Tuesday, November 26, 2024
Homeនយោបាយនាយករដ្ឋមន្ត្រី ព្រមានមន្ត្រីកាន់កម្មវិធីរឿងចាក់ភ្លេងគោរពទង់ជាតិ ចេញ “ឱ ! ស្នេហ៍មាសបង”

នាយករដ្ឋមន្ត្រី ព្រមានមន្ត្រីកាន់កម្មវិធីរឿងចាក់ភ្លេងគោរពទង់ជាតិ ចេញ “ឱ ! ស្នេហ៍មាសបង”

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចហ៊ុន សែន បានព្រមានមន្ត្រី កាន់កម្មវិធីរបស់នាយករដ្ឋមន្ត្រីថា បើសិនជា មានបញ្ហារអាក់រអួលនៅពេលកម្មវិធីគោរព ទង់ជាតិ ដូចជាចាក់ភ្លេងគោរពទង់ជាតិអាក់ ដាច់មិនឮ ឬចាក់បទគោរពទង់ជាតិ “បទនគររាជ” ចេញបទ “ឱ! ស្នេហ៍មាសបង” ទៀត នោះ ត្រូវទទួលខុសត្រូវខ្លួនឯង។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ថ្លែងព្រមានបែបនេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និង ដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីការ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព កាល ពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ប្រសាសន៍ថា “…ខ្ញុំគិតថា ថ្ងៃនេះ ខ្ញុំនិយាយ ត្រង់តែម្តង ពីមុនមក ខ្ញុំតែងនិយាយកំប្លែង លេងអំពីបញ្ហាភ្លេងគោរពទង់ជាតិ គឺបងប្អូន គិតស្មានថា នោះជាការនិយាយលេងសើចរបស់ នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែខ្ញុំសូមជម្រាបថា ការ និយាយរបស់ខ្ញុំនោះ មានគោលដៅដាស់តឿន ចំពោះមន្ត្រីអ្នកទទួលខុសត្រូវទាំងឡាយ តាំង ពីការងារល្អិតល្អោចតទៅ ព្រោះបើសិនជាអស់ លោក លោកស្រី ធ្វើការងារល្អិតល្អោចមិន បានផង តើទៅទទួលខុសត្រូវកិច្ចការធំយ៉ាង ម៉េចទៅ? នេះភាសានិយាយលេង ក៏ប៉ុន្តែជា ភាសាដាស់តឿន ដែលខ្ញុំបាននិយាយថា ខ្ញុំទៅ ខេត្តកំពង់ចាម ខ្ញុំទៅកន្លែងនេះ កន្លែងនោះ តែងតែវាជាប់គាំងរហូតទៅដល់មានពេល ដែល ថា គោរពទង់ជាតិ មិនចេញភ្លេងគោរពទង់- ជាតិ ចេញ “ឱ! ស្នេហ៍មាសបង!” បងប្អូនគិត ស្មានថា ខ្ញុំនិយាយលេង ក៏ប៉ុន្តែនេះជាការព្រមាន។ ឃើញទេ! ពេលដែលឡើងក្រោកឈរអម្បាញ់- មិញ គឺភ្លេងមិនទាន់មានទេ ហើយចុះបើសិន ជាវាគាំងរហូតទៅវាយ៉ាងម៉េច? ច្រើនលើក ច្រើនសាហើយ ខ្ញុំយកដាស់តឿន ជាការព្រមាន តែម្តង ប្រសិនបើមានរឿងនេះកើតឡើងតទៅ ទៀត គឺមិនគួរឱ្យកាន់កាប់ការងារហ្នឹង ព្រោះ បើធ្វើការងារល្អិតល្អោចមិនបានផង តើយើង ទៅធ្វើការងារធំយ៉ាងម៉េចទៅ?”។

ភ្ជាប់ជាមួយចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការ ត្រួតពិនិត្យការងាររបស់សម្តេច គឺបានត្រឹម កម្រិត១០5ប៉ុណ្ណោះ បើប្រៀបនឹងសម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រោះ សូម្បីតែបញ្ជីម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ក៏ព្រះអង្គត្រូវត្រួតពិនិត្យ និងឡាយព្រះហស្ត លេខាដោយផ្ទាល់ផងដែរ គឺព្រះរាជកាយវិការ នេះ បង្ហាញនូវភាព ហ្មត់ចត់ ហើយការគិតគូរ ពីរឿងតូចតាចនេះ ហើយដែលនាំឱ្យទទួលបាន ជោគជ័យក្នុងការងារធំៗ។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយជាតិ នៅវិមានសន្តិភាព

