មុននេះលេចឮថា អតីតសង្សារអ្នកនាងស៊ឹម សូលិកា គឺលោកទិត ថាវរិទ្ធ បានចេញទៅធ្វើរឿងភាគឱ្យទូរទស្សន៍អាស៊ីអាគ្នេយ៍ ព្រោះតែលោកបាត់បង់តំណែងជាអគ្គនាយរងនៅប៉ុស្តិ៍បាយ័ន និងមិនចង់ឃើញពីសកម្មភាពសូលិកា កាន់តែផ្អែមល្ហែមទៅៗ ជាមួយលោកអេង រិទ្ធី ដែលជាអតីតកូនចៅលោក មានចេតនាបញ្ឈឺស្រស់ៗចំពោះមុខនោះ។
ប៉ុន្តែ តាមប្រភពថា ទោះជាលោកទិត ថាវរិទ្ធ មិនមានតំណែងធំនៅបាយ័ន ហើយមានអ្នកគោរពខ្លាចដូចមុនក៏ដោយ តែពេលនេះ អតីតនាយករងប៉ុស្តិ៍បាយ័នរូបនេះ ហាក់បញ្ចោញឥទ្ធិពលសាជាថ្មីនៅទ្រនំធំនេះ ដែលតាមដំណឹងថា សូម្បីតែបុគ្គលិកជើងចាស់នៅបាយ័ន មួយចំនួន ក៏មិនអាចទប់ទល់លោកបានដែរ គឺមានតែខ្ទាតចេញ ជាបណ្តើរៗហើយ។
ប្រភពបានឱ្យដឹងថា អ្នកនាងស៊ឹម សូលិកា ដែលអស់និស្ស័យស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ ជាង២ឆ្នាំនេះ ក្រោយពីអ្នកទាំង២ បានភ្ជាប់ស្នេហ៍លាក់មុខជាង៥ឆ្នាំនោះ ពេលនេះហាក់មានការភ្ញាក់ផ្អើលខ្លាំងដែរ នៅពេលដែលលោកអតីតអគ្គនាយករងបាយ័ន បញ្ចោញអំណាចសាជាថ្មីនៅទ្រនំនេះ ហើយច្បាស់ណាស់ថា ប្រសិនបើលោកថាវរិទ្ធ នៅមានតំណែងធំដូចមុននោះ គឺសកម្មភាពរបស់អ្នកនាង និងលោករិទ្ធី នៅពេលនេះ ម៉្លេះត្រូវអតីតគូស្នេហ៍នេះបញ្ឈប់អស់ទៅហើយ ព្រោះតែលោកឈឺចាប់ខ្លាំងពេក នៅពេលដែលរស់នៅជាមួយលោកសុខៗ ស្រាប់តែសូលិកា ទៅដូរស្នេហា បណ្តើរលោករិទ្ធី នាំឱ្យអ្នកសិល្បៈជាច្រើនបានពេបជ្រាយដាក់លោកទៅវិញ។
តាមព័ត៌មានបានឱ្យដឹងថា ទោះជាអ្នកនាងសូលិកា ហាក់មានការស្រឡាំងកាំងនៅពេលដែលឃើញលោកថាវរិទ្ធ បញ្ចោញឥទ្ធិពលសាជាថ្មីនៅបាយ័ន ក៏ដោយ តែអ្នកនាងនិងលោករិទ្ធី ហាក់មិនបារម្ភច្រើនថា អាចប្រឈមរឿងធំដែរ ព្រោះថា ពេលនេះអ្នកនាងកំពុងតែមានសេចក្តីសុខទាំងកាយទាំងចិត្ត ដោយសារអ្នកថ្មីចេះថ្នាក់ថ្នមយល់ចិត្តនាងច្បាស់ជាងអ្នកចាស់ ទើបអ្នកនាងហាក់ផ្គើនដាក់លោកថាវរិទ្ធ វិញ តាមរយៈការមានចេតនាឱ្យអតីតសង្សារឃើញពីសកម្មភាពផ្អែមល្ហែមរបស់នាងជាមួយលោករិទ្ធី ពីមួយថ្ងៃទៅមួយថ្ងៃតែម្តង។
តារាសម្តែងម្នាក់ដែលស្និទ្ធនឹងសូលិកា បានបង្ហើបឱ្យដឹង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ថា “អ្នកនាងសូលិកា លែងខ្វល់ និងចាប់អារម្មណ៍លើលោកថាវរិទ្ធ ទៀតហើយ និយាយទៅ គឺអស់និស្ស័យស្នេហ៍តែម្តង។ តែថ្មីៗនេះ ពេលឮថា មានបុគ្គលិកមួយចំនួន បានឈប់ពីបាយ័ន ដោយគេចោទប្រកាន់ថា មិនអាចទប់ទល់ជាមួយលោកថាវរិទ្ធ បាន ទើបសូលិកា គ្រាន់តែមានការភ្ញាក់ផ្អើលខ្លះៗដែរថា តើជាការពិតទេ ព្រោះគាត់មានតំណែងធំឯណាទៀត?”។
