Monday, January 20, 2025
Homeសន្ដិសុខសង្គមបុកម៉ូតូអូសជាង១០ម៉ែត្រ ហើយទៅបុករថយន្តមួយគ្រឿងទៀត ផ្ទប់នឹងរបងព្រលានយន្តហោះ

បុកម៉ូតូអូសជាង១០ម៉ែត្រ ហើយទៅបុករថយន្តមួយគ្រឿងទៀត ផ្ទប់នឹងរបងព្រលានយន្តហោះ

បុរសម្នាក់បើករថយន្តបុកម៉ូតូមួយគ្រឿងអូសជាង១០ម៉ែត្រ បណ្តាលឲ្យអ្នកជិះម៉ូតូផ្លោងធ្លាក់លើរថយន្តរងរបួសធ្ងន់ ហើយរថយន្តបង្កជ្រុលទៅបុករថយន្តមួយគ្រឿងទៀតផ្ទប់នឹងរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ជាប់របងប្រលានយន្តហោះពោធិ៍ចិនតុង ដែលស្ថិតនៅភូមិតាងួនសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ សូណាតា SONATA ពណ៌ខ្មៅ ពាក់ស្លាកលេខ AT 17 -2.0483 បើកបរដោយបុរសម្នាក់ឈ្មោះនី សុខដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ី ធ្វើដំណើរទិសដៅពីលិចទៅកើត ។ ចំណែកម៉ូតូរងគ្រោះម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ AT 17 -2.0483 បើកបរដោយបុរសម្នាក់ឈ្មោះ ឈួន សីហា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងភ្លើង ធ្វើដំណើរទិសដៅពីជើងទៅត្បូង ជិះឆ្លងផ្លូវ និងរថយន្តរងគ្រោះមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-4521ចតលើឃឿន តាមចិញ្ចើមផ្លូវ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវ ពីជើងទៅត្បូង ស្រាប់តែមានរថយន្តបង្កបើកក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿនលុះបើកមកដល់ចំណុចកើតហេតុម៉ុតូរងគ្រោះបានបើកឆ្លងផ្លូវជិតផុតហើយរថយន្តបង្កបានបុកម៉ូតូរងគ្រោះពេញទំហឹង បណ្តាលអោយប៉ើងជនរងគ្រោះផ្លោងទៅលើធ្លាក់លើរថយន្តចំកញ្ចក់ខាងមុខបណ្តាលអោយរងរបួសធ្ងន់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្ថែមល្បឿនជ្រុលទៅបុកអូសម៉ូតូរងគ្រោះជាង១០ម៉ែត្រ ផ្ទប់នឹងរបងព្រលានយន្តហោះពោធិ៍ចិនតុង បណ្តាលអោយធ្លុះរបង និងបុករថយន្តឡិចស៊ីសមួយគ្រឿងទៀតដែលឈប់ចតលើខឿន បណ្តាលអោយដាច់កាងខាងក្រោយ ។

បើតាមសំដីជនរងគ្រោះម្ចាស់រថយន្តឡិចស៊ីស RX-300 បាននិយាថា នៅមុនពេលកើតហេតុ រូបគាត់បានចតរថយន្តនៅលើខឿន ហើយរថយន្តគាត់កំពុងបញ្ឆេះបើកម៉ាស៊ីនត្រជាក់ ហើយត្រូវរថយន្តបង្កបុកពេញទំហឹងតែម្តង ដោយបុករះម៉ូតូមួយគ្រឿងខូចខាតស្ទើរទាំងស្រុង ហើយបុករថយន្តរបស់គាត់ដែលចតនៅលើខឿន ធ្វើឲ្យដាច់កាងក្រោយ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ និងបែកធុងប្រេងទៅមុខលែងរួច ភ្លាមៗនោះតៃកុងរថយន្តបង្កត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់អោយសមត្ថកិច្ច។

រីឯជនរងគ្រោះម្ចាស់ម៉ូតូត្រូវបានរថយន្តសង្គ្រោះគ្លីនិករស្មី ដឹកទៅព្យាបាល តែដោយសាតែជនរងគ្រោះរបួសធ្ងន់ពេក បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយពេល កើតហេតុជំនាញចរាចរណ៍ពោធិ៍សែនជ័យ បានប្រគល់អោយជំនាញខាងចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វើកាវាស់វែងរថយន្ត និងម៉ូតូស្ទូចយកទៅរក្សាទុករងចាំការដោះស្រាយរួមទាំងនាក់បើកបរផងដែរ ៕

RELATED ARTICLES