Wednesday, November 27, 2024
Homeតារាខ្មែរកែវ សុបញ្ញា មិនមានគម្រោងចេញទៅថោន ស្របពេលកំពុងសម្តែងតួកាចក្នុងរឿង "រាជិនីភូមិគ្រឹះ"

កែវ សុបញ្ញា មិនមានគម្រោងចេញទៅថោន ស្របពេលកំពុងសម្តែងតួកាចក្នុងរឿង “រាជិនីភូមិគ្រឹះ”

អតីតបេក្ខភាព The Voice Cambododia រដូវកាលទី១​ កែវ សុបញ្ញា ដែលបរាជ័យក្នុងការលើកពាន ព្រោះមិនអាចយកឈ្នះប៊ុត សីហា នោះ អាចឈានចូលទៅជ្រកកោននៅផលិតកម្ម We Production បានដោយងាយ បើទោះជាពិបាកក្នុងការដណ្ដើមភាពលេចធ្លោក្ដី ប៉ុន្តែរហូតមកដល់ពេលនេះ តារាសាច់សខ្ចីរូបនេះមានទីផ្សារគ្រាន់បើ ដោយត្រូវហង្សមាស រៀបចំឲ្យច្រៀងតាមបណ្ដា Concert ធំៗ ដូចតារាជួរមុខរបស់ខ្លួនដែរ ហើយសុបញ្ញា មានតម្លៃខ្លួនជិត១ពាន់ដុល្លារ ក្នុង១កម្មវិធី។ ទោះជាយ៉ាងណា មានព័ត៌មានថា កែវ សុបញ្ញា ដែលមានភាពស្និទ្ធស្នាលជាមួយអតីតអ្នកចាត់ការផលិតកម្មរស្មីហង្សមាស លោកអ៊ិន ទីតូ និងឈិត សុវណ្ណបញ្ញា ត្រូវបានគេលើកឡើងថា តារាចម្រៀងរូបនេះនឹងឈានចូលផលិតកម្មថោន តាមសុវណ្ណបញ្ញា ជាមិនខាន ប្រសិនបើហង្សមាស នៅតែមិនព្រមធ្វើបទចម្រៀងឲ្យនាងដិតដល់លើទីផ្សារនោះ។

ប្រភពបានឲ្យដឹងថា សុបញ្ញា ត្រូវបានមិត្តភក្ដិជិតដិតនាងផ្តល់យោបល់ឲ្យទៅច្រៀងនៅថោន តាមអតីតតារារួមក្រុម តែពេលនេះស្រីស្រស់ហាក់នៅមានភាពស្ទាក់ស្ទើរក្នុងចិត្តព្រោះថាខ្លាចទៅទ្រនំថ្មី ពិបាករស់នៅជាងទ្រនំចាស់។

ក្នុងជំនួបជាមួយកែវ សុបញ្ញា តារាចម្រៀងរូបនេះនិយាយមួយៗថា នាងហាក់ដូចជាគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មនៅពេលនេះឡើយ ព្រោះពេលនេះមានការងារច្រើននៅហង្សមាស តែពេលខាងមុខ យ៉ាងណានោះ គឺនាងមិនអាចមើលឃើញទេ។

តារាតូចច្រឡឹងរូបនេះបានឲ្យដឹងថា ”ខ្ញុំនៅហង្សមាស គ្មានបញ្ហាអីទេ បទចម្រៀងមានចេញជាហូរហែដែរ អីចឹងខ្ញុំគ្មានបំណងទៅផលិតកម្មថ្មីនៅពេលហ្នឹងឡើយ។ ចំពោះការរាប់អានជាមួយបងអ៊ិន ទីតូ និងបងឈិត សុវណ្ណបញ្ញា ជារឿងផ្សេង ហើយនៅតែបន្ដរាប់អានគ្នាធម្មតាដូចមុនអីចឹង បើទោះជាយើងធ្វើការនៅផលិតកម្មផ្សេងគ្នាក្ដី។ មានគេសួរខ្ញុំថា តើខ្ញុំមានចង់ទៅតាមបងបញ្ញា និងបងទីតូ អត់? គឺមានគេសួរខ្ញុំច្រើនដែររឿងហ្នឹង តែខ្ញុំនិយាយថា ខ្ញុំនៅតែជាតារាចម្រៀងរបស់ហង្សមាស អីចឹង។ និយាយទៅ នៅហង្សមាស គាត់បានឲ្យបទចម្រៀងខ្ញុំច្រៀងច្រើនដែរ ហើយ Concert ក៏មានជាហូរហែដែរ អីចឹងពេលនេះខ្ញុំគ្មានបញ្ហាអីទេ”។

