Thursday, November 28, 2024
Homeតារាខ្មែរសពឃាតករ ប្តីសាន ស្រីឡៃ ធ្វើបុណ្យយ៉ាងសោះកក្រោះ

សពឃាតករ ប្តីសាន ស្រីឡៃ ធ្វើបុណ្យយ៉ាងសោះកក្រោះ

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Rin Ratanak ទំនងជាជិតដិតនឹងសពស្វាមី សាន ស្រីឡៃ បានបង្ហោះរូបភាពបុណ្យសព លោកជ័យ រិន ចំនួន៤សន្លឹក ព្រមទាំងសរសេរសាររៀបរាប់ថា “សូមវិញ្ញាណក្ខន្ធរបស់លោក ជ័យ រិន បានទៅកាន់សុគតិភព… កើតជាតិណាៗ កុំឱ្យអភ័ព្វដូចជាតិនេះទៀត… បើតាមសាច់រឿង គាត់បានធ្វើពលិកម្មច្រើនណាស់ ចំពោះតារាចម្រៀង សាន ស្រីឡៃ។

សពរបស់លោកជ័យ រិន ប្រារព្វធ្វើបុណ្យនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករ ជាមិត្តរួមការងារ ចូលរួមយ៉ាងច្រើនផងដែរ។

ប្រភពបានឱ្យដឹងថា លោកជ័យ រិន ឈ្មោះពិតគឺ ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ចំពោះឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំនោះ គឺជាឈ្មោះដែលគាត់ទិញពីគេ (កូតាហ៊្វុនស៊ិនប៉ិច) ដើម្បីចូលធ្វើការងារក្នុងក្របខ័ណ្ឌគយតែប៉ុណ្ណោះ។ លោក ខៀវ ម៉ៅ មានបងប្អូន៤នាក់ ដែលសុទ្ធតែធ្វើគយដូចគ្នាៗ…”។

ងាកទៅមើលពីធីបុណ្យសពស្វាមី ដែលជាឃាតករដៃដល់បាញ់សម្លាប់ប្រពន្ធជាតារាចំរៀងប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សាន ស្រីឡៃ ឯណោះវិញ បានធ្វើឡើងដោយភាពសោះកក្រោះ ព្រោះមិនសូវឃើញមានអ្នកចូលរួមច្រើនទេ ខណៈដែលក្រុមគ្រួសារបានហាមឃាត់អ្នកកាសែតមិនឱ្យចូលក្នុងកម្មពិធីបុណ្យសព ដើម្បីផ្តិតយករួបភាព ឬធ្វើកិច្ចសម្ភាសន៍អ្វីឡើយ ដោយអះអាងថា ករណីនេះជារឿងបុគ្គលផ្ទាល់ខ្លួនរបស់ពួកគេ។

កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្រុមអ្នកសារព័ត៌មានជាច្រើននាក់បានទៅដល់រោងបុណ្យសពរបស់លោកជ័យ រិត ហៅម៉ៅ ជាមន្ត្រីគយបម្រើការងារនៅស្នាក់ការសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង និងបានសង្កេតឃើញថា មិនសូវមានភ្ញៀវចូលរួមបុណ្យសពច្រើនឡើយ គឺមានតែសាច់ញាតិរបស់ខ្លួនប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលរស់នៅជាប់របងផ្ទះ បុណ្យសពបុរសជាឃាតករបាញ់សម្លាប់ប្រពន្ធនេះ បានរៀបរាប់ប្រាប់ថា គយម៉ៅ ហៅជ័យ រិន មិនសូវនៅផ្ទះឯស្រុកកំណើតនេះទេ គឺគាត់ទៅធ្វើការងារស្រុកឆ្ងាយបាត់យូរៗឃើញមកម្តង។ តាមពិត គយម៉ៅ មានអាយុពិតប្រាកដ៤៧ឆ្នាំប៉ុណ្ណោះ និងជាមនុស្សស្លូតបូត និងមិនដែលបង្កទំនាស់ជាមួយអ្នកស្រុកទេ ប៉ុន្តែគាត់ចូលចិត្តលេងមាន់ជល់ណាស់។

ស្ត្រីចំណាស់ជាអ្នកភូមិម្នាក់ ដែលធ្វើដំណើរចេញពីរោងបុណ្យសពលោកជ័យ រិន ហៅម៉ៅ បាននិយាយថា ពិធីបុណ្យសពនេះគឺធ្វើក្នុងដីចម្ការ និងជាផ្ទះរបស់ប្រពន្ធដើមគាត់ ដែលផ្ទះមួយនេះ មិនសូវមានមនុស្សរស់នៅទេ ចាក់សោចោលរហូត យូរៗទើបឃើញមកលេងម្តងម្កាលប៉ុណ្ណោះ។ តាមគាត់ដឹង គយម៉ៅ មានបងប្អូនបង្កើត៥នាក់ រីឯប្រពន្ធដើម មានកូនចំនួន៤នាក់ ធំៗអស់ហើយ។

បុរសជាមន្ត្រីប៉ូលិសម្នាក់ ដែលគេដឹងថា ជាសាច់ញាតិសពលោកជ័យ រិន និងកំពុងយាមផ្លូវចូលរោងបុណ្យសពបានហាមអ្នកកាសែតមិនឱ្យចូលទៅយកព័ត៌មាននោះទេ ដោយបាននិយាយយ៉ាងខ្លីថា “មិនគួរណាវាគិតខ្លីបែបនេះទាល់តែសោះ ព្រោះមានជីវភាពគ្រួសាររស់នៅសមរម្យ និងការងារត្រឹមត្រូវ ហេតុអ្វីជ្រើសរើសយកវិធីឆ្កួតៗបែបនេះសោះ”។

