Friday, September 20, 2024
Homeតារាខ្មែរសឿ សុធារ៉ា ហុឺហាដូចលី ម៉ារីណា

សឿ សុធារ៉ា ហុឺហាដូចលី ម៉ារីណា

តារា២ដួងដែលធ្លាប់តែមានភាពលេចធ្លោដូចគ្នា កាលពួកគេនៅក្រមុំនោះ គឺអ្នកនាងសឿ សុធារ៉ា និងលី ម៉ារីណា នោះ ពេលនេះរលកក្រោយច្រានរលកមុន ហេតុនេះហើយអ្នកសម្តែងទាំង២ដួងនេះ លែងគ្រប់គ្រងបានតួឯកទៀតហើយ គឺជាតួម្តាយវិញម្តង។

ប៉ុន្តែតារាស្រីទាំង២ដួង បញ្ចោញភាពហ៊ឺហាព្រមគ្នា គឺទិញរថយន្ត Lexus LX570 ស៊េរីឆ្នាំ២០១៥ ដូចគ្នាតែម្តង ទើបធ្វើឱ្យមានពាក្យចចាមអារ៉ាមកាន់តែច្រើន ដោយមហាជនសង្ស័យថា មានអ្នកទី៣ នៅក្រោយខ្នងនៃការឡើងកាលីពនេះ…។

សឿ សុធារ៉ា បានបាត់បង់ការងារសិល្បៈទាំងស្រុងទៅហើយ នៅរយៈពេលចុងក្រោយនេះ បើទោះជានាងបានទម្លាក់ខ្លួនមុននេះ ដោយប្រកាសថា ទទួលសម្តែងជាតួយ៉ាងណាក៏ព្រម។ ប៉ុន្តែ បណ្តាផលិតករមួយចំនួន ក្រៅពីនិយាយដូចគ្នាថា ពិបាកទាក់ទងនោះ ពួកគេហាក់បំភ្លេចសុធារ៉ា ពីរ៉ាដាក្នុងការថតភាពយន្តទៅហើយ។ ដោយសារចង់ឱ្យតារាៗនិងផលិតកម្មមួយចំនួនបានភ្លឺភ្នែកថា ទោះជានាងមិនថតកុន ក៏មានលុយចាយមិនខ្វះនោះ សុធារ៉ា បានលេងមួយក្បាច់ តាមរយៈការទិញរថយន្តទំនើប Lexus LX570 ស៊េរីឆ្នាំ២០១៥ តម្លៃជាង១៨ម៉ឺនដុល្លារ ដែលធ្វើឱ្យសិល្បករជាច្រើនបានស្ញប់ស្ញែងនាងថា ស្ងាត់ពីអាជីពសិល្បៈដូចចោរលួចសេះមែន តែសុធារ៉ា មានលុយមិនចាញ់ជំទាវឡើយ។ ទន្ទឹមនឹងភាពហ៊ឺហានេះដែរ អ្នកនាងសឿ សុធារ៉ា ក៏ធ្វើឱ្យលោកសាពូន មីដាដា ជាប្តីភ័យបុកពោះមិនតិចដែរ ព្រោះលេចឮថា មានមន្ត្រីធំតាមដាក់អន្ទាក់ស្នេហ៍តារាសាច់សខ្ចីរូបនេះ ដោយចង់ឱ្យនាងលែងប្តី ជាថ្នូរនឹងការបានអ្វីៗគ្រប់យ៉ាងដែលនាងត្រូវការនោះ។

