Tuesday, November 26, 2024
Homeនយោបាយសម្តេចហ៊ុន សែន ព្រមានអ្នកពាក់ព័ន្ធលោកកឹម សុខា

សម្តេចហ៊ុន សែន ព្រមានអ្នកពាក់ព័ន្ធលោកកឹម សុខា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សំណុំរឿងលោកកឹម សុខា ប្រធានគណបក្សប្រឆាំង មិនទាន់បិទបញ្ចប់ទេ ព្រោះជាសំណុំរឿងនេះ បានរៀបចំឡើងជាប្រព័ន្ធ។ សម្តេចព្រមានថា នឹងចាប់ខ្លួនមនុស្សមួយចំនួនទៀត ដែលបានរួមគំនិត “ក្បត់ជាតិ” ជាមួយលោកកឹម សុខា ដើម្បីផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសណ្ឋាគារ សុខា ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៧។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “យើងមិនអនុញ្ញាត និងផ្តល់ឱកាសឱ្យនរណាក៏ដោយ ដែលបំផ្លាញដល់សន្តិសុខជាតិរបស់យើងនោះទេ យើងមិនផ្តល់ឱកាសដាច់ខាត ហើយយើងកំពុងធ្វើសកម្មភាពបន្តទៅទៀត មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ សូមផ្តាំឱ្យហើយ មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ ព្រោះនេះជាការរៀបចំ និងធ្វើសកម្មភាពជាប្រព័ន្ធតែម្តង។ ដូច្នេះប៉ុណ្ណេះ អ្នកដទៃអាចយល់បាន ហើយក៏កំពុងតែប្រើភាព ជម្លើយនៅតំបន់៣ខេត្តរួចហើយ កំពង់ធំ ព្រះវិហារ និងម្សិលមិញនៅសៀមរាប ហ្នឹងតែម្តង។ ប៉ុន្តែសុំបញ្ជាក់ជូនឱ្យហើយ មិនទាន់បញ្ចប់ត្រឹម ចាប់មនុស្សម្នាក់ទេ រឿងវាមានសំណុំរបស់វា  ការរៀបចំសកម្មភាពជាប្រព័ន្ធ។ យើងមិន អនុញ្ញាតឱ្យអ្នកឯងបន្តនូវអំពើក្បត់ និងបំផ្លាញ ជាតិ បំផ្លាញសន្តិសុខនោះទេ។ មានសន្តិភាព ទើបមានការអភិវឌ្ឍ នោះហើយវាជាតម្រូវការ ដើម្បីរក្សានូវសន្តិភាពមកវិញ។ មិនត្រូវគិតថា អ្នកឯងគិតធ្វើអ្វីតាមចិត្ត ហើយធ្វើជាខ្ញុំបម្រើ បរទេស ដើម្បីមកបំផ្លាញខ្មែរនោះទេ មិនអនុញ្ញាតដាច់ខាតហើយ យើងហ៊ានធ្វើ ហ៊ានប្រឈមគ្រប់បញ្ហា មិនអាចឱ្យអ្នកធ្វើឧទ្ទាមក្នុងទីក្រុងទេ ខ្ញុំសុំព្រមាន និងសុំប្រាប់ឧទ្ទាមក្នុងព្រៃ វាជារឿងមួយ ឧទ្ទាមក្នុងទីក្រុង ដោយធ្វើបដិវត្តន៍ពណ៌ មិនអនុញ្ញាតដាច់ខាតហើយ។ អ្នកឯងបាន ធ្វើ ហើយក៏បានបរាជ័យ តែក៏បានត្រៀមធ្វើ តទៅទៀត។ ឥឡូវយើងមិនអនុញ្ញាតឱ្យឧទ្ទាម ទីក្រុងបន្តបំផ្លិចបំផ្លាញសន្តិសុខជាតិនោះទេ។ គេលើកដៃប្រហារជីវិតខ្ញុំ តាមរយៈដាក់បង្កៃ គ្រាប់បែក៤គ្រាប់ ដែលអាចថា គ្មានឆ្អឹងគ្មាន ឆ្អែងទេ បើសិនជាវាផ្ទុះទាំង៤គ្រាប់ មិនចាំបាច់ ត្រូវទេ គ្រាន់តែវាផ្ទុះនៅកន្លែងហ្នឹង គឺវាគ្រប់គ្រាន់ដើម្បីការស្លាប់ហើយ។ ម៉េចក៏គេអាចធ្វើ បាន រីឯខ្ញុំគ្រាន់តែអនុវត្តច្បាប់ ដែលច្បាប់បានចែងថា អំពើក្បត់ជាតិ វាត្រូវមានទោសបែបណា ម៉េចក៏ខ្ញុំធ្វើមិនបាន? ហើយខ្ញុំធ្វើមិនមែនដើម្បីជីវិតខ្ញុំម្នាក់ទេ ដើម្បីសេចក្តីសុខ របស់ប្រទេសមួយ ប្រជាជាតិមួយ ហើយក៏ដើម្បី ឯករាជ្យភាព ប្រជាធិបតេយ្យរបស់ប្រទេសមួយដែរ ម៉េចក៏យើងធ្វើមិនបាន? គេទម្លាក់ គ្រាប់បែកលើប្រទេសរបស់យើង សម្លាប់ប្រជាជន យើងរាប់សែន ឬរាប់លាននាក់ ម៉េចក៏គេធ្វើបាន? អង្គការសហប្រជាជាតិ ទទួលស្គាល់ខ្មែរក្រហម ឱ្យអង្គុយនៅអង្គការសហប្រជាជាតិ ម៉េចក៏គេធ្វើបាន? ឯខ្ញុំគ្រាន់តែដឹកនាំ ដើម្បីអនុវត្តច្បាប់ ការពារនូវសន្តិសុខជាតិ ការពារឯករាជ្យ អធិបតេយ្យរបស់ប្រទេស ម៉េចក៏ធ្វើ មិនបាន? នេះជាចំណុចដែលត្រូវចោទសួរ ប៉ុន្តែ យើងនឹងបន្តធ្វើដោយគ្មានរារែក គ្មានញញើត ជាមួយអ្វីទាំងអស់ ដើម្បីការរស់រានមានជីវិត ការគង់វង្សនូវសមិទ្ធផលដែលយើងរកបានដោយ លំបាក មិនមែនជាការងាយស្រួលទេ ទម្រាំបានប៉ុណ្ណេះ”។

កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ចំៗថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ ដែលជាប់ពាក់ព័ន្ធនឹង ករណីលោកកឹម សុខា បានចេញពីកម្ពុជា ឆ្លង ដែនចូលទឹកដីថៃ។ បើតាមសម្តេចហ៊ុន សែន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបាន ឆ្លងដែនទៅថៃនោះ គឺមានឈ្មោះនៅក្នុងបញ្ជី ពាក់ព័ន្ធនឹងករណីប្រធានបក្សប្រឆាំង កាលពី ឆ្នាំ២០១៣។

រហូតមកដល់ពេលនេះ ខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម កំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” នោះ មានថ្នាក់ដឹកនាំតំណាងរាស្ត្រ របស់គណបក្ស ប្រឆាំងមួយចំនួន រួមមានលោកអេង ឆៃអ៊ាង អនុប្រធានគណបក្ស និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល និងលោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ជាដើម កំពុងស្ថិត នៅក្រៅប្រទេសនៅឡើយ ដោយមិនទាន់ចូល ក្នុងប្រទេសវិញឡើយ។

ចំណែកនៅក្នុងប្រទេស ក្នុងនាមជាអនុប្រធានគណបក្ស លោកស្រីមួរ សុខហួរ បានធ្វើសកម្មភាពជួបសំណេះសំណាលជាមួយក្រុម ប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោត និងប្រជាពលរដ្ឋ គាំទ្រគណបក្សសង្គ្រោះជាតិ នៅតាមបណ្តា ខេត្តលើកឡើងពីស្ថានភាពនយោបាយបច្ចុប្បន្ន ជំនួសឱ្យលោកកឹម សុខា ដែលជាកំពុងជាប់ ពន្ធនាគារ ហើយបន្តទាមទារឱ្យមានការដោះលែងលោកកឹម សុខា ជាបន្ទាន់ ដោយគ្មាន លក្ខខណ្ឌផងដែរ។

ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រីមួរ សុខហួរ បញ្ជាក់ថា មានតែគណបក្សសង្គ្រោះជាតិ ទេ ដែលនឹងបើកឱ្យមានយុត្តិធម៌នៅក្នុងការអភិវឌ្ឍ ដោយមិនមែនជាការធ្វើបដិវត្តន៍ទេ។ ប៉ុន្តែជា នយោបាយ គណបក្សសង្គ្រោះជាតិ នៅតែ ទាមទារឱ្យដោះលែងលោកកឹម សុខា ប្រធានគណបក្សជាបន្ទាន់ ដោយអត់លក្ខខណ្ឌ ហើយក៏ជំរុញប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់គ្នា ព្រោះមានតែការបោះឆ្នោត ត្រឹមត្រូវ សេរី និងយុត្តិធម៌ទេ ទើបអាចប្តូរ អ្នកកាន់អំណាច រាប់សិបអាណត្តិ ឬអាចប្តូរអ្នក ផ្តាច់ការបាន។

ថ្លែងនៅក្នុងពេលចុះទៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រីមួរ សុខហួរ បញ្ជាក់ថា បេសកកម្ម ដ៏ធំធេងរបស់គណបក្សសង្គ្រោះជាតិ ជាប្រវត្តិសាស្ត្រចំពោះជាតិ រឹតតែធំទៅៗ ពីមួយអាណត្តិ ទៅមួយអាណត្តិ ដោយសារសំឡេងប្រជាពលរដ្ឋគាំទ្រ ដែលបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ កាន់តែច្រើនទៅៗ គឺមិនដែលថយសំឡេងទេ។

ចំណែកថ្លែងនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ លោកស្រីមួរ សុខហួរ បញ្ជាក់ស្រដៀងនឹងការថ្លែងនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារដែរ ពិសេសគឺការទាមទារ ឱ្យដោះលែងលោកកឹម សុខា ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។

បើទោះបីមិនបានបញ្ជាក់ចំឈ្មោះ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងន័យព្រមានថា ការថ្លែងរបស់តំណាងរាស្ត្រគណបក្សប្រឆាំង នៅខេត្តទាំងបីនោះ ជាការថ្លែងក្នុងភាពជម្លើយ។

គួរបញ្ជាក់ដែរថា នៅក្នុងឱកាសអញ្ជើញ សម្ពោធសណ្ឋាគារផ្កាយ៥ សុខាសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបានសម្តែង នូវក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផល សណ្ឋាគាររបស់ក្រុមហ៊ុនសុខ គង់ ចំនួន២ គឺ សណ្ឋាគារសុខា លំដាប់ផ្កាយ៥ ដែលមាន៧៧២ បន្ទប់ និងសណ្ឋាគារសុខាផាឡែស លំដាប់ ផ្កាយ៤ មាន៤៤៧បន្ទប់ នៅក្នុងខេត្តសៀមរាប ដែលជាសណ្ឋាគារធំជាងគេក្នុងប្រទេស ដែល កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើ វិស័យទេសចរណ៍ និងសម្រាប់ការទទួលនូវ បដិសណ្ឋារកិច្ច នៃថ្នាក់ដឹកនាំនានាក្នុងកិច្ចប្រជុំ ផ្សេងៗ ហើយសម្រាប់កិច្ចប្រជុំអាស៊ាន ឆ្នាំ ២០២២ គឺនឹងយកសណ្ឋាគារនេះតែម្តង។ សម្តេច ក៏បានបញ្ជាក់ថា ភាពរីកចម្រើននៃវិស័យទេសចរណ៍នេះ គឺដោយសារតែកម្ពុជា ទទួលបាន នូវសុខសន្តិភាព។ បើគ្មានសន្តិភាពទេ ក៏មិន- មានការអភិវឌ្ឍ ហើយវិស័យទេសចរណ៍នោះ ក៏មិនមានការរីកចម្រើនដែរ។ ដូច្នេះដើម្បីចូល រួមចំណែកជំរុញវិស័យនេះ សម្តេចបានផ្តល់ អនុសាសន៍សំខាន់ ចំនួន២ គឺ ៖

