ក្រោយពីការស្លាប់របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាងសាន ស្រីឡៃ ដែលត្រូវបានអតីតស្វាមីបាញ់សម្លាប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ហើយបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះ សាកសពសាន ស្រីឡៃ ត្រូវបានក្រុមគ្រួសារ និងក្រុមហ៊ុនហង្សមាស ដឹកយកទៅតម្កល់នៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានធ្វើឲ្យអ្នកសិល្បៈ និងមហាជនទូទៅមានការតក់ស្លុតជាខ្លាំង ប៉ុន្តែរឿងដែលហួសចិត្ត និងក្រើកជាថ្មីនោះ បើតាមលោកមាស រិទ្ធី ដែលជាពិធីករអានព័ត៌មានល្បីឈ្មោះមួយរូប បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ថា វត្តសែនសុខ ដែលជាទីកន្លែងតម្កល់សពតារាចម្រៀងសាន ស្រីឡៃ បានទារលុយថ្លៃតម្កល់សព ថ្លៃអាចារ្យ ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់២៦.០០ដុល្លារអាមេរិក ហើយបានប្រើពាក្យមាក់ងាយដល់ក្រុមហ៊ុនហង្សមាស ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញ។
លោកមាស រិទ្ធី បានបញ្ជាក់ទៀតថា អាចារ្យប្រចាំវត្តសែនសុខ ដែលទាមទារលុយនោះឈ្មោះ មាស សំណាង ដែលបានទាមទារលុយ ដូចជា៖ ទី១ ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ចំនួន១២៥០ដុល្លារ ទី២ អាចារ្យយោគី ចំនួន៥០០ដុល្លារ ទី៣ សម្រាប់វត្តចាត់ចែងពិធី ចំនួន៧០០ដុល្លារ ទី៤ ក្តារមឈូស ចំនួន១៥០ដុល្លារ។ ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខ មិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង។
ពិធីកររូបនេះក៏ បាននិយាយលាយជាមួយកំហឹងខ្លាំងៗថា អ្វីដែលក្រុមហ៊ុនហង្សមាស មិនអាចទទួលយកបាននោះ គឺអាចារ្យ មាស សំណាង បានប្រើពាក្យសម្តីនិយាយមាក់ងាយធ្ងន់ៗថា “ថៅកែហង្សមាស ធំប៉ុនណាប៉ុនណី មកថោកទាប អត់លុយឲ្យវត្ត”។
លោកបានបញ្ជាក់ថា តើវត្តជាទីអារាមសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន ឬក៏ជាសណ្ឋាគារសម្រាប់គិតថ្លៃ?
ជាមួយគ្នានេះ ព្រះចៅអធិការ ព្រះមានភារម្យ បានមានសង្ឃដីកាថា «ជាគោលការណ៍រួម វត្តមិនដែលយកថ្លៃពីពិធីបុណ្យសពរបស់ប្រជាពលរដ្ឋណានោះឡើយ តាំងពីដើមដល់ចប់ ករណីអាចារ្យទារលុយជារឿងបុគ្គលតែប៉ុណ្ណោះ»។
ព្រះអង្គក៏មានសង្ឃដីកាបន្តថា ករណីមានអាចារ្យទៅទារលុយថ្លៃតម្កល់សព គឺព្រះអង្គមិនបានដឹងនោះឡើយ ហើយអាចារ្យរូបនេះ ក៏មិនមែនជាអាចារ្យប្រចាំវត្តសែនសុខ ដែរ ពោលគឺអាចារ្យប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ មកជួយរៀបចំចាត់ចែងពិធីបណ្យសពនេះ រីឯ៤នាក់ផ្សេងទៀតជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេង។
ព្រះចៅអធិការបានមានសង្ឃដីកាបន្តថា “នៅពេលមានបុណ្យសព គឺអាត្មា និងគណៈកម្មាវត្ត គ្រាន់តែសួរម្ចាស់កម្មវិធីថា រៀបចំយ៉ាងដូចម្តេច ដើម្បីឲ្យវត្តជួយចាត់ចែង ហើយគោលការណ៍យកលុយកាក់ សូម្បីតែមួយកាក់មូយសេន ក៏វត្តមិនយកដែរ លើកលែងតែពលរដ្ឋចង់ប្រគេនកសាងសមិទ្ធិផលក្នុងវត្តនោះ វត្តនឹងទទួល”៕