Tuesday, November 26, 2024
Homeនយោបាយបើតុលាការកំពូលសម្រេចរំលាយបក្សប្រឆាំង ប្រធានសមាគមមួយ ហ៊ានភ្នាល់ជាមួយសម្តេចក្រុមព្រះ១០០សង១០លាន

បើតុលាការកំពូលសម្រេចរំលាយបក្សប្រឆាំង ប្រធានសមាគមមួយ ហ៊ានភ្នាល់ជាមួយសម្តេចក្រុមព្រះ១០០សង១០លាន

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានប្រកាសភ្នាល់ ១០០ សង១០លាន ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បើតុលាការកំពូល កាត់សេចក្តីរំលាយ គណបក្សសង្គ្រោះជាតិ តាមសំណើរបស់គណ បក្សហ៊្វុនស៊ិនប៉ិច របស់ព្រះអង្គ និងគណបក្ស យុវជនកម្ពុជា របស់លោកពេជ្រ ស្រស់ នោះ។

លោករស់ សារ៉ុម បានសរសេរក្នុងទំព័រនៅ ក្នុងហ្វេសរបស់លោកថា “អាមច៍មិនអាចម៍ នោម មិននោម កុំឱ្យឆ្កែអរ”។ រំលាយឬផ្អាកសកម្មភាពបក្សសង្គ្រោះជាតិតែម្តង តុលាការកំពូល និងគណបក្សប្រជាជនកម្ពុជា មិនហ៊ានប្រថុយ ទេ សុខចិត្តបដិសេធ មិនទទួលអាសនៈ បង្កើត ច្បាប់ជាសំឡេងផ្គរលាន់សិប្បនិម្មិតទាំងប្រហោង ពោះ ខណៈសម្តេចក្រុមព្រះ ចាក់ទឹកពាងចោល កាប់បំពង់រង់ចាំទឹកភ្លៀង។ ទូលបង្គំកូនរាស្ត្រ ជីវភាពក្រីក្រទេ ប៉ុន្តែទូលបង្គំហ៊ានភ្នាល់ជាមួយ ទ្រង់ ១០០រៀល សង១០លានរៀល បើតុលាការកំពូលសម្រេចរំលាយ ឬផ្អាកសកម្មភាព គណបក្សសង្គ្រោះជាតិ តាមការចង់បានរបស់ ទ្រង់ ទូលបង្គំចាញ់។ ផ្ទុយទៅវិញ តុលាការកំពូល សម្រេចមិនរំលាយ និងគ្រាន់តែផ្អាកសកម្មភាព នយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ដែលពាក់ព័ន្ធជាមួយទង្វើក្បត់ ជាតិរបស់កឹម សុខា ទ្រង់ត្រូវសងខ្ញុំ ១០០រៀល វិញ។ តាំងតែពីដើមមក បណ្ឌិតច្បាប់ជនបទ ស្រុកបារាំងរបស់ព្រះអង្គ តាមមិនទាន់សម្តេច តេជោ ហ៊ុន សែន និងលោកសម រង្ស៊ី ឡើយ”។

ខាងក្រោមនេះ ជាបទសម្ភាសន៍បន្ថែម រវាង “នគរធំ” ជាមួយលោករស់ សារ៉ុម ពាក់ ព័ន្ធនឹងការលើកឡើងរបស់លោកខាងលើនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ៖

នគរធំ ៖ ជម្រាបសួរលោករស់ សារ៉ុម ! តើមានមូលហេតុឬកត្តាអ្វីខ្លះ ដែលលោកហ៊ាន ភ្នាលជាមួយសម្តេចក្រុមព្រះ នរោត្ត រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ថា គណបក្ស សង្គ្រោះជាតិ នឹងមិនត្រូវតុលាការកំពូលកាត់ សេចក្តីរំលាយនោះ?

