Thursday, November 28, 2024
Homeតារាខ្មែរនី មុនីនាថ លាក់មុខ ក្រោយគូដណ្តឹងប្តឹងទារ១២មុឺនដុល្លារ

នី មុនីនាថ លាក់មុខ ក្រោយគូដណ្តឹងប្តឹងទារ១២មុឺនដុល្លារ

នាពេលចុងក្រោយនេះ តារាទឹកភ្នែកនី មុនីនាថ បានជួបបញ្ហាក្រពុលមុខតែម្តង ក្រោយពេលផ្តាច់ពាក្យពីគូដណ្តឹងលោកអ៊ុង សូឡាង អាណិកជនខ្មែរ រស់នៅអាមេរិក មិនបានប៉ុន្មានផង ស្រាប់តែត្រូវបានអតីតគូដណ្តឹងប្តឹងទារ១២ម៉ឺនដុល្លារ ហើយនាពេលចុងក្រោយនេះ មុនីនាថ មិនសូវហ៊ានបង្ហាញមុខជាសាធារណៈដូចមុនទេ…។

នី មុនីនាថ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក លោកអ៊ុង សូឡាង ចាប់តាំងពីឆ្នាំ២០១៤ម៉្លេះ។ ប៉ុន្តែ គម្រោងរៀបការត្រូវបានពន្យារពេលជាបន្តបន្ទាប់ ហើយថ្មីៗនេះ ស្រាប់តែផ្ទុះដំណឹងផ្តាច់ពាក្យគូដណ្តឹង ហើយត្រូវអតីតគូដណ្តឹងប្តឹងទាមទារប្រាក់ដែលធ្លាប់បានឧបត្ថម្ភទៅនាងនាពេលកន្លងមក ចំនួន១២ម៉ឺនដុល្លារ ដែលនាំឱ្យមានការភ្ញាក់ផ្អើលខ្លាំង ទាំងនៅក្នុងសង្គមសិល្បៈ និងមជ្ឈដ្ឋានទូទៅ។

តាមការបញ្ជាក់ពីលោកមេធាវី របស់លោកសូឡាង ថា នៅថ្ងៃភ្ជាប់ពាក្យ គឺមុនីនាថ បានទាមទារឱ្យលោកសូឡាង ផ្តល់នូវគ្រឿងអលង្ការ ដូចជាខ្សែកពេជ្រ ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃចំនួន៣៧០០០ដុល្លារអាមេរិក។

អំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ មុនីនាថ បានឱ្យអតីតគូដណ្តឹង ទិញដី និងរថយន្ត ពេលនោះ ដោយគិតថា មុនីនាថ ព្រមធ្វើជាភរិយាស្របច្បាប់របស់ខ្លួននៅថ្ងៃខាងមុខ ទើបលោកសូឡាង ផ្ញើប្រាក់តាមប្រព័ន្ធ  Western Union របស់ធនាគារអេស៊ីលីដា ប្រហែលជាង២០០០០ដុល្លារអាមេរិក (ពីរម៉ឺន) និងប្រព័ន្ធ Moneygram របស់ធនាគារកាណាឌីយ៉ា ប្រហែលជាង២០០០០ដុល្លារអាមេរិក (ពីរម៉ឺន) ជូនមុនីនាថ  ទិញដី រថយន្ត និងប្រើប្រាស់ផ្ទាល់ខ្លួន។

ប៉ុន្តែអ្វីដែលស្ទើរមិនគួរឱ្យជឿនោះ បន្ទាប់ពីលោកសូឡាង ដែលជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ខិតខំព្យាយាមបំពេញបែបបទធានាយកមុនីនាថ ទៅរស់នៅឯសហរដ្ឋអាមេរិកនោះ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីមុនីនាថ ទទួលបាន Visa ពីស្ថានទូតនៃសហរដ្ឋអាមេរិក អនុញ្ញាតឱ្យទៅសហរដ្ឋអាមេរិក បែរជានាងបដិសេធមិនព្រមទៅ ថែមទាំងលុបចោលការភ្ជាប់ពាក្យទៀតផង ដោយលើកហេតុផលដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ។