កែវ សុបញ្ញា ក៏មិនខុសពីតារាស្រីមួយចំនួនរបស់ផលិតម្មរស្មីហង្សមាស ដែរ គឺត្រូវទ្រនំនេះផ្ដល់ឱកាសឲ្យនាងងាកទៅសម្ដែងក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ហង្សមាស គឺរឿង ”រាជិនីភូមិគ្រឹះ” ដែលសុបញ្ញា ជាតួអង្គសំខាន់ម្នាក់ ហើយតួឯក ត្រូវធ្លាក់ទៅលើសុគន្ធ និសា និងសុខ ស្រីនាង ខណៈដែលតួឯកប្រុស ធ្លាក់ទៅលើលោកហ្សូណូ និងលោកណុប បាយ៉ារិទ្ធ ។

អ្នកចម្រៀងហង្សមាសរូបនេះ និយាយដោយសប្បាយរីករាយថា ”ខ្ញុំសម្ដែងរឿងថ្មីរបស់ហង្សមាស មែន គឺរឿង ”រាជិនីភូមិគ្រឹះ” ជិតចប់ហើយ ដែលនេះជាលើកទី១សម្រាប់ខ្ញុំ ក្នុងការថតភាពយន្ដ។ ក្នុងរឿងនេះខ្ញុំសម្ដែងជាតួកាច ហើយថ្វីត្បិតតែមិនបានជាតួឯកមែន តែខ្ញុំមានសកម្មភាពច្រើនក្នុងរឿងនេះតាំងពីដើមដល់ចប់។ ចំពោះខ្ញុំពេញចិត្តក្នុងការថតភាពយន្ដជាតួកាច តែខ្ញុំក៏អាចថតជាតួស្លូតបានដែរ និយាយទៅ គឺអាចលេងបានទៅតាមតម្រូវការរបស់អ្នកដឹកនាំរឿង។ ខ្ញុំស្រលាញ់អាជីពចម្រៀងជាងសម្ដែង តែពេលនេះ គឺចង់ប្រឡូកទាំង២ព្រមគ្នាតែម្ដង។ ខ្ញុំសង្ឃឹមថា ពេលរឿងនោះចេញទៅ ខ្ញុំនឹងមានគេស្គាល់ច្រើនជាងនេះ ព្រោះរឿងនេះល្អមានការរៀបចំទីតាំងដូចសម័យអាណានិគមបារាំង ក្រុមការងារហង្សមាស មានការសហការគ្នាបានល្អ អីចឹងខ្ញុំគិតថា នឹងប្លែកជាមិនខាន”។

កែវ សុបញ្ញា និងឱក សុគន្ធកញ្ញា

កែវ សុបញ្ញា អាយុ២៦ឆ្នាំ កម្ពស់១,៦២ម៉ែត្រ ​ទម្ងន់៤៤គ.ក្រ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ តារារាងតូចច្រឡឹងម្នាក់នេះមិនធ្លាប់មានរឿងអាស្រូវស្នេហាឡើយ តែគេជឿថា នារីដែលមានរូបសម្រស់គួរឲ្យទាក់ទាញដូចរូបបញ្ញា នេះនឹងមិនទុកបេះដូងឲ្យនៅទំនេរទេ គឺគ្រាន់តែនាងលាក់សង្សារប៉ុណ្ណោះ ព្រោះខ្លាចប៉ះរឿងអាស្រូវស្នេហាជាងអាជីពចម្រៀង។

សុបញ្ញា ស្ថិតក្នុងចំណោមតារាស្រីហង្សមាស ដែលទ្រនំនេះផ្ដល់ឲ្យថតភាពយន្ដ មានដូចជា សុគន្ធ និសា, សុខ ស្រីនាង, រ៉េត ស៊ូហ្សាណា, ប៉ាច គីមមួយ, សួស វីសា, វី ឌីណែត ជាដើម។

ទស្សនិកជនរង់ចាំមើលថា ស្រីស្អាតដូចកែវ សុបញ្ញា គេចផុតពីកណ្ដាប់ដៃប្រុសអ្នកមានទ្រព្យបានដែរឬអត់? ខណៈដែលពេលនេះមានប្រុសអ្នកមានអំណាចមិនតិចឡើយដែលតាមឆ្វែលនារីមន្ដស្នេហ៍ដែលធ្វើតួកាច ក្នុងរឿង ”រាជិនីភូមិគ្រឹះ”៕

RELATED ARTICLES