លោករស់ សារ៉ុម ៖ អ៊ីចេះ! ខ្ញុំសូមជម្រាប ថា ច្រកចេញសម្រាប់ស្ថានការណ៍នយោបាយបច្ចុប្បន្ននេះ វាមិនស្ថិតនៅលើការរំលាយគណបក្ស សង្គ្រោះជាតិ ឬផ្អាកសកម្មភាពគណបក្សសង្គ្រោះជាតិ នោះទេ ព្រោះសកម្មភាពដែលកើតឡើង តាមរយៈព្រះរាជសកម្មភាពសម្តេចក្រុមព្រះ ស្នើឱ្យរំលាយ គណបក្សប្រជាជនកម្ពុជា បង្កើត ច្បាប់ផ្សេងៗ គឺវាគ្រាន់តែជាផ្នែកមួយទេ ដែល ខ្ញុំហៅថា វាគ្រាន់តែជាផ្គរលាន់ទេ ប៉ុន្តែឆ្ពោះ ទៅការរំលាយគណបក្សសង្គ្រោះជាតិ តែម្តង វាមិនឆ្លើយតបចំពោះតម្រូវការនៃច្រកចេញ សម្រាប់ស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ទេ។ អ៊ីចឹងខ្ញុំសូមបញ្ជាក់ជូនបន្តិចថា តាមអ្វី ដែលយើងខ្ញុំយល់ឃើញ ព័ត៌មានដែលយើងទទួល បានហ្នឹង គឺក្រសួងមហាផ្ទៃ ប្តឹងទៅតុលាការ កំពូល មានកម្មវត្ថុ២។ កម្មវត្ថុទី១ គឺសុំប្តឹង រំលាយគណបក្សសង្គ្រោះជាតិ ហើយកម្មវត្ថុ ទី២ គឺផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិ។ អ៊ីចឹងអ្វីដែលខ្ញុំ ចាប់អារម្មណ៍ គឺកម្មវត្ថុទី២ មិនមែនកម្មវត្ថុទី១ ទេ។ មូលហេតុអីបានជាយើងខ្ញុំយល់ថា មិន មែនជាកម្មវត្ថុទី១? ដោយសារលោកកឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែសកម្ម ភាពរបស់គាត់ មិនមែនជាសេចក្តីសម្រេចរួម របស់គណបក្សទេ។ អ៊ីចឹងជារឿងបុគ្គលសុទ្ធសាធ ហើយរឿងដែលកឹម សុខា គាត់ធ្វើ មិនមែនធ្វើក្នុងពេលបង្កើតគណបក្សសង្គ្រោះជាតិ ទេ គាត់បានធ្វើតាំងពីឆ្នាំ១៩៩៣មក។ អ៊ីចឹង វាជារឿងបុគ្គលរបស់គាត់ អ៊ីចឹងច្បាប់បង្កើតថ្មី  ដែលឈានឆ្ពោះទៅការរំលាយ ឬការបែងចែក អាសនៈសភារបស់គណបក្សដែលឈ្នះឆ្នោត ឱ្យគណបក្សអីដទៃទៀតហ្នឹង វាគ្រាន់តែជាសិល្បៈ នយោបាយទេ ប៉ុន្តែធាតុពិត ខ្ញុំសួរត្រឡប់ទៅ វិញថា តើរាជរដ្ឋាភិបាលកម្ពុជា តុលាការកំពូល ដែលសម្តេចក្រឡាហោម បានលើកឡើងពី ព្រឹកមិញថា បើរំលាយគណបក្សសង្គ្រោះជាតិ គឺក្រសួងមហាផ្ទៃ បានគិតអស់ហើយ សម្ពាធ អន្តរជាតិយ៉ាងម៉េចៗ ប៉ុន្តែខ្ញុំសូមជម្រាបថា អ្នកនយោបាយថាចេះតែថាទៅ ប៉ុន្តែរឿងផ្លូវ ច្បាប់ គឺកម្ពុជា បើសិនជាឆ្ពោះទៅរកការរំលាយ គណបក្សសង្គ្រោះជាតិ នេះ វាអត់មានចំណេញ អីសោះសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។

នគរធំ ៖ ត្រង់ចំណុចនេះ តើមូលហេតុអ្វី ទៅដែលថា រំលាយគណបក្សសង្គ្រោះជាតិ មិន ចំណេញនោះ?

