Thursday, November 28, 2024
Homeតារាខ្មែរសាន ស្រីឡៃ និងស្វាមី មិនជឿការទស្សន៍ទាយ ស្លាប់ទាំង២នាក់

សាន ស្រីឡៃ និងស្វាមី មិនជឿការទស្សន៍ទាយ ស្លាប់ទាំង២នាក់

ខេត្តព្រៃវែង ៖ ក្រោយកើតមានករណីឃាតកម្ម និងអត្តឃាតដ៏គួរឱ្យរន្ធត់មួយនៅកណ្តាលរាជធានីភ្នំពេញ គឺតារាចម្រៀងសាន ស្រីឡៃ ត្រូវប្តីផ្ទុះភ្លើងប្រចណ្ឌបាញ់សម្លាប់ក្នុងថ្លុកឈាម រួចបាញ់សម្លាប់ខ្លួនតាមក្រោយរួចមក ស្រាប់តែពេលនេះ មានព័ត៌មានបែកធ្លាយមកថា កាលពីអំឡុងពេលសាន ស្រីឡៃ និងស្វាមី ជួបប្រសព្វ ស្រលាញ់គ្នាដំបូង ធ្លាប់ត្រូវបានព្រះចៅអធិការវត្តមួយអង្គ នៅឯខេត្តបន្ទាយមានជ័យ បានទស្សន៍ទាយថា អ្នកទាំងពីរមិនអាចរួមរស់នឹងគ្នាបានឡើយ ព្រោះជើងលេខមិនល្អនោះទេ អាចនឹងឈានដល់ការព្រាត់ស្លាប់ ប៉ុន្តែអ្នកទាំងពីរមិនជឿ បានជម្នះយកគ្នាជាប្តីប្រពន្ធរួមរស់នឹងគ្នារហូតមក ទីបំផុត ក៏កើតមានហេតុការណ៍បាញ់ប្រហារបែបនេះតែម្តង។

ករណីឃាតកម្មដ៏សាហាវឃោរឃៅ ដែលបង្កឡើងដោយបុរសជាមន្ត្រីគយ និងជាប្តី បានសម្រេចចិត្តបាញ់សម្លាប់ប្រពន្ធ គឺតារាចម្រៀង សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯង បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមទន្ទឹមគ្នាគួរឱ្យសង្វេគ កាលពីពេលថ្មីៗនេះ នៅតែត្រូវបានមហាជនចាប់អារម្មណ៍ និងតាមដានចង់ដឹងពីដំណើររឿងពិត ដែលនាំឱ្យប្តីប្រពន្ធមួយគូនេះ ឈានដល់ដំណាក់កាលស្លាប់រួមគ្នាបែបនេះ។

មិនខុសពីពិធីបុណ្យសពនោះទេ គឺពិធីបុណ្យគម្រប់៧ថ្ងៃរបស់តារាចម្រៀង សាន ស្រីឡៃ និងលោកជ័យ រិន ដែលជាស្វាមី ត្រូវបានក្រុមគ្រួសាររៀបចំធ្វើនៅទីតាំងផ្សេងគ្នារៀងៗខ្លួន ដោយពិធីបុណ្យគម្រប់៧ថ្ងៃរបស់ សាន ស្រីឡៃ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ដោយឡែក បុណ្យគម្រប់៧ថ្ងៃលោកជ័យ រិន បានប្រារឰឡើងនៅទីតាំងដដែល ពោលគឺនៅក្នុងបរិវេណដីឡូត៍ ផ្ទះលោកជ័យ រិន ហៅគយ ម៉ៅ ស្ថិតនៅក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ស្របជាមួយនឹងពិធីបុណ្យ៧ថ្ងៃ ចូលមកដល់នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ អ្នកយកព័ត៌មាន “នគរធំ” បានចុះផ្ទាល់ដល់លំនៅឋានបុរសជាប្តីរបស់អ្នកនាងសាន ស្រីឡៃ គឺលោកជ័យ រិន ហៅគយម៉ៅ ស្ថិតនៅទឹកដីភូមិភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីធ្វើបទសម្ភាសន៍ជាមួយនឹងសាច់ញាតិក្រុមគ្រួសារសពលោកជ័យ រិន ចង់ដឹងអំពីរឿងរ៉ាវមួយចំនួន និងប្រវត្តិលម្អិតទាក់ទងនឹងលោកជ័យ រិន។ ប៉ុន្តែគួរឱ្យស្តាយ មិនខុសមុនទេ ពោលគឺក្រុមគ្រួសារលោកជ័យ រិន មិនស្វាគមន៍វត្តមានអ្នកកាសែតនោះទេ ពោលគឺមិនអនុញ្ញាតឱ្យអ្នកកាសែតចូលក្នុងបរិវេណដីឡូត៍ ដែលជាទីតាំងប្រារឰពិធីបុណ្យ៧ថ្ងៃ គយម៉ៅ ដើម្បីផ្តិតយករូបភាព ឬធ្វើកិច្ចសម្ភាសន៍អ្វីទាំងអស់។

