តារាចម្រៀងចំណូលថ្មីផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង ដែលបានឡើងច្រៀងលើឆាកតន្រ្ដីប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី ”Ganzberg” កាលពីថ្ងៃទី០៨ ខែតុលានោះ ស្រាប់តែអ្នកមេម៉ាយរូបស្រស់កំពុងឡើងកូដរូបនេះ ភ្ញាក់ខ្លួនព្រឺតតែម្ដង ព្រោះនៅពេលដែលនាងកំពុងតែរាំបង្អួតសម្រស់លើឆាកតន្រ្ដីនោះ មានក្រុម fan របស់តារាចម្រៀងរូបនេះ បានអុជទៀនលើនំខេក យកទៅជូនអ្នកចម្រៀងរូបនេះដល់លើឆាកត្រន្រ្ដីតែម្ដង ដោយពួកគេច្រៀងបទ ”Happy Birthday To You” ធ្វើឲ្យស្រីនាង ដែលស្លៀកសំពត់ខ្លីបញ្ចេញសាច់សខ្ចីរូបនេះ ស្រឡាំងកាំងរកអ្វីថ្លែងមិនរួចឡើយ។
ក្រុមអ្នកហែហមតារាចម្រៀងរូបនេះបានពាក់អាវពណ៌ផ្កាឈូក ដោយមានអក្សរ SSN បានចាប់ឱបថើបស្រីនាង ដល់ឆាកតន្ដ្រីតែម្ដង ហើយពួកគេនិយាយដូចគ្នាថា ”My idol I Love U” ដែលនាំឲ្យអតីតតារាចម្រៀងសាន់ដេរូបនេះ រំភើបរហូតដល់ រលេងរលោងទឹកភ្នែកនៅក្នុងកម្មវិធីដែលកំពុងតែ Live នោះ។
សុខ ស្រីនាង បានប្រាប់អ្នកយកព័ត៌មានយើងនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថា នាងគ្មានបានដឹងបន្ដិចថា មាន fan មកធ្វើខួបឲ្យនាងដល់ឆាកបែបនេះ គឺពួកគេបានព្យាយាមមិនឲ្យនាងដឹងមុនឡើយ សូម្បីតែប្អូនប្រុសនាងក៏មិននិយាយអីបន្ដិចដែរ អីចឹងពេលដែលឃើញប្អូនៗលើកនាំខេក និងច្រៀងបទចម្រៀងទៅនាង គឺរំភើបរហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួនតែម្ដង។
តារាបានធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេង មើលទៅច្រឡំក្រមុំរូបនេះ បានឲ្យដឹងថា ”ខួបខ្ញុំឆ្នាំនេះ គឺគម្រប់អាយុ៣០ឆ្នាំគត់ ហើយជារៀងរាល់ឆ្នាំ ខ្ញុំតែងតែធ្វើខួបជាលក្ខណៈជួបជុំគ្រួសារបែបធម្មតាៗ ញាំអីជុំគ្នានៅហាង។ ខ្ញុំមិនដែលរៀបចំខួបកំណើតជាទ្រង់ទ្រាយធំ ដូចតារាផ្សេងៗដែលគេហៅអ្នកសិល្បៈឲ្យចូលរួមរាប់រយនាក់ឡើយ គឺមិនទម្លាប់ ហើយនៅឆ្នាំនេះ ខ្ញុំក៏ធ្វើដូចមុនដែរ ដោយនាំបងប្អូនគ្រួសារខ្ញុំទៅញាំអីនៅហាងមួយអីចឹងទៅ។ ខ្ញុំអរគុណណាស់ដែល Fan ខ្ញុំ ពួកគាត់មានការលើកទឹកចិត្ដខ្ញុំ ហើយចងចាំថាថ្ងៃទី០៨ ខែតុលា នេះ គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ។ ប្អូនៗនេះហើយ គឺជាកំលាំងចិត្តរបស់ខ្ញុំដែលពួកគាត់តែងតែទៅគាំទ្រតាមឆាកតន្រ្ដីនៅពេលដែលខ្ញុំឡើងច្រៀង ហើយថ្ងៃនេះ គឺរឹតតែធ្វើឲ្យខ្ញុំរំភើបខ្លាំងថែមទៀត គឺពួកគាត់ធ្វើខួបឲ្យខ្ញុំ ដោយខ្ញុំមិនបានដឹងខ្លួនជាមុន”។