លោករស់ សារ៉ុម ៖ មូលហេតុដែលខ្ញុំថា មិនចំណេញហ្នឹង កម្ពុជា ត្រូវប្រឈមជាមួយនឹង សហគមន៍អន្តរជាតិ ហើយរាជរដ្ឋាភិបាលដែល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹង ប្រឈមជាមួយសហគមន៍អន្តរជាតិហើយ។ ប្រឈមអន្តរជាតិ ជារឿងទី២ទេ ប៉ុន្តែរឿង ដែលប្រឈមធ្ងន់ជាងគេ គឺបញ្ហាសន្តិសុខជាតិ ប្រឈមជាមួយនឹងប្រជាជនរបស់ខ្លួនឯង។ ទោះ គណបក្សប្រជាជនកម្ពុជា ប្រឹងយ៉ាងណាក៏ដោយ តែប្រជាប្រិយភាពរបស់គណបក្សប្រជាជន កម្ពុជា មិនអាចលើសហ្នឹងទៀតទេ។ មានន័យ ថា វ៉ៃទាល់ងាប់ ក៏គណបក្សប្រឆាំងនៅតែអ៊ីចឹង ដែរ វាមិនអាចទៅមុខ។ អ៊ីចឹង បើកាលណា រំលាយគណបក្សសង្គ្រោះជាតិ គឺអត់ចំណេញ ហើយអត់ចំណេញហ្នឹងហើយ ដែលខ្ញុំបានមើល ឃើញពីច្រកចេញមួយ សម្រាប់អ្នកនយោបាយ ក្នុងពេលបច្ចុប្បន្នហ្នឹង គឺទី១ សាលាដំបូងរាជធានីភ្នំពេញ ដែលព្រះរាជអាជ្ញាបានចោទហើយ លោកកឹម សុខា។ អ៊ីចឹងសាលាដំបូង ត្រូវកំណត់ កាលបរិច្ឆេទមួយ កាត់ទោសកឹម សុខា ឱ្យបាន មុនតុលាការកំពូល រួចហើយគណបក្សសង្គ្រោះជាតិ ទោះបីជាកឹម សុខា ប្តឹងទាស់ទៅសាលាឧទ្ធរណ៍ សាលាអីណាក៏ដោយ អាហ្នឹងជារឿង របស់កឹម សុខា ទេ។ គណបក្សសង្គ្រោះជាតិ ត្រូវធ្វើសមាជវិសាមញ្ញមួយ ជ្រើសរើសប្រធាន ហើយនិងអនុប្រធានគណបក្សថ្មី មុនបិទកាល បរិច្ឆេទឈរឈ្មោះជ្រើសតាំងសមាជិកព្រឹទ្ធសភា។ មានន័យថា បើគិតថ្ងៃហ្នឹងទៅ៤៥ថ្ងៃ ទៀត។ ក្នុងអំឡុងពេល៤៥ថ្ងៃនេះ គណបក្ស សង្គ្រោះជាតិ ចង់មិនចង់ ត្រូវតែបោះឆ្នោត ជ្រើសរើសប្រធានថ្មី ហើយបើជ្រើសប្រធានថ្មី កឹម សុខា គឺគាត់អស់តំណែងអូតូហើយ។ អ៊ីចឹង ២ចំណុចសមហេតុ គឺសាលាដំបូង កំណត់កាលបរិច្ឆេទកាត់ទោសកឹម សុខា។ ទី២ សង្គ្រោះជាតិ ខ្លួនឯងត្រូវហ៊ានអារកាត់កឹម សុខា ត្រូវតែ បញ្ចប់សមាជិកភាពរបស់គណបក្ស។ ទោះបី គាត់មិនលាលែង ក៏គណបក្សគេមានសិទ្ធិដែរ គណៈកម្មាធិការនាយករបស់គណបក្ស គេមាន សិទ្ធិបោះឆ្នោតដកសេចក្តីទុកចិត្តពីកឹម សុខា ហើយបញ្ចប់សមាជិកភាព បោះឆ្នោត គឺរើស យកប្រធានបក្សថ្មី ហើយជូនដំណឹងទៅក្រសួង មហាផ្ទៃ។ អ៊ីចឹងរឿងហ្នឹងវាទៅជារឿងកឹម សុខា វាមិនមែនទៅជារឿងគណបក្សសង្គ្រោះជាតិ ទេ វាមិនមែនរឿងនីតបុគ្គលទេ វាជារឿង រូបវន្តបុគ្គល កឹម សុខា វិញ។ អ៊ីចឹង សាលា ដំបូង គេនឹងចាត់ការតហើយ អ្នកណាខ្លះដែល ពាក់ព័ន្ធជាមួយកឹម សុខា គេចាត់ចែងហើយ។

នគរធំ ៖ អ៊ីចឹងលោកយល់ថា យ៉ាងម៉េច តទៅទៀត លើបញ្ហាតុលាការនោះ?

