ភ្នំពេញ ៖ ស្រ្តីម្នាក់ខណៈដែលកំពុងលង់លក់ក្នុងដំណេក ត្រូវបានជនដៃដល់លបលួចចូលទៅប៉ុនប៉ងវាយប្រហារសម្លាប់ផ្តាច់ជីវិត តែមិនបានសម្រេច បណ្តាលឲ្យរងរបួសបែកមុខហូរឈាមកក្លាក់ ប្រឡាក់ពេញបន្ទប់ សង្ស័យជារឿងឃាតកម្ម បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៣១ ក្រុម១២ ផ្លូវលេខ៦BT ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ស្រ្តីរងគ្រោះមានឈ្មោះ គឹម សុផុនវឌ្ឍនា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះខាងលើ មានប្តីឈ្មោះ ត្រាង ទី អាយុ៤៨ឆ្នាំ ជាពាណិជ្ជករ មានកូន២នាក់ ប្រុសម្នាក់អាយុ៤ឆ្នាំ ស្រីម្នាក់អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ។
តាមសម្តីបុរសជាប្តី បានឲ្យដឹងថា គ្រួសាររបស់គាត់មិនដែលមានទំនាស់ជាមួយអ្នកណាឡើយ ហើយមុនកើតហេតុ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០១ ខែតុលា គាត់បានភ្ញាក់ពីដំណេក ត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទំនាក់ទំនងការងារ ដោយឲ្យជំនួយការបើករថយន្តមកទទួល ជិះចាកចេញទៅ ដោយមិនបានចាក់សោទ្វារ បន្ទប់ ផ្ទះ គ្រាន់តែដាក់គន្លឹះទ្វាររបងមុខ ហើយក៏ជិះរថយន្តចាកចេញទៅ លុះដល់វេលាម៉ោង៤និង៣០នាទី ស្រាប់តែកូនស្រីទូរស័ព្ទប្រាប់ថាម្តាយ មានឈាមប្រឡាក់ពេញមុខ ពេញខ្លួនលើពូក ទើបវិលត្រឡប់មកផ្ទះវិញ ឆោឡោ ក្រោយពីបានឃើញប្រពន្ធក្នុងស្ថានភាពរបួសធ្ងន់បែបនេះ ប្រញាប់ប្រញាល់ដឹកបញ្ជូនទៅគ្លីនិក តាមរថយន្តរបស់ខ្លួន រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ។
ករណីខាងលើសង្ស័យជាករណីឃាតកម្ម វាយសម្លាប់ តែមិនបានសម្រេច រងរបួសធ្ងន់ធ្ងរ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ-ក្រុងចុះទៅពិនិត្យ កោសល្យវិច័យ រកឃើញសម្ភារៈបន្សល់ទុក ពិលពាក់ក្បាលសន្តិសុខពិភពថ្មី១ ខ្សែក្រវ៉ាត់របស់សន្តិសុខពិភពថ្មី១ ខាងក្បាលប្រឡាក់សុទ្ធតែឈាម មួកសន្តិសុខ១ ស្បែកជើងផ្ទាត់មួយចំហៀង ហើយក្រោយពីពិនិត្យកោសល្យវិច័យរួច សមត្ថកិច្ចឈានទៅដល់ឃាត់ខ្លួនសន្តិសុខបុរីពិភពថ្មីចំនួន៦នាក់ទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ហើយក្នុងចំណោមមនុស្ស៦នាក់ មាន២នាក់ តេស្តទឹកនោម ឃើញផ្ទុកសារធាតុញៀន សមត្ថកិច្ចបន្តស្រាវជ្រាវបន្តទៀត ៕