Tuesday, November 26, 2024
Homeតារាខ្មែរម្សិលមិញ គ្រួសារតារាកម្ពុជា ធ្វើឲ្យកក្រើកឆាកន័រតុន

ម្សិលមិញ គ្រួសារតារាកម្ពុជា ធ្វើឲ្យកក្រើកឆាកន័រតុន

នៅថ្ងៃទី២៧ កញ្ញា ម្សិលមិញនេះគ្រួសារតារាកម្ពុជា និងសាកលវិទ្យាល័យន័រតុនបានរួមគ្នាធ្វើការប្រគំតន្ត្រីដើម្បីគន្ធបុប្ផាទ្រង់ទ្រាយធំគួរសម ដោយព្រឹត្តិការណ៍នេះដើម្បីប្រកូកប្រកាសអោយដឹងថានៅថ្ងៃទី២៩ កញ្ញានេះ នឹងមានការបើកព្រឹត្តិការណ៍ធំមួយដើម្បីប្រមូលផ្ដុំតារាល្បីៗនៅលើកម្រាលព្រំរួមគ្នា។ តារាចាស់ថ្មីប្រមាណ១០រូបបានធ្វើអោយឆាកតន្ត្រីនេះមានការចាប់អារម្មណ៍មិនធម្មតា ដោយនៅក្នុងថ្ងៃនោះក៏មាន សកម្មភាពរៃអង្គាសថវិកាពីសំណាក់និស្សិតទាំងមូលបានច្រើនគួរសមណាស់។

តារាដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៧ កញ្ញា នោះ រួមមានលោក នៅ ស៊ីនឿន តារាចម្រៀងហង្សមាស កញ្ញាផន ស្រីខួច តារាចម្រៀងហង្សមាសដូចគ្នា អ្នកនាងស៊ុនណារី ម៉ូនីកា លោកឆឹម សក្កដា ដែលបានប្រែក្លាយពីតារាសម្ដែងទៅជាតារាចម្រៀង Original Song កញ្ញាអ៊ុង នីនិច្ច តារាវ័យក្មេងដែលសំបូរស្ទីលរាំរែកមិនចាញ់តារាចម្រៀង ទេព បូព្រឹក្ស និងតារាចម្រៀងOrginal Song មកពី Cambodian Idol មកពីផលិតកម្មសាស្រ្តា មកពីផលិតកម្មឌីភី និងតារាៗដែលមានបទចម្រៀងផ្ទុះៗនៅលើបណ្ដាញយូធូប។ តារាទាំងចាស់ទាំងក្មេង សុទ្ធតែបានរួមគ្នាអង្រួនវេទិកាតន្ត្រីទាំងមូលអោយមានភាពទាក់ទាញដែលធ្វើព្រឹត្តិការណ៍មួយនេះមានការចាប់អារម្មណ៍។ យ៉ាងណាមិញ ព្រឹត្តិការណ៍មួយនេះគ្រាន់តែបើកបង្ហាញថាសាកលវិទ្យាល័យន័រតុនមានការបើកតាំងពិព័រណ៌ចាប់ពីថ្ងៃទី២៧ កញ្ញា ដោយមានការរៃអង្គាសថវិកា និងការលក់ដូររបស់និស្សិតដើម្បីយកប្រាក់ចំណេញជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែព្រឹត្តិការណ៍ដែលធំរបស់សាកលវិទ្យាល័យមួយនេះ គឺនៅថ្ងៃទី២៩ កញ្ញាឯណោះទេ ដោយសារតែមានវត្តមានសុទ្ធសឹងតែតារាល្បីមកពីផលិតកម្មធំៗ និងតារាល្បីលំដាប់ប្រទេសច្រៀងរាំ និងឈរកាន់ហិបរៃអង្គាសថវិកាដោយផ្ទាល់ដើម្បីអោយប្រមូលលុយរបស់និស្សិតសាកលវិទ្យាល័យន័រតុនកាន់តែបានថវិកាច្រើន។

ព្រឹត្តិការណ៍ត្រូវបានគេស្គាល់ថាមហាវេទិកាសិល្បៈលើកម្រាលព្រំសប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ដោយការប្រគំតន្ត្រីចាប់ពីវេលាម៉ោង២កន្លះ រសៀលនៅបរិវេណសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដោយតារាល្បីរួមមានទាំងតារាកំប្លែង ពិធីករ ពិធីការិនី តារាសម្ដែង និងតារាចម្រៀងល្បីៗរហូតដល់ជិត៨០រូប ស្ម័គ្រចិត្តរួមគ្នានៅថ្ងៃនោះ។ ព្រឹត្តិការណ៍នៅថ្ងៃទី២៩ កញ្ញានោះ ក៏មានការផ្សាយផ្ទាល់ទាំងស្រុងលើផេកPost Komsan ផេកPost News និងផេកគ្រួសារតារាកម្ពុជាផងដែរ៕

RELATED ARTICLES