លោករស់ សារ៉ុម ៖ នៅពេលដែលសាលា ដំបូងរាជធានី ចេញសាលក្រមហើយ គណបក្ស សង្គ្រោះជាតិ រើសប្រធានថ្មីហើយ រឿងហ្នឹងវា ទៅជារឿងបុគ្គល។ អ៊ីចឹងតុលាការកំពូល សម្រេច យកគោលបំណងទី២ របស់ក្រសួងមហាផ្ទៃហ្នឹង គឺសម្រេចមិនរំលាយ គណបក្សសង្គ្រោះជាតិ ឬផ្អាកសកម្មភាពទេ ប៉ុន្តែត្រូវផ្អាកសកម្មភាព នយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួន ដែលពាក់ព័ន្ធជាមួយនឹងកឹម សុខា ហ្នឹង គឺតុលាការកំពូល នឹងសម្រេចអ៊ីចឹង វិញ អ៊ីចឹងរឿងហ្នឹងវាត្រូវជាប់ត្រង់ហ្នឹង ហើយ គណបក្សសង្គ្រោះជាតិ អត់ខាតទេ ព្រោះប្រឹង ចង់ងាប់ហើយ ធ្វើបានប៉ុណ្ណឹង គឺអត់ខាតទេ។ ប៉ុន្តែ ប្រសិនជារំលាយគណបក្សសង្គ្រោះជាតិ ដូច ប្រកាសក្តែងៗនេះ ខ្ញុំយល់ថា មិនអាចទៅរួច ទេ ពីព្រោះមូលហេតុដែលខ្ញុំថា មិនអាចទៅរួច ហ្នឹង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នេះ គេទទួលស្គាល់ថា ជាការបោះឆ្នោតមួយដែល អាចទទួលយកបាន សហគមន៍អន្តរជាតិ។ អ៊ីចឹង បើសិនជារដ្ឋាភិបាល ដែលកើតក្រោយការបោះឆ្នោតនៅ២០១៨ ខាងមុខនេះ វាអត់បាន មាន លក្ខណៈមួយ ដែលសហគមន៍អន្តរជាតិអត់ ទទួលស្គាល់ អ៊ីចឹងស្ថានភាពកម្ពុជា វាវិលត្រឡប់ ទៅមុន៩៣ហើយ អ៊ីចឹងសួរថា សម័យនេះវា ខុសពីសម័យមុន? សម័យមុន សម័យសង្គ្រាម ត្រជាក់ អ្នកណាធ្លាប់កុម្មុយនីស្ត គេគាំទ្រកុម្មុយនីស្តគ្នាគេ អ្នកណាធ្លាប់សេរី គេគាំទ្រសេរីគ្នាគេ ប៉ុន្តែសម័យនេះ គឺសម័យសេដ្ឋកិច្ចភាវូបនីយកម្ម គឺផ្តល់តម្លៃទៅលើសេដ្ឋកិច្ចធំជាង។ អ៊ីចឹង សួរថា បើប្រឈមជាមួយសហគមន៍អន្តរជាតិ ប្រឈម ជាមួយរដ្ឋធម្មនុញ្ញខ្លួនឯង ដែលថា កម្ពុជា ប្រកាន់យកនូវរបប លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនេះ សួរថា សហគមន៍អឺរ៉ុប ដែលជា ទីផ្សារធំរបស់ខ្មែរយើងនេះ នាំផលិតផលវាយនភណ្ឌ ទៅនេះ សួរថា បើគេបិទ គិតម៉េច? ហើយបើខ្ញុំក្តាប់ដំណឹងបាន រាជរដ្ឋាភិបាល ដែល ដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាហ្នឹង មានការចរចា ជាមួយនឹងអង្គទូតសំខាន់ៗខ្លះ ហើយថា នឹងមិនយកអាជម្រើសទី១ហ្នឹងទេ ប៉ុន្តែអាហ្នឹងជារឿងផ្ទៃក្នុងទេ ប៉ុន្តែខ្ញុំយល់ថា វាជាច្រកមួយ។

នគរធំ ៖ ភ្ជាប់ជាមួយចំណុចនេះ តើលោក មានអ្វីបញ្ជាក់បន្ថែម ផ្តាំផ្ញើថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ?

