Thursday, November 28, 2024
Homeតារាខ្មែរពេជ្រ សោភា ធ្លាក់ខ្លួនឈឺ ក្រោយសពសាន ស្រីឡៃ ត្រូវបានបូជា

ពេជ្រ សោភា ធ្លាក់ខ្លួនឈឺ ក្រោយសពសាន ស្រីឡៃ ត្រូវបានបូជា

ពេជ្រ សោភា ធ្លាប់ជាគ្រូបង្វឹក (Coach) របស់អតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី២ អ្នកនាងសាន ស្រីឡៃ ដែលជាតារាចម្រៀងរបស់ផលិតកម្ម We Production សាខារបស់ហង្សមាសនោះ បានថ្លែងទាំងក្តុកក្តួលបង្ហូរទឹកនេត្រា ជោកថ្ពាល់ រហូតដល់ធ្លាក់ខ្លួនឈឺតែម្តង នៅពេលដែលស្រីឡៃ ត្រូវបានអតីតប្តីបាញ់ប្រហារ ៣គ្រាប់ បណ្តាលឱ្យស្លាប់នាងដេកដួលស្លាប់ក្នុងថ្លុកឈាម កណ្តាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧…។

ពេជ្រ សោភា ពេលទៅចូលរួមពិធីបូជាសពសាន ស្រីឡៃ

ពេជ្រ សោភា មិនអាចទប់ទឹកភ្នែកបានឡើយ នៅពេលដែលនាងឃើញផ្សែងហុយក្មួលក្មាញ់ រំលាយរូបកាយអតីតកូនក្រុមនៃកម្មវិធី “The Voice Cambodia” រដូវកាលទី២ អ្នកនាងសាន ស្រីឡៃ នៅវត្តសែនសុខ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ទើបធ្វើឱ្យតារាចម្រៀងតែម្នាក់គត់ ដែលជិតដិតបំផុតជាមួយស្រីឡៃ នេះស្រែកយំឡើងទន់ខ្លួន រហូតដល់ចង់សន្លប់នោះ។

សាន ស្រីឡៃ និងពេជ្រ សោភា

មិនមែនមានតែសោភា ម្នាក់ទេ ដែលមិនអាចទប់អារម្មណ៍មិនឱ្យហូរទឹកភ្នែកនោះ តារារួមអាជីពនៅផលិតកម្មរស្មីហង្សមាស ផ្សេងទៀត និងអ្នកសិល្បករមួយចំនួនទៀត ក៏យំលាន់ពេញតែវត្តសែនសុខ ព្រោះថា ចាប់ពីពេលនេះតទៅ ពួកគេមិនអាចច្រៀងថតសម្តែងលេងជាមួយសាន ស្រីឡៃ បានទៀតទេ។

ក្នុងជំនួបផ្ទាល់ជាមួយពេជ្រ សោភា តារាដែលយំឡើងហើមភ្នែករូបនេះ និយាយទាំងក្តុកក្តួលអួលដើមកថា នាងមិនអាចរ៉ាយរ៉ាប់នូវការសោកស្តាយទាំងនោះបានឡើយ ព្រោះតែមិននឹកស្មានថា ស្រីឡៃ ទៅចោលនាងដោយគ្មានពេលត្រឡប់បែបនេះសោះ។

តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានឱ្យដឹងថា “បើនិយាយពីការជិតស្និទ្ធ គឺមានតែខ្ញុំទេ ដែលដឹងពីស្រីឡៃ ច្រើនជាងតារាដទៃ ព្រោះធ្លាប់ជាកូនក្រុមផង និងមានជីវភាពធ្លាប់លំបាកដូចគ្នាផង។ ការស្លាប់របស់គាត់ ធ្វើឱ្យខ្ញុំមិនអាចថ្លែងបានថា សោកស្តាយកម្រិតណាទេ ព្រោះខ្ញុំរន្ធត់ខ្លាំងពេក។ ខ្ញុំបានដឹងហេតុការណ៍នេះភ្លាមៗដែរ ហើយនៅយប់ថ្ងៃទី១៦ ខ្ញុំបានទៅមើលសពនៅវត្តម៉ោង១២យប់ ហើយពេញ១យប់ ខ្ញុំគេងមិនលក់ទេ ឥឡូវឈឺផ្តាសាយធ្ងន់ហើយ ព្រោះត្រូវទឹកភ្លៀងផង។ ដោយសារតែស្មុគស្មាញខ្លាំងពេក ពេលនេះខ្ញុំមិនទាន់បានទៅពេទ្យផង។ ខ្ញុំអាណិតក្រុមគ្រួសារគាត់ កូនៗគាត់ តើនឹងទៅជាយ៉ាងណា ពេលអត់ពីស្រីឡៃ នេះ?”៕

RELATED ARTICLES