តារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលកំពុងតែសប្បាយរាំច្រៀងតាមឆាកតន្ត្រីធំៗ និងក្លាយទៅជាតួកុនក្នុងរឿង ”រាជិនីភូមិគ្រឹះ” លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ ដែលបានរត់ចោលប្រពន្ធ ច័ន្ទ សុផានី ពេលដែលទៅជ្រកនៅហង្សមាស កាលពីឆ្នាំ២០០៩នោះ ស្រាប់តែកូនស្រីហ្សូណូ មានរូបសម្រស់ស្រស់ស្អាតមានអាយុ៨ឆ្នាំទៅហើយ។
ច័ន្ទ សុផានី បានបណ្ដើរកូនស្រីសំណព្វចិត្តគ្មានឪពុកមើលថែ គឺកុមារីកែ ច័ន្ទមុនីផ្កា ទៅចូលរួមកម្មវិធីឡើងផ្ទះថន លក្ខិណា កាលពីពេលថ្មីៗនេះ នាំឲ្យតារាសិល្បករជាច្រើនបានចោមរោមសួរសុខទុក្ខសុផានី រកតែរើខ្លួនមិនចង់រួចឡើយ។
អ្នកសិល្បៈមួយចំនួនបានទៅប្រលែងលេងជាមួយកូនស្រីអ្នកនាងច័ន្ទ សុផានី ហើយពួកគេបាននិយាយថា កុមារីច័ន្ទមុនីផ្កា មានរូបសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ទៀតផង។
ក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងច័ន្ទ សុផានី នោះ អតីតពិធីការិនីប៉ុស្ដិ៍លេខ៥រូបនេះ ទទួលស្គាល់ថា អ្នកនាងគឺជាអ្នកចិញ្ចឹមបីបាច់លើកូនស្រីតែម្នាក់ឯង តែនាងមិនមានការតូចចិត្តឡើយ ព្រោះនេះគឺជាជីវិតនាងដែលត្រូវធ្វើ។
សុផានី ថ្លែងទាំងញញឹមបង្កប់ដោយទុក្ខព្រួយថា ”ខ្ញុំទំនុកបម្រុងលើកូនតែម្នាក់ឯងហ្នឹង មានពីណាជួយ? ខ្ញុំមិនតូចចិត្តទេ ធ្វើម៉េចបើយើងធ្វើបុណ្យជាមួយប្រុសស្អាតអីចឹងហើយ… (សើច)”។
ថ្វីត្បិតតែអ្នកនាងច័ន្ទ សុផានី បាននិយាយហាក់ដូចជាគ្មានវិបត្តិផ្លូវចិត្តរឿងត្រូវអតីតប្ដីអត់ខាន់ស្លា កែ សុវណ្ណារ៉េត ហៅហ្សូណូ រត់ចោលអ្នកនាងតាំងពីកូនស្រីនៅកូនង៉ាមែន តែក្រោយពីត្រូវអ្នកកាសែតសួរនាំនោះមក សុផានី បានហូរទឹកភ្នែកតែម្នាក់ឯង ហើយនៅពេលសួរពីការសម្រក់ទឹកភ្នែកនោះ សុផានី បែរជានិយាយថា មកពីនាងរំភើបចិត្តពេកទៅវិញ…។
ដោយឡែក កុមារីកែ ច័ន្ទមុនីផ្កា និយាយហាក់ដូចជាមនុស្សធំអីចឹង ពេលត្រូវអ្នកកាសែតសួរថា មានខឹងឪពុកជាតារាចម្រៀងហ្សូណូ ទៅចោលមិនយកលុយមកឲ្យចាយដូចប៉ាគេនោះ មុនីផ្កា បាននិយាយថា ”ខ្ញុំអត់ខ្វល់ពីប៉ាខ្ញុំទេ! ខ្ញុំមានម៉ាក់ខ្ញុំ ហើយខ្ញុំអត់ចង់និយាយរឿងគាត់ទេ! រឿងខ្ញុំផ្សេង រឿងគាត់ផ្សឹង។ ខ្ញុំអត់ចង់និយាយរឿងប៉ាខ្ញុំទេ។ ខ្ញុំអត់ចង់និយាយថា ប៉ាឲ្យលុយចាយឬអត់ទេ។ ពេលនេះខ្ញុំមានអាយុ៨ឆ្នាំហើយ រៀនថ្នាក់ទី៣ ចូលថ្នាក់ទី៤ ឆ្នាំហ្នឹង”។
បើទោះជាអ្នកនាងច័ន្ទ សុផានី ថា ស្រក់ទឹកភ្នែកព្រោះរំភើបក្ដី តែក្រោយមកអ្នកនាងសារភាពថា ស្រណោះកូនស្រីពេក ដែលការនិយាយខ្លីបែបនេះ គឺទំនងមកពីសុផានី មានអារម្មណ៍តូចចិត្ត ព្រោះឃើញប្ដីប្រពន្ធតារាសិល្បៈគេគ្រប់គ្នាបណ្ដើរគ្នាត្រសងទៅចូលរួមកម្មវិធីអ្នកសិល្បៈរួមអាជីព តែចំពោះរូបនាងវិញ បែរជាប្ដីហ្សូណូ គ្រាន់តែបានលោតចូលហង្សមាស ភ្លាម លោកហ្សូណូ បែរជាប្រែប្រួលចិត្ត១៨០ដឺក្រេ ដោយលែងខ្វល់ខ្វាយពីរឿងប្រពន្ធកូនទៀតហើយ។
អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រើនបានប្រតិកម្ម និងរិះគន់អតីតតារាចម្រៀង KH ហ្សូណូ រូបនេះថា ជាបុរសដែលជិះក្របីឆ្លងផុកប៉ុណ្ណោះ ព្រោះពេលដើរចោលប្រពន្ធកូនហើយ ហ្សូណូ មិនបានជួយទំនុកបម្រុងជួយចិញ្ចឹមកូនស្រីក្នុងនាមជាឪពុកឡើយ គឺទុកឲ្យសុផានី រែកអម្រែកបីបាច់ថែរក្សាកូនតែម្នាក់ឯង រយៈពេល៨ឆ្នាំនេះ ខណៈដែលហ្សូណូ ខ្លាចប៉ះពាល់កេរ្ដិ៍ឈ្មោះគេ គឺមិនដែលនិយាយរឿងប្រពន្ធកូឡើយ។ ប៉ុន្ដែក្នុងកម្មវិធីសម្ពោធរឿង ”សិសិររដូវក្នុងបេះដូង” របស់ប៉ុស្ដិ៍ហង្សមាស នោះ ហ្សូណូ បាននិយាយក្នុងកម្មវិធីឃោសនាខ្សែភាពយន្ដភាគនោះ ដោយហាក់ទទួលស្គាល់នូវកំហុសឆ្គងខ្លួនឯងថា មនុស្សឯណាមិនដែលធ្វើខុស ដូចនេះរូបគេសូមឲ្យទស្សនិកទាំងអស់មេត្តាអធ្យាស្រ័យលើខ្លួនផង…។
គួរបញ្ជាក់ថា កែ សុវណ្ណារ៉េត បានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងច័ន្ទ សុផានី ក្រោយពេលដែលអតីតពិធីការិនីប៉ុស្ដិ៍លេខ៥រូបនោះ ផ្ដាច់ស្នេហ៍លោកស៊ុក សុភា ហើយចំណងស្នេហ៍គ្មានខាន់ស្លារូបនេះ ដំបូង ហ្សូណូ ដើរតួជាអ្នកស្អំរបួសបេះដូងសុផានី ដោយស្មោះ ធ្វើឲ្យសុផានី សប្បាយចិត្តក្រៃលែង ព្រោះបានប្រុសក្មេងរូបសង្ហាហ្សូណូ មិនចាញ់ស៊ុក សុភា នោះថ្នមបំពេ។ ប៉ុន្ដែសុផានី រងឈឺចាប់លើសដើម ព្រោះតែក្រោយពីសម្រាលបានកូនស្រី១នោះ ហ្សូណូ ចាប់ផ្ដើមប្លែក ហើយពេលបានចូលហង្សមាស ក៏ដាក់មេប្រូចដាក់នាងនិងកូនស្រីតែម្ដង។ ច័ន្ទ សុផានី បានរងទឹកភ្នែកតែម្នាក់ឯងរយៈពេល៨ឆ្នាំនេះ ដោយមានព័ត៌មានថា អ្នកនាងមានបំណុលច្រើនទៀតផង។ ការធ្លាក់ខ្លួនរបស់អ្នកនាងសុផានី នៅពេលនេះ គឺចំពេលដែលអតីតប្ដីលោកហ្សូណូ បានឡើងកាលីពដោយបើកហាងសម្លៀកបំពាក់ និងហាងអាហារទៀតផង ដោយតាមប្រភពដែលជិតស្និទ្ធបានឲ្យដឹងថា តារាហង្សមាសរូបនេះមានស្រីស្នេហ៍ថ្មីជួយឧបត្ថម្ភ តែលោកហ្សូណូ មិនដែលលាតត្រដាងស្រីស្នេហ៍ថ្មីឲ្យគេឃើញឡើយ។
ប្រភពចុងក្រោយបានឲ្យដឹងថា នៅពេលនេះ អ្នកនាងច័ន្ទ សុផានី ហាក់មានដង្ហើមដកវិញហើយ ព្រោះអតីតពិធីការិនីប៉ុសិ៍្តលេខ៥រូបនេះ បានរៀបគម្រោងរកស៊ីថ្មីមួយ គឺបើក TV តាម Online ដែលដំណើរការនាពេលឆាប់ៗនេះហើយ ទើបធ្វើឲ្យតារាមួយចំនួនបានខ្សឹបខ្សៀវគ្នាថា ចាំមើល Tv របស់សុផានី ថ្ងៃសម្ពោធបើកឆាក នឹងហៅតារាចម្រៀងហ្សូណូ មកសម្ភាសន៍ធ្វើជាតារាកិត្តិយសឬអត់?
ដោយឡែកខាងផលិតកម្មស្មីហង្សមាស វិញ មុននេះហាក់អាក់អន់ចិត្តជាមួយអ្នកកាសែតថា ដោយសារតែចុះពីរឿងហ្សូណូ ភ្ជាប់ជាមួយច័ន្ទ សុផានី ហ្នឹងហើយ បានជាធ្វើឲ្យហ្សូណូ ដែលជិតល្បីឡើងកូដខ្លាំងហើយ បែរជាឡើងមិនរួចសោះហ្នុង…៕