លោករស់ សារ៉ុម ៖ សម្តេចក្រុមព្រះ បើ ព្រះអង្គចង់បានរូបមន្តហ្នឹង កុំប្រកែកប្រកាន់ខ្ញុំ កូនក្មេងជំនាន់ក្រោយអី ប៉ុន្តែខ្ញុំសូមថ្វាយជា យោបល់ដល់ព្រះអង្គវិញថា បើព្រះអង្គចង់ឱ្យ សង្គ្រោះជាតិរលាយ ព្រះអង្គចង់យកអាសនៈ ជាង ៤០ ពីសង្គ្រោះជាតិហ្នឹង ព្រះអង្គកំពុងតែ ជាន់ឈ្លីសែរាជវង្សហើយ ជាន់ឈ្លីព្រះកិត្តិយស  ព្រះកិត្តនាមព្រះមហាក្សត្រហើយៗព្រះអង្គ មានដែលគិតថា បើព្រះអង្គយកជម្រើសនេះ តើកម្ពុជា ថ្ងៃក្រោយអាចនឹងប្តូររបបទៅជា សាធារណរដ្ឋដែរអត់ បើព្រះអង្គចង់បានជម្រើស ហ្នឹងនោះ ? អាហ្នឹងមួយ។ ទីពីរ ថ្វាយយោបល់ ទៅព្រះអង្គដែរថា តាំងពីព្រះអង្គធ្វើនយោបាយ  មក ខ្ញុំមិនដែលឃើញថា ព្រះអង្គមានកំណើត ទេ មូលហេតុអី ? ទី១ ហ៊្វុនសិនប៉ិច មិនមែន ព្រះអង្គអ្នកបង្កើតទេ បោះឆ្នោត៩៣ តាមដែល ខ្ញុំចាំ ពេលឃោសនាបោះឆ្នោត គឺព្រះអង្គបាន ដាក់រូបថតមួយ គឺថ្វាយបង្គំព្រះកូណា។ អ៊ីចឹង ប្រជាពលរដ្ឋស្រលាញ់ព្រះកូណាទេ មិនមែន ស្រលាញ់សម្តេចក្រុមព្រះ ទេ។ ទី២ នៅពេល ដែលស្ថានភាពចុងក្រោយ នៅពេលដែលហ៊្វុនស៊ិនប៉ិច អស់កៅអីរលីងនេះ តើព្រះអង្គប្រឈម មុខជាមួយអ្នកតស៊ូក្នុងហ៊្វុនស៊ិនប៉ិច ហ្នឹងកម្រិត ប៉ុនណា? អ៊ីចឹងសូមព្រះអង្គ មេត្តាព្រះតម្រិះ ឡើងវិញ កន្លែងនោះ វាអត់ចំណេញសម្រាប់ ជាតិយើងទេ ហើយបើព្រះអង្គពេញចិត្តប្តឹងខ្ញុំ ចាប់ដាក់គុក ក៏វាមិនអីដែរ អានេះខ្ញុំសុំថ្វាយ យោបល់ អ៊ីចឹងវិញ។

នគរធំ ៖ បានន័យថា ត្រង់ចំណុចហ្នឹង ហើយ ទើបលោកហ៊ានភ្នាល់ជាមួយព្រះអង្គ មែនទេ?

លោករស់ សារ៉ុម ៖ បាទ! ខ្ញុំហ៊ានភ្នាល់ ព្រោះសម្តេចហ៊ុន សែន បើលោកគិតពីអំណាច ផ្ទាល់ខ្លួនរបស់លោកៗមិនមែនចរចាឱ្យមាន កិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ប៉ុណ្ណេះវ៉ៃខ្ទេច តាមព្រំដែន  ក៏ប៉ុន្តែគិតពីផលប្រយោជន៍ជាតិ  សម្តេចស្វែងរកដៃគូមួយ គឺព្រះកូណា ដើម្បី ស្វែងរកការចរចា ឱ្យមានកិច្ចព្រមព្រៀងទីក្រុង ប៉ារីស។ អ៊ីចឹងសម្តេច គិតពីសន្តិភាព សម្តេច គិតពីស្ថិរភាព សម្តេចគិតពីផលប្រយោជន៍របស់ ជាតិ ប្រជាជនខ្មែរយើង។ អ៊ីចឹងសម្តេច ទៅធ្វើ តាមសម្តេចក្រុមព្រះ ស្នើហ្នឹង ងាប់ហើយ។ អ៊ីចឹងហើយ មិនមែនសម្តេចមើលមិនយល់ទេ សម្តេចហួសពីដឹងណាស់ទៅហើយ ក៏ប៉ុន្តែនេះ ជាសិល្បៈទេ ធម្មតាបក្សមួយៗ តែងតែរកយុទ្ធសាស្ត្រ ដើម្បីយកប្រៀបលើគ្នារៀងខ្លួន អាហ្នឹង វាអត់សំខាន់ទេ ក៏ប៉ុន្តែបើកន្លែងខ្លះអត់ចំណេញ គឺកុំធ្វើអី។ ដូចខ្ញុំបានបញ្ជាក់អ៊ិចឹងថា បើគ្រាប់ផ្លោងធ្លាក់មក វាមិនមែនដល់គ្នាឯង ហើយ រត់ទៅវិញទេ ធ្លាក់ត្រង់ណា ត្រង់ហ្នឹងហើយ។ អ៊ីចឹងខ្ញុំយល់ថា សម្តេចមានបញ្ញាញាណឈ្លាសវៃណាស់ លោកអាចមានគោលការណ៍រួមដើម្បី ឱ្យជាតិយើងរស់ទាំងអស់គ្នា។ នេះជាអ្វីដែល ខ្ញុំមើលឃើញ គឺសិល្បៈដឹកនាំរបស់សម្តេចហ៊ុន សែន គឺខ្ញុំមើលឃើញអ៊ីចឹង។

