តារាកូនកាត់ចិន ជ្រកកោននៅផលិតកម្ម We Production ប៉ាច គីមមួយ ដែលបានតំណែងជាតួអង្គសំខាន់ក្នុងរឿង “បិសាចគួរឱ្យស្រលាញ់” នោះ ត្រូវបានហង្សមាស ពេញចិត្តឱ្យសម្តែងរឿងទី២ របស់ខ្លួនថែមទៀត តែត្រូវបានតារាសាច់សខ្ចីរូបនេះជំទាស់ មិនព្រមថតឡើយ ក្រោមហេតុផលជាប់រវល់ផ្ទាល់ខ្លួនទៅវិញ ទើបធ្វើឱ្យអ្នកដឹកនាំរឿងខកចិត្ត…។
តារាចម្រៀងសំនៀងពីរោះ ប៉ាច គីមមួយ ដែលអាចច្រៀងបានទាំងបទខ្មែរ អង់គ្លេស និងចិននោះ ក៏ពិបាកប្រជែងដណ្តើមភាពលេចធ្លោនៅទ្រនំធំហង្សមាស ដែរ ព្រោះតែបទចម្រៀងនាងមិនសូវមានល្បីៗឡើយ ហេតុនេះហើយធ្វើឱ្យអ្នកចម្រៀងដែលមានទឹកដមសំឡេងមិនធម្មតាម្នាក់នេះ គឺនៅទ្រឹងមួយកន្លែងដូចតារាស្រីជាច្រើនរបស់ផលិតកម្មធំនេះដែរ។ ប៉ុន្តែ យ៉ាងណា ប៉ាច គីមមួយ ថា គ្មានគម្រោងផ្លាស់ប្តូរទ្រនំចាស់ ស្វែងរកផ្ទះថ្មីដូចឈិត សុវណ្ណបញ្ញា និងយក់ ថិតរដ្ឋា ឡើយ ព្រោះថា ពេលនេះនាងនៅតែមានសេចក្តីសុខជាមួយហង្សមាស នៅឡើយ។
ដោយសារតែហង្សមាស មើលឃើញពីការតាំងចិត្តរបស់អ្នកចម្រៀងកូនកាត់ចិនរូបនេះហើយ បានជាថ្មីៗនេះ ផលិតកម្មនេះបានជំរុញឱ្យគីមមួយ ចូលទៅថតភាពយន្តក្នុងរឿងភាគដំបូងរបស់ខ្លួន គឺរឿង “បិសាចគួរឱ្យស្រលាញ់” ហើយទោះជានាងមិនបានតំណែងជាតួអង្គឯក តែគីមមួយ សម្តែងជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះ ហើយតារាចម្រៀងរូបនេះមានទេពកោសល្យល្អ ទើបធ្វើឱ្យអ្នកដឹកនាំរឿងមានការពេញចិត្តជាខ្លាំង រហូតផ្តល់ឱកាសឱ្យនាងលេងក្នុងរឿងទី២ របស់ខ្លួនថែមទៀត តែបំណងល្អនេះ បែរជាត្រូវគីមមួយ ច្រានចោល ដោយលែងចង់ថតរឿងទៀតទៅវិញ ទើបនាំឱ្យអ្នកដឹកនាំរឿងមិនសប្បាយចិត្តឡើយ។
តារាចម្រៀងប៉ាច គីមមួយ ថ្លែងថា នាងពិតជារវល់ការងារផ្ទាល់ខ្លួន ហេតុនេះហើយបានជាមិនទទួលថតរឿងទី២នោះ តែខាងផលិតកម្មមិនបានអាក់អន់ចិត្តជាមួយនាងឡើយ។ តារាដែលមានទឹកដមសំនៀងផ្អែមរូបនេះរៀបរាប់ថា “រឿងទី១ ដែលខ្ញុំកំពុងតែថតហ្នឹង គឺជិតចប់ហើយ ក្រុមការងារហង្សមាស បានឱ្យខ្ញុំថតរឿងទី២ តែខ្ញុំមិនទទួលទេបង! ព្រោះអីមួយរយៈនេះខ្ញុំរវល់ជាប់រៀនភាសាអង់គ្លេស នៅសាលាបញ្ញាសាស្ត្រ។ ហង្សមាស គាត់មិនបង្ខំយើងទេ បើយើងរវល់គាត់ដាក់តួផ្សេងវិញ ហើយតាមពិតខ្ញុំ ស្រលាញ់ពេញចិត្តទាំងចម្រៀង និងសម្តែងដូចគ្នា គ្រាន់តែថា ពេលនេះខ្ញុំជាប់រវល់ យើងរៀនផង ច្រៀងយប់ដល់ទៅ២កន្លែងទៀត គឺនៅ Mango និងក្លឹបមួយទៀត អីចឹងខ្ញុំមិនទាន់ឈានទៅថតរឿងទី២បានទេ!”៕