នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ព្រះរាជទានការលើកលែងទោស លោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី ឱ្យមានសេរីភាពឡើងវិញហើយក្រោយពីលោកហុង សុខហួរ ធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់ខ្លួន។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន លោកហុង សុខហួរ បានបញ្ជាក់ថា “ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានសេចក្តីប្រាថ្នាតែម្យ៉ាង ស្របតាមគោលនយោបាយរបស់សម្តេច ដែលសម្តេចបានខិតខំរហូតទទួលបានលទ្ធផលយ៉ាងជោគជ័យកន្លងមក គឺធ្វើយ៉ាងណាឱ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងរក្សាបានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ការធ្វើដូច្នេះហើយ នាំឱ្យយើងមានភាពងាយស្រួលក្នុងការកសាងជាតិមាតុភូមិឱ្យបានរុងរឿង”។
លិខិតដដែលនោះបន្ថែមទៀតថា “ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះនយោបាយរបស់សម្តេច ក្នុងដំណើរការបោះបង្គោលព្រំដែន ដូចជាយកឯកសារមិនត្រឹមត្រូវមកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឱ្យមានការភ័ន្តច្រឡំក្នុងមតិសាធារណៈ លើគោលនយោបាយ និងការអនុវត្តកន្លងមករបស់រាជរដ្ឋាភិបាល”។
លិខិតរបស់លោកហុង សុខហួរ បានបន្តថា “អាស្រ័យហេតុនេះ ខ្ញុំសូមសម្តេចតេជោមេត្តាពិចារណាដោយសេចក្តីយោគយល់ ដើម្បីស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទាន លើកលែងទោសដល់រូបខ្ញុំឱ្យមានសេរីភាព ជួបជុំក្រុមគ្រួសារ និងបានចេញទៅព្យាបាលជំងឺប្រចាំកាយនៅប្រទេសបារាំង ដោយក្តីអនុគ្រោះ”។
សូមបញ្ជាក់ដែរថា គិតរហូតមកដល់ពេលនេះ មានរយៈពេលជាង២ឆ្នាំហើយ ដែលអតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី លោកហុង សុខហួរ ត្រូវបានជាប់ពន្ធនាគារ ដោយលោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះឯកសារក្លែងក្លាយមួយ ស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៉ី ហើយតុលាការបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន ទី១. បទក្លែងបន្លំឯកសារសាធារណៈ ទី២. បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងទី៣. បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងហ្វេសប៊ុករបស់លោកសម រង្ស៊ី។ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ ហើយមិនពិន័យជាប្រាក់ទេ។ ក្រោយការកាត់ទោសនេះ លោក ហុង សុខហួរ បានបរាជ័យជាបន្តបន្ទាប់ នៅក្នុងការប្តឹងជំទាស ទៅនឹងការសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ៕