នគរធំ ៖ ប៉ុន្តែបើសិនជាក្នុងករណីមាន ការរំលាយគណបក្សសង្គ្រោះជាតិ ពិតមែន ហើយមានការចែកអាសនៈទៅគណបក្សផ្សេងៗ ដែលបានចូលរួមបោះឆ្នោត កាលពីឆ្នាំ២០១៣ ជាពិសេសក្នុងនោះ តាមរូបមន្តថា គណបក្ស ហ៊្វុនស៊ិនប៉ិច នឹងអាចបាន៤១អាសនៈនោះ តើ លោកគិតថា គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ អាចជាដៃគូសំខាន់ របស់គណបក្សប្រជាជនកម្ពុជាទេ? ឬក៏អាចនឹង មានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតទេ?

លោករស់ សារ៉ុម ៖ ខ្ញុំយល់ថា កុំស្រមៃ ល្អជាង បើទោះបីជារំលាយគណបក្សសង្គ្រោះជាតិ ហើយគណបក្សហ៊្វុនស៊ិនប៉ិច បានដល់ ៥៥កៅអីក៏ដោយ ក៏ហ៊្វុនស៊ិនប៉ិច មិនមែនជា ដៃគូរបស់គណបក្សប្រជាជនកម្ពុជា ទេ ដោយសារហេតុអី? គណបក្សហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន នេះ នយោបាយធ្វើតាំងពីឈ្នះ រហូតដល់សុំ មួយរស់ហើយហ្នឹង។ អ៊ីចឹងនយោបាយវាងាប់ ឈឹង អ៊ីចឹងខ្ញុំយល់ថា គណបក្សហ៊្វុនស៊ិនប៉ិច មិនមែនជាដៃគូ របស់គណបក្សប្រជាជនកម្ពុជា ទេ ហើយចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជា យើងហ្នឹង វាមានតែប្រជាធិបតេយ្យ ហើយ និងសេរីហ្នឹង អ្នកគាំទ្ររាជានិយម គេគាំទ្រ ទាំងអស់គ្នា តែបើបោះឆ្នោតឱ្យបក្សណាមួយ ដែលថា ខ្លួនឯងជាអ្នករាជានិយមហ្នឹង សុំទោស! រកកៅអីអង្គុយគ្មានទេ…។ បានន័យថា បើ ហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈពីគណបក្ស សង្គ្រោះជាតិ យ៉ាងណាក៏ដោយ ហ៊្វុនស៊ិនប៉ិច មិនមែនជាដៃគូរបស់គណបក្សប្រជាជនកម្ពុជា ទេ ហ៊្វុនស៊ិនប៉ិច ងាប់បាត់ហើយ នយោបាយ នោះ ហ៊្វុនស៊ិនប៉ិច អស់រលីងហើយ។

នគរធំ ៖ ចំពោះការសង្កេតជាក់ស្តែង តាម បរិបទនយោបាយ តើលោកមើលឃើញជីវិត នយោបាយ ឬការគាំទ្រមកលើសម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យ៉ាងណា ដែរ មកដល់នេះ?

លោករស់ សារ៉ុម ៖ ខ្ញុំសូមជម្រាបអ៊ីចេះ ខ្ញុំនិយាយនេះ ខ្ញុំមិនមែនអង្គុយអានសៀវភៅ ហើយអង្គុយនិយាយទេ ខ្ញុំមានបណ្តាញរបស់ ខ្ញុំ ២៥រាជធានី-ខេត្ត ក្រៅប្រទេសក៏មានដែរ បើនិយាយពីព្រះកិត្តិនាមសម្តេចក្រុមព្រះ ក្នុង ឆាកនយោបាយ គឺស្ទើរតែបំភ្លេចចោលអស់ ទៅហើយ មួយរយនៅសល់ត្រឹម២ទេ។ គណ បក្សខ្មែររួបរួមជាតិ ឯកឧត្តមញឹក ប៊ុនឆៃ ចូល ពន្ធនាគារមែន ក៏ប៉ុន្តែអ្នកដែលទៅចុះចូលជា មួយគណបក្សហ៊្វុនស៊ិនប៉ិច ដែលយើងមើល ឃើញព្រោងព្រាត ខ្ញុំស្គាល់ទាំងអស់ ជាប្រភេទ មនុស្សយ៉ាងម៉េច។ អ៊ីចឹងបើសម្តេចក្រុមព្រះ ប្រមូលបានមនុស្សចេះតែអែបអបព្រះអង្គ បាន តំណែង បានតួនាទីហ្នឹង សួរថាព្រះអង្គអាចទៅធ្វើ នយោបាយស្អី បើព្រះអង្គបោះបង់ចោលអ្នកតស៊ូ រលីង ហើយបើអ្នកតស៊ូដកទំនុកចិត្តចេញពី ព្រះអង្គរលីង ហើយសួរថា ព្រះអង្គអាងអីទៀត? អារឿងបញ្ជាគេចូលសមរភូមិ អាហ្នឹងអ្នកណា ក៏ខ្លាំងដែរ តែបើចូលខ្លួនឯង រត់កាត់គ្រាប់ ដូចគ្នានោះ ប្រហែលជាមិនសូវហ៊ានទេ។ អ៊ីចឹង បានខ្ញុំថា ពីមុនមកថា ព្រះអង្គជាមេបញ្ជាការ មិនដែលចូលសមរភូមិ ដូចសម្តេចហ៊ុន សែន ទេ។ សម្តេចហ៊ុន សែន ចូលសមរភូមិណា! ទើបបានសម្តេចហ៊ុន សែន ឈរជើងជាប់ដល់ រាល់ថ្ងៃ តែសម្តេចក្រុមព្រះ ម៉េច? ពូកែតែ អង្គុយធ្វើសន្និសីទកាសែតទេ ខ្ញុំមើលច្រើនណាស់ មិនដែលឃើញសម្តេចក្រុមព្រះ ដឹកនាំទ័ពផ្ទាល់ ឈរបញ្ជាលើសមរភូមិទេ។

នគរធំ ៖ ចុះបើបែបហ្នឹង តើលោកយល់ ថា ពេលនេះ សម្តេចក្រុមព្រះ គួរធ្វើអ្វីសម្រាប់ ជីវិតនយោបាយរបស់ព្រះអង្គ?

