Wednesday, November 27, 2024
Homeតារាខ្មែរនីតា វរវង្ស សារភាពនាំប្រុសឡើងសណ្ឋាគារ តែខាងប្រុសមិនចាប់អារម្មណ៍

នីតា វរវង្ស សារភាពនាំប្រុសឡើងសណ្ឋាគារ តែខាងប្រុសមិនចាប់អារម្មណ៍

អ្នកសម្ដែងវ័យក្មេងតូចច្រឡឹង នីតា វរវង្ស ដែលជាប្អូនស្រីតារាចម្រៀងវ៉ាឌី ភាលីង ត្រូវបានគេផ្អើលថា ស្រីក្មេងរូបនេះបាននាំប្រុសសង្ហាវ័យក្មេងម្នាក់ចូលសណ្ឋាគារទាំងថ្ងៃចែសតែម្ដង ទើបនាំឲ្យមានការលើកឡើងថា តារារូបនេះចូលចិត្តអូសក្រឡាតែប្រុសសង្ហាៗទៅបន្ទប់ស្ងាត់។

ក្នុងជំនួបផ្ទាល់តារាវ័យខ្ចីល្ហក់រូបនេះ បានឲ្យដឹងថា តាមពិតនាងបានរកវិធីគ្រប់យ៉ាងដើម្បីរកវិធីនាំប្រុសសង្ហាររូបនោះឡើងសណ្ឋារគារមែន តែអ្វីបានត្រឹមតែខកចិត្ត ព្រោះប្រុសដែលនាងស្រលាញ់បាត់មុខមិនបាននោះ បែរជាគ្មានអារម្មណ៍ជាមួយនាងបន្ដិចឡើយ ទើបអ្វីៗបែរជាមិនបានការ។

តារាវ័យក្មេងខ្ចីរូបនេះថ្លែងលាយឡំណើចថា ”តាមពិត រឿងខ្ញុំអូសក្រឡានាំប្រុសឡើងសណ្ឋាគារនោះ ជាការពិតមែន តែស្ដាប់ខ្ញុំ គឺរឿងហ្នឹងមិនមែនខ្ញុំសាហាវទាំងថ្ងៃដល់ថ្នាក់ហ្នឹងទេ គឺគ្រាន់តែជាការថតរឿងប៉ុណ្ណោះ។ ការលេចឮថា ខ្ញុំសាហាវដល់ថ្នាក់នាំប្រុសស្អាតឡើងសណ្ឋាគារនេះ គឺខ្ញុំថតរឿង ”ទូកបាត់ច្រវ៉ា” របស់ប៉ុស្ដិ៍ទូរទស្សន៍ PNN ដែលជាការដឹកនាំសម្ដែងដោយលោកគាំ ចន្ធី ហើយពេលនេះបានដំណើរការជាង៧០%ហើយ។ ក្នុងរឿងនោះខ្ញុំសម្ដែងជាតួអ្នកគ្រូពេទ្យឈ្មោះ ”សោភា” ហើយខ្ញុំបានលង់ស្រលាញ់លោកគ្រូពេទ្យរូបសង្ហាម្នាក់ ឈ្មោះ ”ធារ៉ា” ខ្លាំងណាស់ ដោយខ្ញុំជាតួកាចឆ្នាសឆ្នើម ហើយរកវិធីគ្រប់បែបយ៉ាងដើម្បីឲ្យគ្រូពេទ្យនោះស្រលាញ់ខ្ញុំវិញ។ ថ្ងៃមួយខ្ញុំបានអូសក្រឡានាំលោកគ្រូពេទ្យនោះឡើងសណ្ឋាគារមែន តែមិនបានធ្វើអីស៊ីជម្រៅទេ គឺគ្រាន់តែគ្រូពេទ្យនោះដឹងខ្លួនឡើងវិញ ស្រាប់តែគេគ្មានបានចាប់អារម្មណ៍លើខ្ញុំបន្ដិច​​ហើយមិនខ្ចីប៉ះពាល់ជាមួយខ្ញុំឡើយ។ និយាយទៅរឿងហ្នឹងបានន័យថា ខាងស្រីហ្នឹងចង់ស៊ីខាងប្រុសតែម្ដង… (សើច)។ តួប្រុសលោកមុំ សុធារ៉ា ហ្នឹងខ្ញុំរកវិធីយ៉ាងណា ក៏គេមិនស្រលាញ់ខ្ញុំជាដាច់ខាត ព្រោះអីគេស្រលាញ់តែឌុច លីដា ម្នាក់គត់ អីចឹងខ្ញុំអស់តម្រិះតែម្ដង ចុងក្រោយងាកទៅស្រលាញ់គ្នាជាមួយតួប្រុស លោក ”នីត” វិញ”។