ស៊ឹម សូលិកា បានលែងលះប្តី លោក “វីរៈ” ដោយបន្សល់នូវចំណងដៃស្នេហ៍កូនស្រីម្នាក់ដ៏ស្រស់ស្អាត ឈ្មោះស្រីណុច អាយុ១៦ឆ្នាំ។ សូលិកា ដែលផ្តាច់ខ្លួនទាំងស្រុងពីអាជីពសិល្បៈ ព្រោះផ្គាប់ចិត្តលោកថាវរិទ្ធ នោះ បានឆ្អែតចិត្តនៅពេលដែលនាងសុខចិត្តលះបង់កិត្តិយសទៅរួមរស់ជាមួយលោកថាវរិទ្ធ ជាច្រើនឆ្នាំ តែក្រុមគ្រួសារអតីតគូស្នេហ៍ មិនព្រមទទួលស្គាល់រូបនាងជាដាច់ខាត ទើបធ្វើឱ្យអ្នកមេម៉ាយរូបនេះ លេងមួយក្បាច់ចង់ដាច់ផ្ងារលោកថាវរិទ្ធ ព្រោះតែនាងមិនចាប់អារម្មណ៍ប្រុសអ្នកមានទ្រព្យជាច្រើន ដែលចាំត្រងស្នេហ៍នាងនោះឡើយ តែបែរជាទៅស្នេហ៍ស្និទ្ធតែជាមួយលោកអេង រិទ្ធី ដែលជាអតីតកូនចៅរបស់លោកថាវរិទ្ធ ទៅវិញ។
ប្រភពបានឱ្យដឹងថា នៅពេលដែលលោកថាវរិទ្ធ ឃើញសូលិកា កាន់តែស្អាតនោះ លោកក៏ចង់ផ្សះផ្សាស្នេហ៍ជាថ្មី តែសូលិកា មិនព្រមជាដាច់ខាត ហើយនាងកាន់តែបណ្តើរលោករិទ្ធី ជាចំហនៅចំពោះមុខលោកថាវរិទ្ធ សូម្បីតែមានពេលចូលរួមកម្មវិធីសិល្បៈខ្លះ គឺស៊ឹម សូលិកា ដឹកដៃលោករិទ្ធី ទៅអង្គុយតុជាមួយលោកថាវរិទ្ធ ក៏មានដែរ ធ្វើឱ្យលោកថាវរិទ្ធ គ្មានអ្វីក្រៅតែពីដើរចេញពីតុកម្មវិធីនោះឡើយ។
ក្រុមអ្នកសិល្បៈជាច្រើនបាននាំគ្នាខ្សឹបខ្សៀវថា ពេលនេះស្នេហាពិធីការិនីល្បីឈ្មោះ អ្នកនាងស៊ឹម សូលិកា និងលោកថាវរិទ្ធ បើទោះជាបានបញ្ចប់គ្នាអស់ទៅហើយក្តី តែហាក់មានភាពចម្រូងចម្រាសខ្លាំងឡើងៗ ដោយសារតែពួកគេជ្រកកោនក្រោមដំបូលតែ១ ហើយមានការបញ្ឈឺគ្នាទៅវិញទៅមក ហើយអ្នកដែលឈឺចាប់ជាងគេ គឺលោកថាវរិទ្ធ តែអ្នកដែលរីករាយជាងគេ គឺលោករិទ្ធី។ ចំណែកមហាជនមួយចំនួនទៀត បានលើកឡើងថា ស្នេហាតារាល្បី ពិតជាគួរឱ្យឈឺក្បាលមែន ពេលនេះមិនត្រឹមតែស៊ឹម សូលិកា ទេ គឺនៅទ្រនំបាយ័ន សូម្បីតែអ្នកនាងចន ច័ន្ទលក្ខិណា ដែលលែងប្តីនោះ ក៏ជួបមុខអតីតប្តីយុត្ថារ៉ា ឆានី រាល់ថ្ងៃ តែពួកគេបានរាប់អានគ្នាជាធម្មតាវិញ ហេតុនេះហើយ គេចាំមើលថា តើអ្នកនាងសូលិកា និងលោកថាវរិទ្ធ នឹងអាចធ្វើដូចអ្នកនាងចន ច័ន្ទលក្ខិណា និងលោកឆានី បានដែរឬទេ ខណៈដែលពេលនេះពួកគេដែលធ្លាប់ផ្អែមល្ហែមជាមួយគ្នានោះ បានក្លាយទៅជាគូបដិបក្ខនឹងគ្នាទៅហើយ។
ស៊ឹម សូលិកា ត្រូវបានអ្នកសិល្បៈមួយចំនួនបានសម្តែងនូវការគាំទ្រចំពោះនាងដែលសុខចិត្តជ្រើសរើសគូស្នេហ៍ថ្មី ជាតារាសិល្បៈដូចគ្នា ដោយផាត់ចោលតំណែងជាជំទាវនេះ ហើយតារាៗដែលជិតស្និទ្ធអ្នកនាងសូលិកា ថែមទាំងជំរុញឱ្យសូលិកា រៀបការជាមួយលោករិទ្ធី ទៀតផង តែអ្នកមេម៉ាយខកស្នេហ៍២លើកស្ទួនៗនេះ មិនទាន់ចង់ប្រថុយរៀបការតក់ក្រហល់ឡើយ គឺត្រូវតែស្វែងយល់ចិត្តលោករិទ្ធី ឱ្យច្បាស់លាស់ជាមុនសិន។
ទោះជាយ៉ាងណា ជុំវិញព័ត៌មានលេចឮខាងលើនេះមិនអាចទាក់ទងសុំយោបល់បំភ្លឺពីអ្នកនាងស៊ឹម សូលិកា បានទេ កាលពីចុងសប្តាហ៍មុននេះ៕