ដោយសារមិនអាចចូលដល់ទីតាំងបុណ្យ៧ថ្ងៃលោកជ័យ រិន ហៅគយម៉ៅ ហេតុនេះ អ្នកយកព័ត៌មាន “នគរធំ” បានត្រឹមជួបសម្ភាសន៍ ជាមួយនឹងប្រជាពលរដ្ឋអ្នកជិតខាងដែលបានស្គាល់ និងដឹងពីប្រវត្តិខ្លះៗរបស់លោកជ័យ រិន ហៅគយម៉ៅ ប៉ុណ្ណោះ។

លោកយាយ បូ រៀបរាប់រឿងសាន ស្រីឡៃ និងស្វាមី

តាមសម្តីលោកយាយ បូ ដែលអះអាងថា ត្រូវជាម្តាយមីងរបស់លោកជ័យ រិន បានឱ្យដឹងថា តាមពិតលោកជ័យ រិន មានឈ្មោះពិត គឺខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ចំណែកឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំនោះ គឺជាឈ្មោះដែលគាត់ទិញពីគេ (កូតាហ៊្វុនស៊ិនប៉ិច) ដើម្បីចូលធ្វើការងារក្នុងក្របខ័ណ្ឌគយតែប៉ុណ្ណោះ។ បច្ចុប្បន្ន គយម៉ៅ មានតួនាទីជាជំនួយការប្រធានសាខាគយខេត្តកំពង់ចាម ដែលទើបទៅបំពេញការងារនៅទីនោះ បានប្រមាណ២ឆ្នាំចុងក្រោយនេះទេ។ នៅមុនពេលលោកមកបំពេញការងារនៅកំពង់ចាម លោកធ្លាប់ធ្វើគយនៅខេត្តព្រះសីហនុ និងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកាលលោកទៅឈរជើងនៅប៉ោយប៉ែត នេះហើយ ដែលនាំឱ្យលោកមានទំនាក់ទំនងជាមួយសាន ស្រីឡៃ ខណៈលោកមានប្រពន្ធកូនរួចទៅហើយនោះ។

រោងបុណ្យ៧ថ្ងៃរបស់លោកជ័យ រិន

ស្ត្រីជាម្តាយមីងរូបនេះ បន្តថា គយម៉ៅ បានជួបនិងស្រលាញ់គ្នាជាមួយសាន ស្រីឡៃ តាំងពីឆ្នាំ២០០៨ ហើយអ្នកទាំង២ពិតជាស្រលាញ់គ្នាខ្លាំងណាស់ រហូតដល់ព្រមរួមរស់នឹងគ្នាដោយមិនបានសែនព្រេន ឬរៀបការអ្វីទាំងអស់ ហើយទោះជាដឹងថា គយម៉ៅ មានប្រពន្ធនិងកូនដល់ទៅ៤នាក់ទៅហើយ ក៏សាន ស្រីឡៃ នៅតែមិនអាចដកចិត្តស្នេហ៍ពីគយម៉ៅ បាននោះឡើយ ហើយបានជួលផ្ទះរួមរស់ជាមួយគ្នានៅក្នុងស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីរួមរស់នឹងគ្នាបានរយៈពេលប្រមាណ១ឆ្នាំ ដោយសារតែមានរឿងរ៉ាវរកាំរកូសកើតឡើងច្រើនពេក ទើបគយម៉ៅ បាននាំសាន ស្រីឡៃ ទៅស្រោចទឹកនៅវត្តភ្នំធំ ស្ថិតក្នុងស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អំឡុងពេលទៅស្រោចទឹកនោះ ព្រះចៅអធិការវត្តភ្នំធំ (មិនស្គាល់ព្រះនាម) បានទស្សន៍ទាយឱ្យប្តីប្រពន្ធគយម៉ៅ និងសាន ស្រីឡៃ ថាអ្នកទាំងពីរមិនអាចយកគ្នាជាប្តីប្រពន្ធ រួមរស់នឹងគ្នាបានទេ ព្រោះតាមជើងលេខ អ្នកទាំងពីរមិនល្អសោះ មិនអាចជួបគ្នាដល់ចាស់រៀងខ្លួនបាននោះទេ និងអាចឈានដល់ការព្រាត់ស្លាប់ទៀតផង។ ទោះជាព្រះចៅអធិការទស្សន៍ទាយជោគជាតារាសីឱ្យអ្នកទាំងពីរយ៉ាងណា ក៏គយម៉ៅ និងសាន ស្រីឡៃ មិនព្រមជឿ និងថែមទាំងជម្នះលើសង្ឃដីកាព្រះចៅអធិការអង្គនោះទៀត ព្រោះតែទំហំក្តីស្នេហ៍អ្នកទាំងពីរខ្លាំងលើសលប់ពេកទៅហើយ មិនអាចបកក្រោយបានឡើយ។