សឿ សុធារ៉ា និងប្តីសាពូន មីដាដា ដែលបាត់បង់ប្រាក់ចំណូលពីសិល្បៈទាំងស្រុងដូចគ្នានោះ ត្រូវបានមហាជនមានការសង្ស័យកាន់តែច្រើនថា មានអ្នកនៅពីក្រោយខ្នងដែលជាអ្នកធំ តែទន្ទឹមនឹងនោះ លោកមីដាដា ដែលកំពុងតែមមាញឹកក្នុងរឿងនយោបាយ បានបិទមាត់អ្នកខ្សឹបខ្សៀវក្នុងចង្កោមអ្នកសិល្បៈនោះវិញភ្លាមៗ តាមរយៈការសម្រុកយកកូនទី២ ឱ្យទាល់តែបាន ដែលពេលនេះ សុធារ៉ា មានផ្ទៃពោះមិនអាចទៅណាបានទៀតឡើយ គឺកំពុងត្រៀមសម្រាលមួយទៀត បន្ទាប់ពីកូនស្រីទី១ ឈ្មោះសាពូន ដារ៉ាពិមាន សព្វថ្ងៃមានអាយុជាង៦ឆ្នាំនោះ។ ការលេងមួយក្បាច់ទៀតរបស់លោកសាពូន មីដាដា នាពេលនេះ ធ្វើឱ្យលោកធំដែលតែងតែគ្រឺតក្នាញ់នឹងសម្រស់ប្រពន្ធលោកនោះ បែរជាដាច់ផ្ងារវិញ ហើយអាចបន្សាបបានមួយចំណែកទៀត រឿងដែលតែងលេចឮថា ពួកគេច្រើនមានភាពរកាំរកូសគ្នាជានិច្ច ហើយពិបាកក្នុងការរក្សាចំណងស្នេហ៍បាននោះ។ ប៉ុន្តែមានតារាមួយចំនួនទៀតនៅតែផ្តោតការសង្ស័យដដែលថា តើសុធារ៉ា បានប្រាក់មកណាទិញឡានជិត២០ម៉ឺនដុល្លារ ខណៈដែលកន្លងមកធ្លាប់លេចឮថា នាងជាប់បំណុលធនាគារច្រើនក្នុងការសាងសង់ផ្ទះនៅទួលទំពូង នោះ?

រឿងរ៉ាវសឿ សុធារ៉ា បាត់បង់ការងារសិល្បៈទាំងស្រុង បែរជាមកទិញរថយន្ត Lexus LX570 ផ្អើលមេឃ មិនទាន់បានស្ងប់ផង ស្រាប់តែពេលនេះ តារាកូន១ អ្នកនាងលី ម៉ារីណា ដែលរត់ទៅរស់នៅអាមេរិក តាមប្តី សាត ចាន់ថន ហើយទើបវិលចូលស្រុកវិញបាន១ឆ្នាំនេះ ក៏បញ្ចោញរថយន្តទំនើប Lexus LX 570 ស៊េរីឆ្នាំ២០១៥ ពណ៌ស មានតម្លៃជិត២០ម៉ឺនដុល្លារដែរ ដែលរឹតតែធ្វើឱ្យអ្នកសិល្បៈជាច្រើនផ្តោតការសង្ស័យទៅលើម៉ារីណា ជាថ្មី ព្រោះពេលនេះប្តីនាងមិននៅជិតខ្លួនឡើយ តែបែរជានាងមានលុយទិញឡានស្មើតម្លៃវីឡាមួយខ្នងទៅហើយ។

ក្រុមអ្នកសិល្បៈមួយចំនួនបានលើកឡើងដែរថា លី ម៉ារីណា មិនទាន់មានការងារសិល្បៈលេចធ្លោឡើយ គឺគ្រាន់តែបានតំណែងជាតួម្តាយ២រឿង នៅប៉ុស្តិ៍ហង្សមាស និងពិធីការិនីនៅប៉ុស្តិ៍មួយដែលថតទុកប៉ុណ្ណោះ ហេតុនេះហើយបើប្រៀបធៀបការងារសិល្បៈរបស់នាងនៅពេលនេះ គឺមិនអាចរកប្រាក់ចំណូលបានច្រើនដូចនាងលេងជាតួឯក កាលពី៥ឆ្នាំមុនឡើយ។ ប៉ុន្តែលី ម៉ារីណា បែរជាមិនឱ្យចាញ់សឿ សុធារ៉ា ឡើយ គឺជិះឡានថ្លៃដូចគ្នាតែម្តង ទើបធ្វើឱ្យមហាជនងាកមកចាប់អារម្មណ៍លើម៉ូដឡាន និងទ្រព្យសម្បត្តិរបស់ពួកគេ ច្រើនជាងការបញ្ចោញស្នាដៃក្នុងការសម្តែងទៅទៀត។