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាន ប្រសាសន៍បន្តថា “ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថា កម្រិត ប៉ុនខ្ញុំនេះ បានត្រឹមតែ១០ភាគរយ ជាមួយនឹង សម្តេចព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ តែ ប៉ុណ្ណោះ បើនិយាយពីភាពការគិតគូរ។ និយាយ ដល់កន្លែងហ្នឹង ខ្ញុំសូមជម្រាប សូម្បីតែមឺនុយ សម្រាប់ពិធីជប់លៀងជូនភ្ញៀវ ព្រះអង្គត្រូវ ត្រួតពិនិត្យខ្លួនឯង ហើយឡាយព្រះហស្តលេខា ខ្លួនឯង។ នេះជាភាពហ្មត់ចត់ មិនមែនបាន សេចក្តីថា អង្គក្សត្រ១អង្គ ហើយជាប្រមុខរដ្ឋ ធ្វើការងារល្អិតល្អោច។ អារឿងល្អិតល្អោចហ្នឹង ហើយ ដែលវានាំទៅដល់ការទទួលខុសត្រូវធំធេង។ រឿងនេះត្រូវយល់ឱ្យបានច្បាស់ ដែល ខ្ញុំសុំដាស់តឿនអស់លោក ឯកឧត្តម លោកជំទាវ ដែលទទួលខុសត្រូវបញ្ហានេះ។ សូម្បីតែអានេះ សង់តង់ជាមួយគ្នាអ្នកចាត់តាំងកម្មវិធីនេះ តើ ហៅគេគោរពទង់ជាតិហ្នឹង បានត្រួតពិនិត្យ មីក្រូ សម្រាប់ចាក់ឬអត់? ក្រែងលោអានេះឱ្យ គោរពទង់ជាតិ អានោះនៅក្នុងបង្គន់ រឿងវា អ៊ីចេះ។ គឺចឹងត្រូវមើលឱ្យវាច្បាស់មើល៍ ដាក់ មើល៍កុំឱ្យវាកើតឡើងសាជាថ្មីម្តងហើយម្តងទៀត តើបានទេ? ហើយឧបករណ៍បច្ចុប្បន្ននេះ វា មិនមែនជាម៉ាញេតូហ្វូន កាលពីសម័យដើមទេ គ្រាន់តែថា បើថានេះ ដាក់ទូរស័ព្ទបីគ្រឿងនៅ ក្បែរហ្នឹងតែម្តងទៅ អាហ្នឹងវាមានចុចបញ្ចូល ដោនឡូដបញ្ចូលទៅក្នុងហ្នឹងឱ្យវាហើយស្រេច តែម្តងទៅ។ អាហ្នឹងខ្ញុំសុំបញ្ជាក់ ហើយវាទៅ កើតនៅកន្លែងណា វាទៅកើតមកតែអាកន្លែង នាយករដ្ឋមន្ត្រីទៅទៀត។ អ៊ីចឹងខ្ញុំគិតថា ល្មម ដល់ពេលដែលខ្ញុំឈប់និយាយកំប្លែងហើយ និយាយកំប្លែង វាស្តាប់អត់យល់ វាទៅជាដូចជា នាយករដ្ឋមន្ត្រីនិយាយលេង ប៉ុន្តែវិធីរបស់មនុស្ស មានវិធី កុំថារឿងអ៊ីចឹងទៅព្រមានគ្នា ប៉ុន្តែដល់ ឃើញនាយករដ្ឋមន្ត្រីនិយាយអារឿងហ្នឹង ចាត់ ទុកថា នាយករដ្ឋមន្ត្រី និយាយលេង ប៉ុន្តែក្នុង នោះ គឺក្នុងន័យដាស់តឿន ប៉ុន្តែថ្ងៃនេះ ខ្ញុំព្រមាន តែម្តង កុំឱ្យកើតមានរឿងហ្នឹង មិនថា កន្លែង នេះ ឬកន្លែងណាទេ រឿងគោរពទង់ជាតិ មិន- មែនជារឿងលេងសើច បើភ្ញៀវមានទាំងភ្ញៀវ អន្តរជាតិ មានទាំងភ្ញៀវអី ឱ្យគោរពទង់ជាតិ គឹប! នៅហ្នឹងបណ្តោយ អ៊ីចឹងឈរធ្វើម៉េច? មានកន្លែងខ្លះចាក់វាមិនចេញ ខ្ញុំអញ្ជើញភ្ញៀវ ឱ្យអង្គុយចុះ រឿងវាអ៊ីចឹង វាដល់ទៅប៉ុណ្ណឹង។ អ៊ីចឹងតាមស្ថាប័ន គ្រប់ស្ថាប័ន ឬខេត្ត-ក្រុង ឬ គ្រប់កន្លែងទាំងអស់ ឱ្យវាមានការទទួលខុសត្រូវ បន្តិចបានទេអំពីបញ្ហាហ្នឹង? អានេះគឺថា វាបាន កើតបញ្ហាហ្នឹងវាអ៊ីចឹង”។