នីតា វរវង្ស បានឲ្យដឹងដែរថា នាងមិនទទួលការថតរឿងបែបស្នេហាស្រើបស្រាលជាច្រើនរឿងមកហើយ ព្រោះថាខ្លាចមានការរិះគន់ច្រើនជាងគាំទ្រ តែនាពេលខាងមុខ ស្រីក្មេងរូបនេះថានឹងពិចារណាក្នុងការថតរឿងបែបក្ដៅសាច់នេះដែរ បើសិនជាបានតម្លៃខ្លួនខ្ពស់មួយដែលអាចឲ្យហ៊ានប្រថុយនោះ។

តារាវ័យក្មេងរូបនេះបន្ថែមថា ”មានផលិតករច្រើនដែរ ដែលធ្លាប់ទាក់ទងខ្ញុំឲ្យសម្ដែងរឿងបែបមានឈុតស្នេហាស្រើបស្រាលហ្នឹង តែខ្ញុំអត់ទាន់ហ៊ានទេបង និយាយទៅម៉ាក់ខ្ញុំ គាត់មិនចង់ឲ្យថតដែរ ដោយសារតែកន្លងមក គេដឹងថា ខ្ញុំហ្នឹងស្លូតស្រគ់ស្រគំអីចឹង ហើយបើទៅថតឱបថើបខ្លាំងពេកទៅ អីចឹងខ្លាចតែគេមិនចូលចិត្តយើង តែខ្ញុំក៏មិនបិទថា មិនថតទាំងស្រុងដែរ ព្រោះថាបើបានតម្លៃខ្លួនដល់ គឺយើងអាចពិចារណាសិន ចាំគិតទៀត”។

នីតា វរវង្ស បានលេចមុខតាមភាពយន្ដមួយចំនួននាពេលចុងក្រោយនេះ ពិសេសគឺប៉ុស្ដិ៍លេខ៥ តែងតែហៅនាងថតរឿងថ្មីជាហូរហែ ដូចជារឿង ”នេះឬជីវិត?” ជាដើម ហើយនាពេលខាងមុខនេះ នីតា វរវង្ស ក៏ត្រៀមថតរឿងខ្នាតធំមួយទៀត គឺរឿង ”កូនក្រក”។

តារាវ័យក្មេងរូបនេះបន្ថែមទៀតថា ”ខ្ញុំថតកុនតាំងពីអាយុ១២ឆ្នាំ តែបានផ្អាកមួយរយៈហើយ ទើបតែប្រឡូកពេញទំហឹងវិញ នៅ៥ឆ្នាំចុងក្រោយនេះ។ នៅចុងឆ្នាំនេះ ខ្ញុំបានទទួលការងារសិល្បៈជាច្រើនជាងឆ្នាំមុន ហើយនាពេលបន្ដិចទៀតនេះ ខ្ញុំនឹងបញ្ចេញស្នាដៃថ្មីៗផងដែរ”៕

នីតា វរវង្ស និងលោកមុំ សុទ្ធារិទ្ធ ពេលថតរឿង “ទូកបាត់ច្រវា”
RELATED ARTICLES