ភ្នំពេញ ៖ អ្នកម្តាយរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានទួញយំស្រណោះដល់កូនប្រុស ដែលកំពុងជាប់ពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ ដោយ លោកយាយបញ្ជាក់ថា កូនគាត់ (លោកកឹមសុខា មិនក្បត់ជាតិ ដូចការចោទទេ ព្រោះកូន គាត់ស្លូតណាស់។ ដូច្នេះលោកយាយសូមបួងសួងឱ្យកូនប្រុសគាត់ មានសុខភាពល្អ និងឆាប់ បានចេញពីការឃុំឃាំង។ នេះបើតាមការបញ្ជាក់ របស់លោកស្រី ម៉េង សុភារី មេធាវីការពារក្តី មួយរូបរបស់លោកកឹម សុខា។
លោកស្រីម៉េង សុភាវី មេធាវីរបស់លោកកឹម សុខា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ បានទៅសួរសុខទុក្ខម្តាយលោកកឹម សុខា តាម បណ្តាំរបស់លោកកឹម សុខា ដែលនៅក្នុងគុក ព្រោះក្រៅពីនឹកក្រុមគ្រួសារ ប្រពន្ធកូន លោក កឹម សុខា ក៏មានការនឹករលឹកមកដល់ម្តាយចាស់ជរារបស់លោកជាខ្លាំង ព្រោះកាលមិន ទាន់ជាប់ឃុំ លោកមានឱកាសនៅក្បែរគាត់ច្រើន ហើយសូម្បីតែកាលជាប់ឃុំនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ អស់រយៈពេល ជាង៦ខែ ក៏លោកមានឱកាសបានក្រាបសំពះ គាត់ដែរ។ ប៉ុន្តែលើកនេះ លោកមិនទាន់មាន ឱកាសបានជួបអ្នកម្តាយឡើយ ហើយអ្នកម្តាយ លោក ក៏មិនទាន់មានឱកាសបានជួបកូនប្រុស ដូចគ្នាដែរ។ ដូច្នេះហើយ ទើបនៅពេលដែលមេធាវីពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹក រលឹកពីលោកកឹម សុខា ទៅជម្រាបប្រាប់គាត់ អ្នកម្តាយរបស់លោកកឹម សុខា បង្ហាញអារម្មណ៍ ទុក្ខសោក ក្តុកក្តួលអួលអាក់ ទួញយំថា គាត់ នឹករលឹកកូនប្រុសណាស់ មិនសមណាគេយក កូនប្រុសគាត់ទៅដាក់គុក ដោយចោទពីបទ ក្បត់ជាតិទៅវិញ ទាំងដែលគាត់ដឹងច្បាស់ថា កូនគាត់មិនបានធ្វើខុសនឹងច្បាប់។
លោកស្រីម៉េង សុភារី បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ថា “អាណិតលោក យាយណាស់ យំរហូត។ លោកយាយនិយាយថា កូនខ្ញុំមិនបានក្បត់ជាតិដូចគេចោទ កូនខ្ញុំស្លូតបូតណាស់។ គាត់សូមបួងសួងឱ្យកូនមានសុខភាពល្អ និងឆាប់បានចេញពីការឃុំឃាំង”។
បន្ថែមលើសំណេរនេះ លោកស្រីម៉េង សុភារី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ថា ក្នុងការចុះទៅជួប ម្តាយរបស់លោកកឹម សុខា ដែលមានអាយុ ៩០ឆ្នាំ នៅផ្ទះរបស់កូនគាត់ម្នាក់ទៀត នៅឯភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ ២០១៧ នោះ លោកស្រីពិតជាក្តុកក្តួលក្នុង អារម្មណ៍ខ្លាំងណាស់ ព្រោះពេលនោះ អ្នកម្តាយ លោកកឹម សុខា ក្រៅពីយំ គាត់បានបញ្ជាក់ថា ក្នុងវ័យចំណាស់ទៅហើយ គាត់ខ្លាចតែមិនជួប មុខកូនប្រុសទេ។ ដូច្នេះគាត់ពិតជា ចង់ជួបមុខ កូនប្រុសខ្លាំងណាស់ ហើយមិនដឹងធ្វើយ៉ាងម៉េច គាត់មានតែផ្លូវធម៌ ជាទីពឹង ទីរលឹក បួងសួងសុំ ឱ្យកូនប្រុសមានសេចក្តីសុខ និងឆាប់បានចេញពីពន្ធនាគារ ដើម្បីបានជួបជុំក្រុមគ្រួសារវិញ។