ដោយឡែក ទាក់ទងនឹងប្រធានបទនៅ ក្នុងកម្មវិធីនោះ ជាបឋម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំសម្របសម្រួលរៀបចំគោល នយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០១៥ ដ៏មានសារសំខាន់នេះឡើង និងបានវាយតម្លៃ ខ្ពស់លើការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ព្រម ទាំងដៃគូអភវិឌ្ឍន៍ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានគាំទ្រនិងផ្តល់កិច្ចសហការដល់ ការខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំគោលនយោបាយជាតិនេះឡើង រហូតទទួលបានជោគជ័យ។ ការរៀបចំ និងដាក់ចេញនូវគោល នយោបាយជាតិ ស្តីពីរការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើត យុទ្ធសាស្ត្រនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដល់កម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេស រួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់របស់កម្លាំងពលកម្ម ដែលអាចប្រកួតប្រជែងកាន់តែប្រសើរជាង មុនជាមួយបណ្តាប្រទេសក្នុងតំបន់។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន ផ្តល់អនុសាសន៍សំខាន់ចំនួន ៧ រួមមាន ៖

១-ត្រូវបន្តពង្រឹងគុណភាពនៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយ បន្តអនុវត្តប្រព័ន្ធធនាគារ ប្រព័ន្ធធានាគុណភាព និងពង្រីកសមត្ថភាពបច្ចេកទេសគ្រូបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ បច្ចេកវិទ្យាថ្មីៗ ស្របនឹងតម្រូវការទីផ្សារការងារ បច្ចុប្បន្នផងដែរ។

២-ត្រូវបន្តកែលំអប្រព័ន្ធគ្រប់គ្រង់ព័ត៌មានអប់រំបណ្តុះបណ្តលបច្ចេកទេស វិជ្ជាជីវៈ និងពង្រីកប្រព័ន្ធព័ត៌មានទីផ្សារការងារ យក- ចិត្តទុកដាក់បង្កើនកម្លាំពលកម្ម និងពង្រឹងនិង ពង្រីកទិន្ន័យទីផ្សារការងារឱ្យបានល្អ។

៣-ត្រូវបន្តពង្រឹងនិងពង្រីកទីភ្នាក់ងារ ជាតិមុខរបរ និងការងារដើម្បីឱ្យទីផ្សារ ការងារកាន់តែទូលំទូលាយ។

៤-ត្រូវបង្កើនឱកាសបន្ថែមទៀត ដល់ប្រជាជន ដើម្បីទទួលបាននូវជំនាញសម្រាប់ជីវិត ដោយយកចិត្តទុកដាក់ជាពិសេសលើស្ត្រីជនរងគ្រោះ យុវជនទីទ័លក្រ សិស្សដែលបាន បោះបងការសិក្សា ពលករចំណាកស្រុក និងជនជាតិភាគតិច ដើម្បីបណ្តុះបណ្តាលឱ្យមានចំណេះជំនាញ។

៥.បង្កភាពងាយស្រួលក្នុងការទំនាក់ទំនងដល់សិស្ស និស្សិត រវាងប្រពន្ធ័អប់រំទូទៅ និងប្រពន្ធ័អប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយត្រូវផ្តល់អាហារូបករណ៍ ប្រាក់ឧបត្ថម្ភ និង កន្លែងស្នាក់នៅ ឱ្យបានគ្រប់គ្រាន់ និងលើកទឹកចិត្តដល់សិស្ស-និស្សិតឱ្យមកចូលមកសិក្សា នៅក្នុងប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឱ្យកាន់តែច្រើនឡើង។

៦.ត្រូវលើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន ឱ្យចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធ អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ហើយបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល  និងគម្រោងដៃគូអភិវឌ្ឍន៍នានា ទាំងក្នុងក្របខ័ណ្ឌ និងពហុភាគីដែលជាប់ពាក់ព័ន្ធ ដើម្បីចូល រួមអភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ នេះ។

៧.ត្រូវបំផុសនូវយុទ្ធនាការបង្កើនផលិតភាពការងារ ទិន្នផលការងារ និងប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងនៅក្នុងការទាក់ទាញវិនិយោគ និងការកើនឡើង​នូវប្រាក់ឈ្នួលអប្បរមា។