លី ម៉ារីណា

មានការកត់សម្គាល់ដែរថា មុនពេលដែលតារាវ័យ៣៧ឆ្នាំ លី ម៉ារីណា បានដឹកដៃប្រុសខ្មែរនៅអាមេរិក លោកសាត ចាន់ថន ចូលរោងការនៅថ្ងៃទី២៧់ ខែឧសភា ឆ្នាំ២០១៣ នោះ តារារាងខ្ពស់ស្រឡះរូបនេះបានប៉ះរឿងស្នេហ៍ដ៏រសើបជាច្រើន បានបោកបក់រូបនាង ដូចជាគេថា នាងមានស្នេហាជាមួយមន្ត្រីធំផ្កាយ៣ ហើយត្រូវប្រពន្ធដើមគេតាមគំរាម និងអ្នកខ្លះទៀតថា នាងរៀបការជាមួយលោកចាន់ថន គ្រាន់តែជាឆាកល្ខោនជាដើម។ ប៉ុន្តែម៉ារីណា បានប្រកែក ហើយតែងអះអាងថា បើសិនជានាងមានរឿងអាស្រូវកេរ្តិ៍បែបនេះ ម៉្លេះពេលនេះនាងមិនហ៊ានចូលក្នុងស្រុកឡើយ។

ម៉ារីណា ដែលមានកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ អាយុ៣ឆ្នាំនោះ បន្ថែមថា នាងត្រៀមយកកូនម្នាក់ទៀត ឱ្យកាន់តែមានសុភមង្គលក្នុងគ្រួសារ តែពេលនេះមិនទាន់បានដូចចិត្តឡើយ។

ចំណែកសឿ សុធារ៉ា នាពេលនេះអាចនឹងកាន់តែពិបាកក្នុងការស្តារកេរ្តិ៍ឈ្មោះជាងនេះទៀត ឬឈានទៅបញ្ចប់អាជីពសិល្បៈទាំងស្រុងតែម្តង ក្រោយពេលដែលសម្រាលកូនទី២នេះ ព្រោះនាងមិនអាចប្រជែងឈ្នះតារាស្រីថ្មីល្បីៗបានឡើយ ស្របពេលដែលអ្នកសិល្បៈខ្លះថា សុធារ៉ា នឹងបានតំណែងជាជំទាវភ្លាម ប្រសិនបើលោកសាពូន មីដាដា ដែលលែងច្រៀង ហើយទៅប្រឡូកក្នុងឆាកនយោបាយ បានឡើងធ្វើជាអ្នកធំនោះ ដែលពេលនោះហើយ សុធារ៉ា នឹងមានអង្គរក្សការពារឆ្វេងស្តាំជាមិនខាន។

ដោយឡែក តារាកូន១ លី ម៉ារីណា ធ្លាប់សារភាពថា នាងពិតជាមានមន្ត្រីធំៗ លោកឧកញ៉ា ជាច្រើនរូបតាមស្នេហ៍នាងមែន តែមូលហេតុដែលនាងជ្រើសយកលោកចាន់ថន ជាប្តី ព្រោះតែអាណិកជនខ្មែរនៅអាមេរិក រូបនេះ យល់ពីនាង ហើយតែងតែសម្របខ្លួនតាមនាងជានិច្ច៕

RELATED ARTICLES