ស្ត្រីជាម្តាយមីងគយម៉ៅ បានឱ្យដឹងទៀតថា ក្រោយត្រូវព្រះចៅអធិការវត្តភ្នំធំ ទស្សន៍ទាយឱ្យហើយ លោកជ័យ រិន ហៅគយម៉ៅ និងសាន ស្រីឡៃ ក៏បាននាំគ្នាទៅធ្វើបុណ្យ និងស្បថស្បែជាមួយគ្នានៅលើភ្នំត្បែង ស្ថិតក្នុងខេត្តព្រះវិហារ ដោយស្បថសច្ចាស្រលាញ់គ្នាប្តូរផ្តាច់ និងជម្នះរាល់ឧបសគ្គជាមួយគ្នា ពោលគឺបើស្លាប់ ឬរស់ ក៏ត្រូវតែស្លាប់រស់ជាមួយគ្នាដែរ។ លុះដល់អំឡុងក្រោយពេលសាន ស្រីឡៃ ចូលប្រឡូកសិល្បៈចាប់ផ្តើមមានឈ្មោះល្បី ប្តីប្រពន្ធអ្នកទាំងពីរ ក៏ចាប់ផ្តើមកើតមានរឿងរ៉ាវរកាំរកូសនឹងគ្នាមិនចេះចប់ ព្រោះតែភ្លើងប្រចណ្ឌនោះតែម្តង រហូតដល់អំឡុងខែមេសា នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៧ គយម៉ៅ ធ្លាប់បានទូរស័ព្ទទៅបបួលសាន ស្រីឡៃ ទៅវត្តភ្នំត្បែង ទីកន្លែងដែលអ្នកទាំងពីរធ្លាប់ស្បថសច្ចាជាមួយគ្នា ប៉ុន្តែសាន ស្រីឡៃ មិនព្រមទៅជាមួយ និងចេះតែព្យាយាមគេចមុខពីគយម៉ៅ រហូត ទើបធ្វើឱ្យគយម៉ៅ កើតចិត្តប្រចណ្ឌកាន់តែខ្លាំង ទីបំផុត ក៏ឈានដល់ការបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបែបនេះតែម្តង។

ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅជាប់របងផ្ទះលោកជ័យ រិន បានបញ្ជាក់ប្រាប់ថា គយម៉ៅ ហៅជ័យ រិន ជាមនុស្សស្លូតបូត និងមិនដែលបង្កទំនាស់ជាមួយអ្នកស្រុកទេ ប៉ុន្តែ គាត់ចូលចិត្តលេងមាន់ជល់ណាស់។ គយម៉ៅ គឺជាកូនកំព្រាឪពុកម្តាយក្នុងសម័យសង្គ្រាម និងមានបងប្អូនបង្កើតទាំងអស់៤នាក់ ក្រោយមកបានចូលបម្រើការងារជាមន្ត្រីគយ នាអំឡុងទសវត្សរ៍ឆ្នាំ១៩៩៣ តាមរយៈការទិញឈ្មោះរបស់អតីតមន្ត្រីយោធា នៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ ដែលបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងដែរ។

អ្នករួមការងារជាមួយលោកជ័យ រិន បានអះអាងថា នៅព្រឹកមុនកើតករណីឃាតកម្មនេះ ជនជាខ្មាន់កាំភ្លើង (ជ័យ រិន) បានជិះម៉ូតូធ្វើដំណើរពីផ្ទះនៅខេត្តព្រៃវែង ទៅប្រជុំនៅអង្គភាពសាខាគយខេត្តកំពង់ចាម តាំងពីព្រឹក រហូតដល់ថ្ងៃត្រង់ទើបចេញ ហើយប្រាប់គេថា ទៅផ្ទះវិញហើយ (ជាទំលាប់ពេលលោកទៅអង្គភាព គឺជិះរថយន្ត តែលើកនេះគេឃើញជិះម៉ូតូ)។

