រឿងស្នេហាឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែទូរទស្សន៍ហង្សមាស លោកអុឹង សុខលី ត្រូវបានអ្នកសិល្បៈជាច្រើនបានដឹង និងមានការជជែកគ្នា នារយៈពេលចុងក្រោយនេះ បើទោះជាដំណឹងស្នេហ៍នេះបានបែកធ្លាយរយៈពេលជាង៥ឆ្នាំក្តី តែនៅពេលដែលកេរ្តិ៍ឈ្មោះសុគន្ធកញ្ញា កាន់តែស្ទុះឡើងខ្លាំងទៅៗនេះ រឿងស្នេហានាងកាន់តែត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំងផងដែរ។
បើទោះជាអ្នកស្រីអ៊ិន ថាច ដែលជាម្តាយឱក សុគន្ធកញ្ញា និយាយថា គាត់មិនដឹងរឿងស្នេហារបស់កូនស្រីក្តី តែពេលនេះដំណឹងដែលសុគន្ធកញ្ញា បានភ្ជាប់ពាក្យ និងទិញវីឡាតម្លៃ២៤ម៉ឺនដុល្លារ រស់នៅជាមួយគូស្នេហ៍ កាន់តែមានការខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈ តែក្នុងនោះ មានតារាជាច្រើនបានសម្តែងការគាំទ្រស្នេហាតារាល្បីរូបនេះ ច្រើនជាងការរិះគន់ ព្រោះថា គូស្នេហ៍សុគន្ធកញ្ញា ជាបុរសនៅលីវ មិនទាន់មានប្រពន្ធកូន ហើយជាអ្នកខ្លាំងក្នុងការធ្វើការ ដែលមានបុគ្គលិកនៅក្រោមឱវាទរាប់រយនាក់ឯណោះ ហេតុនេះហើយ លោកពិតជាស័ក្តិសមជាមួយតារាចម្រៀងស្រីឈានមុខគេនៅហង្សមាស ៧ឆ្នាំ សុគន្ធកញ្ញា នេះ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានការទម្លាយរឿងស្នេហ៍ដ៏រសើបនេះថា តាមពិត តារាចម្រៀងស្រីល្បីជាងគេនាពេលនេះ មិនមែនជាសង្សារទី១ របស់ប្អូនប្រុសអ្នកជំនួញល្បីឈ្មោះរូបនោះឡើយ គឺជាសង្សារទៅ៦ឯណោះ ព្រោះបុរសខ្ពស់ស្រឡះរូបសង្ហានោះ ធ្លាប់មានសង្សារជាស្រីស្អាត៥នាក់មកហើយ ដែលក្នុងនោះ គឺមានតារាចម្រៀងល្បីឈ្មោះ ២នាក់ និងតារាសម្តែងល្បីឈ្មោះ៣នាក់ តែបានបែកបាក់អស់ទៅហើយ។
តារាសិល្បៈមួយចំនួនបានឱ្យដឹងដែរថា ការបែកបាក់សង្សារ៥លើកមកហើយ របស់សង្សារថ្មីសុគន្ធកញ្ញា នោះ មិនមែនជាសញ្ញាល្អឡើយ សម្រាប់ចំណងស្នេហាអ្នកចម្រៀងល្បីរូបនេះ ព្រោះមើលទៅស្នេហានាងស្ថិតក្នុងសភាពផុយស្រួយ ហើយបើនៅតែពន្យារពេលក្នុងការរៀបការទៀត ចំណងស្នេហ៍គឺអាចនឹងមានការប្រែប្រួលជាមិនខានឡើយ ខណៈដែលក្រុមគ្រួសារអ្នកជំនួញនោះ មិនមានសាច់ញាតិណាម្នាក់ដែលយកប្រពន្ធជាអ្នកសិល្បៈឡើយ៕