១-រួមគ្នាថែរក្សា ការពារសន្តិភាព ជាពិសេសតំបន់ទេសចរណ៍ការពារសុវត្ថិភាពដល់ ភ្ញៀវទេសចរណ៍ គ្រប់ប្រភេទ សណ្តាប់ធ្នាប់សង្គម ជាពិសេស ការទប់ស្កាត់បញ្ហាគ្រឿងញៀន នៅ តំបន់ទេសចរណ៍ និងនៅទូទាំងប្រទេស ដើម្បី ធានាឱ្យបាននូវសេចក្តីសុខ សុវត្ថិភាពរបស់ភ្ញៀវ ទេសចរគ្រប់ទិសទី។

២-ត្រូវអភិវឌ្ឍវិស័យទេសចរណ៍ តាមគោលដៅរបស់ក្រសួងទេសចរណ៍ ដែលបាន ដាក់ចេញក្នុងការជំរុញវិស័យទេចរណ៍ ឱ្យកាន់តែល្អប្រសើរ ដូចជាការការអភិវឌ្ឍតំបន់ទេសចរណ៍ ការធ្វើបដិសណ្ឋារកិច្ច និងការផ្តល់សេវា ទេសចរណ៍ល្អជាដើម។ ពោលគឺទាក់ទងទៅ នឹងវិស័យទេសចរណ៍នេះ សម្តេចនៅតែបន្តជំរុញឱ្យមានការនាំចេញនៅនឹងកន្លែង ក្នុង គោលដៅទេសចរណ៍ ដើម្បីកាត់បន្តយភាពក្រីក្រ គឺប្រជាពលរដ្ឋ អាចបម្រើសេវាកម្មជាច្រើន ដល់ ភ្ញៀវទេសចរ ដូចជាសេវាស្នាក់នៅ ចំណីអាហារ វត្ថុអនុស្សាវរីយ៍ តាមរយៈការផលិត និងផ្តល់ ចេញពីតំបន់ទេសចរណ៍ផ្ទាល់តែម្តង។ ប៉ុន្តែក្នុង ន័យនេះ សម្តេចក៏បានស្នើឱ្យសេវាកម្មទាំងឡាយមានគុណភាព រួមទាំងចំណីអាហារ ត្រូវ ឱ្យមានអនាម័យ និងសុវត្ថិភាពល្អ ដើម្បីឱ្យ ភ្ញៀវមកម្តងហើយ ចង់មកម្តងទៀត ជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាច្រើនថែមទៀត ហើយកម្ពុជា ក៏កំពុងជំរុញក្នុងការផ្តល់ទិដ្ឋាការ  9ស្វិបា ដល់ទេសចរ នៅពេលដែលចុះចតតែម្តង ដើម្បីឱ្យកាន់តែងាយស្រួលដល់ការធ្វើដំណើរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន បញ្ជាក់ដែរថា ការប្រើប្រាស់រូបិយប័ណ្ណ ក៏ជា ចំណុចខ្លាំងរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដូច្នេះទោះមានការបន្តុះបង្អាប់ មួយចំនួនមករាជរដ្ឋាភិបាល មិនមានឯករាជ្យ លើការប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ខ្លួនក៏ដោយ  ក៏លើពិភពលោកនេះ មិនទាន់មានប្រទេសណា ប្រើប្រាស់ដាច់ខាតលើរូបិយប័ណ្ណរបស់ពួកគេ នោះទេ។ ម៉្យាងទៀត ការឱ្យចរាចររូបិយប័ណ្ណ ច្រើននេះ គឺបានអនុញ្ញាតឱ្យភ្ញៀវទេសចរអាច កាន់រូបិយប័ណ្ណរបស់ពួកគេមកកម្ពុជា ដោយ មិនបាច់ប្តូរប្រាក់នោះឡើយ ហើយការលើក ឡើងបែបនេះ មិនមែនមានន័យមិនលើកកម្ពស់ លុយរៀលនោះទេ។