ក្រោយពេលផ្ទុះរឿងអាស្រូវនេះ មុនីនាថ ពុំបានចេញមុខបកស្រាយនោះទេ មិនត្រឹមតែប៉ុណ្ណោះ មានការចាប់អារម្មណ៍ថា នាងពុំហ៊ានចេញមុខជាសាធារណៈដូចមុនទៀតទេ សូម្បីរាល់កម្មវិធីជប់លៀងផ្សេងៗ ឬក៏ពិធីខួបកំណើតរបស់តារាសិល្បៈល្បីឈ្មោះមួយចំនួន ដែលធ្លាប់ស្និទ្ធស្នាលជាមួយនាង ក៏មិនឃើញនាងមកចូលរួមដែរ ដែលភាគច្រើនគេឃើញវត្តមានម្តាយរបស់នាងមកជំនួស។

តាមប្រភពថា មុនីនាថ កំពុងតែក្រពុលមុខរឿងគូដណ្តឹងប្តឹងទារ១២ម៉ឺនដុល្លារ ដែលនឹងត្រូវតុលាការកោះហៅក្នុងពេលឆាប់ៗនេះ តើមានអារម្មណ៍ឯណាមកចូលរួមកម្មវិធីជប់លៀងខួបកំណើតអីនោះ។ ពោលគឺ នាងកំពុងតែព្រួយចិត្ត បន្ទាប់ពីអតីតគូដណ្តឹងប្តឹងហែករឿងអាស្រូវ។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបកស្រាយជាថ្មីពីតារាទឹកភ្នែកនី មុនីនាថ បានទេ ហើយយើងនឹងរង់ចាំការបំភ្លឺពីនាងជានិច្ច។

នី មុនីនាថ មុននឹងធ្លាយដំណឹងស្នេហ៍ជាមួយលោកអ៊ុង សូឡាង នាងធ្លាប់បរាជ័យរឿងស្នេហ៍ជាមួយបុរសពោះម៉ាយ លោកកែវ កុសល្យ ដែលជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ម្តងរួចមកហើយ ប៉ុន្តែនាងមិនធ្លាប់ទទួលស្គាល់ទេ។

មជ្ឈដ្ឋានជាច្រើន រួមទាំងមិត្តភក្តិក្នុងសិល្បៈជាច្រើន បានសម្តែងការអបអរនៅពេលមុនីនាថ បានភ្ជាប់ពាក្យជាមួយលោកអ៊ុង សូឡាង និងត្រៀមទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ ស្នេហាឆ្លងទ្វីបរបស់នាងត្រូវបរាជ័យជាថ្មី។

យ៉ាងណា តាមប្រភពពីអ្នកសិល្បៈស្និទ្ធជាមួយមុនីនាថ បានថ្លែងឱ្យដឹងថា មុនីនាថ ពុំមានគំនិតបោកប្រាស់លោកសូឡាង តាមការយល់ឃើញរបស់មជ្ឈដ្ឋានមួយចំនួននោះទេ គឺជាក្តីស្រលាញ់យ៉ាងពិតប្រាកដមែន ប៉ុន្តែក្រោយពេលពិសោធស្នេហ៍ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយយល់ឃើញថា មិនអាចកសាងសុភមង្គលរួមគ្នាបាន ទើបនាងកាត់ផ្តាច់និស្ស័យស្នេហ៍តែម្តង។ ពោលគឺការសម្រេចចិត្តបែកស្នេហ៍នេះ ពុំមែនទះដៃម្ខាងឮទេ គឺដោយសារតែមិនចុះសម្រុងនឹងគ្នា។

បើទោះបីមុនីនាថ បានជួបព្យុះរឿងអាស្រូវស្នេហាជាបន្តបន្ទាប់ក្តី ប៉ុន្តែមានការចាប់អារម្មណ៍ថា អាជីពសិល្បៈរបស់នាងពុំបានបាក់ស្រុតនោះទេ គឺនាងនៅតែទទួលបានតំណែងជាតួឯកជាបន្តបន្ទាប់ ខណៈដែលតម្លៃខ្លួនរបស់នាងក៏កើនឡើងគួរសមជាងមុនដែរ។

ទស្សនិកជនកំពុងរង់ចាំមើលថា នី មុនីនាថ បន្ទាប់ពីអតីតគូដណ្តឹងប្តឹងទារ១២ម៉ឺនដុល្លារ ក្រោយផ្តាច់ស្នេហ៍ តុលាការនឹងសម្រេចយ៉ាងណា? ប៉ុន្តែមិនទាន់ឃើញកោះហៅមុនីនាថ ឡើងតុលាការនៅឡើយ គិតត្រឹមចុងខែតុលា ឆ្នាំ២០១៧នេះ៕

RELATED ARTICLES