កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅនេះថៅកែផលិតកម្មមហាហង្ស លោកអ៊ិន សុភិន បាន ចំណាយខ្ទង់ម៉ឺនដុល្លារធ្វើខួបកំណើតគម្រប់១ខួប ឱ្យចៅស្រីសំណព្វចិត្តឈ្មោះខេតធើរីណា (Katherina) ដែលជាកូនស្រីរបស់អ្នកនាងភិន សុដាលីស និងជាដំណក់ឈាមរបស់ពិធិករល្បីឈ្មោះ លោកប៉ែន ចំរ៉ុង ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ លោកប៉ែន ចំរ៉ុង គ្មានសំណាងបានចូលរួមអបអរខួបកំណើតកូនស្រីទេ ខណៈដែលអតីតឪពុកក្មេកមិនហ៊ានអញ្ជើញ។
ពិធីខួបកំណើតកូនស្រីលោកប៉ែន ចំរ៉ុង បានធ្វើឡើងយ៉ាងអធឹកអធមនៅទ្រនំវីឡាដ៏ធំស្កឹមស្កៃរបស់លោកអ៊ិន សុភិន នៅម្តុំភ្នំពេញថ្មី ដែលមានតារាសិល្បៈល្បីៗ រួមទាំងអ្នកជំនួញ និងឧកញ៉ាៗមួយចំនួនផងបានចូលរួមយ៉ាងច្រើនកុះករ។
លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានថ្លែងឱ្យដឹងថា តាមគម្រោង លោកគ្រោងធ្វើ២០០តុឯណោះ តែដោយសារអញ្ជើញភ្ញៀវមិនទាន់ ទើបសម្រេចធ្វើតែ៤០តុប៉ុណ្ណោះ ហើយលោកក៏សុំទោសដល់មិត្តភក្តិមួយចំនួនដែលមិនបានអញ្ជើញផងដែរ។ លោកអ៊ិន សុភិន បន្ថែមថា សម្រាប់ថ្ងៃគម្រប់ខួបរបស់ចៅស្រីនេះ លោកបានប្រគល់ទឹកប្រាក់ចំនួន២ម៉ឺនដុល្លារដើម្បីឱ្យចៅស្រីចែកជូនដល់ជនក្រីក្រ និងជាពិសេស កុមារកំព្រាដែលកំពុងត្រូវការជំនួយ។ លោកប្រកាសថា នឹងបង្រៀនចៅស្រីឱ្យចេះធ្វើបុណ្យតាំងពីតូចទៅ គឺទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ សរុបទាំងចំណងដៃរបស់ភ្ញៀវ និងឱ្យម្តាយរបស់ចៅទុកចែកជូនដល់ជនក្រីក្រគ្មានទីពឹងនិងមណ្ឌលកុមារកំព្រាមួយចំនួន។ លោកបើកឱកាសឱ្យបណ្តាអង្គការ និងមណ្ឌលកុមារកំព្រាមួយចំនួនដែលកំពុងខ្វះខាតអាចដាក់សំណើទទួលយកថវិកាមួយចំនួន ក្នុងចំណោមថវិកាចំនួន២ម៉ឺនដុល្លារ ដែលលោកប្រគល់ឱ្យចៅស្រី ដើម្បីឱ្យចៅរបស់លោកបានរួមចំណែកធ្វើបុណ្យកុសលចាប់តាំងពីអាយុ១ឆ្នាំនេះផង។
អ្វីដែលគួរឱ្យសោកស្តាយនោះ នៅក្នុងពិធីខួបកំណើរកូនស្រីរបស់សុដាលីស ដែលប្រព្រឹត្តឡើងយ៉ាងអធិកអធមនោះ ពុំឃើញមានវត្តមានរបស់លោកប៉ែន ចំរ៉ុង ទេ ខណៈដែលតាមដំណឹងថា លោកចំរ៉ុង ក៏អន្ទះសាចង់ចូលរួមអបអរខួបកូនស្រីដែលមានទម្រង់មុខដូចខ្លួនដែរ។
លោកអ៊ិន សុភិន បានថ្លែងឱ្យដឹងថា លោកមិនហ៊ានអញ្ជើញអតីតកូនប្រសារបស់លោក គឺ លោកប៉ែន ចំរ៉ុង នោះទេ។ លោកថា លោកចំរ៉ុង មិនចូលចិត្តក្រុមគ្រួសាររបស់លោកនោះទេ ដូច្នេះលោកមិនហ៊ានអញ្ជើញទេខ្លាចលោកចំរ៉ុង មិនមកចូលរួម។
បច្ចុប្បន្ននេះលោកអ៊ិន សុភិន បានដើរតួជាជីតាផង ជាឪពុកកូនស្រីលោកប៉ែន ចំរ៉ុង ផង គឺលោកធានារ៉ាប់រងចិញ្ចឹមបីបាច់ក្មេងតូច ខេតធើរីណា គ្រប់បែបយ៉ាង។ លោកថា លោកនិងភរិយា នឹងធ្វើខួបឱ្យចៅស្រីជាទ្រង់ទ្រាយធំបែបនេះជារៀងរាល់ឆ្នាំ ហើយក៏គ្មានគម្រោងអញ្ជើញលោកប៉ែន ចំរ៉ុង ឱ្យចូលរួមដែរ។
ដោយឡែកអ្នកនាងភិន សុដាលីស អតីតភរិយាលោកប៉ែន ចំរ៉ុង ដែលបានបង្ហាញពីអារម្មណ៍សប្បាយរីករាយនៅក្នុងពិធីខួបកំណើតកូនស្រីនោះ បានថ្លែងឱ្យដឹងថា អ្នកនាងមិននៅនឹកអាល័យស្នេហ៍ចាស់ទៀតនោះទេ គឺអ្នកនាងកំពុងតែកក់ក្តៅ និងមានសុភមង្គលជាមួយក្រុម គ្រួសាររួមជាមួយកូនស្រីដែលជាត្រួយជីវិត។
អ្នកនាងថា អ្នកនាងមិននឹកអាល័យស្នេហ៍ លោកប៉ែន ចំរ៉ុង សូម្បីតែប៉ុនក្រចកដៃ ហើយពេលនេះអ្នកនាងក៏មិនទាន់មានដៃគូស្នេហាថ្មីទេ ខណៈដែលបេះដូងអ្នកនាងនៅតែបើកចំហជានិច្ច៕