Thursday, November 28, 2024
Homeតារាខ្មែរឡាយ លក្ខិណា ក៏ចង់ធ្វើជាជំទាវផងដែរ

ឡាយ លក្ខិណា ក៏ចង់ធ្វើជាជំទាវផងដែរ

ឡាយ លក្ខិណា បានវិលត្រឡប់មករកអាជីពចាស់វិញ យ៉ាងពេញទំហឹងនៅពេលនេះ ក្រោយពេលបាត់មុខ១២ឆ្នាំមកហើយ ថែមទាំងទទួលការ ថតសម្តែងភាពយន្តសាជាថ្មីទៀតផង ស្របពេលដែលតារារួមអាជីពជំនាន់ អ្នកនាងមួយចំនួនទៀត បានក្លាយទៅជាជំទាវសឹងតែទាំងអស់ទៅហើយ។

ឡាយ លក្ខិណា និយាយថា នាងមានតែអបអរសារទរចំពោះមិត្តភក្តិដែលគេបានរុងរឿង ហើយអ្នកនាងក៏ចង់ធ្វើជាជំទាវដែរ តែជាជំទាវក្នុងខ្សែរឿងភាពយន្តប៉ុណ្ណោះ…។

ឡាយ លក្ខិណា ដែលទាត់ចោលការថតខ្សែភាពយន្តរបស់ផលិតកម្មថោន រឿង “រៃមាស” នោះ ស្រាប់តែពេលនេះ តារានៅតែមានរូបសម្រស់ទ្រលុកទ្រលន់រូបនេះ បានអះអាងថា នាងពិតជាវិលត្រឡប់មកចូលសិល្បៈវិញ យ៉ាងពេញទំហឹងហើយ គឺទាំងការច្រៀងតាមប៉ុស្តិ៍ និងសម្តែងភាពយន្តដែលអាចធ្វើទៅបាន ព្រោះថា ទោះជាឃ្លាតពីអាជីពចាស់នេះ 12ឆ្នាំមែន តែអារម្មណ៍នៅតែដិតដាមជាមួយសិល្បៈដដែល។

អ្នកនាងឡាយ លក្ខិណា វាចាថា “មុនហ្នឹង មានផលិតកម្មគេហៅថតរឿងដែរ តែខ្ញុំមិនទាន់ទទួល ព្រោះថា អារម្មណ៍យើងនៅតែមិនទាន់ច្បាស់លាស់ទេថា តើនឹងត្រូវវិលត្រឡប់មកវិញយ៉ាងពេញទំហឹង ឬក៏គ្រាន់តែឆ្លៀតមួយពេលៗ តែពេលនេះខ្ញុំបានសម្រេចចិត្តថា ចូលមកវិញហើយ”។

លក្ខិណា បន្តថា “ខ្ញុំមានការងារសិល្បៈខ្លះៗឡើងវិញនាពេលនេះ គឺតាមទូរទស្សន៍មួយចំនួន គេបានហៅខ្ញុំច្រៀងជាហូរហែដែរហ្នឹង អីចឹងខ្ញុំឡើងច្រៀងដូចមុនហើយ។ ការដែលខ្ញុំចូលមកវិញនាពេលនេះ ព្រោះតែខ្ញុំបានធ្វើតេស្តដែរថា មុននេះខ្ញុំសាកចូលមកវិញ គឺគ្មានអ្នកណាម្នាក់ចូលទៅ Comment ដោយរិះគន់ខ្ញុំក្នុងការវិលវិញទេ គឺមានតែផ្តល់ជាកម្លាំងចិត្ត អីចឹងខ្ញុំមានកម្លាំងចិត្តត្រូវតែចូលវិញ។ ចំពោះការថតរឿងវិញមុននេះ ខ្ញុំមិនទទួល ព្រោះថា ខ្ញុំមិនទាន់ច្បាស់ទេថា តើខ្ញុំចូលវិញឬអត់ ព្រោះខ្ញុំជាប់រកស៊ីដែរ។ តែពេលហ្នឹងខ្ញុំអាចឆ្លៀតបាន គ្រាន់តែថា ពេលយើងមកឡើងឆាកអីចឹង ហាងខ្ញុំគឺមានតែបិទទ្វារ អីចឹងទៅពេលដែលខ្ញុំទៅដល់វិញ ទើបបើកវិញទៅ។ ខ្ញុំគិតថា ពេលនេះបើថតកុន គឺយើងអាយុប៉ុណ្ណេះទៅហើយ គ្មានអ្នកណាគេឱ្យយើងជាតួឯកទេ គឺមានតែជាតួម៉ែនិងមីងហ្នឹង។ តែ បើធ្វើជាតួ “ជំទាវ” ក៏ខ្ញុំចង់ធ្វើដែរ គឺមិនមែនជាជំទាវមែនទែនទេ គឺជាជំទាវក្នុងរឿងហ្នឹងឯង …(សើច)”។

