Saturday, September 21, 2024
Homeតារាខ្មែរអ៊ីវ៉ា ថៅកែមិនហ៊ានក្រុងទុក ដោយសារតែនាងចង់ចាកចេញខ្លាំងពេក

អ៊ីវ៉ា ថៅកែមិនហ៊ានក្រុងទុក ដោយសារតែនាងចង់ចាកចេញខ្លាំងពេក

ខណៈដែលជិតផុតកុងត្រាជាមួយផលិតកម្មសាន់ដេ មានដំណឹងថា អ៊ីវ៉ា គ្រោងចាកចេញទៅផលិតកម្មរស្មីហង្សមាស តាមអ្នកមេម៉ាយក្តៅស្រួយ សុខ ស្រីនាង និងលោកខេមរៈ សិរីមន្ត ដែរ ដែលធ្វើឱ្យសាន់ដេ បាត់បង់តារាចម្រៀង ជើងខ្លាំងជាបន្តបន្ទាប់ និងកាន់តែពិបាកប្រជែង ជាមួយរស្មីហង្សមាស។ ប៉ុន្តែយ៉ាងណា លោក ឡាយ សុខចំរើន ថៅកែក្មេងសាន់ដេ អះអាងថា ជម្រើសចាកចេញពីសាន់ដេ ជាសិទ្ធិរបស់តារាចម្រៀង លោកគ្មានសិទ្ធិក្រុងតារាចម្រៀងណាទុកទេ រួមទាំងអ៊ីវ៉ា ផងដែរ…។

កាលពីអំឡុងឆ្នាំ២០១៦ មានដំណឹងថា អ៊ីវ៉ា គ្រោងចាកចេញពីទ្រនំសាន់ដេ ទៅផលិតកម្មថោន ម្តងរួចមកហើយ ស្របពេលដែលអាជីពរបស់នាងប្រែជាស្ងប់ស្ងាត់ មិនសូវមានបទចម្រៀងនៅលើទីផ្សារ ធ្វើឱ្យធ្លាក់ចុះការគាំទ្រ។ យ៉ាងណាក្រោយមក អ៊ីវ៉ា ក៏សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយសាន់ដេ ដោយព្រមព្រៀងនូវលក្ខខណ្ឌថ្មីមួយចំនួន ជាមួយក្តីរំពឹងថា នាងនឹងដណ្តើមបានការគាំទ្រជាថ្មី។ ប៉ុន្តែកុងត្រាថ្មីជាមួយសាន់ដេ នោះ អ៊ីវ៉ា ធ្លាប់បញ្ជាក់ថា មានរយៈពេលខ្លី មិនទាំងដល់១ឆ្នាំផង។

នាពេលចុងក្រោយនេះ ស្របពេលដែលអាជីពចម្រៀងរបស់អ៊ីវ៉ា នៅតែស្ងប់ស្ងាត់ ពុំមានបទផ្ទុះប្រជែងការគាំទ្រ និងជិតផុតកុងត្រាជាមួយសាន់ដេ ផងនោះ តាមដំណឹងថា នាងគ្រោងចាកចេញទៅរស្មីហង្សមាស តាមខេមរៈ សិរីមន្ត និងសុខ ស្រីនាង ដែរ។

ពាក់ព័ន្ធនឹងដំណឹងនេះ លោកឡាយ សុខចំរើន ហៅសេង ថៅកែផលិតកម្មសាន់ដេ បានទទួលស្គាល់ថា អ៊ីវ៉ា ពិតជាជិតផុតកុងត្រាជាមួយសាន់ដេ មែន តែការសម្រេចចិត្តបន្ត ឬចង់ចាកចេញ គឺស្ថិតនៅលើអ៊ីវ៉ា ពោលគឺលោកគ្មានសិទ្ធិឃាត់ឃាំងនោះទេ។

លោកសេង លើកឡើងថា តារាចម្រៀងជាច្រើន ដែលល្បីល្បាញតាមរយៈសាន់ដេ ហើយនៅពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនគ្មានសិទ្ធិហាមឃាត់ទេ សូម្បីតែខេមរៈ សិរីមន្ត ក្រោយពេលផុតកុងត្រា ក៏បានសម្រេចចិត្តចាកចេញទៅរស្មីហង្សមាស ដែរ តែយ៉ាងណា ទំនាក់ទំនងរវាងលោកនិងសិរីមន្ត នៅតែល្អធម្មតា។

លោកសេង អះអាងថា បើទោះបីតារាចម្រៀងល្បីៗនៅសាន់ដេ ចាកចេញជាបន្តបន្ទាប់ក្តី ក៏ក្រុមហ៊ុនគ្មានការព្រួយបារម្ភដែរ ក៏ព្រោះនៅមានតារាចម្រៀងជាច្រើនទៀត ដូចជា សុខ ពិសី, ឆាយ វីរៈយុទ្ធ និងយូរី ជាដើម គឺក្រុមហ៊ុននៅតែមានទិសដៅបន្តទៀត ដើម្បីជួយជ្រោមជ្រែងតារាចម្រៀងរបស់ខ្លួន។