នៅក្នុងឱកាសនោះដែរ សម្តេចហ៊ុន សែន បានមានប្រសាសន៍សាជាថ្មី អំពីការប្រកាសជា ផ្លូវការ នូវគោលនយោបាយជាតិគាំពារសង្គម ដែលផ្តោតទៅលើស្ត្រីឆ្លងទន្លេ ដែលជាកម្មការិនី ដែលសម្រាលបានកូន ១ គឺទទួលបានប្រាក់ឧបត្ថម្ភ ៤០០ ០០០៛ កូនភ្លោះ២ គឺបាន ៨០០ ០០០៛ កូនភ្លោះ៣ គឺបាន ១ ២០០ ០០០៛។ បើតាម សេចក្តីសម្រេច (លេខ៥២សសរ) ដែលបានចុះ ហត្ថលេខាកាលពីថ្ងៃទី២ធ្នូ ឆ្នាំ២០០៥ ដែលបាន អនុវត្ត កាលពីថ្ងៃទី០១ ខែមករា ២០០៦  គឺ ស្ត្រីជាមន្ត្រីរាជការដែលសម្រាលកូន គឺក្នុង១នាក់ ៦០០ ០០០រៀល។ ប៉ុន្តែនៅពេលនេះ គឺ រាជរដ្ឋាភិបាលបានបញ្ចូលស្ត្រីដែលជាកងទ័ព និងស្ត្រីជាកងនគរបាលជាតិ ដែលសម្រាលកូន គឺចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ ស្ត្រីជា មន្ត្រីរាជការស៊ីវិល នគរបាល និងកងទ័ពដែល សម្រាលកូន១ គឺទទួលបាន ៨០០ ០០០៛ បើ បានកូនភ្លោះ២ គឺទទួលបាន ១ ៦០០ ០០០៛ បើ បានកូនភ្លោះ៣ គឺទទួលបាន ២ ៤០០ ០០០៛។ ចំពោះ គ្រូបង្រៀន និងគ្រូពេទ្យជាស្ត្រី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះដែរ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បាន អរគុណចំពោះក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ និងបណ្តារោងចក្រសហគ្រាសទាំងអស់ ដែលបានពិភាក្សាចរចាដំឡើងប្រាក់ខែសម្រាប់ កម្មករកម្មការិនី គឺចាប់ពី ខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែកម្មករ កម្មការិនី ជាអប្បបរមា គឺ១៧០ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបាន បន្ថែម ៥ដុល្លារ) ដែលសាច់ប្រាក់នេះបានមក ពីពន្ធកាត់ទុក និងពីកម្រៃនៃការពិនិត្យការនាំ ចេញ ដែលរាជរដ្ឋាភិបាលត្រូវចំណាយជាង៤០ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះចាប់ពីខែ មករា ឆ្នាំពី២០១៨ តទៅ ប្រាក់ខែអប្បបរមា បូកបន្ថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួម ទាំងការបញ្ចុះតម្លៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះ កម្មករ គឺបងប្អូនកូនក្មួយកម្មករអាចនៅសល់ ប្រាក់ខែសមរម្យសម្រាប់ដោះស្រាយជីវភាព រស់នៅកាន់តែប្រសើរឡើង។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បាន បញ្ជាក់ថា កាលពីមុន ប្រាក់ខែមន្ត្រីរាជការ លើលពី ១លានរៀល ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០១៨ តទៅប្រាក់ខែ ចាប់ពី ១ ២០០ ០០០៛ ទើបជាប់ពន្ធ ហើយ សម្រាប់ប្រាក់បៀវត្សមន្ត្រីទាបបំផុត គឺទទួល បាន ១លានរៀល។ ចំពោះកីឡាករ កីឡាការិនី ទាំងអស់ គឺនឹងទទួលបានការជិះរថយន្តក្រុង សាធារណៈ ដោយមិនគិតថ្លៃ ចាប់ពីខែមករា ឆ្នាំ២០១៨ ទៅ។ ចំណែកមន្ត្រីរាជការស៊ីវិល ដែលទទួលមរណភាពដោយជំងឺធម្មតា ដែល ពីមុន ទទួលបាន ១ ២០០ ០០០៛ ប៉ុន្តែពេល នេះ គឺបន្ថែមប្រាក់ដល់ ២ ០០០ ០០០រៀល។ រីឯចំពោះមន្ត្រីរាជការដែលទទួលមរណភាព ក្នុងបេសកកម្ម ដែលពីមុនទទួលបាន ១ ៥០០ ០០០៛ នឹងបន្ថែមដល់ ៤ ០០០ ០០០រៀល ចាប់ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

ជាចុងក្រោយ សម្តេចនាយករដ្ឋមន្ត្រី បាន អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការ អនុវត្តន៍គោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ រួមគ្នាជំរុញវិស័យនេះ ឱ្យ កាន់តែទូលំទូលាយ និងមានគុណភាពការងារ ជាមួយនឹងការប្រកួតប្រជែង ដែលបំពេញនូវ តម្រូវការងារនាពេលបច្ចុប្បន្ន និងក្នុងពេល អនាគត៕

 កុលបុត្រ

RELATED ARTICLES