ឡាយ លក្ខិណា ស្ថិតក្នុងចំណោមតារាដែលលេចធ្លោខ្លាំង កាលពីឆ្នាំ1997 ក្នុងចំណោមតារាដែលគេចាត់ទុកថា ជារាជិនីសម្រស់ មានដូចជា អ្នកនាងពេជ្រ ច័ន្ទបរមី, ស្រីតូច ចំណាន, ឱក បូរី ជាដើម តែក្នុងចំណោមតារាខាងលើទាំងនេះ ពួកគេបានក្លាយទៅជាជំទាវដែលរស់នៅលើគំនរទ្រព្យស្តុកស្តម្ភអស់ទៅហើយ នៅឡើយតែអ្នកនាងលក្ខិណា ម្នាក់ ដែលមុននេះធ្វើជាអាជីវករលក់សម្លៀកបំពាក់នៅផ្សារអូរប្ញស្សី យ៉ាងសាមញ្ញ ហើយពេលនេះ បានប្តូរទៅបើកហាងលក់ខោអាវថ្មី នៅក្បែរផ្សារ TK ទួលគោក និងចុងក្រោយក៏សម្រេចចិត្តវិលត្រឡប់មករកអាជីពចាស់ ដោយចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយលោកអែន ឌី យ៉ាងស៊ីចង្វាក់គ្នាទាំង នៅលើឆាកតន្ត្រី និងថតបទចម្រៀងថ្មីរបស់លោកអែនឌី ដែលច្រៀងបទអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ឡើងវិញ “ព្រែកឯងអស់សង្ឃឹម”។

អ្នកនាងឡាយ លក្ខិណា ដែលពីមុនគេចាត់ទុកថា អ្នកនាងជាតារាម្នាក់មានឥទ្ធិពលខ្លាំងមិនចាញ់ជំទាវ ហើយអ្នកខ្លះបានហៅអ្នកនាងថាជា “ជំទាវ” តូចនោះ ពេលនេះត្រូវបានគេមើលឃើញថា លក្ខិណា ហាក់ដូចជាបន្ទាបខ្លួនច្រើនណាស់ ដូចជាអ្នកនាងឡើងច្រៀងតាមឆាកទូរទស្សន៍ ដោយបានតម្លៃខ្លួនមិនស្មើអ្នកនាង ពេលមុនញ៉ាំបាយមួយពេលនោះឡើយ។

លក្ខិណា ដែលពីមុនធ្លាប់តែជិះយន្តហោះទៅថតខារ៉ាអូខេនោះ ពេលនេះអ្នកនាងងាកមកជិះរថយន្ត Toyata Pruise តម្លៃជាង1ម៉ឺនដុល្លារ ដូចតារាថ្មីៗដែរ ដែលសកម្មភាពរបស់លក្ខិណា នៅពេលនេះនាំឱ្យតារាធ្លាប់រួមអាជីពជាមួយនាង ដែលពេលនេះក្លាយទៅជាសេដ្ឋិនីនោះ បានពេបជ្រាយអ្នកនាងលក្ខិណា ទៀតផង ព្រោះថា តារាស្រីគេល្បីៗគ្រប់គ្នាសុទ្ធតែក្លាយជាអ្នកមានទ្រព្យយ៉ាងហ៊ឺហានៅពេលនេះ តែអ្នកនាងលក្ខិណា បែរជាចាប់ផ្តើមប្រមូលប្រាក់ល្អិតពីសិល្បៈជាថ្មីទៅវិញ។

ប៉ុន្តែ អ្នកនាងលក្ខិណា ធ្លាប់និយាយថា នាងសូមត្រេកអរចំពោះតារារួមអាជីពទាំងអស់ ដែលមានសុភមង្គលល្អនាពេលនេះ អ្នកនាងមិនដែលមានចិត្តច្រណែនពួកគេឡើយ ពិសេស អ្នកនាងឃើញតារាថ្មីៗនាពេលនេះ គឺសុទ្ធតែមានរូបសម្រស់ស្រស់ស្អាតណាស់ អីចឹងឃើញប្អូនៗលេចធ្លោក្នុងសិល្បៈច្រើន គឺសប្បាយចិត្ត តែអ្នកនាងលក្ខិណា បញ្ជាក់ថា “ធ្វើអ្វីៗក៏ដោយ ឱ្យតែខ្លួនឯងសប្បាយចិត្ត គឺធ្វើចុះ”៕

RELATED ARTICLES