សពសាន ស្រីឡៃ និងលោកជ័យ រិន ដេកស្លាប់ទន្ទឹមគ្នា

ចំណែកភរិយារបស់លោកជ័យ រិន បាន អះអាងថា ក្រោយប្តីរបស់គាត់ទៅដល់ផ្ទះ គឺមានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។ លុះដល់ម៉ោង២រសៀល ប្តីរបស់គាត់ក៏ទាញម៉ូតូជិះចេញ ដោយប្រាប់ថា ទៅភ្នំពេញ លុះដល់ព្រលប់ទើបមានអ្នកស្គាល់ទូរស័ព្ឌប្រាប់ថា ប្តីរបស់ខ្លួនបាញ់សម្លាប់ខ្លួនឯងតែម្តងទៅ។

សពលោកជ័យ រិន ហៅម៉ៅ ពេលដឹកដល់ស្រុកកំណើត

រីឯមិត្តភក្តិជិតដិតម្នាក់ទៀតបានបង្ហើប ឱ្យដឹងថា ចាប់តាំងពីលោកជ័យ រិន នាំនាងសាន ស្រីឡៃ មកប្រឡងចំរៀងរហូតដល់ល្បីឈ្មោះមក ជម្លោះក៏ឧស្សាហ៏កើតមានឡើង ដោយសារការប្រច័ណ្ឌ ព្រោះមុនដំបូង លោកជ័យ រិន គ្រាន់តែចង់ឱ្យនាងមកប្រឡង ដើម្បីវាស់ស្ទង់សមត្ថភាពប៉ុណ្ណោះ មិនចង់ឱ្យនាងក្លាយជាតារាអីនឹងគេទេ តែពេលប្រឡងមានឈ្មោះល្បី បែរជានាងមិនព្រមឈប់ ហើយចុងក្រោយ ក៏កើតមានជម្លោះស្ទើររាល់ថ្ងៃ ដោយសារសង្ស័យមានអ្នកទី៣ ចូលមកជ្រៀតជ្រែក រហូតដល់សាន ស្រីឡៃ មានជម្លោះកាន់តែខ្លាំងឡើងជាមួយជ័យ រិន ទីបំផុត ក៏កើតសោកនាដកម្មបែបនេះតែម្តង។

គួរបញ្ជាក់ថា តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ និងជាតារាចម្រៀងផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាស នោះ ត្រូវបានបុរសជាស្វាមីបាញ់ប្រហារចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ចំណុចបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា (Vita Longa Clinic) មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ដោយឡែក ខ្មាន់កាំភ្លើងជាស្វាមីបានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធ គួរឱ្យរន្ធត់ ដោយបន្សល់ទុកនូវកូនប្រុសតូចៗចំនួន២នាក់ រស់នៅកំព្រាឯកាគ្មានទីពឹង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញតារាចម្រៀងសាន ស្រីឡៃ បានបើករថយន្តមួយគ្រឿង ម៉ាក ឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0836 ចូលទៅក្នុងគ្លីនិកកែសម្រស់ខាងលើ។ លុះគ្រាន់តែចុះពីលើរថយន្ត ដើរចូលក្នុងគ្លីនិក ទើបនឹងបើកទ្វារកញ្ចក់ដើរចូលបានប្រមាណ២ជំហាន ស្រាប់តែលេចមុខជនសង្ស័យជាខ្មាន់កាំភ្លើង ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN-5923 ដែលទំនងជាជិះតាមរថយន្តសាន ស្រីឡៃ តាំងពីណាមកមិនដឹង បានដើរចូលមកតាមពីក្រោយ រួចក៏ដកកាំភ្លើងខ្លីម៉ាករ៉ូឡូ បាញ់ប្រហារទៅលើសាន ស្រីឡៃ ១គ្រាប់ បណ្តាលឱ្យដួលទៅលើកម្រាលឥដ្ឋ។ ភ្លាមៗនោះ ជនសង្ស័យបានបាញ់បន្ថែម២គ្រាប់ទៀត បណ្តាលឱ្យសាន ស្រីឡៃ ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ គួរឱ្យរន្ធត់។ បន្ទាប់ពីបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ រួចហើយ ជនសង្ស័យជាខ្មាន់កាំភ្លើងបានយកកាំភ្លើងបាញ់ខ្លួនឯង១គ្រាប់ ចំសៀតផ្កា បណ្តាលឱ្យដេកដួលស្លាប់ទន្ទឹមនឹងសាន ស្រីឡៃ តែម្តង៕

RELATED ARTICLES