កញ្ញាខ្លឹម ស្រីគា បវរកញ្ញា MISS GRAND CAMBODIA 2017 នឹងចេញដំណើរក្នុងនាមតំណាងបេក្ខភាពកម្ពុជា ក្នុងកម្មវិធីប្រកួត MISS GRAND INTERNATIONAL 2017 កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ នឹងឈានចូលនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះហើយ នៅ Vinpearl Phu Quoc Resort & Villas Convention Hall កោះភូកុក ឬកោះត្រល់ ក្រោមការរៀបចំពីសំណាក់ក្រុមហ៊ុន BKA Entertainment ។
ក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនេះ កញ្ញាខ្លឹម ស្រីគា បវរកញ្ញា MISS GRAND CAMBODIA 2017 នឹងគ្រងឈុតប្រចាំជាតិ ( National Costume ) ដ៏ស្រស់ស្អាត ដែលបានរៀបចំយ៉ាងសម្រឹតសម្រាំង ដែលឈុតសម្លៀកបំពាក់នេះមានឈ្មោះថា “ឈុតទេវីក្រុងកម្ពុជាធិបតី ” ។ សម្លៀកបំពាក់មួយកំប្លេនេះ ជាឈុតរួមសម័យច្នៃប្រឌិតថ្មី ដែលយកមូលដ្ឋានគ្រឹះនៃទម្រង់ឈុតសម្លៀកបំពាក់របាំក្បាច់បុរាណខ្មែរនាសម័យហ្លួងព្រះស៊ីសុវត្ថិ និងការរួមបញ្ចូលគ្នាជាមួយសម័យបច្ចុប្បន្ន ដើម្បីបង្កើតបានជាឈុតប្រចាំជាតិបែបច្នៃប្រឌិតមួយ ។
ដោយយោងតាមរូបភាពនៃកាសែតបារាំងមួយ ដែលមានចំណងជើងថា LE MONDE ILLUSTRÉ បានចុះផ្សាយពីការសម្តែងរបស់ក្រុមរបាំព្រះរាជទ្រព្យ យុគសម័យព្រះបាទស៊ីសុវត្ថិនៅ Elysée ទីក្រុងប៉ារីស ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩០៦ ដែលបរិយាយអំពីនាដការនីកំពុងសម្តែងល្ខោនក្បាច់បុរាណ រឿង ព្រះសមុទ្ទ ត្រង់ឈុតព្រះសមុទ្ទចាប់កូនស្រីរបស់យក្សវិរុលចក្រ។ នៅក្នុងរូបភាពនេះ គឺតួអង្គនាងបានគ្រងនៅឈុត “ស្បៃធំ រឺ ស្បៃច្រកក ” ព្រមជាមួយសុរងកមានលំអរឥន្ទធនូ ក្បាច់នាគនៅស្មាសងខាង។ សម្រាប់ឈុតទេវីក្រុងកម្ពុជាធិបតី នេះគឺបានយកចំណុចគោលនៃឈុតស្បៃធំមកច្នៃប្រឌិតបន្ថែម ដើម្បីឲ្យមានភាពទាក់ទាញនិងលេចធ្លោ។ លក្ខណៈពិសេសនៃឈុតនេះ គឺយើងបានប្រើប្រាស់នូវគ្រឿងអលង្ការតុបតែងលម្អ ក៏ដូចជាប្រភេទក្រណាត់ចរល្បាប់សូត្រ និងផាមួងខ្មែរ ដោយមានរំលេចនៅក្បាច់ប៉ាក់ភ្ញីវល្លិ៍ នៅកន្ទុយស្បៃអូសផ្នែកខាងក្រោយ និងមានសុរងកខ្មុកមានរំលេចត្បូងភ្លឺផ្លេក ជាមួយនិងការច្នៃជាសំពត់កន្ទុយត្រីមានចាប់ផ្នត់ផ្លិត និងផ្នត់ភ្លឺត្រង់នៅផ្នែកខាងមុខ ព្រមជាមួយនឹងមកុដនាងកំពូលស្រួច ដែលធ្វើឲ្យនាងកញ្ញាក្លាយជាទេពនិមិត្តនាដការនីរបាំព្រះរាជទ្រព្យនៃសម័យកាលវិវត្តន៍ថ្មី ប្រកបដោយភាពស៊ីវិល័យ ។ សម្លៀកបំពាក់ ឈុតប្រចាំជាតិ ( National Costume ) ជាទឹកដៃ និងគំនិតច្នៃប្រឌិតនៃលោកវង្ស វណ្ណៈ ជាគ្រូបង្ហាត់សៀកនៅសាលាមធ្យមវិចិត្រសិល្បៈ និងជាអ្នករចនាម៉ូតនៅហាងកាត់ដេរសំលៀកបំពាក់មួយ និងកញ្ញាឈុន ម៉ាលៀង និស្សិតឆ្នាំទី4 ផ្នែកដេគ័រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ចំណែកសម្លៀកបំពាក់ឈុតរាត្រីសមោសរដ៏ស្រស់ស្អាត ក្នុងទម្រង់ពណ៌មាស ដែលកញ្ញាខ្លឹម ស្រីគា បវរកញ្ញា MISS GRAND CAMBODIA 2017 នឹងប្រើប្រាស់បង្ហាញខ្លួននៅលើវេទិកាជាស្នាដៃរចនាម៉ូតពីសំណាក់លោកជំទាវ សុគន្ធា នៃហាងកាត់ដេរសម្លៀកបំពាក់ ធិរិកា ដើម។
តាមការឱ្យដឹងពីលោកជំទាវ សុគន្ធា គឺការជ្រើសរើសយកពណ៌មាស ផ្អែកលើពាក្យថា ដែនដីសុវណ្ណភូមិ ហើយពណ៌មាសនេះផងដែរ ជាពណ៌នៃស្លាកសញ្ញានៃកម្មវិធីប្រកួតនេះផ្ទាល់តែម្តង។
សូមរង់ចាំតាមដានទស្សនា និងផ្តល់ជាកម្លាំងចិត្តដល់កញ្ញាខ្លឹម ស្រីគា បវរកញ្ញា MISS GRAND CAMBODIA 2017 តាមរយៈការផ្សាយផ្ទាល់ពី Vinpearl Phu Quoc Resort & Villas Convention Hall កោះភូកុក ប្រទេសវៀតណាម នារាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧៕