Saturday, September 21, 2024
Homeតារាខ្មែរពេជ្រ សោភា សង្សាររំពឹងចូលរោងការតែ៥០%ប៉ុណ្ណោះ ព្រោះមិនទាន់ទុកចិត្ត

ពេជ្រ សោភា សង្សាររំពឹងចូលរោងការតែ៥០%ប៉ុណ្ណោះ ព្រោះមិនទាន់ទុកចិត្ត

អ្នកមេម៉ាយក្តៅស្រួយ ពេជ្រ សោភា និងលោកឆឹម សក្កដា បានប្រកាសពីសម្ព័ន្ធស្នេហ៍ជាងមួយឆ្នាំមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានគម្រោងដឹកដៃគ្នាចូលរោងការនៅឡើយទេ ខណៈដែលបុរសជាសង្សារក្មេងបានបង្ហើបថា មិនទាន់ទុកចិត្តម្ចាស់ស្នេហ៍ ទើបមិនទាន់ហ៊ានប្រថុយរៀបការ…។

បើទោះបីមជ្ឈដ្ឋានជាច្រើនរួមទាំងអ្នកសិល្បៈផងគិតថា អ្នកនាងពេជ្រ សោភា និងតារាសម្តែងលោកឆឹម សក្កដា បង្កើតដំណឹងស្នេហ៍ក្លែងក្លាយ ដើម្បីជួយលើកស្ទួយលោកសក្កដា ក្តី តែទាំងពេជ្រ សោភា និងលោកសក្កដា នៅតែប្រកាសពីគោលជំហរថា ទំនាក់ទំនងរបស់ពួកគេជាស្នេហាពិតប្រាកដមែន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានបង្ហាញពីកាយវិការស្និទ្ធស្នាលកៀកកើយដូចគូស្នេហ៍។

យ៉ាងណា រហូតមកទល់ពេលនេះ ពួកគេនៅតែមិនទាន់មានគម្រោងរៀបការ បើទោះបីសោភា មានវ័យកាន់តែច្រើនក្តី។

ក្នុងជំនួបផ្ទាល់ជាមួយលោកឆឹម សក្កដា កាលពីថ្មីៗនេះ បានថ្លែងឱ្យដឹងថា លោកមិនទាន់សម្រេចចិត្តចូលរោងការ ក៏ព្រោះតែមិនទាន់ទុកចិត្តគ្នាទៅវិញទៅមក។

លោកសក្កដា បញ្ជាក់ថា “រហូតមកទល់ពេលនេះ ពួកយើងនៅតែមានចំណុចខ្វះខាតរៀងៗខ្លួន ដែលត្រូវការពេលវេលាពិសោធចិត្តគ្នាបន្ថែមទៀត ដែលអាចនិយាយបានថា មិនទាន់ទុកចិត្តគ្នា១០០%។ ដូច្នេះខ្ញុំត្រូវតែមើលឱ្យយូរ ព្រោះខ្ញុំខ្លាចខុស”។

លោកសក្កដា បន្ថែមថា អ្នកនាងពេជ្រ សោភា ជានារីដែលចូលចិត្តងរង៉ក់ច្រើន ហើយលោកតែងតែរកវិធីលួងលោមជានិច្ច និងមានចំណុចមួយចំនួនទៀត ដែលមិនចុះសម្រុងនឹងគ្នា ហេតុដូច្នេះហើយ ទើបមិនតក់ក្រហល់រឿងរៀបការ។ ម៉្យាងខ្លាចប្រេះឆាក្រោយក្រាបផ្ទឹមផងដែរ។

លោកសក្កដា បន្ថែមថា “មិនឆាប់ពេកទេសម្រាប់គម្រោងរៀបការរបស់ពួកយើង ហើយក៏មិនទាន់កំណត់ដែរ គឺខ្ញុំសុខចិត្តមើលឱ្យយូរ ទើបមិនខុស និងមិនស្តាយក្រោយ។ ម៉្យាងក៏ខ្លាចធ្លាក់ចុះប្រជាប្រិយភាព ក្រោយពេលរៀបការផងដែរ”។