គេមិនឃើញមានបុរសចម្លែកណាម្នាក់មកតាមដានសុខ ស្រីនាង ក្នុងការរៀបចំធ្វើខួបឲ្យក្រៅពី Fan របស់នាងនោះឡើយ ហើយអ្នកចម្រៀងសម្បុរធ្លាប់តែស្រអែមស្រស់រូបនេះ បែរជាទៅសស្គុសវិញនាពេលនេះ ក្រោយផ្លាស់ប្ដូរទៅទ្រនំថ្មី ហង្សមាស នេះ ស្របពេលដែលក្បាច់រាំរបស់ស្រីនាង ដែលពីមុននៅឆ្គងៗនោះ ប្រែទៅជារស់រវើកគួរឲ្យចាប់អារម្មណ៍ជាងមុន លាយឡំការស្លៀកសំពត់ខើចផងនោះ មើលទៅធ្វើឲ្យប្រុសៗកាន់តែគ្រឺតក្នាញ់អ្នកមេម៉ាយរូបស្អាតនេះ។
សុខ ស្រីនាង បានច្រៀងបទថ្មីៗរបស់ខ្លួន៤បទ មកអូសទាញការគាំទ្រ គឺមានដូចជាបទ ”ហត់ទេស្រលាញ់គេម្នាក់ឯង?”, ”ស្អប់ទាំងដានជើងបង”, ”ឡិកឡក់” និងបទ ”I Don’t”។
អតីតអ្នកចម្រៀងផលិតកម្ម KH និងសាន់ដេ រូបនេះ ត្រូវបានទ្រនំថ្មីរបស់នាង គឺហង្សមាស បានលើកស្ទួយជាខ្លាំង តាមរយៈការផ្ដល់តំណែងជាតួឯកក្នុងរឿងភាគថ្មីរបស់ហង្សមាស គឺរឿង ”រាជិនីភូមិគ្រឹះ” ដែលស្រីនាង ជាតួធំប៉ុនសុគន្ធ និសា ដែរ ចំណែកតួឯកប្រុសវិញ គឺលោកណុប បាយ៉ារិទ្ធ និងហ្សូណូ។ ស្រីនាង មានជំនឿចិត្តយ៉ាងមាំថា នៅពេលដែលរឿងនេះត្រូវបានដាក់បញ្ចាំងនោះ គឺនាងសង្ឃឹមថា ល្បីថែមបានមួយកម្រិតទៀតជាមិនខាន តែនាងថា ទោះជាស្រលាញ់អាជីពសម្ដែងដូចចម្រៀងមែន តែគោលការណ៍របស់នាង គឺនៅតែស្រលាញ់អាជីពចម្រៀងជាងសម្ដែងដដែល ហើយនាពេលអនាគត គឺនៅតែផ្ដោតទៅលើអាជីពចម្រៀងឲ្យមានការរឹងមាំល្អជាងនេះ។
សុខ ស្រីនាង ដែលលែងលះអតីស្វាមីតារាចម្រៀង ស៊ី សុវត្ថិ កាលពីឆ្នាំ២០១១នោះ មិនដែលហ៊ានបណ្ដើរគូស្នេហ៍ថ្មីឲ្យគេឃើញម្ដងណាឡើយ ស្របពេលដែលអតីតប្ដីបានរៀបការចោលនាងជាង៣ឆ្នាំទៅហើយ និងពេលនេះពួកគេមិនដែលមានទំនាក់ទំនង ឬរាប់អានគ្នាដូចមុនទៀតទេ។
ប្រភពបានឲ្យដឹងថា សុខ ស្រីនាង មានប្រុសៗមានទ្រព្យ និងមានអំណាចតាមស្នេហ៍តារាសាច់ស្អាតរូបនេះជាច្រើននាក់ ដែលក្នុងនោះប្រសិនបើនាងព្រមទទួលស្នេហ៍នោះ គឺចង់បានរបស់អ្វីដែលនាងចង់បាន ក៏បានទាំងអស់ ឲ្យតែប្រថុយលោតឆត្រធ្វើជាកំណាន់ចិត្តគេលួចលាក់។ តែស្រីនាង ដែលរងដំបៅបេះដូង ហើយខំព្យាបាលជាង៦ឆ្នាំមកនេះ នៅតែខ្លាចក្នុងការទទួលយកស្នេហ៍ថ្មី ព្រោះខ្លាចដើរជាន់ដានចាស់ ទើបស្រីស្រស់បានទុកបេះដូង ដោយគ្មានអ្នកថែរហូតមកដល់ពេលនេះ ហើយរាល់លើកឲ្យតែសួររឿងស្នេហាថ្មី ស្រីនាង តែងតែថា មិនមាន និងមិនទាន់គិតឡើយ។ ប៉ុន្ដែទស្សនិកជនមួយចំនួនបានឲ្យដឹងថា ស្រីស្អាតដូចស្រីនាង គឺប្រហែលជាមិននៅទំនេរឡើយ គ្រាន់តែនាងមិនចង់ឲ្យគេស្គាល់ម្ចាស់ចិត្តថ្មីប៉ុណ្ណោះ អីចឹងហើយបានជាធ្វើឲ្យប្រុសៗកាន់តែជ្រួលជ្រើមចង់ប្រជែងគ្នាថ្នាក់ថ្នមស្នេហ៍តារាមេម៉ាយខ្ចីល្ហក់អត់កូនរូបនេះ៕