សពលោកជ័យ រិន ពេលដឹកទៅដល់ស្រុកកំណើត

អ្នកភូមិបាននិយាយរំឭកពីប្រវត្តិរបស់មន្ត្រីគយនេះថា ឈ្មោះពិត គឺម៉ៅ និងជាកូន កំព្រាឪពុកម្តាយក្នុងសម័យសង្គ្រាម និងមានបងប្អូនបង្កើតទាំងអស់៥នាក់ ក្រោយមកបានចូលបម្រើការងារជាមន្ត្រីគយ នាអំឡុងទសវត្សរ៍ ឆ្នាំ១៩៩៣ តាមរយៈការទិញឈ្មោះរបស់អតីតមន្ត្រីយោធានៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ ដែលបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងដែរ។

បើយោងតាមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងប័ណ្ណសម្គាល់មន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឃាតកររូបនេះ ឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ប៉ុន្តែសាច់ញាតិវិញ បានអះអាងថា ជ័យ រិន ហៅម៉ៅ ទើបតែមានអាយុ៤៧ឆ្នាំប៉ុណ្ណោះ ដោយកើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦៤។

សាន ស្រីឡៃ និងលោកជ័យ រិន (កាលនៅផ្អែមល្ហែមនឹងគ្នា)

តាមប្រភពពីអ្នកជិតសិទ្ធិនឹងខ្មាន់កាំភ្លើង បានឱ្យដឹងថា ឈ្មោះជ័យ រិន គឺជាឈ្មោះទិញគេ បច្ចុប្បន្នមានតួនាទីជាជំនួយការប្រធានសាខាគយខេត្តកំពង់ចាម ដែលទើបទៅបំពេញការងារនៅទីនោះ បានប្រមាណ២ឆ្នាំចុងក្រោយនេះ។ នៅមុនពេលលោកមកបំពេញការងារនៅកំពង់ចាម លោកធ្លាប់ធ្វើគយនៅខេត្តព្រះសីហនុ និងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកាលលោកទៅឈរជើងនៅប៉ោយប៉ែត នេះហើយ ដែលនាំឱ្យលោកមានទំនាក់ទំនងជាមួយសាន ស្រីឡៃ ខណៈលោកមានប្រពន្ធកូនរួចទៅហើយនោះ។

អ្នករួមការងារជាមួយសពខ្មាន់កាំភ្លើង បានអះអាងថា នៅព្រឹកមុនកើតករណីឃាតកម្មនេះ ជនជាខ្មាន់កាំភ្លើង (ជ័យ រិន) បានជិះម៉ូតូធ្វើដំណើរពីផ្ទះនៅខេត្តព្រៃវែង ទៅប្រជុំនៅអង្គភាពសាខាគយខេត្តកំពង់ចាម តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ទើបចេញ ហើយប្រាប់គេថា ទៅផ្ទះវិញ ហើយ (ជាទំលាប់ពេលលោក ទៅអង្គភាព គឺជិះរថយន្ត តែលើកនេះ គេឃើញជិះម៉ូតូ)។

ចំណែកភរិយារបស់ខ្មាន់កាំភ្លើង ជ័យ រិន បានអះអាងថា ក្រោយប្តីរបស់គាត់ទៅដល់ផ្ទះ គឺមានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។ លុះដល់ម៉ោង២រសៀល ប្តីរបស់គាត់ក៏ទាញម៉ូតូជិះចេញ ដោយប្រាប់ថា ទៅភ្នំពេញ លុះដល់ព្រលប់ទើបមានអ្នកស្គាល់ទូរស័ព្ទប្រាប់ថា ប្តីរបស់ខ្លួនបាញ់សម្លាប់ខ្លួនឯងតែម្តងទៅ។

រីឯមិត្តភក្តិចិត្តដិតម្នាក់ទៀត បានបង្ហើបឱ្យដឹងថា ចាប់តាំងពីលោកជ័យ រិន នាំនាងសាន ស្រីឡៃ មកប្រឡងចំរៀងរហូតដល់ល្បីឈ្មោះមក ជម្លោះក៏ឧស្សាហ៍កើតមានឡើង ដោយសារការប្រចណ្ឌ ព្រោះមុនដំបូង លោក ជ័យ រិន គ្រាន់តែចង់ឱ្យនាងមកប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពប៉ុណ្ណោះ មិនចង់ឱ្យនាងក្លាយជាតារាអីនឹងគេទេ តែពេលប្រឡងមានឈ្មោះល្បី បែរជានាងមិនព្រមឈប់ ហើយចុងក្រោយក៏កើតមានជម្លោះស្ទើររាល់ថ្ងៃ ដោយសារសង្ស័យមានអ្នកទី៣ ចូលមកជ្រៀតជ្រែក រហូតដល់សាន ស្រីឡៃ មានជម្លោះកាន់តែខ្លាំងឡើងជាមួយជ័យ រិន ទីបំផុត ក៏កើតសោកនាដកម្មបែបនេះតែម្តង៕

RELATED ARTICLES