លោកស្រីម៉េង សុភារី បានមានប្រសាសន៍ ថា “ចាស ! កាលពីម្សិលមិញ ថ្ងៃអាទិត្យ ហ្នឹង ខ្ញុំបានទៅសួរសុខទុក្ខម្តាយរបស់ឯកឧត្តមកឹម សុខា តាមការផ្តាំសួរសុខទុក្ខរបស់ឯកឧត្តម កឹម សុខា ដោយសារតែគាត់នឹកគិតទៅដល់ ម្តាយរបស់គាត់។ អ៊ីចឹងគាត់បានឱ្យខ្ញុំហ្នឹងទៅ សួរសុខទុក្ខម្តាយរបស់គាត់ ជំនួសគាត់ នៅឯ ផ្ទះរបស់កូនគាត់។ បានន័យថា សព្វថ្ងៃនេះ គាត់ មិនបាននៅផ្ទះឯកឧត្តមកឹម សុខា ទេ គឺគាត់ តាំងពីដើមមក គាត់ទៅនៅផ្ទះកូននេះបន្តិចទៅ កូននោះបន្តិច ទៅគ្រប់ៗគ្នា មិននៅទីណាឱ្យ ពិតប្រាកដ គាត់ទៅលេងផ្ទះកូនគាត់គ្រប់ផ្ទះ ហើយបច្ចុប្បន្ន គាត់នៅផ្ទះកូនគាត់ផ្សេងទៀត នៅ ភ្នំពេញ មិននៅផ្ទះឯកឧត្តមកឹម សុខា ទេ។ ពេលនោះ បន្ទាប់ពីឃើញខ្ញុំចូលសួរសុខទុក្ខគាត់ប្រាប់ថា ឯកឧត្តមកឹម សុខា ឱ្យមកសួរសុខទុក្ខគាត់ៗ ត្រេកអរផង រំភើបចិត្តផង ហើយគាត់ក៏យំ ផង ហើយគាត់យំរហូត គាត់បានរៀបរាប់ថា គាត់មិនដែលថ្ងៃណាថាបានសម្រាន្តលក់ទេ ទាំង ពេលយប់ ទាំងពេលថ្ងៃ គាត់នឹកគិតដល់កូនប្រុស គាត់ ហើយគាត់តែងអុជធូបបន់ស្រន់អស់ទេវតា វត្ថុស័ក្តិសិទ្ធិ ឱ្យតាមថែរក្សាឯកឧត្តមកឹម សុខា ដែលជាកូនរបស់គាត់ ហើយគាត់បានមានប្រសាសន៍ ថា កូនគាត់គឺជាមនុស្សស្លូត មិនដែលប្រព្រឹត្ត អំពើអាក្រក់អីទេ ហើយក៏មិនបានប្រព្រឹត្តអំពើ ក្បត់ជាតិ ដូចការចោទប្រកាន់នោះដែរ កូនគាត់ ស្រលាញ់ប្រទេសជាតិ និងប្រជារាស្ត្រខ្មែរណាស់។ គាត់អាណិតដល់កូនគាត់ ដែលត្រូវគេចោទ ប្រកាន់ ដែលគាត់បានមានប្រសាសន៍ថា ជាការចោទប្រកាន់ដោយអយុត្តិធម៌ ចំពោះកូនប្រុសរបស់គាត់ ហើយគាត់បានរៀបរាប់ថា គ្រួសាររបស់គាត់ ពីដើមមកក៏ជាមន្ត្រីដែរ ហើយ ធ្វើការបម្រើរាស្ត្រដោយស្មោះត្រង់ និងស្លូតត្រង់ ពុំដែលមានការធ្វើអ្វីខុសចំពោះប្រទេស ជាតិ ហើយតែងបម្រើប្រទេសជាតិ និងប្រជារាស្ត្រដោយស្មោះ ស្លូតត្រង់ តាំងពីដើមរៀងមក។ ហើយរហូតមកដល់ឥឡូវនេះ គាត់មានព្រះជន្ម៩០ឆ្នាំហើយ គាត់ព្រួយបារម្ភក្នុងចិត្ត ខ្លាច ក្រែងមិនបានជួបកូនប្រុសរបស់គាត់ៗគិតខ្លាំង មែនទែន។ គាត់នៅចងចាំអ្វីទាំងអស់ គាត់ មានស្មារតី សុខភាពគាត់ល្អ ប៉ុន្តែគាត់ធម្មតា ទឹកចិត្តម្តាយ នឹករលឹកដល់កូន ហើយជាពិសេសនោះ ដែលគាត់រន្ធត់ចិត្ត ដោយសារយល់ឃើញថា កូនគាត់ជាមនុស្សស្លូតបូត ហើយត្រូវរងនូវ ការចោទប្រកាន់ អ៊ីចឹងគាត់មានការរន្ធត់ចិត្តជាខ្លាំង ហើយដែលគាត់ទទួលដំណឹងនេះពីដំបូង ឡើយ ដោយសារអ្នកជិតខាងបានឃើញតាមរយៈទូរទស្សន៍ ហើយបានហៅគាត់ទៅមើលទូរទស្សន៍។ អ៊ីចឹងគាត់មានការរន្ធត់ចិត្ត ដែលមានការចោទប្រកាន់មកលើកូនគាត់ ដូច្នេះហើយគាត់ក៏បាន ផ្តាំផ្ញើតាមរយៈខ្ញុំដែរថា ឱ្យឯកឧត្តមកឹម សុខា ថែរក្សាខ្លួន ថែរក្សាសុខភាព ដើម្បីសង្ឃឹមថា គាត់នឹងបានជួបគ្នា រវាងម្តាយនិងកូនរបស់គាត់ ក្នុងពេលឆាប់ៗហ្នឹង”។
