ក្រោយបែកធ្លាយរូបអាក្រាតសពតារាចម្រៀងសាន ស្រីឡៃ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានប្រកាសចាត់វិធានការធ្ងន់បំផុត និងតាមផ្លូវច្បាប់ ទៅលើមន្ត្រីនគរបាលកោសល្យវិច្ច័យ និងបុគ្គលនគរបាលទាំងឡាយណាដែលពាក់ព័ន្ធនឹងការថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ ទៅចែកចាយតាម Group និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់ពីពួកគេបានធ្វើកោសល្យវិច្ច័យទៅលើសាកសពរួច។
លោកជួន សុវណ្ណ បានថ្លែងបញ្ជាក់ថា “ខ្ញុំកំពុងឱ្យតាមស្រាវជ្រាវចំពោះបុគ្គលមន្ត្រីនគរបាលទាំងនោះ បើសិនប្រព្រឹត្តទង្វើបែបនេះមែន ខ្ញុំមិនលើកលែងឱ្យនោះទេ គឺនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនលើកលែងឱ្យឡើយ ពីព្រោះវាធ្វើឱ្យប៉ះពាល់កិត្តិយសរបស់សព ហើយក៏វាប៉ះពាល់ចំពោះវិជ្ជាជីវៈ និងក្រមសីលធម៌របស់មន្ត្រីនគរបាលយើង”។
ដោយឡែក លោកឡាញ់ យ៉ូវម៉ា នាយការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ឱ្យដឹងដែរថា បើសិនមន្ត្រីនគរបាលណាម្នាក់របស់លោក ត្រូវបានរកឃើញថា ប្រព្រឹត្តទង្វើអសីលធម៌បែបនេះលោកនឹងចាត់វិធានការតាមរដ្ឋបាលយ៉ាងតឹងរ៉ឹងបំផុត។
លោកនាយការិយាល័យរូបនេះ បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ គឺមានការចូលរួមពីមន្ត្រីនគរបាលប៉ុស្តិ៍មន្ត្រីនគរបាលខណ្ឌ មន្ត្រីសាលាខណ្ឌ និងមន្ត្រីកងរាជអាវុធហត្ថផងដែរ ដោយឡែកមន្ត្រីរបស់លោកគឺមាន៤នាក់ ដូច្នេះលោកនៅមិនទាន់អាចដឹងច្បាស់ថា រូបថតអាក្រាតរបស់សពធ្លាយចេញពីមន្ត្រីណានោះឡើយ។
គួរបញ្ជាក់ថា តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ និងជាតារាចម្រៀងផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាសនោះ ត្រូវបានបុរសជាស្វាមីបាញ់ប្រហារ ចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ចំណុចបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា (Vita Longa Clinic) មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ដោយឡែក ខ្មាន់កាំភ្លើងជាស្វាមីបានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធ គួរឱ្យរន្ធត់ ដោយបន្សល់ទុកនូវកូនប្រុសតូចៗចំនួន២នាក់ រស់នៅកំព្រាឯកាគ្មានទីពឹង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញតារាចម្រៀង សាន ស្រីឡៃ បានបើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0836 ចូលទៅក្នុងគ្លីនិកកែសម្រស់ខាងលើ។ លុះគ្រាន់តែចុះពីលើរថយន្តដើរចូលក្នុងគ្លីនិក ទើបនឹងបើកទ្វារកញ្ចក់ដើរចូលបានប្រមាណ២ជំហាន ស្រាប់តែលេចមុខជនសង្ស័យជាខ្មាន់កាំភ្លើង ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN-5923 ដែលទំនងជាជិះតាមរថយន្តសាន ស្រីឡៃ តាំងពីណាមកមិនដឹងបានដើរចូលមកតាមពីក្រោយ រួចក៏ដកកាំភ្លើងខ្លីម៉ាករ៉ូឡូ បាញ់ប្រហារទៅលើសាន ស្រីឡៃ ១គ្រាប់ បណ្តាលឱ្យដួលទៅលើកម្រាលឥដ្ឋ។ ភ្លាមៗនោះ ជនសង្ស័យបានបាញ់បន្ថែម២គ្រាប់ទៀត បណ្តាលឱ្យសាន ស្រីឡៃ ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ គួរឱ្យរន្ធត់។ បន្ទាប់ពីបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ រួចហើយ ជនសង្ស័យជាខ្មាន់កាំភ្លើងបានយកកាំភ្លើងបាញ់ ខ្លួនឯង១គ្រាប់ ចំសៀតផ្កា បណ្តាលឱ្យដេកដួលស្លាប់ទន្ទឹមនឹងសាន ស្រីឡៃ តែម្តង៕