Tuesday, November 26, 2024
Homeនយោបាយការអនុវត្តច្បាប់លើលោកកឹម សុខា លោកហ៊ុន ម៉ាណែត ថា មិនប៉ះពាល់ដំណើរការលទ្ធិប្រជាធិបតេយ្យ

ការអនុវត្តច្បាប់លើលោកកឹម សុខា លោកហ៊ុន ម៉ាណែត ថា មិនប៉ះពាល់ដំណើរការលទ្ធិប្រជាធិបតេយ្យ

លោកហ៊ុន ម៉ាណែត ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ដែលជាកូនប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្រៅប្រទេស បានបញ្ជាក់ថា ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច នៃរាជរដ្ឋាភិបាលកម្ពុជា ទៅលើលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” នោះ មិនប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតជាតិ ដូចក្រុមប្រឆាំង លើកឡើងនោះទេ។

លោកហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅប្រទេសបារាំង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខណៈពេលដែលលោកបានអញ្ជើញទៅដល់ប្រទេសបារាំង ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប របស់លោក។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកបានអញ្ជើញទៅកាន់ប្រទេសអាល្លឺម៉ង់ បែលហ្សិក ស្វីស អង់គ្លេស បារាំង ក្នុងគោលដៅចម្បង គឺជួបជាមួយសហគមន៍ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីជួបជុំគ្នាក្នុងលក្ខណជាមហាគ្រួសារខ្មែរ និងពាំនាំនូវព័ត៌មានផ្សេងៗទាក់ទងទៅនឹងស្ថានភាពការវិវឌ្ឍរបស់ប្រទេសកម្ពុជា ក៏ដូចជាការងារសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ ជាមួយគ្នានេះ លោកក៏បានជួបជាមួយ មន្ត្រីយោធា មន្ត្រីរដ្ឋាភិបាល សមាជិកសភា សភាពាណិជ្ជកម្ម និងសមាគមន៍ខ្មែរនៅបណ្តា ប្រទេសទាំងនោះផងដែរ។

លោកហ៊ុន ម៉ាណែត បានបន្តថា ក្រៅពីនេះ លោកក៏បានជួបសំណេះសំណាលជាមួយយុវជន និងប្រជាពលរដ្ឋខ្មែរ ដែលបានចាប់អារម្មណ៍ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងនោះ ក៏មានពិធីប្រកាស សមាជិកគណបក្សប្រជាជនកម្ពុជា និងទទួល ស្គាល់ក្រុមការងារយុវជនគណបក្សនៅក្រៅ ប្រទេសផងដែរ។

ដោយឡែក ឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមប្រឆាំងនិងសហគមន៍បរទេស មួយចំនួន ដែលថា ការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ ដល់បរិយាកាសនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ នោះ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការ អនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចនៃ រាជរដ្ឋាភិបាលកម្ពុជា ទៅលើលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ មិនបានប៉ះពាល់ ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនោះទេ ព្រោះ រឿងនេះបានអនុវត្តរួចហើយទាំងនៅសហរដ្ឋ អាមេរិកក្តីប្រទេសបារាំងក្តី និងបណ្តាប្រទេស មួយចំនួន គឺមិនបានប៉ះពាល់ដល់ដំណើរការ លទ្ធិប្រជាធិបតេយ្យ ឬមួយធ្វើឱ្យការបោះឆ្នោត មិនយុត្តិធម៌នោះទេ ព្រោះអីមានអ្នកនយោ បាយច្រើនណាស់ នៅក្នុងគណបក្សនីមួយៗ ផ្សេងៗទៀត ដែលគេមិនធ្វើខុសច្បាប់ ហើយ គេនៅអាចអនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យនេះ ដឹកនាំបក្សនៅក្នុងការបម្រើ ប្រជាពលរដ្ឋ និងប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ផ្ទុយទៅវិញ វាជួយពង្រឹងនូវនីតិរដ្ឋ ធ្វើ ឱ្យអ្នកនយោបាយទាំងអស់ ធ្វើអ្វីៗមានការ ពិចារណាច្បាស់លាស់ថា តើសកម្មភាពរបស់ ខ្លួនវារំលោភច្បាប់ឬនៅក្នុងក្របខ័ណ្ឌច្បាប់។

គួររំលឹកថា ក្នុងឱកាសអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅតំបន់អឺរ៉ុបនោះ មុនពេលអញ្ជើញ ទៅដល់ប្រទេសបារាំង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ លោកហ៊ុន ម៉ាណែត បានជួប សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ខ្មែររស់នៅក្នុងប្រទេសអង់គ្លេស ប្រមាណជាង ២០០នាក់ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ លោកបានជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសស្វីស ប្រមាណ ជាង២០០នាក់ និងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ខ្មែរប្រមាណជាង២០០នាក់ ក្នុងពិធីពិសាអាហារ សាមគ្គីមហាគ្រួសារខ្មែរ នៅប្រទេសអាល្លឺម៉ង់។

លោកហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំក្រុមការងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស របស់គណបក្សប្រជាជនកម្ពុជា គឺជាការចង់ បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅ ប្រទេស ដែលមានឆន្ទៈគាំទ្រការស្រលាញ់ ដើម្បី ចូលរួមសកម្មភាពគណបក្ស ហើយការរៀបចំ នេះ ក៏មិនខុសពីគណបក្សនយោបាយដទៃដែល បានធ្វើសកម្មភាពកន្លងមក នៅក្រៅប្រទេស ផងដែរ។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់នៅពេល នោះថា “គណបក្សប្រជាជនកម្ពុជា នៅជាមួយ ប្រជាជន បម្រើប្រជាជន ព្រោះយើងមានគោល ការច្បាស់គឺជួយប្រជាជនគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស រួមមាននិស្សិត ប្រជាពលរដ្ឋ កម្មករ ពលករជាដើម។ យើងមានឆន្ទៈរួមគ្នា យើងឱ្យតម្លៃគណបក្សនេះ ព្រោះបានជួយជីវិត មនុស្ស ព្រមទាំងហ៊ានលះបង់ជីវិតតស៊ូស្វែង រកសុខសន្តិភាពជូនប្រជាជនមកដល់ថ្ងៃនេះ”។

ជាមួយនេះ លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងសមាជិកបក្សទាំងអស់ ចំពោះការទុកចិត្ត និងការផ្តល់តម្លៃទៅលើអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើចំពោះជាតិមាតុភូមិ ហើយ នឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសនៅអាណត្តិក្រោយៗទៀត ដើម្បីបន្ត រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា៕

        ខៀវទុំ

RELATED ARTICLES