ករណីប្តីបាញ់៣គ្រាប់ សម្លាប់សាន ស្រីឡៃ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការសោកស្តាយជាពន់ពេកចំពោះហេតុការណ៍ដ៏ក្រៀមក្រំនេះ មហាជនបានផ្តោតការចាប់រម្មណ៍ខ្លាំងទៅលើអនាគតកុមារាទាំង២ ដែលត្រូវជាកូនរបស់សាន ស្រីឡៃ តើអនាគតពួកគេទាំង២នឹងក្លាយជាបែបណាទៅ?
ដោយមានការអាណិតអាសូរ លោកនាយកសាលាអន្តរជាតិអាមេរិកកាំងប្រ៊ីដ បានផ្តល់អាហារូបករណ៍ដល់កូនទាំង២របស់សាន ស្រីឡៃ ឲ្យបានសិក្សាដល់ថ្នាក់ទី១២ ដោយមិនគិតថ្លៃ។
ដោយឡែកថ្ងៃនេះផងដែរ ការកំណត់ធ្វើពិធីបុណ្យគម្រប់ខួប៧ថ្ងៃឧទ្ទិសកុសលផលបុណ្យជូនតារាចម្រៀង សាន ស្រីឡៃ ច្បាស់លាស់ហើយ គឺត្រូវបានប្រារព្ធធ្វើនៅវត្តទួលទំពូង។
អ្នកនាងពេជ្រ សោភា បានប្រាប់អ្នកសារព័ត៌មានថា “កម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ របស់ស្រីឡៃ គឺខ្ញុំជាអ្នកផ្តើមគំនិតរៀបចំឡើងមែន តែកម្មវិធីបុណ្យនេះខ្ញុំធ្វើត្រឹមតែ១០តុទេ ហើយការចំណាយលើកម្មវិធីបុណ្យ ដំបូងឡើយខ្ញុំគិតថា ចង់រ៉ាប់រងទាំងអស់ដែរ តែដោយយល់ឃើញថា ទុកចំណែកមួយផ្នែកឲ្យគ្រួសារគាត់មានម្តាយ និងប្អូន បានចូលរួមក្នុងការចំណាយដែរ ទើបខ្ញុំបានឲ្យគាត់ចំណាយលើការប្រគេនព្រះសង្ឃក្នុងកម្មវិធីបុណ្យ ដើម្បីជាចំណែករបស់សាច់ញាតិឧទ្ទិសជូនដល់ស្រីឡៃ ផងដែរ”។
អ្នកនាងក៏បានបញ្ជាក់ដែរថា “ពិធីបុណ្យនេះពេលគិតភ្លាមៗ ខ្ញុំចង់ធ្វើនៅវត្តសែនសុខ ផងដែរ ប៉ុន្តែដោយសារវត្តនោះទីតាំងឆ្ងាយ ពិបាកអ្នកទៅចូលរួម ខ្ញុំក៏សម្រេចដើររកសុំវត្តក្នុងក្រុង ហើយក៏បាននៅវត្តទួលទំពូង តែម្តង”។
ពេជ្រ សោភា បន្តថា ការដែលនាងរៀបចំពិធីបុណ្យនេះឡើង មកពីនាងមិនអស់អាល័យ និងអាណិតស្រីឡៃ ខ្លាំង ព្រោះកាលពីគាត់នៅរស់ គេជាបុគ្គលម្នាក់មានចរិតល្អណាស់ ស្រឡាញ់រាប់អានក្រុមការងារ មិត្តភក្តិគ្រប់គ្នា ចំណុចនេះហើយ ដែលធ្វើឲ្យនាងសុខចិត្តចំណាយលុយផ្ទាល់ខ្លួនរៀបចំពិធីបុណ្យ៧ថ្ងៃឧទ្ទិសជូនគាត់។
គួរបញ្ជាក់ដែរ កម្មវិធីបុណ្យ៧ថ្ងៃរបស់សាន ស្រីឡៃ ស្អែកនេះ ក៏មានបងប្អូន ទស្សនិកជនខ្លះបានចំណាយថវិកា ទឹកក្រូច ទឹកបរិសុទ្ធ ចូលបុណ្យតាមរយៈអ្នកនាងពេជ្រ សោភា ដែលជាអតីតគ្រូវបង្វឹករបស់សាន ស្រីឡៃ ផងដែរ៕