មុននេះបន្តិច អ្នកនាងពេជ្រ សោភា ក៏បានអះអាងដែរថា ទំនាក់ទំនងស្នេហ៍រវាងអ្នកនាងជាមួយលោកសក្កដា គឺជាស្នេហ៍ពិតមិនក្លែងក្លាយ ហើយនៅតែដូចដើម ប៉ុន្តែសម្រាប់គម្រោងរៀបការមិនទាន់គិតនៅឡើយទេ។ សោភា អះអាងថា នាងមិនទាន់ដឹងថា ស្នេហានេះនឹងឈានដល់គម្រោងរៀបការ ឬយ៉ាងណានោះទេ ហើយអ្នកនាងក៏បានត្រៀមចិត្តរួចហើយដែរថា បើទោះបីបរាជ័យ ក៏មិនឈឺចាប់ដែរ ដោយអ្នកនាងនៅតែប្រកាន់គោលជំហរថា ត្រូវការពេលវេលាពិសោធចិត្តគ្នាបន្តទៀត។

កន្លងមក មានដំណឹងសាយភាយថា លោកសក្កដា ចូលចិត្តមានទំនាក់ទំនងស្នេហាភេទដូចគ្នា ហើយនៅពេលផ្ទុះដំណឹងថា មកចងសម្ព័ន្ធស្នេហ៍ជាមួយពេជ្រ សោភា នាំឱ្យមានការសង្ស័យថា ពួកគេបង្កើតស្នេហាលេងៗ ដើម្បីទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ។ យ៉ាងណា អ្នកទាំងពីរតែងតែអះអាងថា ជាស្នេហាពិតមិនក្លែងក្លាយ។

លោកសក្កដា បានសារភាពថា ក្រោយពេលចំណងស្នេហ៍រវាងលោកជាមួយអ្នកនាងពេជ្រ សោភា សាយភាយឡើង រូបលោកពិតជាត្រូវបានគេស្គាល់ច្រើនមែន ខណៈដែលអាជីពសិល្បៈរបស់លោកក៏ស្ទុះឡើងផងដែរ ទាំងផ្នែកចម្រៀងនិងសម្តែង ទទួលបានឱកាសការងារយ៉ាងច្រើនគួរសម។

សក្កដា បន្ថែមថា ថ្មីៗនេះមានស្ពតពាណិជ្ជកម្មធំមួយចំនួន បានទាក់ទងរូបលោក និងអ្នកនាងពេជ្រ សោភា ឱ្យថតរួមគ្នា ស្របពេលដែលក្រុមអ្នកគាំទ្រជាច្រើនចង់ឱ្យលោកចាប់ដៃគូច្រៀងជាមួយអ្នកនាងពេជ្រ សោភា ផងដែរ។

សង្សារក្មេងរបស់អ្នកមេម៉ាយល្បីឈ្មោះពេជ្រ សោភា បានឱ្យដឹងដែរថា “បើហង្សមាស បើកភ្លើងខៀវ ខ្ញុំនិងគាត់ (ពេជ្រ សោភា) នឹងចាប់ដៃច្រៀងរួមគ្នា ហើយក៏រំពឹងថា នឹងទទួលបានការគាំទ្រផងដែរ”។ លោកសក្កដា បានឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះ លោកទទួលបានការគាំទ្រ តាមរយៈការសម្តែងឈុតខារ៉ាអូខេរួមគ្នាជាមួយអ្នកនាងពេជ្រ សោភា ក្នុងបទចម្រៀងមួយចំនួននៅរស្មីហង្សមាស និងកំពុងថតភាពយន្តរួមគ្នា រឿង “បិសាចគួរឱ្យស្រលាញ់”។

លោកសក្កដា អះអាងថា ក្នុងដំណាក់កាលនេះ លោកមានការរំពឹងតែ៥០% ដែលនឹងមានឱកាសបានចូលរោងការជាមួយអ្នកនាងពេជ្រ សោភា ដូច្នេះលោកត្រូវការពេលវេលាពិសោធស្នេហ៍បន្ថែមទៀត មុននឹងសម្រេចចិត្តដឹកដៃម្ចាស់បទ “ឆ្កែរាំបុកប៉ោត” ចូលរោងការ៕

RELATED ARTICLES