ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករដែល រកទទួលទាន លក់ដូរនៅក្នុងផ្សារស្អាង ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល បានខ្សឹបឱ្យឮតាម “នគរធំ” ថា ផ្សារស្អាង ត្រូវបាននាយទាហាន ម្នាក់ ទទួលដេញថ្លៃបានសិទ្ធិក្នុងការវិនិយោគ រហូតដល់ទៅរយៈពេល រាប់សិបឆ្នាំឯណោះ ប៉ុន្តែមិនឃើញមានកែលម្អ ឬអភិវឌ្ឍន៍អ្វីបន្តិចណាសោះ ក្រៅតែពីប្រមូលភាស៊ីពីអាជីវករ និងប្រជាពលរដ្ឋ លក់ត្រកួនព្រលិតប៉ុណ្ណោះ។
ក្រុមអាជីករផ្សារស្អាង បានខ្សឹបឱ្យឮថា ផ្សារស្អាងនេះ ត្រូវបានលោកប៉ោ សេង ជាមន្ត្រី យោធាមានឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ទោ (ពាក់ ស័ក្តិ៤កន្លះ) តែមិនដឹង នៅអង្គភាពណានោះទេ ទទួលបានសិទ្ធិវិនិយោគ រហូតដល់ទៅរយៈ ពេល៣៧ឆ្នាំ តែពុំឃើញមានការអភិវឌ្ឍ កែលម្អទីតាំងផ្សារមួយនេះ ឱ្យបានល្អប្រសើរ ឡើងសោះ ទុកឱ្យទីតាំងផ្សារមួយនេះ ក្លាយជាកន្លែងចោលសំរាម ភក់ជ្រាំ ហើយផ្ទុយទៅ វិញ អ្នកវិនិយោគមួយនេះ គិតតែពីដើរប្រមូល លុយថ្លៃភាស៊ីពីក្រុមអាជីវករ និងប្រជាពលរដ្ឋ លក់ដូរត្រកួនព្រលិតទៅវិញ។
ក្រុមអាជីវករ បានខ្សឹបថា ពួកគាត់ងឿងឆ្ងល់ណាស់ ថាហេតុអ្វីបានជានាយទាហាន ប៉ោ សេង ទទួលបានសិទ្ធិវិនិយោគដល់ទៅជិត៤០ ឆ្នាំបែបនេះ សង្ស័យតែមានការស៊ុមគ្រលុំគ្នា ជាមួយលោកជា គឹមតុង អនុប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទេដឹង?
ក្រុមអាជីវករផ្សារស្អាង បានខ្សឹបបន្តថា កាលពីប្រមាណជិត៣ខែមុន លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានចុះទៅដល់ផ្សារ ស្អាង ដោយផ្ទាល់ និងបានសួរនាំអាជីវករ ហើយ ក៏ទទួលបានព័ត៌មានច្បាស់ការ ពីក្រុមអាជីវករថា អ្នកវិនិយោគផ្សារនេះ បានយកភាស៊ីពី អ្នកលក់ដូរតាមកញ្ច្រែងល្អីនៅឡើយ។ ហើយកាលណោះ លោកអភិបាលខេត្ត ក៏បានតម្រូវឱ្យលោកប៉ោ សេង ប្រធានផ្សារស្អាង រៀបចំ សាងសង់ដំបូល ដើម្បីឱ្យអាជីវករលក់ដូរ ឱ្យបានសមរម្យ និងចៀសផុតពីហាលក្តៅ ហាលភ្លៀង ហាលខ្យល់ជាដើម… តែរហូតមកដល់ពេល នេះ អាជីវករនៅតែបន្តលក់ ក្រោមដំបូលមេឃដដែល។ ចំណែកលោកប៉ោ សេង នៅតែបន្តឱ្យ ដៃជើងរបស់ខ្លួន ប្រមូលលុយពីប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង ល្អីដដែល ដោយមិនយោគ យល់អ្វីទាំងអស់ ហើយក៏មិនខ្ចីក្រែងរអែង សារាចរណែនាំ ឬអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសោះឡើយ…ហេស! ហេ! ព្រហើនទៀត ហើយ!។
ក្រុមអាជីវករ បានខ្សឹបបន្ថែមថា កន្លងមក មានអ្នកយកព័ត៌មានមួយចំនួន ដែលត្រូវដងត្រូវផ្លែជាមួយលោកប៉ោ សេង អ្នកវិនិយោគផ្សារស្អាង បានធ្វើការផ្សព្វផ្សាយព័ត៌មាន លើកតម្កើងអ្នកវិនិយោគផ្សារមួយនេះ ផ្ទុយពីការពិត បំភ័ន្តភ្នែកថ្នាក់ដឹកនាំ។ តែតាមធាតុពិតផ្សារមួយនេះ គ្មានអភិវឌ្ឍន៍អ្វីសោះឡើយ ជាក់ស្តែងផ្សារស្អាងខាងត្បូង ដែលមានគ្រោងដែក និងដំបូលស្រាប់ ត្រូវបានអ្នកវិនិយោគរូប នេះ ជួលជាងកាត់ចេញ មិនដឹងយកទៅណាទៅណីធ្វើអ្វីនោះទេ ហើយក៏មិនឃើញដាក់ ជំនួសដោយដំបូលថ្មីដែរ។ ចំណែកមួយផ្នែកទៀត ទីតាំងផ្សារស្អាងខាងត្បូង ត្រូវបានប្រធានផ្សារនេះ យកធ្វើជាទីតាំងចែកផលនេសាទ (យឿត្រី) ផ្ទាល់ខ្លួន ជាហេតុធ្វើឱ្យក្លិនស្អុយ ឆ្អេះឆ្អាប ជះទៅលើក្រុមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលទៅទិញម្ហូបនៅទីនោះ ខ្លាំងណាស់។ ហេតុនេះ ក្រុមអាជីវករ សូមខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំខេត្ត ពិសេស សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះករណីខាងលើនេះផង។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកប៉ោង សេង ថៅកែផ្សារស្អាងបានទេ កាលពីម្សិលមិញ៕
ខៀវទុំ