លោកស្រីម៉េង សុភារី បន្តថា “ចំពោះ ការចង់ទៅជួបសួរសុខទុក្ខកូននៅពន្ធនាគារ ឬ យ៉ាងណានោះ បើតាមមើលទៅ ទឹកចិត្តរបស់ គាត់ ខ្ញុំមិនបានសួរទេ ប៉ុន្តែមើលទៅគាត់ គឺចង់ ជួបកូនប្រុសគាត់ ប៉ុន្តែកូនៗគាត់ដទៃទៀត មិន ចង់ឱ្យគាត់ជួប ខ្លាចជួបទៅ គាត់កាន់តែពិបាកចិត្តខ្លាំង។ អ៊ីចឹងទៅ កូនៗផ្សេងដទៃទៀត មិន ទាន់អនុញ្ញាតឱ្យគាត់ទៅជួប។ ប៉ុន្តែកូនៗរបស់ គាត់លើកទឹកចិត្តកុំឱ្យគាត់គិតច្រើន កុំឱ្យគាត់ យំច្រើន ហើយគាត់រាល់ថ្ងៃនេះ គាត់មិនឃ្លាន អីទាំងអស់ បើថាអ្នកណាឱ្យពិសាក៏ពិសា បើមិនឱ្យក៏មិនពិសា គាត់អត់ឃ្លាន គាត់ចង់ទ់ទួលទានទេ។ ចំពោះអ្វីដែលគួរឱ្យស្រណោះនោះ គាត់ថា ត្រកូលរបស់គាត់ មិនមែនក្បត់ជាតិ ដូចការចោទប្រកាន់ ហើយការដែលកូនគាត់ នៅឃុំឃាំងដូច្នេះ ធ្វើឱ្យគាត់មិនចង់ទទួលទាន ធ្វើឱ្យគាត់នឹករលឹក យំនោះឯង។ ក្នុងចិត្តខ្ញុំដែល ជួបគាត់ហ្នឹង អាណិតគាត់ ដូចកក់ក្តៅ ព្រោះ បានឃើញទិដ្ឋភាពនេះ។ សូម្បីតែពេលខ្ញុំទៅ មានអ្នកជិតខាងអីមកលេងអ៊ីចឹង ឃើញគេមក សួរសុខទុក្ខ គាត់យំទៀតហើយៗគាត់ចេះតែថា អាយុចំណាស់នេះហើយ ខ្លាចមិនបានជួបមុខ កួន។ ប៉ុន្តែតាមរយៈខ្ញុំនេះ ដោយសារគាត់វ័យចំណាស់ ហើយជឿទៅលើធម៌អាថ៌ លើបាប លើបុណ្យ គាត់ថា អំពើផលបុណ្យដែល គាត់ ធ្វើទាំងប៉ុន្មានហ្នឹង សូមឱ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយកូនគាត់បានរួចចេញពីការចោទប្រកាន់អយុត្តិធម៌ហ្នឹង គឺគាត់មានតែការបួងសួង មិនមានអីសំណូមពរទេ។ ដូច្នេះដូចជម្រាបមុនហ្នឹង អ៊ីចឹងចំពោះអារម្មណ៍របស់ខ្ញុំៗមើលឃើញ ទិដ្ឋភាព អ៊ីចឹង ស្រណោះស្រណោក ដោយសារគាត់ត្រូវបែកគ្នាពីម្តាយគាត់ ហើយរងការចោទប្រកាន់ដោយអយុត្តិធម៌ អ៊ីចឹងវាជារឿងមួយ ឈឺចាប់ខ្លោចផ្សានៅក្នុងគ្រួសារ ហើយនៅក្នុង ជីវិតរបស់គាត់ ដែលត្រូវរងការចោទប្រកាន់…”។
គួររំលឹកថា លោកកឹម សុខា ក៏ត្រូវ បានសមត្ថកិច្ច ចាប់ខ្លួននៅក្នុងផ្ទះរបស់លោក នៅក្នុងខណ្ឌទួលគោក កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ក្បត់ជាតិ “សន្ទិដ្ឋិភាព ជាមួយបរទេស” តាមការចោទរបស់រដ្ឋាភិបាល ដោយយោងទៅតាមឃ្លីបវីដេអូ ផ្សព្វផ្សាយជា សាធារណៈ ដែលលោកបានថ្លែងនៅប្រទេស អូស្ត្រាលី តាំងពីឆ្នាំ២០១៣។
បច្ចុប្បន្នលោកកឹម សុខា ត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទ ប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ហើយរដ្ឋសភា ក៏បានសម្រេចឯកភាពឱ្យតុលាការ បន្តនីតិវីធីលើលោកកឹម សុខា ផងដែរ៕