លោករស់ សារ៉ុម ៖ ខ្ញុំយល់ថា បើព្រះអង្គ ស្រលាញ់ព្រះកិត្តិនាមរបស់ព្រះអង្គ ស្រលាញ់ របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញែមន ព្រះអង្គគួរតែសម្រាក វ័យព្រះអង្គកាន់តែទៅមុខ ហើយ។ អ៊ីចឹងព្រះអង្គគួរតែសម្រាកទៅ ហើយ ដើម្បីឱ្យអ្វីដែលព្រះអង្គប្រឹងប្រែងកន្លងមកហ្នឹង ឱ្យវានៅខ្លះផង កុំដុតចោលបង្ហើយ។ អាហ្នឹង ខ្ញុំសុំថ្វាយយោបល់ដល់ព្រះអង្គ តែប៉ុណ្ណឹងទេ សម្រាកបានសម្រាកទៅ ព្រោះស្មាទោស ក្ស័យ ព្រះជន្នទៅ អត់មានអីយកទៅតាមទេ។ រាស្ត្រ ស្តេច ដូចតែគ្នាទេ អាហ្នឹងខ្ញុំសូមជម្រាបអ៊ីចឹង។ ហើយកេរ្តិ៍ឈ្មោះ វាអាស្រ័យលើបុគ្គលដែល ប្រព្រឹត្ត បើព្រះអង្គប្រព្រឹត្ត ជាតិទទួលស្គាល់ អាហ្នឹងទោះបីជាព្រះអង្គ ទៅដល់ណាក៏គេនៅ ចាំពីព្រះអង្គដែរ ដូចសម្តេចតាអ៊ីចឹង ខ្ញុំស្មាទោស ញាតិធម្មតាស្លាប់ ខ្ញុំមិនស្រក់ទឹកភ្នែកផង ប៉ុន្តែ គ្រាន់តែថា សម្តេចតា សោយទិវង្គត ឆ្នាំ២០១២ ខ្ញុំយំដោយអត់ដឹងខ្លួន ខ្ញុំសុំជម្រាបអ៊ីចឹង អា នេះខ្ញុំអ្នកជំនាន់ក្រោយផង ទម្រាំអ្នកជំនាន់ មុន ដែលគាត់ធ្លាប់ឃើញស្នាព្រះហស្តរបស់ សម្តេចតា សួរថា គេអាចបំភ្លេចព្រះអង្គបាន ទេ? គេមិនអាចបំភ្លេចព្រះអង្គបានទេ ដោយសារ អី? ព្រះអង្គបាននាំដល់ការធ្វើពលិកម្ម ដើម្បី ឯករាជ្យជាតិ ឱ្យខ្មែរយើងមានអធិបតេយ្យដល់ រាល់ថ្ងៃនេះ គឺព្រះអង្គហើយ។ អ៊ីចឹងយើងនៅ ចងចាំជានិច្ច អ៊ីចឹងព្រះអង្គសម្តេចក្រុមព្រះ ជា បុត្រព្រះកូណាហ្នឹង សូមមើលពីគំរូវីរភាពរបស់ ព្រះកូណាផង។

នគរធំ ៖ ជាចុងក្រោយ តើលោកមាន អ្វីបញ្ជាក់សង្កត់ធ្ងន់ទៅសម្តេចក្រុមព្រះ?

លោករស់ សារ៉ុម ៖ បាទ! ជាសរុបរួម ខ្ញុំសូមថ្វាយជាយោបល់ ទៅសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលខ្ញុំមើលចុងក្រោយនេះ ព្រះអង្គដូចជាប្រឹងប្រែងណាស់ ប៉ុន្តែសូមព្រះអង្គ ត្រិះពិចារណាឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ កុំឱ្យវាជ្រុលពេក ហើយធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់រាជានិយម របស់ព្រះមហាក្សត្រ ហើយ មួយវិញទៀត ដែលព្រះអង្គថា សម្តេចហ៊ុន សែន ធ្វើអីក៏ព្រះអង្គគាំទ្រដែរ អាហ្នឹងខ្ញុំក៏គាំទ្រ ដែរ ក៏ប៉ុន្តែសំខាន់ មើលផង បើធ្វើទៅចំណេញ សម្រាប់ជាតិ អាហ្នឹងចាំយើងគាំទ្រ បើធ្វើទៅ ដើម្បីបំផ្លាញជាតិខ្លួនឯង យើងនៅតែគាំទ្រទៀត អាហ្នឹងងាប់ទាំងអស់គ្នាហើយ។ អ៊ីចឹងខ្ញុំសុំថា បើត្រូវ គាំទ្រទៅ តែបើមិនត្រូវទេ កុំខ្លាចបាត់ តំណែង ហើយនៅតែលូនក្រាបៗ អាហ្នឹងវា រលាយទាំងអស់គ្នា។ អ៊ីចឹងឃើញអត់ត្រូវ យើង ត្រូវចេះជួយផ្តល់យោបល់គ្នា ដើម្បីជាតិយើង រស់ទៅមុខទៀត ព្រោះយើងមិនស្ថិតស្ថេរទេ យើងគង់តែក្ស័យព្រះជន្ម ឬក៏ស្លាប់ដូចតែគ្នាទេ។ អ៊ីចឹងស្លាប់មែន តែធ្វើម៉េចឱ្យជាតិរបស់យើង រស់ អាហ្នឹងទើបជាតម្លៃរបស់យើងពិតប្រាកដ ដែលជាជនជាតិខ្មែរ រស់នៅលើទឹកដីខ្មែររបស់យើង”៕

កុលបុត្រ

RELATED ARTICLES