តារាភាពយន្តល្បីឈ្មោះ អ្នកនាងសារ៉ាយ សក្ខណា នៅតែមិនដាច់អាល័យពីសិល្បៈ ក្រោយពេលមានប្តី និងកូនស្រីម្នាក់ ហើយចេញទៅរស់នៅសហរដ្ឋអាមេរិក។ សក្ខណា អះអាងថា សិល្បៈគ្រាន់តែកំដរអារម្មណ៍តែប៉ុណ្ណោះ បើទោះបីរាល់ពេលអ្នកនាងមកលេងស្រុកខ្មែរម្តងៗ នៅតែត្រូវប៉ាន់តំណែងតួឯកក្តី ខណៈដែលអ្នកនាងបង្ហើបថា អ្នកនាងមានគម្រោងចង់បានកូនប្រុសស្រី២នាក់បន្ថែមទៀត ដើម្បីរឹតចំណងស្នេហ៍ឆ្លងទ្វីប…។
ក្រោយរៀបការជាមួយលោកកែវ ប៊ុនមេត្រី អាណិកជនខ្មែរ នៅសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៣ អ្នកនាងសារ៉ាយ សក្ខណា បានចេញទៅរស់នៅឯនាយសមុទ្រ តាមប្តី រហូតទទួលបានចំណងដៃកូនស្រីម្នាក់ គួរឱ្យស្រលាញ់។ ប៉ុន្តែ អ្នកនាងពុំបានឃ្លាតឆ្ងាយពីមាតុប្រទេសយូរឆ្នាំទេ គឺតែងតែឡើងចុះមកកម្ពុជា ជាញឹកញាប់ ខណៈដែលអ្នកនាងបានបោះទុនជាច្រើនម៉ឺនដុល្លារ បើកហាងកែសម្រស់មួយកន្លែង នៅរាជធានីភ្នំពេញ ម្តុំទួលគោក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ រាល់ពេលអ្នកនាងមកស្រុកខ្មែរម្តងៗ តែងតែមានផលិតកម្មជាច្រើន ចង់បានអ្នកនាងឱ្យថតជាតួឯក ខណៈដែលមានការចាប់អារម្មណ៍ថា អ្នកនាងនៅតែមានប្រជាប្រិយភាព។ ជាក់ស្តែង ការមកខ្មែរលើកនេះ ក្នុងគម្រោងរយៈពេល៣ខែ ទើបត្រឡប់ទៅវិញនោះ មានផលិតករជាច្រើនចង់ឱ្យអ្នកនាងគ្រងតំណែងតួឯកនៅក្នុងភាពយន្ត។
អ្នកនាងសារ៉ាយ សក្ខណា បានថ្លែងឱ្យដឹងដែរថា “ខ្ញុំមកលើកនេះ ទាល់តែខែធ្នូ ឆ្នាំ២០១៧ ទើបត្រឡប់ទៅវិញ ដើម្បីនៅមើលការខុសត្រូវលើមុខជំនួញ និងត្រៀមបើកមុខជំនួញថ្មីមួយផ្សេងទៀត”។
សក្ខណា បន្តថា “ខ្ញុំមកមួយរយៈនេះ គឺមានផលិតកម្មជាច្រើនបានទាក់ទងមកខ្ញុំ ដោយចង់ឱ្យខ្ញុំថតជាតួឯក ទាំងរឿងដុំ និងរឿងភាគ ប៉ុន្តែខ្ញុំមិនអាចទទួលបាន ដោយសារតែមានពេលវេលាតិច គឺបានទទួលថតតែ២រឿង តែប៉ុណ្ណោះ ដូចជារឿង “ប្រពន្ធអ្នកឆ្លាត” និងរឿង “វិញ្ញាណទី៦”។
តារាភាពយន្តនៅតែលេចធ្លោរូបនេះ អះអាងថា សម្រាប់វិស័យសិល្បៈ គឺនាងនៅតែស្រលាញ់ ប៉ុន្តែមិនអាចប្រឡូកពេញទំហឹងដូចមុនបានទេ ព្រោះអ្នកនាងមានគ្រួសារ ដែលត្រូវមើលថែ និងត្រូវផ្តោតលើមុខជំនួញច្រើនជាង។
សារ៉ាយ សក្ខណា បង្ហើបថា បច្ចុប្បន្ននេះ អ្នកនាងមានកូនស្រីម្នាក់ ដើម្បីកំដរឆាកជីវិត ប៉ុន្តែអ្នកនាងនិងស្វាមីចង់បានកូន២នាក់បន្ថែមទៀត។
សក្ខណា ថ្លែងថា “ខ្ញុំចង់បានកូនប្រុសម្នាក់និងស្រីម្នាក់ទៀត ហើយបច្ចុប្បន្នក៏ពុំបានពន្យារកំណើតដែរ ខណៈដែលកូនស្រីខ្ញុំក៏មានវ័យកាន់តែធំហើយដែរ គឺបើមានឆាប់ៗកាន់តែល្អ”។
មុននេះបន្តិច អ្នកនាងសារ៉ាយ សក្ខណា បានភ័យបុកពោះមិនតិចទេ នៅពេលដែលអ្នកនាងកំពុងស្ថិតនៅសហរដ្ឋអាមេរិក ហើយប្តីនៅស្រុកខ្មែរនោះ ស្រាប់តែត្រូវក្រុមមិត្តភក្តិបានធ្វើវីដេអូឃ្លីប បញ្ឆោតនាងថា ប្តីនាំស្រីឡើងផ្ទះសំណាក់ ដែលធ្វើឱ្យសារ៉ាយ សក្ខណា ភ័យស្ទើរស្រក់ទឹកភ្នែក។
សក្ខណា អះអាងថា ការចង់បានកូនបន្ថែមនេះ គឺអ្នកនាងចង់ឱ្យជីវិតគ្រួសាររបស់អ្នកនាងកាន់តែកក់ក្តៅទ្វេឡើង។ ប៉ុន្តែពុំបានន័យថា អ្នកនាងមិនទុកចិត្តប្តីនោះទេ គឺអ្នកនាងស្រលាញ់ប្តី ជឿជាក់លើប្តី១០០ភាគរយ ខណៈដែលពេលនេះក្រៅពីចង់បានកូនបន្ថែម អ្នកនាងនិងស្វាមីកំពុងប្រឹងរកស៊ីសន្សំទ្រព្យ។
សក្ខណា បានឱ្យដឹងដែរថា រហូតមកទល់ពេលនេះ អ្នកនាងនៅមិនទាន់បានចូលសញ្ជាតិអាមេរិកនៅឡើយទេ ហើយក៏ពុំមានគម្រោងមករស់នៅជាអចិន្ត្រៃយ៍នៅមាតុប្រទេសវិញដែរ គឺនៅតែឡើងចុះៗស្រុកខ្មែរ-អាមេរិក ជាបន្តទៀត៕