាមេរិក មកដឹក យើងអត់មានដឹកទេ មិនដឹងដឹករបៀបម៉េចទេ។ អាហ្នឹងទុកអ៊ីចឹង ប្រជាជនខ្លាច បើបំផ្លាញវា អាគីមីហ្នឹងវាសាយភាយ។ អ៊ីចឹងទេ អាសាយភាយទៅមនុស្ស អាចស្លាប់ ហើយអាចកើតមេរោគនេះ អាច កើតមេរោគនោះ រហូតទៅដល់កូនក្មេងកើត ឡើងខ្លះឆែបមាត់ ខ្លះដាច់ដៃ ខ្លះដាច់ជើង បង្កើតជាបញ្ហា។ អ៊ីចឹងសម្រាប់ប្រទេសរបស់ យើងមានពិសោធន៍ជូរចត់ហើយសង្គ្រាម ដែល គេបង្កដោយជនបរទេសជាអ្នកបញ្ជាខ្មែរនៅ ខាងក្នុង។ ឥឡូវនេះ ស្ថានភាពប្រហាក់ប្រហែល គ្នានេះ វាជាការច្រំដែលនៃប្រវត្តិសាស្ត្រ តែខ្ញុំជឿជាក់លើប្រជាជនកម្ពុជា ដែលថា មិនទុក ឱ្យប្រទេសរបស់ខ្លួននៅក្រោមឥទ្ធិពលរបស់ បរទេស នៅក្រោមខ្សែញាក់របស់បរទេស ដែលធ្វើឱ្យប្រទេសមានកើតនូវសង្គ្រាម បាត់បង់នូវ សន្តិភាព ដែលវាជាផ្នែកដ៏សំខាន់មិនអាចបេះ ផ្តាច់ចេញពីការអភិវឌ្ឍ។ ដូច្នេះកិច្ចការរួម របស់យើង ត្រូវរួមគ្នាដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលយើងបាននិងកំពុងធ្វើរួចមកហើយ”។
សម្តេចនាយកមន្ត្រី ហ៊ុន សែន ក៏បានស្នើ អភិបាលរាជធានីភ្នំពេញ បង្កើនចំនួនរថយន្តក្រុង ដើម្បីដឹកជញ្ជូនកម្មករនៅក្នុងរាជធានីភ្នំពេញ។ ហើយសម្តេចក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់គិតគូរដល់កម្មករ-កម្មការិនី នៅក្នុងប្រទេសថៃ ឱ្យទទួលបានភាពស្របច្បាប់ និងឱ្យទទួលបានលក្ខខណ្ឌការងារដូចជនជាតិថៃ ផងដែរ៕
កុលបុត្រ