តាមដំណឹងថា កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា នឹងចាកចេញទៅរស្មីហង្សមាស ដែរ ខណៈដែលនាងក៏ធ្លាប់បង្ហើបថា មានផលិតកម្មធំចំនួន២ បានព្យាយាមទាក់ទងនាង ក្នុងនោះ រួមមាន រស្មីហង្សមាស និងផលិតកម្មថោន។

យ៉ាងណា អ៊ីវ៉ា បានបញ្ជាក់មុននេះបន្តិចថា ដរាបណា នាងមិនទាន់ផុតកុងត្រា គឺនាងនៅតែជាតារាចម្រៀងរបស់សាន់ដេ។

តាមប្រភពថា កាលដែលតារាចម្រៀងល្បីៗនៅទ្រនំសាន់ដេ បានរត់ចេញជាបន្តបន្ទាប់នោះ ដោយសារតែតារាចម្រៀងមួយចំនួនគិតថា សាន់ដេ លម្អៀង លើកស្ទួយតារាមិនស្មើគ្នា។ ទន្ទឹមនឹងនោះលេចដំណឹងថា អ៊ីវ៉ា ចង់ចាកចេញ ក៏ដោយសារតែសាន់ដេ ផ្អឹបនាង លើកស្ទួយតែសុខ ពិសី។ ប៉ុន្តែលោកថៅកែសាន់ដេ អះអាងថា ក្រុមហ៊ុនតែងតែលើកស្ទួយគ្រប់តារាចម្រៀងរបស់ខ្លួន ដោយស្មើភាព គឺគ្មានភាពលម្អៀងនោះទេ។

មានការលើកឡើងថា បើអ៊ីវ៉ា រើបង្វេចចេញពីសាន់ដេ ចូលហង្សមាស មែននោះ សន្ទុះគាំទ្ររបស់នាងនឹងអាចស្ទុះឡើងលេចធ្លោជាងនៅសាន់ដេ ព្រោះនាងអាចនឹងមានឱកាសចាប់ដៃគូច្រៀងជាមួយលោកឆន សុវណ្ណរា-ខេមរៈ សិរីមន្ត និងលោកព្រាប សុវត្ថិ ជាដើម។ ម៉្យាងអ៊ីវ៉ា ត្រូវបានចាត់ទុកជាតារាចម្រៀងស្ថិតនៅក្នុងលំដាប់ជួរមុខ មួយរូប ដែលលេចធ្លោទាំងរូបសម្រស់ និងទឹកដមសំឡេង។

អ៊ីវ៉ា ធ្លាប់បង្ហើបថា មានអ្នកគាំទ្រនាងជាច្រើនចង់ឱ្យនាងផ្លាស់ប្តូរ ទ្រនំថ្មី ដើម្បីដណ្តើមការគាំទ្រឱ្យខ្លាំងក្លាជាងនេះ ហើយនាងនឹងបញ្ជាក់ថា ត្រូវទៅផលិតកម្មថ្មី ឬនៅបន្តនៅពេលនាងផុតកុងត្រា នាពេលឆាប់ៗ ខាងមុខនេះ ខណៈដែលថៅកែសាន់ដេ មិនបិទសិទ្ធិចំពោះការ សម្រេចចិត្តរបស់នាង។

តាមប្រភពថា ថៅកែក្លឹបនៅសៀមរាប ដែលតាមថ្ពក់ស្នេហ៍ អ៊ីវ៉ា យ៉ាងប្រកិតនោះ ក៏ចង់ឱ្យនាងចាកចេញទៅរស្មីហង្សមាស ផងដែរ ថែមទាំងធ្លាប់ត្រៀមរកអ្នកនិពន្ធមកជួយឱ្យនាងកាន់តែ ល្បីទៀតផង។ ម៉្យាងពេលអ៊ីវ៉ា ទៅដល់ទីនោះ នឹងអាចលេចធ្លោ ប្រជែងជាមួយតារាចម្រៀងល្បីៗនៅទីនោះផងដែរ ។

ទស្សនិកជនរង់ចាំមើលថា តើអ៊ីវ៉ា នឹងសម្រេចចិត្តបន្តនៅ ទ្រនំចាស់សាន់ដេ ឬក៏ចាកចេញទៅជម្រកថ្មី នៅពេលផុតកុងត្រា? ដែលអំឡុងពេលនេះ មានទ្រនំពីរដែលនាងត្រូវពិចារណា គឺផលិតកម្ម ថោន និងរស្មីហង្សមាស ស្របពេលដែលថៅកែសាន់ដេ បញ្ជាក់ថា គ្មានគម្រោងក្រុងនាងទុក៕

RELATED ARTICLES