បន្ថែមលើនេះ សម្តេចហ៊ុន សែន ក៏បាន ថ្លែងថា តាមរយៈចំនួនអ្នកទេសចរនេះ គឺបាន រួមចំណែកខ្លាំងដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ព្រោះថា អ្នកទេសចរបានហូបចុកច្រើន ដែលជាការផ្តល់ចំណែកទីផ្សារ ដ៏ធំសម្រាប់កសិផលរបស់ខ្មែរ។ សម្តេចយល់ ថា ការផ្គត់ផ្គង់កសិផលទៅតាមសណ្ឋាគារ និងតាមកន្លែងទេសចរណ៍ គឺជាចរន្តផ្គត់ផ្គង់កសិផល នៅនឹងកន្លែង។ ដូច្នេះសម្តេចឱ្យបំផុសកសិករ ធ្វើការដាំដុះ ហើយជំរុញការនាំចូលទៅតាម សណ្ឋាគារ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ហើយសម្តេចអំពាវនាវឱ្យបង្កើនសុវត្ថិភាពចំណីអាហារ ដោយមិនត្រូវបណ្តោយឱ្យភ្ញៀវបរិភោគ ហើយ ត្រូវរាករូសនោះទេ គឺសុំឱ្យប្រជាពលរដ្ឋបញ្ឈប់ ការទិញបន្លែបង្ការ មានជាតិគីមី ដើម្បីបញ្ចប់ ការនាំចូលបន្លែបង្ការមានជាតិគីមី ហើយមុននឹង ទិញ ត្រូវពិនិត្យឱ្យបានច្បាស់។ ក្នុងចំណុចនេះ សម្តេចអំពាវនាវ ឱ្យជំរុញការដាំដុះបន្លែបង្ការ គ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់នៅតាមសណ្ឋាគារ  និងកន្លែងផ្តល់សេវាកម្មទេសចរណ៍ និងអំពាវនាវ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវធ្វើការងារជាមួយកសិករ ដើម្បីបង្កើតជា ក្រវាត់បៃតង តាមរយៈការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វជាដើម។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា គ្មានវិនិយោគិន ណាមកវិនិយោគឬទេសចរណាមកលេងប្រទេសកម្ពុជាទេ ប្រសិនបើប្រទេសមួយនេះ នៅមានសង្គ្រាម។ ទន្ទឹមនឹងការរីកលូតលាស់ផ្នែកសណ្ឋាគារ សម្តេចក៏បានលើកទឹកចិត្តឱ្យគិតគូរដល់ការវិនិយោគព្រលានយន្តហោះថ្មីៗ ដើម្បីបម្រើការ ហោះហើរដោយយន្តហោះធំៗធ្ងន់ៗ ទាំងនៅក្នុង ខេត្តសៀមរាប ភ្នំពេញ និងខេត្តព្រះសីហនុ។ ស្របគ្នានេះដែរ ការតភ្ជាប់ទាំងផ្លូវគោក និង ផ្លូវទឹក ជាពិសេសជាមួយប្រទេសជិតខាង ក៏ ត្រូវជំរុញរៀបចំឱ្យបានល្អប្រសើរថែមទៀត ដោយបានខិតខំជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនទៅមុខ ដែលពីមុន កម្ពុជា មានតែ (០) ទេសចរណ៍ តែពេលនេះ កម្ពុជាទទួលភ្ញៀវទេសចរណ៍ជាង៥លាននាក់ ក្នុង១ឆ្នាំៗ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណក្រុមហ៊ុន អាជ្ញាធរខេត្ត ដែលបានវិនិយោគលើសណ្ឋាគារនេះឡើង ដើម្បីបម្រើវិស័យទេចរណ៍ និង អរគុណដល់ក្រសួងទេសចរណ៍ អាជ្ញាធរ និងក្រសួងវប្បធម៌ ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យ ទេសចរណ៍វប្បធម៌នេះ ឱ្យកាន់តែរីកចម្រើនខ្ពស់ឡើង៕

កុលបុត្រ

RELATED ARTICLES