Thursday, September 19, 2024
Homeតារាខ្មែរសុខ សុជាតា សង្ឃឹមលើកពាន “The Voice Kids Cambodia”

សុខ សុជាតា សង្ឃឹមលើកពាន “The Voice Kids Cambodia”

ភ្នំពេញ ៖ កុមារីសុខ សុជាតា បេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” បាននិងកំពុងធ្វើឱ្យមហាជនអ្នកទស្សនាមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះសមត្ថភាពក្នុងការច្រៀងរបស់នាង រហូតទទួលបានការបោះឆ្នោតគាំទ្រពីមហាជន ឈានចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយនេះ ក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា កុមារីរូបនេះនឹងអាចមានឱកាសលើកពានរង្វាន់មួយនេះ នាពេលខាងមុខទៀតផង។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កុមារីសុខ សុជាតា បានសរសេរបញ្ជាក់កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ថា “ខ្ញុំពិតជារីករាយណាស់ ដែលអាចបន្តវគ្គផ្តាច់ព្រ័ត្របានលទ្ធផលល្អនេះ គឺបានមកពីបងប្អូនអ៊ុំពូមីងដែលស្រលាញ់គាំទ្រដល់ខ្ញុំ ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីផ្ញើសារគាំទ្រដល់ខ្ញុំតាំងពីមុន និងរហូតមក។ ជាចុងក្រោយ សូមអរគុណបងប្អូន អ៊ុំ ពូ មីង ទាំងអស់ សូមឱ្យមានសុខភាពល្អ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ…”។

ដោយឡែក កាលពីកន្លងមកគណនីហ្វេសប៊ុក កុមារី សុខ សុជាតា បានសរសេរបញ្ជាក់ឱ្យដឹងថា “សូមជំរាបសួរ ពុកម៉ែបងប្អូន អ៊ុំ ពូ មីង ទាំងអស់គ្នា នាងខ្ញុំជាបងស្រីរបស់សុជាតា នាងខ្ញុំសូមជំនួសមុខឱ្យប្អូនស្រីរបស់នាងខ្ញុំ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូន អ៊ុំ ពូ មីង និងមិត្តភក្តិទាំងអស់ដែលស្រលាញ់ ហើយគាំទ្រប្អូនស្រីរបស់នាងខ្ញុំ ហើយក៏សូមអភ័យទោសដល់ការមិនបានឆ្លើយតបសារទៅវិញផងដែរ ដោយហេតុថា ប្អូនស្រីនាងខ្ញុំគាត់ នៅក្មេង មិនទាន់គ្រប់អាយុ ដែលក្រុមហ៊ុន Facebook អនុញ្ញាតឱ្យបង្កើតគណនី ទើបនាងខ្ញុំបង្កើតគណនី ហើយនិងទំព័រមួយនេះសម្រាប់គាត់ នាងខ្ញុំក៏ជាអ្នកគ្រប់គ្រងគណនីនេះ ឱ្យគាត់ដែរ រាល់ការ post ឬសរសេរ status របស់គាត់ ត្រូវមានការអនុញ្ញាតពីនាងខ្ញុំជាមុនសិន ហើយនាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន អ៊ុំ ពូ មីង និងមិត្តភក្តិទាំងអស់ នឹងយោគយល់ ព្រោះថា គាត់ស្ថិតនៅក្នុងវ័យសិក្សា ហើយក៏នៅក្នុងការគ្រប់គ្រងរបស់គ្រួសារដែរ។ ជាចុងក្រោយនេះ នាងខ្ញុំសូមអរគុណ និងសូមជូនពរពុកម៉ែ បងប្អូន អ៊ុំ ពូ មីង និងមិត្តភក្តិទាំងអស់ឱ្យមានសុខភាពល្អ សំណាងល្អ មានសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ…”។

គួរបញ្ជាក់ថា កុមារី សុខ សុជាតា មានអាយុ១២ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី ៧B2 នៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ មានឪពុកជាជាងអគ្គិសនី និងម្តាយជាអាជីវករ និងមានលំនៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” ពីមួយវគ្គទៅមួយវគ្គ កុមារី សុខ សុជាតា ដែលពោរពេញទៅដោយរូបសម្រស់គួរឱ្យគ្រឺតក្នាញ់ផងនោះ បានបញ្ចោញនូវសមត្ថភាពយ៉ាងល្អឡើងជាលំដាប់ ទាំងទឹកដមសំឡេង  ក៏ដូចជាកាយវិការនៃការសម្តែង ទីបំផុត កុមារី រូបនេះ ក៏ធ្វើឱ្យមហាជនអ្នកទស្សនាបោះឆ្នោតគាំទ្ររហូតក្លាយជាបេក្ខភាពឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ៕

RELATED ARTICLES